សភាអាហ្វ្រិកខាងត្បូងបានជ្រើសរើសលោក Cyril Ramaphosa ជាផ្លូវការ ឲ្យធ្វើជាប្រធានាធិបតីនៃប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍។
លោក Ramaphosa ត្រូវបានជ្រើសរើសដោយគ្មានការបោះឆ្នោត ដោយសារតែលោកគឺជាបេក្ខជនតែមួយរូបគត់ដែលត្រូវបានតែងតាំងនៅក្នុងសភាក្នុងទីក្រុង Cape Town។ នេះបើយោងតាមលោក Mogoeng Mogoeng ដែលជាចៅក្រមជាន់ខ្ពស់បំផុតនៃតុលាការធម្មនុញ្ញអាហ្វ្រិកខាងត្បូង ដែលបានថ្លែងទៅកាន់តំណាងរាស្ត្រនៅក្នុងសភា។ បន្ទាប់ពីការប្រកាសរបស់លោកចៅក្រមជាន់ខ្ពស់ តំណាងរាស្ត្រគណបក្ស សមាជជាតិអាហ្វ្រិកដែលហៅកាត់ថា ANC បាននាំគ្នាច្រៀងនិងរាំដើម្បីអបអរសាទរ។
ការជ្រើសរើសលោក Ramaphosa ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោកប្រធានាធិបតី Jacob Zuma បានលាលែងពីតំណែងភ្លាមៗ ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្ស ANC ដែលជាគណបក្សកាន់អំណាច បានសម្រេចបណ្តេញលោកចេញពីតំណែងកាលពីដើមសប្តាហ៍នេះ ដោយសារតែរយៈពេល៩ឆ្នាំដែលលោក Zuma បានកាន់តំណែង មានការចោទប្រកាន់ជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយនិងការជាប់គាំងសេដ្ឋកិច្ចជាបន្តបន្ទាប់។
លោក Ramaphosa ប្រឈមនឹងឧបសគ្គជាច្រើន ដែលក្នុងចំណោមនោះក៏មានការស្តារសេដ្ឋកិច្ចក្នុងប្រទេសដែលជាប់គាំងផងដែរ៕