មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បង្កើត​គេហទំព័រ​ថ្មី​សម្រាប់អប់រំ​យុវជន​អំពី​សម័យ​ខ្មែរ​ក្រហម

រូបភាព​គេហទំព័រ​ថ្មី​សម្រាប់​អប់រំ​យុវជន​អំពី​សម័យ​ខ្មែរ​ក្រហម មើល​តាម​ទូរស័ព្ទ​ដៃ។ (រូបថត៖ អ៊ុច មករា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam))

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាបាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​បើក​ដំណើរការ​គេហទំព័រ​ថ្មី​មួយ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ ដោយ​​ដាក់​បញ្ចូល​ឯកសារ​ប្រមាណ​មួយ​លាន​ឯកសារ​ដែល​មជ្ឈមណ្ឌល​​មាន ដើម្បី​ជា​កន្លែង​សម្រាប់​ឱ្យ​យុវជន កម្ពុជា​​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។

បន្ថែម​លើ​គេហទំព័រ​ដែល​ខ្លួន​កំពុង​មាន មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam) ​កំពុង​រៀបចំ​ដំណើរ​ការ​គេហទំព័រ​ថ្មី​មួយ​ទៀត​សម្រាប់​ដាក់​បញ្ចូល​ឯកសារ​ពាក់ព័ន្ធ​នឹង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ខ្មែរ​ក្រហម។ មន្ត្រី​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា គេហទំព័រ​នេះ​នឹង​ក្លាយ​ជា​បណ្ណាល័យ​សំខាន់​មួយ​សម្រាប់​សាធារណជន ពិសេស​យុវវ័យ​ក្នុង​ការ​ស្វែងយល់​ពី​របប​ខ្មែរក្រហម ដោយ​សារ​តែ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​នេះ​មាន​លក្ខណៈ​សាមញ្ញ​និង​ងាយ​យល់។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាបាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​បើក​ដំណើរការ​គេហទំព័រ​ថ្មី​មួយ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ ដោយដាក់​បញ្ចូល​ឯកសារ​ប្រមាណ​មួយ​លាន​ឯកសារ​ដែល​មជ្ឈមណ្ឌលមាន ដើម្បី​ជា​កន្លែង​សម្រាប់​ឱ្យ​យុវជន កម្ពុជាស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។

លោក ផេង ពង្សរ៉ាស៊ី ប្រធានគម្រោង​ស្ដីពី​ការ​សិក្សា​អំពី​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​នៃ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​ប្រាប់ ​VOA កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា គេហទំព័រ​ថ្មី​នេះ​មាន​អាសយដ្ឋាន www.thekhmerrougehistory.com ហើយ​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​សប្ដាហ៍​ទី​២​នៃ​ខែ​មករា​ ឆ្នាំ​២០១៧ ។

យុវជន​មួយ​ក្រុម​កំពុង​មើល​គេហទំព័រ​ថ្មី​សម្រាប់​អប់រំ​យុវជន​អំពី​សម័យ​ខ្មែរ​ក្រហម តាម​ទូរស័ព្ទ​ដៃ។ (រូបថត៖ អ៊ុច មករា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam))

លោកផេង ពង្សរ៉ាស៊ី បន្ត​ថា គោល​បំណង​នៃ​ការ​បង្កើត​គេហទំព័រ​នេះ​គឺ​ដើម្បី​ជា​ប្រភព​ឯកសារ​មួយ​សម្រាប់​ឲ្យ​សាធារណជន​ជាតិ​និង​អន្តរជាតិអាច​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​នៃ​របប​វាល​ពិឃាត​ខ្មែរ​ក្រហម ដោយ​ឯកសារ​ដែល​ដាក់​នៅ​លើ​គេហទំព័រ​នេះ​មាន​លក្ខណៈ​សម្រាយ​និង​ងាយ​យល់​សម្រាប់​សាធារណជន​ទូទៅ។ លោកថា កន្លង​ទៅ មជ្ឈមណ្ឌល​ធ្លាប់​បាន​បោះពុម្ព​ជា​សៀវភៅ​ដើម្បីចែកចាយ​ ក៏​ប៉ុន្តែសៀវភៅ​ទាំងនោះមិនអាច​ទៅ​ដល់​ដៃ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ។

