ដោយ Henry Ridgwell
មេដឹកនាំនយោបាយនៅក្នុងប្រទេស សាយព្រឺស (Cyprus) ហាក់ដូចជាបានបោះបង់ផែនការដកហូតពន្ធតែមួយលើកទៅលើប្រាក់បញ្ញើររបស់ធនាគារ ដើម្បីជាថ្នូរនឹងការសង្គ្រោះផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ប្រទេសនៃដែនកោះមេឌីទែរ៉ាណេនេះធ្លាប់ជាទីកន្លែងដ៏ទាក់ទាញជាយូរមកហើយ សម្រាប់វិនិយោគិនបរទេស ជាពិសេសជនជាតិរុស្ស៊ី។ ដូចដែល Henry Ridgwell រាយការណ៍ ប្រការនោះបណ្តាលឲ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅអឺរ៉ុប។
នៅក្នុងប្រទេស សាយព្រឺស ធនាគារទាំងឡាយប្រហែលជាបន្តបិទទ្វារនៅឡើយ ប៉ុន្តែការតម្រង់ជួរនៅតាមម៉ាស៊ីនបើកប្រាក់នៅតែបន្តកើនឡើងដដែល។ ជាមួយនឹងប្រជាពលរដ្ឋ សាយព្រឺស ដែលបានកំពុងដកយកប្រាក់សន្សំរបស់ពួកគេវិញនោះ ក៏មានជនជាតិបរទេសជាច្រើននាក់ផងដែរ។
ជាមួយនឹងអត្រាពន្ធក្រុមហ៊ុនចំនួន១០ភាគរយ ប្រទេស សាយព្រឺស ធ្លាប់បានទាក់ទាញវិនិយោគិនបរទេសជាច្រើន។ ប៉ុន្តែ លោក ខេត ភីឡាកទីស (Kate Phylaktis) ដែលជាសាស្ត្រាចារ្យហិរញ្ញវត្ថុអន្តរជាតិ នៃសាលាពាណិជ្ជកម្ម ខាស (Cass Business School) នៅក្នុងទីក្រុងឡុងដ៍ (London) និងជាអតីតអ្នកពិគ្រោះយោបល់ដល់រដ្ឋាភិបាល សាយព្រឺស ថ្លែងថា ប្រទេសកោះមេឌីទែរ៉ាណេមួយនេះក៏មានចំណុចទាក់ទាញផ្សេងទៀតដែរ។
«វាមិនមែនគ្រាន់តែដោយសារពន្ធប៉ុណ្ណោះនោះទេ។ យើងនិយាយភាសាអង់គ្លេស។ ខ្ញុំចង់និយាយថា ភាសាអង់គ្លេសត្រូវបាននិយាយយ៉ាងស្ទាត់ជំនាញនៅ សាយព្រឺស។ ប្រព័ន្ធច្បាប់របស់យើងគឺផ្អែកទៅលើប្រព័ន្ធច្បាប់របស់អង់គ្លេស ដូច្នេះស្ថាប័នរបស់យើងមានភាពល្អប្រសើរខ្លាំង ហើយត្រូវបានយល់ច្បាស់ដោយមនុស្សគ្រប់រូប ដូច្នេះនោះជាចំណុចទាក់ទាញយ៉ាងខ្លាំងចំពោះវិនិយោគិនបរទេស»។
ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ មូឌី បានប៉ាន់ស្មានថា មានទឹកប្រាក់ចំនួន៣១ពាន់លានដុល្លារជារបស់ជនជាតិរុស្ស៊ី នៅក្នុងគណនីធនាគារសាយព្រឺស។ លោក ភីឡាទីស (Phylaktis) ថ្លែងថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធិរវាងប្រទេសទាំងពីរ ចាប់ផ្តើមតាំងពីការបែកបាក់សហភាពសូវៀតមកម៉្លេះ។
