កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Dayton ក្នុងឆ្នាំ១៩៩៥ បានបញ្ចប់នូវសង្គ្រាមហែកហួរក្នុងប្រទេសបូស្នី ដែលបានសម្លាប់មនុស្សប្រមាណ១សែននាក់ និងធ្វើឲ្យពលរដ្ឋប្រមាណជិត២លាននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន។
នៅពេលដែលមេដឹកនាំប្រទេសបូស្នីនិងហឺហ្សីហ្កោវីណា ប្រទេសស៊ែប៊ី និងប្រទសក្រូអាស៊ី បានជួបប្រជុំគ្នាក្នុងទីក្រុង Dayton រដ្ឋ Ohio របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៥នោះ សង្គ្រាមក្នុងប្រទេសបូស្នី កំពុងឆាបឆេះអស់រយៈពេល៤ឆ្នាំកន្លងទៅហើយ។ សង្ក្រាមនេះ បានបង្កឲ្យមានភាពតានតឹងដ៏ខ្លាំងខាងជាតិសាសន៍ ហើយបានធ្វើឲ្យពលរដ្ឋប្រមាណជិត២លាននាក់ត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយនិងធ្វើមនុស្សស្លាប់ប្រមាណ១សែននាក់។
ប៉ុន្មានខែមុននៃការជួបជុំគ្នានោះ កងកម្លាំងរបស់ស៊ែប៊ី បានសម្លាប់ជនជាតិបូស្នី កាន់សាសនាមូស្លីម ប្រមាណ៨០០០នាក់ ដែលរួមមានបុរសនិងកុមារផងដែរ ក្នុងតំបន់ Srebrenica។ នេះជាព្រឹត្តិការណ៍មួយដែលក្រោយមកត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិក្នុងទីក្រុងឡាអេ សម្រាប់អតីតយូហ្គោស្លាវី សម្រេចថាជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ក្រោយការប៉ុនប៉ងរបស់អន្តរជាតិបានបរាជ័យជាច្រើនដើម្បីបញ្ចប់ការប្រយុទ្ធគ្នានោះ មន្រ្តីការទូតរបស់អាមេរិកលោក Richard Holbrooke បានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង Dayton មួយឡើង។ អង្គការ អូតង់ (NATO) ដែលជាអ្នកធានានូវដំណើរការសន្តិភាពនោះ បានដាក់ពង្រាយនូវកងកម្លាំងថែរក្សាសន្តិភាពចំនួន៦០.០០០នាក់។
កិច្ចព្រមព្រៀងនេះ បានបញ្ជាក់នូវឯករាជ្យភាព ការបង្កើតរដ្ឋមួយដែលមានប្រធានាធីបតី រដ្ឋាភិបាល និងសភាជាតិ របស់ប្រទេសបូស្នី។ ទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងនេះ បានចែកប្រទេសចេញជាស្ថាប័នគ្រប់គ្រងរដ្ឋចំនួនពីរ មួយគឺសហព័ន្ធ Bosniak-Croat នៃប្រទេស ក្រូអាស៊ី និង បូស្នីនិងហឺហ្សីហ្កោវីណា និងស្ថាប័នមួយទៀតដែលគ្រប់គ្រងលើពលរដ្ឋស៊ែប៊ីភាគច្រើននោះគឺ Republika Srpska ។ ស្ថាប័នទាំងពីរមានស្វ័យភាពទូលំទូលាយ និងមានរចនាសម្ព័ន្ធនយោបាយស្មុគ្រស្មាញខ្លាំង។
លោក James Pardew ជាសមាជិកក្រុមអ្នកចរចារបស់អាមេរិក ដែលដឹកនាំដោយលោក Holbrooke បានគូសបញ្ជាក់ថា ការប្រឈមដ៏ធំបំផុតនៅចំពោះមុខកិច្ចព្រមព្រៀងទីក្រុង Dayton នោះ គឺរចនាសម្ព័ន្ធដ៏ស្មុគស្មាញ នៃដំណើរការចរចា ដែលរួមមានការធ្វើដំណើរជាច្រើនលើក ទៅកាន់រដ្ឋធានីជាច្រើនក្នុងទ្វីបអឺរ៉ុប ការធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដូចជាអង្គការ អូតង់ (NATO) និងអង្គការសហប្រជាជាតិជាដើម ហើយនិងការប្រឈមជាមួយនឹងមេដឹកនាំដែលមានជំហរតឹងតែងខ្លាំងនោះផងដែរ។
