សម្ដេច​​ដាឡាយ​ឡាម៉ា​​ទ្រង់​បដិសេធ​តួនាទី​ប្រមុខរដ្ឋនិមិត្ដរូប​នៃ​ដែន​ដី​ទីបេ​​​

សម្ដេច​ដាឡាយ​ ឡាម៉ាមេដឹកនាំ​សាសនា​ទីបេ​និរទេស​ខ្លួន​សំពះ​សាធារណជន​ ពេល​ព្រះអង្គ​និមន្ដ​ទៅ​ព្រះវិហារ St. Brigid នៅ​ទីក្រុង​គិលដារ​ (Kildare) ប្រទេស​អ៊ីរឡង់​ (Ireland) នៅ​ថ្ងៃ​ទី១៣​មេសា​ ឆ្នាំ​២០១១​

មេដឹកនាំ​សាសនា​ជា​និមិត្តរូប​ទីបេ​ សម្តេច​សង្ឃ​ដាឡាយ​ ឡាម៉ា (Dalai Lama​ ) បាន​បដិសេធ​តួនាទី​ជា​ប្រមុខ​រដ្ឋ​និមិត្តរូប​នៃ​រដ្ឋបាល​និរទេស​ខ្លួន​ទីបេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​ មេដឹកនាំ​ទីបេ​បាន​នឹង​កំពុង​ជម្រុញ​ឲ្យព្រះ​អង្គ​ទទួល​យក​តួនាទី​នេះ​នៅ​ក្នុង​រយៈ​ពីរ​ខែ​បន្ទាប់ពី​ព្រះអង្គ​បាន​បោះបង់​នូវ​តួនាទី​នយោបាយ​នានានិង​ពីរ​ខែ​មុន​ពេល​នាយក​រដ្ឋ​មន្រ្តី​ទីបេ​និរទេស​ខ្លួន​ថ្មី​កំណត់​នឹង​ធ្វើ​ពិធី​ចូល​កាន់​តំណែង។

នៅគ្រប់​កន្លែង​នៅ​ក្នុង​ពិភព​លោក​ សមាជិក​សភា​ទីបេ​និរទេស​ខ្លួន​ជា​ច្រើន​បាន​ទៅជួប​ជុំគ្នា​នៅ​ទីក្រុង​ ដារ៉ាំសាលា ​(Dharamsala) ​ប្រទេស​ឥណ្ឌា​ដើម្បី​សំដែង​ការ​អង្វរករ​ដល់​មេដឹកនាំសាសនា​របស់​ពួកគេ​ គឺ​ សម្តេច​សង្ឃ​ ដាឡាយ​ ឡាម៉ា។

នៅ​ក្នុង​កិច្ច​ប្រជុំ​ស្រដៀង​គ្នា​មួយ​នៅ​ក្នុង​ខែ​មិនា​ សម្តេចសង្ឃ​ ដាឡាយ​ ឡាម៉ា បាន​បញ្ជាក់​ថាព្រះអង្គនឹង​យាង​ចេញ​ពី​តួនាទី​នយោបាយ​ផ្លូវការ​ដែល​ព្រះអង្គ​បាន​បំពេញ​អស់​រយៈកាល​ជាង​កន្លះ​សតវត្សរ៍​មក​ហើយ​ដើម្បីទុក​តួនាទី​នេះ​ឲ្យ​មន្រ្តី​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិ​តេយ្យ។

អ្នក​តំណាង​រាស្រ្ត​ទីបេ​ជា​ច្រើន​និង​មេដឹកនាំ​ដទៃ​ទៀត​សង្ឃឹមថានឹង​អាច​បញ្ចុះបញ្ចូល​ព្រះអង្គ​ឲ្យ​នៅ​កាន់តំណែង​ជា​មេដឹកនាំ​សាសនា​ដដែល​ដូច​គ្នា​នឹង​ព្រះ​មហាក្សត្រី​យានី​អង់គ្លេស​ដែរ។

ប្រធាន​ក្រុម​និរទេស​ខ្លួន​ទីបេ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ លោកស្រី​ កាល់សាង​ ដុលកឺរ (Kalsang​ Dolker)​ និយាយ​ថា ​សម្តេច​ ដាឡាយ​ ឡាម៉ា​ បាន​បដិសេធ​យ៉ាង​ដាច់​ខាត។

«​ព្រះអង្គ​មាន​សង្ឃដិកា​ថា​ ព្រះអង្គ​នឹង​មិន​ធ្វើ​ជា​ប្រមុខ​រដ្ឋ​ទេ។ ​ហើយ​ព្រះ​អង្គ​មិន​ទទួល​យក​ការ​ស្នើ​សុំ​របស់​យើង​ទេ»។

វា​ពិបាក​នឹង​និយាយ​ពន្លើស​ពី​សារ:សំខាន់​របស់​សម្តេចសង្ឃ​ ដាឡាយ​ ឡាម៉ា ទៅលើ​សហគម​ទីបេ​និរទេស​ខ្លួន​នោះ។ ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ចិន​របស់​ព្រះអង្គ​នៅ​ឆ្នាំ​១៩៥៦​ទៅ​កាន់​ទីក្រុង​ដារ៉ាំ​សាលា​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ដើម​របស់​សហគម​ទីបេ​ដោយ​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ។

