ប្រជា​នេសាទ​ខ្មែរ​បារម្ភ​ត្រី​ធ្លាក់​ចុះ ខណៈ​របាយការណ៍​ថ្មី​បង្ហាញ​អំពី​ជលផល​ទន្លេ​មេគង្គ ​«កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង»

រូបឯកសារ៖ ទូក​នេសាទ​ ចត​នៅ​មាត់​ច្រាំងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ២០១៩។ (ទុំ ម្លិះ/​វីអូអេ)

ផល​នេសាទ ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ហើយ​កម្រិត​ទឹក​មិន​ទៀង​ទាត់។ នេះ​ជា​ការ​អះអាង​របស់​ប្រជា​នេ​សាទ​ខ្មែរ​ក្នុង​ភូមិ​សាស្រ្ត​ទន្លេ​មេគង្គ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ការ​ព្រួយបារម្ភ​របស់​អ្នក​នេសាទ​ដែល​ពឹង​ផ្អែក​លើ​ការ​រក​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ បន្ថែម​ពី​ការ​ធ្វើ​ស្រែ និង​ចិញ្ចឹម​សត្វ ស្រប​គ្នា​ទៅនឹងរបាយ​ការណ៍​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission ឬ MRC) ដែល​បាន​រំលេច​ពី​ផល​ប៉ះ​ពាល់​នៃ​សកម្ម​ភាព​របស់​មនុស្ស​ និង​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ដែល​«កំពុង​ដាក់​សម្ពាធ​»លើ​ជល​ផល​ក្នុង​ទឹក។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​របាយ​ការណ៍​ចំនួន​ពីរ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ គណៈ​កម្មការ​ទន្លេ​មេគង្គដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋា​ភិបាល​មួយ ដែល​មាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀត​ណាម​ ជា​សមាជិក​បាន​បង្ហាញ​ថា ​ការ​នេសាទ​ហួស​កម្រិត​ និង​ការ​ខូចខាត​ទី​ជម្រក​បណ្តាល​មក​ពី​កំណើន​ប្រជាជន ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ «កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​»លើ​ជល​ផល​អាង​ទន្លេ​មេគង្គ​ក្រោម។

របាយ​ការណ៍​ពីរ​នេះ​មាន​ចំណង​ជើង​ថា​ «ស្ថានភាព​និង​និន្នាការ​នៃ​ភាព​សម្បូរ​បែប​និង​ភាព​ចម្រុះ​នៃ​មច្ឆា​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨» និង«ការ​តាម​ដាន​ផល​ប៉ះពាល់​សង្គម និង​ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ​ឆ្នាំ​២០​១៨»។ របាយ​ការណ៍​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ នៅ​តែ​បន្ត​ពឹង​អាស្រ័យ​លើ​ធនធាន​ទឹក​ ដែល​កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​។

លោក ស៊ឹម នឿន អាយុ ​៤២​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​កោះ​ដំបង ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​ប្រាប់​វីអូអេ​ថា​ ផល​ត្រី​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល បើ​ធៀប​នឹង​កាល​ពី​ពេល​មុន ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ ដូច​ជា​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ ការ​ប្រែ​ប្រួល​កម្រិត​ទឹក និង​ការ​នេសាទ​ខុស​ច្បាប់​ផង​ដែរ។ ដោយ​សារ​កម្រិត​ទឹក​ទន្លេ​ឡើង​ចុះ​មិន​ទៀង​ទាត់ នាំ​ឲ្យ​រំខាន​ដល់​ការ​ពង​ត្រី។

លោក​ថ្លែង​ថា៖ «វា​ទាក់​ទង​នឹង​ទំនប់​ផង ហើយ​ទឹក​ឡើង​ចុះ​អត់​កំណត់។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អត់​ទៀង​ទាត់»។