លោកPardew បានលើកឡើងក្នុងសម្តីដើមថា៖
«យើងត្រូវធ្វើការជាមួយអតីតប្រធានាធិបតីស៊ែប៊ីគីលោក Slobodan Milosevic ក្នុងទីក្រុង Belgrade ដែលមានលក្ខណៈតឹងតែងនិងមានការលំបាក។ គាត់ជាមនុស្សដែលមានល្បិចកលខ្ពស់ ហើយគាត់បង្កើតនូវរឿងប្រឌិតឡើង ដែលបង្ហាញថា គាត់មិនបានពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសបូស្នីនោះទេ។ នោះជាការមិនពិតនោះទេ។ ប៉ុន្តែមេដឹកនាំម្នាក់ៗ ដូចជាអតីតប្រធានាធិបតីបូស្នីលោក Alija Izetbegovic ជាមួយនឹងអតីតប្រធានាធិបតីគឺលោក Franjo Tudjman មកពីសហគមន៍មូស្លីមបូស្នី ក្នុងប្រទេសក្រូអាស៊ី និងអ្នកដទៃផ្សេងៗទៀត សុទ្ធតែមានផលប្រយោជន៍និងរបៀបវារៈរៀងៗខ្លួនរបស់គេ។ លោក Holbrooke ត្រូវធ្វើកិច្ចការតាមមធ្យាបាយរបស់លោកឲ្យរំលងផុតពីរឿងទាំងនោះ»។
ដំណើរការចរចាបានស្ថិតដល់ចំណុចចុងក្រោយមួយនៅមូលដ្ឋានកងទ័ពអាកាស Wright-Patterson ក្នុងទីក្រុង Dayton ដែលនៅទីនោះមេដឹកនាំនៃអតីតសាធារណរដ្ឋ Yugoslav ដែលមានលោក Izetbegovic លោកTudjman និងលោក Milosevic បានឯកភាពគ្នា ក្នុងការបញ្ចប់សង្គ្រាម។ កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដំបូងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ក្នុងទីក្រុង Dayton ហើយនៅទីបំផុតត្រួវបានផ្តល់សច្ចាប័នក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី១៤ ខែធ្នូ។
គោលបំណងសំខាន់នៃកិច្ចព្រមព្រៀង ត្រូវបានសម្រេច
ក្រុមអ្នករិះគន់លើកឡើងថា កិច្ចព្រមព្រៀងទីក្រុង Dayton បានបង្កើតនូវប្រទេសមួយដែលមានភាពស្មុគ្រស្មាញ និងមានរចនាសម្ព័ន្ធរដ្ឋាភិបាលជាច្រើនថ្នាក់ ដោយផ្តោតខ្លាំងទៅលើការការពារក្រុមជាតិសាសន៍ផ្សេងៗគ្នា ជាជាងការលើកកម្ពស់ដល់សិទ្ធិបុគ្គល។ ឧក្រិដ្ឋជនសង្គ្រាមជាច្រើន មិនត្រូវបានទទួលទណ្ឌកម្ម ខណ:ពេលដែល អ្នកជាតិនិយម គណបក្សនយោបាយដដែលៗមួយចំនួន បន្តកាន់អំណាចភាគច្រើនសឹងតែ ចាប់តាំងពីឆ្នាំ១៩៩៥មក។
លោក Robert Gelbard គឺជាតំណាងពិសេសរបស់ប្រធានាធិបតីអាមេរិក និងរដ្ឋមន្ត្រីការបរទេសអាមេរិក សម្រាប់ការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Dayton ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ មុនពេលចូលកាន់តួនាទីនេះ លោកបានធ្លាប់ធ្វើការជាមួយតំបន់អតីត Yugoslav ដែលក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការ ក្នុងការចាប់ខ្លួនឧក្រិដ្ឋជនសង្គ្រាមផងដែរ។
«ការប្រឆាំងតវ៉ា ដែលយើងបានឃើញចេញពីរដ្ឋាភិបាលមួយចំនួនក្នុងតំបន់ ដែលជាពិសេសចេញពីប្រទេសស៊ែប៊ីនោះ មានការប្លែកខ្លាំង»។ នេះបើតាមការលើកឡើងរបស់លោក Gelbard។