«អ៊ីចឹង​ហើយ​បាន​ជា​ការ​កែប្រែ​គំនិត​នេះ​មក​ជា​ការ​ធ្វើ​វេបសាយ​មួយ​ដែល​វា​ permanent (អចិន្ត្រៃយ៍​) ដែល​សិស្ស​គ្រប់​ជំនាន់ យុវវ័យ​គ្រប់​ជំនាន់​អាច​មើល​ឃើញ​ ដោយ​គ្រាន់​តែ​គាត់​កាន់​ទូរស័ព្ទ​ដៃ​គាត់​ទៅ​គាត់​អាចមើល​ពេល​ណា​បាន​ពេល​ហ្នឹង។ នេះ​ជា​គោលគំនិត​ធំ​របស់​យើង​។ ហើយ​មួយ​ទៀត យើង​បង្កើត​នេះ​ មិនមែន​ថា​គោលដៅ​សំខាន់​តែ​កូន​ក្មេងៗ​ទេ អ្នកណា​ក៏ដោយ​ក៏​អាច​មើល​ឃើញ​ដែរ​ទាំងចាស់​ទាំង​អី ហើយ​ជា​ពិសេស​គឺ​អ្នក​ដែល​នៅ​ឆ្ងាយ​ៗ​ពី​ទីក្រុង​ ហើយ​អ្នក​ដែល​ពុំ​ទាន់​បាន​ទទួល​ការ​អប់រំ​ណា​សោះ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ ប៉ុន្តែ​គាត់​មាន​ទូរស័ព្ទ​ដៃ​កាន់ ​គាត់​អាច​មើល​ឃើញ ជា​ពិសេស Smart Phone (ទូរស័ព្ទទំនើប) គាត់​អាច​មើល​ឃើញ ចឹង​គាត់​អាច​រៀន​តាម​ហ្នឹង​បាន តាម​ទូរស័ព្ទ​គាត់​អី​ចឹង មិន​បាច់​យើង​ទៅ​ផ្ទាល់ក៏​បាន»។

លោក ផេង ពង្សរ៉ាស៊ី ឱ្យ​ដឹង​ដែរ​ថា គេហទំព័រ​នេះចែក​ចេញ​ជា​បី​ផ្នែក​ធំៗមាន​ដូចជា ការ​សង្ខេប​ព្រឹត្តិការណ៍​សំខាន់ៗ​ចាប់​តាំង​ពី​ថ្ងៃកកើត​ដំបូង​នៃ​ខ្មែរ​ក្រហម​រហូត​ដល់​ដំណើរការ​នៃ​ការ​រៀបចំ​តុលាការ​កូនកាត់​ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ផ្នែក​ពន្យល់​ពាក្យ​ដែល​មាន​ប្រើប្រាស់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម និង​ផ្នែក​ដែល​រៀបរាប់​ពី​ជីវប្រវត្តិ​របស់​កម្មាភិបាល​ខ្មែរក្រហម ព្រមទាំង​អ្នករស់រាន​មាន​ជីវិត​និង​បាត់ជីវិត​ក្នុង​របប​នោះ។ ឯកសារ​នៅ​លើ​គេហទំព័រ​នេះ​មាន​ជា​ទម្រង់វីដេអូ រូបភាព សំឡេង និង​អត្ថបទ។

លោក ផេង ពង្សរ៉ាស៊ី ឱ្យ​ដឹង​ដែរ​ថា គេហទំព័រ​នេះមានពីរ​ភាសាគឺ​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស។ លោក​បន្ត​ថា គេហទំព័រ​នេះ​អនុញ្ញាត​ឱ្យ​អ្នកអាន​បញ្ចេញ​ជា​មតិ​យោបល់​និង​សួរ​សំណួរ​ផង​ដែរ ដោយ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ធ្វើ​ការ​ឆ្លើយតប​ទៅ​វិញ។

យោងតាម​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១,៧​លាននាក់​ត្រូវ​បានគេជឿ​ថា​បាន​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន ការ​ធ្វើការ​ហួស​កម្លាំង​និង​ការ​កាប់​សម្លាប់ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ក្រោម​របប​ខ្មែរ​ក្រហម។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡាប្រាប់​VOA កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា គេហទំព័រ​នេះ​នឹងក្លាយ​ទៅ​ជាប្រភព​ព័ត៌មាន​មួយ​ទៀត បន្ថែម​លើ​សៀវភៅ​គោលអំពី​ប្រវត្តិ​ខ្មែរក្រហមដែល​ក្រសួង​បាន​ដាក់​សម្រាប់​ឱ្យ​សិស្ស​រៀន​នៅ​តាម​សាលា។ លោក​បន្ត​ថា ការ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​គឺ​ជា​រឿង​ដ៏​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋយល់​ដឹង​ពី​អត្តសញ្ញាណជាតិ​ច្បាស់​និង​ដឹង​រឿង​ពិត ដើម្បី​ទប់ស្កាត់​កុំ​ឱ្យប្រវត្តិសាស្ត្រ​ដែល​មិន​ល្អ​កើត​មាន​ដដែលៗ។