ប្រជា​នេសាទ​ដែល​មាន​កូន​៣​នាក់​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​រក​ត្រី​បាន​ត្រឹម​តែ​១​គីឡូ​ក្រាម​ទៅ​៣​គីឡូ​ក្រាម ប្រែ​ប្រួល​ទៅ​តាម​ថ្ងៃ ដែល​វា​ថយ​ចុះ​ពាក់​កណ្តាល បើ​ធៀប​នឹង​៥ឆ្នាំ​មុន។ ក្រៅ​ពី​រក​ត្រី​ទុក​ធ្វើ​ជា​អាហារ​សម្រាប់​គ្រួសារ លោក​ក៏​យក​ត្រី​ទាំង​នោះ​លក់​ផង​ដែរ ដែល​អាច​រក​ប្រាក់​ចន្លោះ​ពី​១​ម៉ឺន​រៀល​ ទៅ​២ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ការ​ធ្លាក់​ចុះ​ត្រី​ជា​បន្ត​បន្ទាប់​នេះ នាំ​ឲ្យ​លោក​បារម្ភ​អំពី​ជីវភាព​របស់​លោក​ទៅ​ថ្ងៃ​ខាង​មុខ ដែល​ពឹង​ផ្អែក​លើ​ការ​នេសាទ។

ចំណែក​លោក គង់ គីម អាយុ​៦២ឆ្នាំ ជា​ប្រជា​នេសាទ​មួយ​រូប​ទៀត រស់​នៅ​ក្នុង​ភូមិ​ដំរ៉ែ ស្រុក​សំបូរ ខេត្ត​ក្រចេះ ក៏​បាន​ថ្លែង​ថា ​ផល​នេសាទ​បាន​ធ្លាក់​ចុះ ហើយ​ថ្ងៃ​ខ្លះ លោក​រកត្រី​មិន​បាន​សូម្បី​តែ​មួយ​ក្បាល។

លោក​ប្រាប់​វីអូអេ​ថា៖ «ពី​ដើម​ខ្ញុំ​រក​បាន​ ត្រឹម​មួយ​ថ្ងៃ​អី រក​បាន​ម៉ា​ដោះ​ស្រាយ​ជីវភាព។ ដល់​ឥឡូវ​នេះ ប្រហែល​ប៉ុន្មាន​ឆ្នាំ ប្រហែល​ជា​ពីរ​ឆ្នាំ​នេះ វា​ចេះ​តែ​ចុះ​បណ្តើរៗ។ ក្នុង​ឆ្នាំ​នេះ អ្នក​ដាក់​លប​តាម​កំពង់​មិន​បាន​ហូប​ផង»។

លោក​បន្ថែម​ថា​ កម្រិត​ទឹក​ទន្លេ​បាន​ប្រែ​ប្រួល សូម្បី​តែ​ខែ​ប្រាំង ក៏​ទឹក​អាច​ឡើង​ដែរ ដោយ​សារ​ការ​បញ្ចេញ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ។

លោក​ថ្លែង​ថា៖ «ទឹក​តាំង​ពី​មាន​វារី​អគ្គិសនី​ទំនប់​ខាង​លើ ទឹក​ខែ​ប្រាំង​វា​អត់​ដូច​ពី​ដើម។ ពី​ដើម​ខែ​ប្រាំង វា​ស្រក​រីង ដល់​ឥឡូវ​វា​អត់​មាន អា​ខែ​ប្រាំង ក៏​ឡើង​ស្រកៗ»។

រូបឯកសារ៖ បុរស​ពីរនាក់ នេសាទត្រី​នៅ​ទន្លេមេគង្គ ក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ កាលពី​ខែមិថុនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

