ភ្នំពេញ —
សំឡេងព្រះសង្ឃសូត្រព្រះធម៌នៅវត្តប្រាសាទដែលស្ថិតនៅជាយក្រុងភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី១៤ខែមេសា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានឮសព្វទូទាំងតំបន់ជិតខាង។ វត្តប្រាសាទស្ថិតក្នុងខណ្ឌសែនសុខ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្ដាលទីក្រុងភ្នំពេញ។
នៅទីធ្លាវត្តនេះក្នុងថ្ងៃទីមួយនេះ គេឃើញមានមនុស្សម្នាច្រើនកុះករ មានចាស់ មានក្មេង ទាំងប្រុសទាំងស្រី ភាគច្រើនមកពីក្រុងភ្នំពេញនិងនៅមូលដ្ឋានបានមកធ្វើបុណ្យនៅទីនេះ។ ពុទ្ធបរិស័ទទាំងនោះបានធ្វើពិធីរាប់បាត បង្សុកូល ពូនភ្នំខ្សាច់ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីនិងឧទ្ទិសកុសលដល់ញាតិមិត្តរបស់ខ្លួនដែលបានចែកដ្ឋានទៅ និងបួងសួងសុំសេចក្ដីសុខសប្បាយរៀងៗខ្លួន។
បន្ទាប់ពីរាប់បាត្រក្នុងសាលាឆទានរួច អ្នកស្រី ខេង សាអែម ដែលស្លៀកសំពត់ខ្មៅ ពាក់អាវសនិងពានាកន្សែង ជាពលរដ្ឋមកពីរាជធានីភ្នំពេញ ថ្លែងថាអ្នកស្រីមានអារម្មណ៍ជ្រះថ្លាច្រើនបន្ទាប់ពីបានមកធ្វើបុណ្យនៅវត្តនេះ។
លោកស្រីបានបញ្ជាក់ថា៖ «ឧទ្ទិសមគ្គផលដល់លោកឪពុកអ្នកម្តាយដែលបានចែកស្ថានទៅ ព្រមទាំងឱ្យញាតិមិត្តទាំងអស់សុខសប្បាយទាំងអស់គ្នា។ ខ្ញុំមកបាន២វត្តទាំងវត្តនេះហើយ គឺមកជាមួយកូនចៅទាំងអស់គ្នា។ ធ្វើបុណ្យហើយមានអារម្មណ៍ជ្រះថ្លា»។
ពិធីបុណ្យចូលឆ្នាំខ្មែរគឺប្រារព្ធឡើងជារៀងរាល់ឆ្នាំរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១៤ ១៥ និងទី១៦មេសា ដែលជាពិធីបុណ្យដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរ និងជាឱកាសសម្រាប់ធ្វើបុណ្យទាន ជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្ត។
ព្រះតេជគុណ ចាន់ រតនា មានថេរដីកាថាមានពុទ្ធបរិស័ទមកធ្វើបុណ្យនៅវត្តនេះច្រើនណាស់នៅថ្ងៃដំបូងនេះ។
«ញាតិញោមមកច្រើនមែនទែនថ្ងៃនេះ ថ្ងៃទីមួយដែលជាថ្ងៃចូលឆ្នាំឆ្នាំ មមី។ ញាតិញោមដូចបានឃើញអំបាញ់មិញហើយ ពួកគាត់មកមានទាំងទេយ្យទាន ទាំងចង្ហាន់បិណ្ឌបាតដើម្បីមកឧទ្ទិសកុសល។ បន្ទាប់ពីបង្សុកូលហើយ ឧទ្ទិសកុសលដល់ដូនតាពួកគាត់ផង ហើយពូនភ្នំខ្សាច់ ហើយឱ្យព្រះសង្ឃហ្នឹងឯងប្រស់ព្រំដើម្បីសូមសេរីសួស្តីឆ្នាំថ្មី»។
ក្រៅពីការធ្វើបុណ្យ ទីវត្តអារាមដូចជានៅវត្តប្រាសាទនេះក៏ជាទីសម្រាប់ធ្វើទានចែករំលែកដល់ជនទីទ័លក្រនិងចាស់ទុំក្នុងវត្តផងដែរ។ ហើយអ្នកខ្លះបានចូលលុយកាក់ខ្លះដល់អ្នកលេងឆៃយ៉ាំដែលកំពុងសម្តែងខាងមុខក្លោងទ្វារចូលសាលាឆទាន។ និងខ្លះបានទិញចាបព្រលែង ដើម្បីរំដោះកម្មពារនិងឧបទ្រពចង្រៃតាមជំនឿរបស់ខ្លួនទៀតក៏មាន។
លោក ហុង លី មកពីភ្នំពេញ បានទិញចាបមួយក្បាលព្រលែងជាមួយកូនស្រីនិងភរិយាលោក។
«ល្បីថាឆ្នាំចាស់យើងព្រលែងចាបឱ្យរំដោះកម្មយើងឱ្យទៅតាមចាបហ្នឹងទៅ ហើយឆ្នាំក្រោយសុខសប្បាយទាំងអស់គ្នា»។
ដោយឡែកអាជីវករដែលលក់ដូរនៅក្នុងទីធ្លាវត្តអារាមក៏ឃើញរកចំណូលបានច្រើនជាងថ្ងៃធម្មតាដែរ។
លោក ជិន សុគុណ អ្នកលក់ទឹកអំពៅម្នាក់ថ្លែងដោយទឹកមុខញញឹមញញែមថាលោកលក់ដាច់ណាស់នៅថ្ងៃនេះ។ ជារៀងរាល់រដូវចូលឆ្នាំ លោកសុគុណអាចរកចំណូលបានប្រហែល១លានទៅ២លានរៀលពីរបរមួយនេះ។
«លក់ដាច់បង។ លក់បានចូលមួយរយថង់ហើយតាំងពីព្រឹកមក។ គ្រោងនឹងលក់៣ថ្ងៃជាប់គ្នា»។
នៅថ្ងៃបុណ្យចូលឆ្នាំនេះ គេសង្កេតឃើញថាតាមបណ្តោយផ្លូវនានាក្នុងក្រុងភ្នំពេញដែលធ្លាប់តែកកស្ទះបានប្រែមកស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋក្នុងក្រុងជាច្រើនបានទៅធ្វើបុណ្យ និងធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្ត ចំណែកឯប្រជាពលរដ្ឋមួយចំនួនទៀតបានទៅលេងស្រុកកំណើតរបស់ខ្លួនក្នុងរដូវបុណ្យប្រពៃណីដ៏សំខាន់និងមានអត្ថន័យមួយនេះ៕