«បាទ​តាម​ពិត​មាន​ពាក្យ​ស្លោក​មួយ​ថា បើ​យើង​មិន​ដឹង​ប្រវត្តិសាស្ត្រ អាប្រវត្តិសាស្ត្រ​ហ្នឹង​នឹង​កើត​ឡើង​វិញ។ ចឹង​ហើយ​យើង​ត្រូវ​ដឹង ត្រូវ​រៀន​ទាំង​មេរៀន​ល្អ​ ទាំងមេ​រៀន​អាក្រក់។ ចឹង​ដើម្បី​ធ្វើ​ការ​វិភាគ​ថា តើយើង​ចង់​ទៅណា? តើ​យើង​មក​ពី​ណា? អ៊ីចឹង​ដើម្បី​យើង​ទៅ​ណាហ្នឹង យើងត្រូវ​មាន​ហៅថា ត្រៀមខ្លួន​រួចស្រេច​ដើម្បី​កសាង​ជាតិ។ ចឹង​កសាង​ជាតិ​ក៏​ត្រូវ​ដឹង​ប្រវត្តិសាស្ត្រ​ដែរ»។

លោក​ហង់ ជួន ណារ៉ុន ឱ្យ​ដឹង​ដែរ​ថា កន្លងទៅ ក្រសួង​បា​នសហការ​ជាមួយ​មជ្ឈមណ្ឌល់​ឯកសារ​កម្ពុជា​ដើម្បី​ផលិត​ជា​សៀវភៅ​សម្រាប់​គ្រូ​និង​សិស្សនៅ​ថ្នាក់​វិទ្យាល័យ​និងបង្រៀនបំប៉ន​គ្រូ​ជារៀងរាល់​ឆ្នាំ​ផងដែរ។ លោកបន្តថា ដើម្បី​បង្កើន​ការ​យល់ដឹង​ពីសម័យ​ខ្មែរ​ក្រហម​ ក្រសួង​បាន​ដាក់បញ្ចូល​សំណួរ​ពាក់ព័ន្ធ​នឹង​របប​នេះ​ទៅ​ក្នុង​ការ​ប្រឡងថ្នាក់​ជាតិជា​រៀងរាល់​ឆ្នាំ។

លោក​ ឡាត់​ គី​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ឃ្លាំ​មើល​ដំណើរការ​កាត់​ទោស​ខ្មែរ​ក្រហម​ ប្រាប់​VOA​ថា ​គេហទំព័រ​ថ្មី​នេះ​នឹង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការថែ​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់​ឱ្យ​កូន​ខ្មែរទាំងសម័យ​នេះ​និងជំនាន់​ក្រោយ​ក្នុង​ការ​ស្វែងយល់។

«វា​មាន​ការ​ងាយ​ស្រួល​សម្រាប់​សាធារណជន​ទូទៅ ជាពិសេស​អ៊ុំ​ពូ​មីង​ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជនរង​គ្រោះដែល​រស់រាន​មាន​ជីវិត អាច​នៅ​ក្នុង​ការ​ស្វែងយល់​អំពី​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​សាច់រឿង​រងគ្រោះ​របស់​គាត់​បាទ»។

បើតាម​លោក ផេង​ ពង្សរ៉ាស៊ី ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ធ្វើ​បច្ចុប្បន្នភាព​គេហទំព័រ​នេះ​ជាបន្តបន្ទាប់ ដោយ​ដាក់​បញ្ចូល​ព័ត៌មាន​ថ្មី​បន្ថែម ដើម្បី​ទាក់ទាញ​យុវជន​ឱ្យ​ចាប់​អារម្មណ៍​ចង់ចូល​មើល​និង​ស្វែង​យល់​ពីប្រវត្តិសាស្ត្រឱ្យ​បាន​កាន់​តែ​ច្រើន៕