ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​បាក់​ដី​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡែអូន​កើន​ដល់​៤០០នាក់

អ្នក​ស្ម័គ្រ​ចិត្ត​បញ្ចុះ​ក្តារមឈូស​ក្នុង​ពិធីបុណ្យ​សម្រាប់​ជន​រងគ្រោះ​នៃ​ទឹកជំនន់​ និង​ការ​បាក់​ដី​នៅ​ក្នុង​ក្រុង Freetown ប្រទេស​សៀរ៉ាឡែអូន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

អង្គការ​សហប្រជាជាតិ​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ការ​បាក់ដី​ក្នុង​រដ្ឋធានី Freetown ប្រទេស​សៀរ៉ាឡែអូន​បាន​កើន​ដល់​៤០០នាក់​ហើយ។

មនុស្ស​ចំនួន​៦០០នាក់​ផ្សេង​ទៀត​នៅ​មិន​ទាន់​ត្រូវ​គេ​រក​ឃើញ​ទេ ក្នុង​ពេល​ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះ​កំពុង​រុករក​សាកសព​បន្ថែម​ទៀត​ពី​គំនរ​ភក់ល្បាប់​ដ៏​ក្រាស់​និង​កម្ទេច​កម្ទី​ផ្ទះ​សម្បែង​ដែល​បែក​បាក់​នៅ​ទី​នោះ។ កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ​នេះ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយសារ​តែ​ការ​ធ្លាក់​ភ្លៀង​ ដែល​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ជាប់គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត។

ប្រធានាធិបតី សៀរ៉ាឡែអូន ERNEST BAI KOROMA បាន​ចូលរួម​សម្តែង​មរណៈទុក្ខ ​ហើយ​សច្ចា​ថា នឹង​ជួយ​ក្រុម​គ្រួសារ​សព និង​អ្នក​រងរបួស​ពី​ឧប្បត្តិហេតុ​នេះ។

រដ្ឋាភិបាល​បាន​ព្រមាន​ពី​គ្រោះថ្នាក់​ថ្មី​មួយ​ទៀត​ទាក់ទង​នឹង​ការ​បាក់ដី​ដ៏​ធំ​ដែល​កើត​ឡើង​នៅ​លើ​ភ្នំ​មួយ​ដែល​នៅ​ទីនោះ​អ្នក​ស្រុក​ត្រូវ​បាន​ជួនដំណឹង​ពី​ការ​ជម្លៀស​ខ្លួន​ចេញ៕