«យើងមានទំនាក់ទំនងជាយូរយាណាស់មកហើយ និងមិត្តភាពយ៉ាងយូរអង្វែងជាមួយជនជាតិរុស្ស៊ី។ មានក្រុមគ្រួសារជាតិរុស្ស៊ីចំនួន២ម៉ឺនគ្រួសារ ដែលកំពុងរស់នៅក្នុងប្រទេស សាយព្រឺស។ ដូច្នេះ ជាការពិតណាស់ ជនជាតិរុស្ស៊ីទាំងនេះមានទ្រព្យសម្បត្តិ មានប្រាក់តម្កល់ក្នុងធនាគារ មានមុខជំនួញ ដែលអាចនាំប្រាក់ជាច្រើនចូលមកក្នុងប្រទេស សាយព្រឺស។ មិនមានអ្វីដែលគួរឱ្យសង្ស័យនោះទេ»។
កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រព័ន្ធឃោសនារបស់ អាល្លឺម៉ង់ បានបោះពុម្ពផ្សាយរបាយការណ៍ស៊ើបការសម្ងាត់ដែលលេចធ្លាយ ដែលបានចោទប្រកាន់ថា ប្រទេស សាយព្រឺស ត្រូវបានប្រើប្រាស់ដោយជនជាតិរុស្ស៊ីពុករលួយ ដើម្បីលាងលុយកខ្វក់។
លោក ខេត ភីឡាទីស (Kate Phylaktis) និយាយថា ភាពមន្ទិលសង្ស័យកំពុងជំរុញឲ្យសហភាពអឺរ៉ុប ទទូចសុំឲ្យមានវិធានការដ៏តឹងរ៉ឹង ដើម្បីជាថ្នូរនឹងការជួយសង្គ្រោះ។
«ជាមួយនឹងការបោះឆ្នោតនៅអាល្លឺម៉ង់ ដែលនឹងមកដល់នាពេលឆាប់ៗនេះ ខ្ញុំចង់និយាយថា ពួកគេមិនមានសេរីភាពច្រើនទេ ពួកគេត្រូវតែបញ្ចុះបញ្ចូលក្រុមអ្នកបង់ពន្ធនៅអាល្លឺម៉ង់ថា ពួកគេនឹងមិនផ្តល់មូលនិធិដល់ជនជាតិរុស្ស៊ី ដែលពុករលួយខុសច្បាប់ទាំងនោះទេ»។
ប៉ុន្តែ លោក ជេមស៍ គឺលីនសាយ (James Ker-Lindsay) ដែលជាអតីតអ្នកតាំងទីលំនៅជាតិ សាយព្រឺស និងជាអ្នកជំនាញស្តីអំពីអឺរ៉ុបភាគអាគ្នេយ៍ នៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ និយាយថា ការចោទប្រកាន់ ដែលសំដៅទៅលើប្រទេស សាយព្រឺស គឺជាការពន្លើស។
«វាមិនមានអ្វីដែលត្រូវសង្ស័យនោះទេ ដែលថាមានលុយកខ្វក់របស់រុស្ស៊ី ដែលបានឆ្លងកាត់ប្រទេស សាយព្រឺស។ ប៉ុន្តែយើងដឹងថា លុយកខ្វក់របស់រុស្ស៊ី បានឆ្លងកាត់កន្លែងជាច្រើន»។
ប្រទេសអង់គ្លេស ដែលមានមូលដ្ឋានយោធានៅក្នុងប្រទេសសាយព្រឺស បានបញ្ជូនយន្តហោះដែលមានដឹកប្រាក់រាប់លានអឺរ៉ូទៅកាន់កោះនេះ ក្នុងករណីបុគ្គលិកផ្តល់សេវាកម្មទាំងប្រុសទាំងស្រី មានបញ្ហាណាមួយជាមួយធនាគាររបស់ពួកគេ។ ក្រុមអ្នកវិភាគនិយាយថា វាជាវិធានការមួយ ស្តីអំពីថាតើដៃគូអឺរ៉ុបរបស់ប្រទេស សាយព្រឺស ចាត់ទុកវិបត្តិនេះប្រកបដោយភាពហ្មត់ចត់ដោយរបៀបណា៕
ប្រែសម្រួលដោយ លី សុខឃាង