ដេវីដ ឈែនដ៍ល័រ ថា ខៀវ សំផន​ មាន​តំណែង​កំពូល​ក្នុង​របបខ្មែរ​ក្រហម

លោក ដេវីដ ឆេនដ៏ល័រ (David Chandler) ប្រវត្តិវិទូ​ល្បី​ឈ្មោះ​​ម្នាក់​អំពី​ប្រទេស​កម្ពុជា​ ថ្លែង​អំពី​ប្រវត្តិ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​ ទៅ​កាន់​និស្សិត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០។

លោក ដេវីដ ​ឈែនដ៍ល័រ​ (David Chandler)​ អ្នក​ជំនាញការ​អាមេរិក​ពី​បញ្ហា​ខ្មែរក្រហម​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខៀវ​ សំផន ​មាន​មុខ​តំណែង​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។

លោក ដេវីដ ឈែនដ៍ល័រ ដែល​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​នេះ​មាន​ប្រសាសន៍​យោង​ទៅ​ដល់​ការចែង​របស់​ធម្មនុញ្ញ​របស់​របប​ខ្មែរ​ក្រហម។ ធម្មនុញ្ញ​នោះ​ចែងថា មុខ​ដំណែង​គណៈ​ប្រធាន​រដ្ឋ ឬ​ប្រមុខ​រដ្ឋ​គឺ​ជា​តួនាទី​ដឹក​នាំ​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ចំណោម​មេដឹក​នាំ​ខ្មែរ​ក្រហម។
«មុខ​តំណែង​ខ្ពស់​បំផុត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​ជា​តំណែង​ប្រមុខ​រដ្ឋ​ដែល​ជា​ដំណែង​មួយ​កាន់កាប់​ដោយ​លោក​ខៀវ សំផន»។
លោក ដេវីដ ឈែនដ៍ល័រ



លោក ​ដេវីដ ​ឈែនដ៍ល័រ​ គឺ​ជា​ប្រវត្តិវិទូ​និង​បច្ចុប្បន្ន​ជា​សាស្ដ្រាចារ្យ​នៅ​សកលវិទ្យាល័យ​ខាលីហ្វ័រនីញ៉ា ប៊ើកលី សហ​រដ្ឋ​អាមេរិក។ លោក​បាន​សរសេរ​សៀវភៅ​អំពីខ្មែរក្រហម​ចំនួន​ប្រាំ​ក្បាល។ លោក ដេវីដ ​ឈែនដ៍ល័រ បញ្ជាក់​ថា ​តួនាទី​ដឹកនាំ​ក្នុង​សម័យ​ខ្មែរក្រហម​មិន​បង្ហាញ​ពិតប្រាកដ​ពី​អំណាច​របស់​បុគ្គល​កាន់កាប់​តួនាទី​នោះ​ទេ។ លោក​បញ្ជាក់​យ៉ាងដូច្នេះ​ដោយ​ឆ្លើយ​នឹង​សំណួរ​របស់​មេធាវី​របស់​ខៀវ ​សំផន​ លោក​ គង់ សំអុន។

«តួនាទី​ខ្ពស់​បំផុត​មិន​មែន​មាន​ន័យ​ស្នើគ្នា​នឹង​បុគ្គល​ដែល​អនុវត្ត​អំណាច​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នោះ​ទេ។ តួនាទី​មាន​ចែង​ប៉ុន្តែ​យើង​មិនដឹ​ងទាល់តែ​សោះ​ថា ​តួនាទី​នោះ​មាន​ទំហំ​ប៉ុណ្ណា យ៉ាង​ណា​ក៏​ដោយ​តួនាទី​នេះ​បាន​ស្ថិត​ក្នុង​ឯកសារ​ជា​សាធារណៈ​ដូចជា​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​កាន់កាប់​អំណាច​ចន្លោះ​ពី​ខែ​មេសា​ ឆ្នាំ​ ១៩៧៥ ​ដល់​ខែ​មករា​ឆ្នាំ ១៩៧៩ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាងតិច​ចំនួន​ ១,៧​លាន​នាក់។ សាលាក្ដី​ខ្មែរក្រហម​ដែល​ដំណើរការ​ដោយសារ​ជំនួយ​ហិរញ្ញវត្ថុ​ភាគ​ច្រើន​ពី​សហគម​អន្ដរជាតិ​កំពុង​ដំណើរការ​កាត់​ក្តី​សំណុំ​រឿង​០០២។ ជន​ជាប់ចោទ​បី​នាក់​ក្នុង​ចំណោម​បួន​នាក់​ត្រូវ​បាននាំ​ខ្លួន​ចូល​បន្ទប់​សវនាការ។ ក្នុង​នោះ​មាន​នួន ​ជា ​អតីត​ប្រធាន​សភា ​ខៀវ ​សំផន​ អតីត​ប្រមុខ​រដ្ឋ ​និង​អៀង​ សារី​ អតីត​ឧបនាយក​រដ្ឋ​មន្ដ្រី និង​ជា​រដ្ឋ​មន្ដ្រី​ការបរទេស។

លោក ដេវីដ ​ឈែនដ៍ល័រ​ មាន​ប្រសាសន៍​ថា គណបក្ស​កុម្មុយនិស្ត​របស់​ពួក​ខ្មែរក្រហម​មាន​អំណាច​លើសពី​ស្ថាបន័​នានា​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធម្មនុញ​ខ្មែរក្រហម​ទៅ​ទៀត ​ហើយ​ការ​បែងចែក​ស្ថាបន័​និង​ការទទួល​ខុស​ត្រូវ​ក្នុង​សម័យ​នោះ​គឺ​ជា​ផ្នែក​មួយ​ដើម្បី​បង្ហាញ​ដល់​សហគម​អន្តរជាតិ​ថា របប​ខ្មែរក្រហម​មិន​ផ្តាច់ការ​តែ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា​លោក ដេវីដ ​ឈែនដ៍ល័រ​ លើក​ឡើង​ថា ការដឹកនាំ​រដ្ឋ​របស់​ពួក​ខ្មែរក្រហម​មាន​លក្ខណ​សម្ងាត់​ និង​មាន​ការជាន់​តួនាទី​របស់​សា្ថប័ន និង​យុត្តាធិការ​ជាច្រើន៕