លោក Gelbard និយាយថា លោកបានធ្វើដំណើរទៅកាន់ប្រទេសប៊ូស្នី ជាលើកដំបូងចំនួន២សប្តាហ៍ ក្រោយកិច្ចព្រមព្រៀងទីក្រុង Dayton តាមការស្នើសុំរបស់លោកHolbrooke។ លោកបន្ថែមថា វាជាការងាយស្រួលក្នុងការរិះគន់ការសម្របសម្រួល នូវកិច្ចព្រមព្រៀងសន្តិភាព នៅពេលក្រោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះសម្រេចបាននូវគោលបំណងដ៏សំខាន់របស់ខ្លួន ដែលនោះគឺការបញ្ឈប់ការសម្លាប់មនុស្ស។
លោក Gelbard បានបន្ថែមក្នុងសម្ដីដើមថា៖
«កិច្ចព្រមព្រៀងទីក្រុង Dayton មានបញ្ហាជាច្រើន ប៉ុន្តែខ្ញុំគិតថា២៥ឆ្នាំក្រោយមក នេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ ដែលសម្រេចបានដោយលោក Richard Holbrooke និងអ្នកទាំងអស់ដែលធ្វើការជាមួយគាត់»។
លោកបន្ថែមថា៖
«ភាពបរាជ័យបានកើតឡើងក្រោយមកទៀត។ នៅពេលដែលបញ្ហាផ្សេងៗមានភាពស្ងប់ស្ងាត់ ក៏មានការខ្វះសុឆន្ទៈរបស់សហគមន៍អន្តរជាតិក្នុងការអង្គុយចរចា និងបង្កើតកាលៈទេសៈជាថ្មី តាមរយៈសុច្ឆន្ទៈនយោបាយដែលចាំបាច់ ដើម្បីពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀង ការសើរើរដ្ឋធម្មនុញ និងការបង្កើតបរិយាកាសផ្តល់ឲ្យប្រទេស Bosnia-Herzegovina ទៅជាប្រទេសខុសប្លែកពីមុន ដែលនឹងអាចក្លាយជារដ្ឋជោគជ័យមួយ» ។
លោក Pardew បានលើកឡើងថា អាទិភាពគឺការបញ្ចប់ការសម្លាប់គ្នា ប៉ុន្តែបញ្ហា គឺរចនាសម្ព័ន្ធនយោបាយ ដែលត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងDayton នោះ។
លោក Pardew បន្តថា៖
«តើយើងបានបង្កើតកំហុសឆ្គងមែនទេ? ជាការពិត យើងពិតជាបានបង្កើតកំហុសឆ្គងមែន។ ពុំមានការចរចាណាដែលល្អឥតខ្ចោះនោះទេ»។
លោក បន្ថែមទៀតថា៖
«ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននោះ គឺថាកំហុសឆ្គងដ៏ធំបំផុតមួយគឺការផ្តល់អំណាចច្រើនពេកដល់ស្ថាប័នគ្រប់គ្រងរដ្ឋ ដូចជា Republika Srpska (រីផូបប្លិកា ស្ទ្រឹបការ) និងសហព័ន្ធ ក្នុងការគ្រប់គ្រងប្រទេសបូស្នី ដូចដែលគេធ្លាប់មានពីមុនមក។ ខ្ញុំមិនគិតថាយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដោយគ្មានស្ថាប័នទាំងពីរនោះទេ។ ប៉ុន្តែខ្ញុំពិតជាគិតថា យើងអាចធ្វើការងារបានល្អប្រសើរជាងនេះ ដោយការបន្ថយអំណាចដែលបង្អាក់ដំណើរការរដ្ឋ របស់ស្ថាប័នទាំងពីរនោះ។
សហរដ្ឋអាមេរិក បានដើរតួនាទីដ៏សំខាន់មួយ ក្នុងការបង្កើតសន្តិភាព ប៉ុន្តែគោលបំណងដ៏យូរអង្វែងរបស់ប្រទេសបូស្នី គឺការធ្វើសមាហរណកម្មទៅក្នុងសហភាពអឺរ៉ុប។ នៅក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅ អ្នកនយោបាយក្នុងប្រទេសបូស្នី បានបរាជ័យក្នុងការព្យាយាមកែរដ្ឋធម្មនុញ្ញ ការធ្វើកំណែទម្រង់ចាំបាច់នានា និងការបំពេញលក្ខខណ្ឌ ចូលជាសមាជិកសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបខ្លួនឯង ក៏បានពន្យារពេល។ក្នុងដំណើរការនៃការយល់ព្រមទទួលយកប្រទេសបូស្នីចូលជាសមាជិករបស់ខ្លួនផងដែរ។
