ក្រុមតន្ត្រីគុយបាមួយក្រុម ដែលមានគ្នា៧នាក់ព្យាយាមនាំព័ត៌មានអំពីប្រទេសគុយបា និងវប្បធម៌របស់ប្រទេសនេះចូលមកអាមេរិក។
កាលពី៥០ឆ្នាំមុន ក្នុងសប្តាហ៍នេះ, លោក ដ្វៃត៍ អេសិនហូវ័រ (Dwight Eisenhower) ប្រធានាធិបតី សរអា បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសគុយបា, ក្រោយពីលោក ហ្វ៊ីដែល កាស្ត្រូ (Fidel Castro) បានធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ និងពាណិជ្ជកម្មដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋអាមេរិក។ លោកប្រធានាធិបតី ចន ខិនណឺឌី (John Kennedy) ដែលជាអ្នកបន្តតំណែងពីលោកប្រធានាធិបតីអេសិនហូវ័រ, បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើប្រទេសកោះនេះនៅឆ្នាំបន្ទាប់។ ចាប់តាំងពីពេលនោះមក, ជនជាតិអាមេរិកមានទំនាក់ទំនងដ៏តិចតួចជាមួយប្រទេសគុយបា ហើយអាមេរិកាំងភាគច្រើនដឹងតិចតួចអំពីប្រទេសនៃតំបន់ការាអ៊ីព និងវប្បធម៌របស់ប្រទេសនេះ។
ក្រុមតន្ត្រីនេះដាក់ឈ្មោះខ្លួនឯងថា សិបតេតូ ទីពីកូ ទីវ៉ូលី (Septeto Tipico Tivoli), តាមឈ្មោះសង្កាត់ ទីវ៉ូលី (Tivoli) នៅក្នុងទីក្រុងកំណើត សានទីយ៉ាហ្គោ ដឺ គុយបា (Santiago de Cuba) របស់ពួកគេ។ ទីក្រុងនេះទទួលឥទ្ធិពលខ្លាំងពីប្រទេសហៃទី (Haiti) ហើយក្រុមអ្នកភ្លេងឲ្យដឹងថា ទីក្រុងនេះជាកន្លែងមួយដែលសប្បាយនិងជាកន្លែងដែលមិត្តភក្តិជួបជុំគ្នា។
កាលពីបីបួនឆ្នាំមុន សមាជិកនៃក្រុមអ្នកចម្រៀងជាពួកស្ត្រី ហ្វ៊ែមីនីន ថូន (Feminine Tone) ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ វ័រម៉ន (Vermont) ធ្លាប់បានសម្តែងនៅមហោស្រពតន្ត្រីមួយនៅក្នុងប្រទេសគុយបា ហើយបានជួបនឹងក្រុមតន្ត្រីនេះ។ ម៉ារីសែល លូសឺរ៉ូ (Maricel Lucero) ដែលជាអ្នកបង្កើតក្រុមចម្រៀងជាពួក ធំដឹងក្តីនៅគុយបានិយាយថា ក្រុមទាំងពីរនេះបានក្លាយជាមិត្តភក្តិយ៉ាងឆាប់រហ័ស។ កាលពីនិទាឃរដូវមុន ក្រុមភ្លេងបានសរសេរអ៊ីម៉េល (email) ទៅនាងអំពីផែនការរបស់ពួកគេទៅសម្តែងមហោស្រពនៅប្រទេសកាណាដា....ហើយលូសឺរ៉ូនិយាយថា ដោយគ្រាន់តែពួកគេឆ្លងព្រំដែនភ្លាមនោះ ទំនងដូចជាមានឱកាសល្អសម្រាប់នាំពួកគេទៅរដ្ឋ វ័រម៉ន។ គាត់បន្តថា៖
«ខ្ញុំបានគិតថា វាពិតជារង្វាន់ដ៏អស្ចារ្យសម្រាប់ក្មេងៗរបស់យើងនៅក្នុងសាលារៀន ដើម្បីឲ្យមានទំនាក់ទំនងជាមួយនឹងក្រុមអ្នកភ្លេងទាំងនេះ ពីព្រោះថា តើមានកន្លែងណាផ្សេងទៀតទេ ដែលក្មេងៗនឹងបានស្តាប់តន្ត្រីគុយបា នៅក្នុងរដ្ឋ វ័រម៉នត៍ ឬរដ្ឋ ញូវ ហាមផស្សៀរ (New Hampshire) ឬក៏ ញូវ អ៊ីងឡិនដ៍ (New England)។»
