សម្តេចសង្ឃDalai Lama សង្ឃដីកាថា ព្រះអង្គនឹងរៀបចំសន្និសីទមួយដើម្បីពិភាក្សាកិច្ចការសម្តេចសង្ឃ Dalai Lama បន្ទាប់នៅមុនដំណាច់ឆ្នាំនេះ។
ការអត្ថាធិប្បាយរបស់សម្តេចសង្ឃពុទ្ធសាសនាអង្គនេះ បានធ្វើឡើងនៅថ្ងៃ០៨ ខែមេសា ក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលទស្សនកិច្ចរបស់ព្រះអង្គនៅទីក្រុង Tawang ក្នុងរដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌា ដែលជាប់ព្រំដែនជាមួយចិន។ ទស្សនកិច្ចដែលមានរយៈពេលមួយសប្តាហ៍របស់ព្រះអង្គបានបង្កឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមានកំហឹង និងធ្វើឲ្យមានការអះអាងថាជាបណ្ដុំរដ្ឋដាច់ស្រយាលនៅភ្នំហិមាល័យ។
សំណួរដែលចោទឡើងថា តើអ្នកណានឹងឡើងស្នងតំណែងជំនួសមេដឹកនាំសាសនាដែលមានព្រះជន្ម៨១ វស្សាអង្គនេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងថាក្រុមមេដឹកនាំកុម្មុយនិស្តរបស់ខ្លួនមានសិទ្ធិក្នុងការជ្រើសតាំងសម្ដេចសង្ឃ Dalai Lama បន្ទាប់ ដោយសារតែវាជាកេរមរតកពីព្រះចៅអធិរាជរបស់ប្រទេសចិន។
ប៉ុន្តែសម្តេចសង្ឃ មានសង្ឃដីកាថាក្រុមមន្រ្តីប្រទេសចិនមិនមានតួនាទីក្នុងការកំណត់ទាយាទស្នងតំណែងរបស់ទ្រង់ឡើយ ដោយសារក្រុមមន្រ្តីទាំងនោះជាមនុស្សឥតសាសនាហើយមិនបានជឿផ្នត់គំនិតនៃសាសនាឡើយ។
ព្រះអង្គមានសង្ឃដីកាថា៖ «វាមិនសមហេតុផលទាល់តែសោះ។ ដើម្បីឲ្យរដ្ឋាភិបាលចិនមានសិទ្ធិទទួលខុសត្រូវលើកិច្ចការការចាប់កំណើតឡើងវិញ ជាពិសេសចំពោះបុគ្គលអាត្មា[ក្នុងឋានៈជាសម្តេចសង្ឃ Dalai Lama] ពួកកុម្មុនិស្តចិន គួរតែទទួលស្គាល់ទ្រឹស្ដីចាប់កំណើតឡើងវិញដំបូងគេបំផុត»។
មេដឹកនាំសាសនាទីបេបានបន្តថាគ្មានអ្នកណាម្នាក់ដឹងថាសម្តេចសង្ឃ Dalai Lama បន្ទាប់នឹងកើតនៅទីណាឬមកពីណានោះទេ។
«អាត្មាគិតថានៅពេលដែលអាត្មាសុគត នោះប្រហែលជានឹងមានសញ្ញាណខ្លះកើតមានឡើង ប៉ុន្តែនៅពេលនេះ មិនទាន់មានសញ្ញាណអ្វីឡើយ»។
ពុទ្ធសាសនិកទីបេជឿថាព្រលឹងរបស់ព្រឹទ្ធសម្តេចសង្ឃ Lama ឬ ព្រះសង្ឃពុទ្ធសាសនានឹងចាប់បដិសន្ធិឡើងវិញចូលក្នុងរាងកាយរបស់កុមារម្នាក់នៅពេលដែលលោកចូលទិវង្គត។