នៅ​ក្នុង​របាយ​ការណ៍​ថ្មី​របស់​ខ្លួន គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ផ្តល់​អនុសាសន៍​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤ ពង្រឹង​បទ​ប្បញ្ញត្តិ​ថ្នាក់​ជាតិ និង​អនុវត្ត​រួម​គ្នា​នូវ​យុទ្ធសាស្ត្រ​គ្រប់​គ្រង និង​អភិវឌ្ឍ​ជល​ផល​សម្រាប់​អាង​ទន្លេ​មេគង្គ​ទាំង​មូល។ គណៈ​កម្មការ​ទន្លេ​មេគង្គ​បញ្ជាក់​ថា ​ការ​សិក្សា​នេះ​ ក៏​បាន​ស្នើ​បន្ថែម​ទៀត​ឲ្យមាន​ផែន​កា​រគ្រប់​គ្រង​ទន្លេ​បែប​ចម្រុះនា​នា ដើម្បី​ដោះ​ស្រាយ​រាល់​ហានិភ័យ​ពី​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​កើន​ឡើង។

លោក អាន ពេជ្រហត្ថដា នាយ​កប្រតិបត្តិ​នៃ​លេខា​ធិការ​ដ្ឋាន MRC មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​នេះ ​រំលេច​បន្ថែម​ពី​សារៈ​សំខាន់​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ផល​ប្រយោជន៍​ថ្នាក់​ជាតិ និង​តំបន់​ដែល​មាន​តុល្យភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​រក្សា​ការ​ពារ​ធនធាន​ទឹក និង​ធនធាន​ពាក់​ព័ន្ធ​នៃ​ទន្លេ​មេគង្គ»។

លោក​ គល់ វឌ្ឍនា អគ្គលេខាធិការ​រងនៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ថ្លែង​ក្នុង​នាម​លោក​ជា​មន្រ្តីទទួល​បន្ទុក​កិច្ចការ​ទន្លេ​មេគង្គ និង​ជា​អ្នក​បច្ចេក​ទេស​មួយ​រូប​ថា​របាយ​ការណ៍​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ជា​«សំឡេង​រួម​»របស់​ប្រទេស​ជា​សមាជិក​ដែល​មាន​៤​ប្រទេស។

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖ «យើង​សង្កត់​ទៅ​ឡាវ​មួយ​ក៏​អត់​កើត ដោយ​សារ​ទំនប់​ពិត​ប្រាកដ វា​មិន​មែន​តែ​ឡាវ ឃើញ​ទេ​វា​រួម​ចំណែក។ វា​មាន​ទំនប់​ពី​ចិន វា​មាន​ទំនប់​ពី​ឡាវ» ។

បើ​តាម​មន្រ្តី​រូប​នោះ ប្រទេស​ជា​សមាជិក​បាន​អនុវត្ត​នីតិវិធី​មួយ ហៅ​ថា​«ការ​សម្រប​សម្រួល​ទៅ​លើ​របៀប​របប​នៃ​ការ​ធ្វើ​ប្រតិបត្តិ​ការ»​របស់​បណ្តា​គម្រោង​ទំនប់​អគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ ក្នុង​គោល​ដៅ​កាត់​បន្ថយ​ផល​ប៉ះពាល់។ លោក​បន្ថែម​ថា ​ប្រទេស​ជា​សមាជិក​មិន​មាន​សិទ្ធិ​ទៅ​ហាម​ឃាត់​ប្រទេស​ណាមួយ​ដែល​ចង់​អភិវឌ្ឍទំនប់​លើ​ដង​ទន្លេ​មេគង្គ​បាន​ទេ ដូច​មាន​ចែង​ក្នុងច្បាប់​របស់​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​ ក្នុង​ឆ្នាំ​១៩៩៥។ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​ត្រូវ​គោរព​តាម​នីតិវិធី​នៃ​ការ​ជូន​ដំណឹង ការ​ពិគ្រោះ​យោបល់​ជាមុន និង​ការ​ព្រម​ព្រៀង។

រូបឯកសារ៖ ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​ នៅប្រទេសឡាវ។ (ស៊ុន ណារិន/វីអូអេ)

លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ (FACT) មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​លើ​គម្រោង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​លើ​អាង​ទន្លេ​មេគង្គ ដែល​ទាមទារ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ខ្ពស់​នៃ​ផល​ប៉ះពាល់។