លូសឺរ៉ូ និងស្ត្រីជាច្រើននៅក្នុងក្រុមអ្នកចម្រៀងជាពួករបស់នាង ជាគ្រូបង្រៀន។ ដូច្នេះដើម្បីជួយផ្តល់ថវិកាសម្រាប់ការធ្វើដំណើររបស់ក្រុមភ្លេងនោះ ពួកគេបានសួរសាលារៀនថាតើសាលាស្ម័គ្រចិត្តចេញប្រាក់ឲ្យក្រុមភ្លេងដើម្បីទៅសម្តែង និងបង្ហាត់ដល់ថ្នាក់រៀនសំខាន់ៗដែរឬទេ។ សាលារៀនបានយល់ព្រម ហើយកាលវិភាគរបស់ក្រុមភ្លេងរវល់មិនទំនេរ។ ចាប់តាំងពីខែតុលា ក្រុមតន្ត្រីទៅសម្តែងនៅសាលារៀនរាប់សិបសាលាក្នុង ញូវ អ៊ីងឡិនដ៍ រួមមានទាំងវិទ្យាល័យ រូតលែនដ៍ (Rutland Senior High) កន្លែងដែលអ្នកស្រី ផាទ្រីស្យា អាឡូរីស្យា ស្សាហ្វត៍ (Patricia Alonza-Shaft) បង្រៀនភាសាអេស្ប៉ាញផងដែរ។ គាត់ថ្លែងថា៖
«ខ្ញុំពិតជាបានគិតថា វាជាឱកាសដ៏ធំមួយ ខ្ញុំពិតជាមានអារម្មណ៍ថា វានាំភាសា វប្បធម៌ តន្ត្រីនៃតំបន់ត្រូពិកទៅដល់វិទ្យាល័យ រូតលែនដ៍។ វាជាអ្វីដែលមិនធ្លាប់បានធ្វើពីមុន ហើយខ្ញុំបានគិតថា សិស្ស នៅវិទ្យាល័យរូតលែនដ៍ ប្រាកដជាបានចំណេញច្រើនពីការស្តាប់សំឡេងភ្លេងទាំងនេះ»។
នៅក្នុងវិទ្យាល័យ រូតលែនដ៍ ក្រុមតន្ត្រីបាននិយាយជាច្រើនអំពីឬសគល់នៃសំឡេងភ្លេង និងមរតកវប្បធម៌របស់ពួកគេ។ ពួកគេបានរៀបរាប់អំពីឧបករណ៍តន្ត្រី និងចង្វាក់ភ្លេងផ្សេងៗរបស់គេភាគច្រើនជាភាសាអេស្ប៉ាញ។
នីណា សាលវ៉ាទ័រ Nina Salvatore សមាជិកនៃក្រុមអ្នកចម្រៀងជាពួកហ្វ៊ែមីនីន ថូន ដែលបង្រៀនសិល្បៈនៅវិទ្យាល័យ វូដស្តក់ យូញាន (Woodstock Union High School) និយាយថាក្រុមតន្ត្រីបានចំណាយពេលបីថ្ងៃធ្វើការជាមួយសិស្សរបស់ខ្លួន។ គាត់និយាយថា៖
«នៅពេលពួកតន្ត្រីករមកដល់ វិទ្យាល័យវូដស្តុក យើងបានរៀបចំពិធីបើកសម្តែងមួយនៅក្នុងអគារហាត់ប្រាណ។ នៅពេលពិធីសម្តែងចប់ ក្មេងៗស្ទើរគ្រប់គ្នា ចេញពីកន្លែងអង្គុយ នាំគ្នាទៅរាំជុំវិញ លើក្តារជាន់ក្រោម ហើយនៅតែមានក្មេងៗនៅសាលាសួរអំពីពួកគេ ហើយថាតើពួកតន្ត្រីនឹងត្រឡប់មកម្តងទៀតទេ។ សាលវ៉ាទ័រ និងសមាជិកផ្សេងៗទៀតនៃក្រុមអ្នកចម្រៀងជាពួកបានទទួលក្រុមភ្លេងជាភ្ញៀវនៅក្នុងផ្ទះរបស់ពួកគេ ហើយនាង សាលវ៉ាទ័រ និយាយថា អ្នកទាំងអស់គេរាប់អានគ្នាដូចជាគ្រួសារ។ ដូចដែលក្រុមតន្ត្រីបានបង្រៀនមនុស្សក្នុងតំបន់ញូវ អ៊ីងឡិនដ៍ ច្រើនអំពីប្រទេសគុយបានោះ នាងនិយាយថា ក្រុមតន្ត្រីករបានទទួលការសរសើរស្មើៗគ្នាតាមរយៈអ្វីដែលពួកគេបានឃើញ និងធ្វើទាំងអស់នៅទីនេះ។
ម៉ារីសែល លូសឺរ៉ូ ដែលមានដើមកំណើតគុយបានិយាយថា ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកមានលទ្ធផលហួសពីការរំពឹងទុកជាមុននៃមនុស្សរាល់គ្នា។ លូសឺរ៉ូ បន្តថា៖
«គ្រាន់តែឃើញក្មេងៗរំភើបនឹងក្រុមភ្លេង និងឃើញជនជាតិអាមេរិកមកពេញបន្ទប់កាលពីចុងសប្តាហ៍មុនដែលនៅទីនោះមានមនុស្សជាង២០០នាក់ ហើយនៅសុខៗតន្ត្រីគុយបាក្លាយជាការទាក់ទាញមួយរំពេច។ សម្រាប់ខ្ញុំ វាមានតម្លៃគ្រប់បែបយ៉ាងក្នុងការធ្វើឲ្យគេដឹងឮអំពីតន្ត្រីជាទីចូលចិត្តនេះ និងដើម្បីចែករំលែកកេរ្តិ៍មរតករបស់ខ្ញុំ»។
លូសឺរ៉ូ និយាយថា ការពិបាកជាងគេ គឺការលាក្រុមតន្ត្រីនៅពេលដែលពួកគេត្រឡប់ទៅប្រទេសគេវិញ នៅដំណាច់ខែមករានេះ៕
ប្រែសម្រួលដោយ នុច សារីតា