ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សអស់ជាង៧០នាក់ និងបង្ករបួសជិត១០០នាក់ក្នុងខេត្ត Parwan ភាគខាងជើងរដ្ឋធានីកាប៊ុល កាលពីព្រឹកថ្ងៃពុធ ហើយចំនួនអ្នករងគ្រោះអាចនឹងកើនឡើងថែមទៀត នៅពេលមានករណីថ្មីៗកំពុងត្រូវបានគេរាយការណ៍មក នេះបើតាមមន្ត្រីដែលតាមដានស្ថានភាពទឹកជំនន់នេះបានថ្លែងបា្រប់ឲ្យដឹង។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Ahmad Tameem Azimi បានឲ្យដឹងថា ផ្ទះរាប់រយខ្នងក្នុងក្រុង Charikar ទីរួមខេត្ត Parwan ត្រូវបានបំផ្លាញ ហើយអាជ្ញាធរកំពុងរុករកមនុស្សដែលកប់ក្នុងគំនរបាក់បែកនោះ។
វេជ្ជបណ្ឌិត Abdul Khalil Haidari ប្រធានមន្ទីរពេទ្យខេត្ត Parwanលើកឡើងថា មានអ្នករងបួសជាច្រើន ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យខេត្ត Parwan ដែលក្នុងនោះមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani និយាយតាមបណ្តាញ Twitter ពីការិយាល័យរបស់លោកថា លោកមានការរន្ធត់ចិត្តជាមួយនឹងការបាត់បងអាយុជីវិតនិងទ្រព្យសម្បតិ្តដែលបណ្តាលមកពីទឹកជំនន់នេះ ហើយបានបញ្ជាឲ្យបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់តំបន់ដែលទទួលរងផលប៉ះពាល់ទាំងនោះ។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថា ខ្លួនកំពុងធ្វើការជាមួយដៃគូរបស់ខ្លួន ក្នុងការប្រមូលការជួយឧត្ថម្ភដល់អាជ្ញាធរខេត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយរាល់កិច្ចប្រឹងប្រែងនានា ដើម្បីកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះទាំងនោះ៕