ក្នុង​រយៈ​កាល​ប៉ុន្មាន​ទស្សវត្សរ៍​ចាប់​តាំង​ពី​ពេល​នោះ​មកព្រះអង្គ​មិន​ត្រឹមតែ​បង្កើត​ចលនា​តស៊ូ​ដោយ​អហឹង្សា​សម្រាប់​អធិបតេយ្យភាពរបស់​ទីបេ​ប៉ុណ្ណោះ​ទេ​ លើស​ពី​នេះ​ព្រះអង្គ​ក៏​បាន​ដើរ​តួនាទី​ជា​ប្រមុខរដ្ឋនៃ​រដ្ឋាភិបាល​ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋ​ទីបេ​ជាង​១សែន​៣ម៉ឺន​នាក់​នៅ​ប្រទេស​ឥណ្ឌា​និង​ជុំ​វិញ​ពិភពលោក​ផង​ដែរ។

លោក ឡុបសាង សង់ហ្គេ ​(Lobsang Sangay) ជា​អ្នក​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ពី​សកល​វិទ្យាល័យហារវ៉ឺដ (Harvard​) ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើស​តាំង​ជា​នាយក​រដ្ឋមន្រ្តី​និរទេស​ខ្លួន​នៅ​ដើម​ឆ្នាំ​នេះប៉ុន្តែ​ មាន​មនុស្ស​មួយ​ចំនួន​ជឿជាក់​ថា​លោក​អាច​នឹង​ជំនួស​ប្រជាប្រិយ​ភាព​ជា​សាកលរបស់​សម្តេច​សង្ឃ ដាឡាយ​ ឡាម៉ាក្នុង​ពេល​ណា​មួយ​ឆាប់ៗ​នេះ។

លោក​តិនហ្ស៊ិង ឆុងដិន​ (Tenzing​ Chonden​) ជា​សមាជិក​សភា​ទីបេ​និរទេស​ខ្លួន​នៅ​អាមេរិក​ខាង​ជើង​ មាន​ប្រសាសន៍​ថា​សម្តេច​សង្ឃ​ ដាឡាយ​ ឡាម៉ា​បាន​ពន្យល់​ពី​ការ​បដិសេធ​មិន​ព្រម​ទទួល​យក​តួនាទី​ជា​ប្រមុខ​រដ្ឋ​ជា​និមិត្តរូប​នោះ​ដូច្នេះ​ថា​៖។

«​ព្រះអង្គ​គិត​ថា​ប្រជាពលរដ្ឋ​ទីបេ​ត្រូវ​ងើប​ឈរ​ឡើង​ដោយ​ខ្លួនឯងតាម​រយៈ​កាល​ការ​បោះឆ្នោត​ជ្រើស​រើសថ្នាក់​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​»។

លោក​តិនហ្ស៊ិង​មាន​ប្រសាសន៍​ផង​ដែរ​ថា​ទោះ​ជា​ប្រជាពលរដ្ឋ​ទីបេ​យល់​ពី​ភាព​សម​ហេតុ​ផល​របស់​មេដឹកនាំ​ដែល​ពួក​គេ​ហៅ​ថា​ «សម្តេច​សង្ឃ​» យ៉ាង​ណា​ក៏​ដោយ​ក៏​ពួកគេនៅ​តែ​មាន​ការ​ខក​ចិត្ត​ដែរ​។

«​មនុស្ស​គ្រប់​រូប​ក្រៀម​ក្រំ​ចិត្ត​ណាស់​។ ការ​គោរព​ស្រឡាញ់​យ៉ាង​ខ្លាំងក្លា​បំផុត​ទៅ​លើ​សម្តេច​សង្ឃ​ គឺ​ថា​ ព្រះអង្គ​មិនមែន​ត្រឹមតែ​ជា​មេដឹកនាំ​នយោបាយ​របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ព្រះអង្គ​គឺ​ជា​មេដឹកនាំ​សាសនា​របស់​យើង​ផង​ដែរ​»។

សម្តេចសង្ឃ​ដាឡាយ​ ឡាម៉ា បាន​បញ្ជាក់​ជា​យូរយា​មក​ហើយ​ពី​គោល​បំណង​ផ្ទេរ​អំណាច​នយោបាយរបស់​ព្រះអង្គ​ដើម្បី​ឲ្យ​មាន​ការ​ជ្រើស​តាំង​មន្រ្តី​តាម​រយៈ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។ មួយ​ផ្នែក​នោះ​គឺពាក់ពន្ធ័​នឹង​ការ​ពិត​ថាព្រះអង្គ​មាន​ព្រះ​ជន្មាយុ​៧៦​ វស្សា​ ហើយ​ ព្រះ​អង្គ​នឹង​មិន​អាច​រស់​នៅ​បាន​យូរ​ដូច​ដែល​អ្នក​គាំទ្រ​ព្រះអង្គ​ចង់​បាន​នោះ​ឡើយ​៕

ប្រែ​សម្រួល​ដោយ​ ហ៊ុយ សម្ផស្ស