ទោះជាយ៉ាងនេះក្តី ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក សម្រាប់តំបន់អឺរ៉ុបនិងតំបន់អាស៊ីអឺរ៉ុបលោក Matthew Palmer ដែលជាអ្នកទទួលខុសត្រូវតំបន់បាល់កង់ខាងលិច បានគូសបញ្ជាក់ថា សុបិនរបស់ប្រទេសបូស្នីចង់ក្លាយជាសមាជិករបស់សហភាពអឺរ៉ុប គឺគ្មានជម្រើសផ្សេងទេ។
លោកMatthew Palmer បន្ថែមក្នុងសម្ដីដើមថា៖
«កិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុង Dayton បានទទួលជោគជ័យក្នុងការសម្រេចបាននូវគោលបំណងដ៏សំខាន់របស់ខ្លួន ដែលនោះគឺការបញ្ចប់នូវសង្គ្រាមមួយ ការបញ្ចប់នូវអំពើហិង្សា និងការបញ្ចប់នូវការឈឺចាប់ទាំងឡាយ។ កិច្ចព្រមព្រៀងនេះ បង្កើតនូវមូលដ្ឋានគ្រិះមួយ ដែលជួយឲ្យពលរដ្ឋប្រទេស Bosnia-Herzegovina អាចបង្កើតនូវអនាគតមួយ ដែលមានស្ថិរភាពច្រើនជាងមុន។ ជាការច្បាស់ហើយ វានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ ចក្ខុវិស័យ នៃការធ្វើសមាហរណកម្មប្រទេសBosnia-Herzegovina ទៅក្នុងគ្រួសារប្រទេសសហគមន៍អឺរ៉ុបនោះ មិនទាន់សម្រេចបាននៅឡើយទេ»។
ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន
ក្នុងខួបអនុស្សាវរីយ៍លើកទី១០នៃកិច្ចព្រមព្រៀងទីក្រុង Dayton នោះ លោក Holbrooke បានស្នើសុំឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី George W. Bush នៅពេលនោះ បង្កើនសកម្មភាពចូលរួមក្នុងប្រទេសបូស្នីឲ្យបានច្រើនជាងមុន ដោយលើកឡើងថា រដ្ឋាភិបាលកណ្តាលប្រទេសបូស្នី មានភាពទន់ខ្សោយ ហើយអំពើពុករលួយនៅក្នុងប្រទេសនេះ កំពុងរីករាលដាល។ លោកបានបន្ថែមថា បើគ្មានការចូលសមាជិកភាពជាមួយសហភាពអឺរ៉ុបទេនោះ ប្រទេសតំបន់បាល់កង់ទាំងនោះ នឹងមានភាពរញ៉េរញ៉ៃខ្លាំង។
លោកGelbard លើកឡើងថា ទោះបីជានៅពេលបច្ចុប្បន្ននេះ អំពើពុករលួយ ការិយាល័យធិបតេយ្យស្មុគស្មាញ និងបរិយាកាសវិនិយោគដែលគ្មានលក្ខណៈអំណោយផលនោះ នៅជាបញ្ហាចម្បងនៅឡើយ នៅក្នុងប្រទេសបូស្នី។
លោក Gelbardបន្ថែមថា៖
«ខ្ញុំបានព្យាយាមជំរុញឲ្យមានក្រុមហ៊ុនទៅវិនិយោគនៅក្នុងប្រទេស Bosnia-Herzegovina ប៉ុន្តែពួកគេមិនមានការចាប់អារម្មណ៍តិចតួចណាស់»។
លោក Pardew ក៏បាននិយាយផងដែរថាការអភិវឌ្ឍន៍ក្នុងប្រទេសបូស្នីក្រោយឆ្នាំ១៩៩៥ មិនបានប្រព្រឹត្តទៅ សមតាមបំណងនោះទេ ដោយលោកលើកយកហេតុផលពីភាពអវិជ្ជមាន ឥទ្ធិពលរាំងស្ទះពីប្រទេសក្បែរខាង ជាពិសេសការចូលពាក់ព័ន្ធពីប្រទេសស៊ែប៊ី ប្រទេសរុស្សី និងភាពបរាជ័យ របស់មេដឹកនាំមូលដ្ឋាន ក្នុងការបង្កើតនូវសង្គមរីកចម្រើននិងប្រជាធិបតេយ្យមួយដែលអាចផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