ការសម្រេចចុងក្រោយចំពោះជោគវាសនារបស់ស្ថាប័ន នឹងត្រូវអនុម័តនៅពេលដែលព្រះអង្គឈានចូលជាង៨០ឬ៩០ព្រះវស្សា។ សម្តេចសង្ឃ Dalai Lama មានសង្ឃដីកាថាព្រះអង្គចង់រៀបចំការប្រជុំសង្ឃជាន់ខ្ពស់ក្នុងឆ្នាំនេះដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបឋមអំពីទាយាទស្នងតំណែងរបស់ទ្រង់។ ព្រះអង្គថាការបន្តប្រពៃណី គឺពឹងផ្អែកលើប្រជាជន។
«បើសិនជាបុគ្គលដែលជាប់ពាក់ព័ន្ធនឹងស្ថាប័ននេះមានអារម្មណ៍ថាស្ថាប័ននេះសព្វថ្ងៃមិនមានអ្វីជាប់ពាក់ព័ន្ធនឹងរូបគាត់ទៀតទេ អ៊ីចឹងស្ថាប័ននេះនឹងរលាយ»។
លោកមិនបានរារាំងលទ្ធភាពដែលថាសម្តេចសង្ឃ Dalai Lama បន្ទាប់អាចជាស្រ្តីឡើយ។
ទស្សនកិច្ចរបស់សម្តេចសង្ឃទៅកាន់ទីក្រុង Tawang ជាប់ព្រំដែនដ៏រសើបនេះ និងជាទឹកដីរបស់វត្តព្រះពុទ្ធសាសនាដ៏ល្បីមួយ គឺមិនមែនជាលើកដំបូងនោះទេ។ ប៉ុន្តែការជំទាស់ប្រឆាំងរបស់ចិន គឺមានលក្ខណៈគ្រោតគ្រាតខ្លាំងជាងលើកនេះដោយរដ្ឋាភិបាលក្រុងប៉េកាំងបានចោទរដ្ឋាភិបាលក្រុងញូដែលីថាបានរៀបចំវេទិកាសម្រាប់ឲ្យមេដឹកនាំសាសនាទីបេ «ធ្វើសកម្មភាពប្រឆាំងនឹងចិននិងបំបែកបំបាក់» និងបង្កឲ្យមានបាតុកម្មផ្លូវការ។ ក្រុងប៉េកាំងបានព្រមានថាទស្សនកិច្ចនោះនឹងប៉ះពាល់ដល់ចំណងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា។
សម្តេចសង្ឃ Dalai Lama និងក្រុមមន្រ្តីប្រទេសឥណ្ឌាហៅការឈប់សំចតរបស់ទ្រង់នៅទីក្រុង Tawang មានលក្ខណៈសាសនា និងជំនឿសាសនាសុទ្ធសាធ។ សម្តេចសង្ឃទីបេ បានបន្តថាព្រះអង្គប្រាថ្នាចង់ឃើញមន្រ្តីចិនម្នាក់អាចរួមដំណើរជាមួយទ្រង់ដើម្បីស្វែងយល់ការពិត។
លោក Jayadeva Ranade ប្រធានមជ្ឈមណ្ឌលសម្រាប់ការវិភាគនិងយុទ្ធសាស្រ្តប្រទេសចិនក្នុងទីក្រុងញូដែលីជឿថាប្រតិកម្មដ៏ខ្លាំងរបស់ចិនកើតមានដោយសារតែ Tawang ជាទីកន្លែងកំណើតរបស់សម្តេចសង្ឃ Dalai Lama ទីប្រាំមួយ។ លោកបាននិយាយថា «ចិនហាក់ដូចជាភ្ជាប់ទីនោះទៅនឹងទីកន្លែងដែលអ្នកចាប់កំណើតបន្ទាប់នឹងត្រូវបានគេរកឃើញ។ នេះជាហេតុផលដែលពួកគេមានការបារម្ភ»។
សម្តេចសង្ឃ Dalai Lama បានបានរត់ភៀសព្រះកាយទៅទីបេក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីទ្រង់បរាជ័យក្នុងការបះបោរប្រឆាំងនឹងចិន ហើយបានរស់នៅក្នុងទីក្រុង Dharamsala ប្រទេសឥណ្ឌា។ ចិនបានថ្កោលទោសព្រះអង្គថាជាជនពូកែខាងបំបាក់បំបែកដ៏គ្រោះថ្នាក់។
សម្តេចសង្ឃ Dalai Lama បានថ្លែងសុន្ទរកថាផ្នែកសាសនាទៅកាន់អ្នកគោរពរាប់ម៉ឺននាក់ក្នុងទីក្រុង Tawang៕
ប្រែសម្រួលដោយ ទុំ ម្លិះ