លោក​ប្រាប់​វីអូអេ​ថា៖ «បី​ឆ្នាំ​កន្លង​មក​នេះ ២០១៩ ២០២០ ២០២១​នេះ យើង​ឃើញ​ថា​ឥទ្ធិ​ពល​នៃ​ផល​ប៉ះ​ពាល់​ហ្នឹង វា​កើត​មាន​បណ្តើរៗ​មែន ហើយ​ពិសេស​គឺ​លំហូរ​ទឹក​ពី​មេគង្គ​ចូល​ទៅ​បឹង​ទន្លេ​សាប​ហ្នឹង វា​មាន​ការ​ប្រែ​ប្រួល​ច្រើនដែល​នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​នេសាទ​របស់​បង​ប្អូន​អ្នក​នេសាទ​យើង​នៅតាម​បណ្តោយ​ដង​ទន្លេ​មេគង្គ ក៏​ដូ​ចជា​នៅ​បឹង​ទន្លេ​សាប​យើង​ដែរ»។

លោក​បន្ថែម​ថា​របាយការណ៍​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ស្រប​នឹង​ក្តី​ព្រួយ​បារម្ភ​របស់​លោក​ផង​ដែរ ដែល​បាន​លើក​ឡើង​តាំងពី​៥​ឆ្នាំ​ឬ​១០​ឆ្នាំ​មុន។ លោក​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​យក​របាយការណ៍​នេះ មកពិចារណា​ ហើយ​រក​វិធី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផល​នេសាទ​របស់​ប្រជាពលរដ្ឋ។

លោក អ៊ឹង ទ្រី អនុ​ប្រធាន​រដ្ឋបាលជលផល​នៃ​ក្រសួង​កសិកម្ម ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​បម្រែ​បម្រួល​អាកាស​ធាតុ ទាក់ទង​នឹង​កម្ពស់​ទឹក បាន​ប៉ះ​ពាល់​ដល់​ផល​នេសាទ ហើយ​វា​ជា​ហានិភ័យ​មួយ​សម្រាប់​សត្វ​ដែល​ជិត​ផុត​ពូជ។

លោក​ថ្លែង​ថា៖ «បើសិន​ណា​ជាមាន​ការ​ប្រែ​ប្រួលអាកាសធាតុនៅ​តំបន់​ខាង​លើ​ទន្លេ​មេគង្គ អញ្ចឹង​វា​ទាក់ទង​ទៅ​នឹង​ទំនប់ អញ្ចឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំងទៅ​នឹង​ធនធាន​ជល​ផល​របស់​យើង ជាពិសេស​គឺ​សត្វ​ដែល​ជិត​ផុត​ពូជ​និង​ផ្សោត»។

លោក​បន្ថែម​ថា៖ «ត្រី​ច្រើន​ឬ​តិច គឺ​ទាក់ទង​នឹង​កម្ពស់​ទឹក ហើយកម្ពស់​ទឹក​ប្រែ​ប្រួល​ដែល​មិន​អាច​គ្រប់​គ្រង​បាន»។

លោក អ៊ឹង ទ្រី បញ្ជាក់​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​ជលផល​នេះ ភាគី​ទាំង​អស់​ត្រូវ​សហការ​គ្នា ធ្វើ​យ៉ាង​ម៉េច​ជំរុញ​ឲ្យ​ប្រទេស​ឡាវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី និង​ធានា​ទុក​ច្រក​ឲ្យ​ត្រី​អាច​ហែល​ចេញ​មក​បាន។

កាល​ពី​កន្លង​ទៅ ភាគី​ឡាវ​បាន​ឲ្យ​ដឹង​ថា​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ឡាវ ក្រុមហ៊ុន​បាន​បង្កើត​ច្រក​សម្រាប់​ត្រី​អាច​ហែល​ចេញ​បាន។

គួរ​បញ្ជាក់​ថា​ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​ទឹក​ពី​ប្រទេស​ចិន ហូរ​កាត់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀត​ណាម​។ ទន្លេ​នេះ​បាន​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាង​៦០​លាន​នាក់ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ទឹក​មួយ​នេះ៕