ពួកមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថាការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិច៧នាក់ហើយនឹងធ្វើឱ្យរបួសជាង៦០នាក់ទៀតនៅក្នុងទីក្រុង Lviv ភាគខាងលិចដែលរដ្ឋាភិបាលក្រុងមូស្គូជារឿយៗបានដៅការវាយប្រហារកាលពីពេលមុនហើយដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិ។
អភិបាលក្រុង Lviv លោក Andriy Sadovyi បាននិយាយនៅក្នុងវីដេអូមួយដែលបានចុះផ្សាយលើតេឡេក្រាមថាការវាយប្រហារនេះបានកម្ទេចអាគារមួយខ្នងនិងធ្វើឱ្យខូចខាតរចនាសម្ព័ន្ធជាង៥០កន្លែងរួមមានសាលារៀននិងផ្ទះសម្បែងផង។
ក្នុងចំណោមអ្នកស្លាប់ជាមនុស្ស៤នាក់មកពីគ្រួសារតែមួយ មានស្ត្រីម្នាក់និងកូនស្រី៣ នាក់របស់ស្ត្រីនោះ ដែលបន្សល់ទុកឪពុករបស់ពួកគេដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់។
លោក Sadovyi បាននិយាយនៅលើតេឡេក្រាមថា«យើងនឹងមិនអត់ឱនដល់សត្រូវទេហើយយើងនឹងសងសឹក។ ពួកគេនឹងមានអារម្មណ៍ថាតើឋានរកមានសភាពយ៉ាងដូចម្តេចពេលដែលពួកគេនៅមានជីវិត»។
រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសអ៊ុយក្រែនចាប់តាំងពីរដ្ឋាភិបាលអ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារឆ្លងកាត់ព្រំដែនដែលមិនធ្លាប់មានកាលពីពេលមុនចូលក្នុងតំបន់ Kursk របស់រុស្ស៊ីជិតមួយខែមកហើយ ដែលជាការលុកលុយរបស់បរទេសចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
Lviv ជាទីក្រុងចាស់មួយដែលជាទីកន្លែងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញហើយកំពុងផ្តល់ទីជម្រកដល់ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់ដែលគ្មានទីកន្លែងរស់នៅក្នុងសង្គ្រាមរយៈពេល៣០ខែនេះ។
ការវាយប្រហារលើទីក្រុង Lviv បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥៣នាក់នៅក្នុងទីក្រុង Poltava ភាគកណ្តាល ដែលជាការវាយប្រហារដ៏ប្រល័យមួយនៃការឈ្លានពាននោះ៕