ប្រទេស​គុយបា​ប្រារព្ធ​ខួប​មរណភាព​មួយ​ឆ្នាំ​របស់​លោក​ប្រធានាធិបតី Fidel Castro

មនុស្ស​ម្នា​កាន់​រូប​របស់​លោក​អតីត​ប្រធានាធិបតី​គុយបា Fidel Castro ក្នុង​ការ​ដើរ​ក្បួន​មួយ​ដើម្បី​ប្រារព្ធ​ខួប​មរណភាព​១ឆ្នាំ​ ចាប់​តាំង​ពី​ពេល​លោក​ត្រូវ​បាន​គេ​បញ្ចុះ​រួច​មក​ នៅ​ក្នុង​ក្រុង Santiago ប្រទេស​គុយបា កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ប្រទេស​គុយបា​បាន​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក Fidel Castro ដែល​ជា​មេដឹកនាំ​កុម្មុយនិស្ត ហើយ​នៅ​ថ្ងៃ​បន្ទាប់ ប្រទេស​គុយបា​បាន​រៀបចំ​ការ​បោះឆ្នោតនៅ​ក្នុង​ថ្នាក់​មូល​ដ្ឋាន​ ដែល​នាំ​​ឲ្យមាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រមុខ​រដ្ឋ​ថ្មី​នៅ​ដើម​ឆ្នាំ​ក្រោយ។ នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​៦០ឆ្នាំ​ដែល​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​មិន​មែន​ជា​បងប្អូន​ប្រុស​ត្រកូល Castro។ ប្រទេស​ជា​កោះ​មួយ​នេះ​បាន​​ធ្វើការ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក Castro រហូត​ដល់​ថ្ងៃទី៤ ខែធ្នូ ដែល​ជា​ថ្ងៃ​ដែល​សព​លោក Castro ត្រូវ​បាន​បញ្ចុះ​នៅ​កន្លែង​បញ្ចុះ​សពមួយ​​ ក្នុង​ក្រុង Santiago de Cuba ទី​ដែល​លោក​បាន​ចាប់​ផ្តើម​ធ្វើ​​បដិវត្តន៍​គុយបា។

មរណភាព​របស់​លោក Fidel Castro កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវ​បាន​គេ​កាន់​ទុក្ខ​នៅ​ទូទាំង​ប្រទេស​រយៈពេល​៩ថ្ងៃ ហើយ​ជីវភាពប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​គុយបា​នៅ​លើ​កោះ​នេះ​ត្រូវ​ផ្អាក ដោយសារ​តែ​ពួកគេ​ប្រារព្ធ​រំឭក​ដល់វិញ្ញាណក្ខន្ធ​លោក Castro។

ខួប​មរណភាព​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ពិធី​លាង​សាយភោជន៍​ និង​ការ​ដុតទៀន​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក Castro ​ផង​ដែរ។

នៅ​មុន​ពេល​ទទួល​មរណភាព​ក្នុង​វ័យ​៩០ឆ្នាំ លោក Castro​ ដែល​បាន​ដឹកនាំ​ប្រទេស​គុយបា​អស់​រយៈពេល​ជិត​៥០ឆ្នាំ​ មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ដោយ​សារ​តែ​បញ្ហា​សុខភាព​របស់​លោក។ លោក​បាន​ផ្ទេរ​តំណែង​ប្រធានាធិបតី​ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​លោក​ដែល​មាន​ឈ្មោះ​ថា Raul Castro នៅ​ក្នុង​ឆ្នាំ២០០៨។

ទោះ​ជា​យ៉ាង​ណា​ លោក​នៅ​តែ​រក្សា​តួនាទី​នៅ​ក្នុង​ជីវិត​សាធារណៈ​របស់​លោក ហើយ​ម្តងម្កាល​ លោក​បាន​ទទួល​ស្វាគម​បេសកជន​បរទេស។ លោក Phil Peters ដែល​ជា​អ្នក​ជំនាញ​សិក្សា​អំពី​ប្រទេស​គុយបា​បាន​និយាយ​ថា ​ការ​បន្ត​មាន​វត្តមាន​នៅ​លើ​ឆាក​អន្តរជាតិរបស់​លោក​ ធ្វើ​ឲ្យ​លោក​ប្លែក​ខុស​ពី​គេ។

លោក​ Phil Peters នៃ​វិទ្យាស្ថាន Lexington បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា គ្រប់​គ្នា​ទទួល​ស្គាល់​ថា លោក​ជា​វីរជន​ប្រវត្តិសាស្ត្រ​មួយ​រូប ដែល​បាន​ទទួល​ជោគជ័យ​ដ៏​ធំ​ធេង​ផ្នែក​យោធា​នៅ​ក្នុង​បដិវត្តន៍​គុយបា​ហើយ​បាន​ដឹក​នាំ​ប្រទេស​ឆ្លង​កាត់​កាលៈទេសៈ​លំបាកៗ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​បាន​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ប្រទេស​គុយបា ដែល​នេះ​សំខាន់​ជាង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​សំខាន់​ជាងសក្តានុពល​សេដ្ឋកិច្ច​របស់​គុយបា​ទៅ​ទៀត»។

លោក Castro បាន​ធ្វើ​ឲ្យ​ប្រទេស​គុយបា​ក្លាយ​ជា​ប្រទេស​កុម្មុយនិស្ត​ដំបូង​គេ​នៅ​ក្នុង​អឌ្ឍគោល​ខាង​លិច បន្ទាប់​ពី​លោក​បាន​ដឹកនាំ​បដិវត្តន៍​គុយបា ដោយ​ផ្តួល​រំលំ​ជន​ផ្តាច់​ការ​ Fulgencio Batista នៅ​ក្នុង​ឆ្នាំ១៩៥៩។ ដំបូង​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ហើយ​បន្ទាប់មក​ជា​ប្រធានាធិបតី។ លោក Castro បាន​គ្រប់គ្រង​ប្រទេស​គុយបា​ដោយ​ប្រើ​កណ្តាប់​ដៃ​ដែក​របស់​លោក។

លោក Frank Calzon ដែល​ជា​នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល ​Center for a Free Cubaបាន​និយាយ​ថា៖ «លោក​ជា​មេដឹកនាំ​ម្នាក់​ដែល​ធ្វើ​ការ​សន្យា​យ៉ាង​ច្រើន​ចំពោះ​ពលរដ្ឋ​គុយបា។ ពលរដ្ឋ​គុយបា​នឹង​មាន​សេរីភាព។ ពួកគេ​នឹង​មាន​រដ្ឋាភិបាល​ដ៏​ស្មោះត្រង់​មួយ។ ពួកគេ​នឹង​មាន​រដ្ឋធម្មនុញ្ញ​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​លោក​បាន​ផ្តល់​ឲ្យ​ពួកគេ​ គឺ​ការ​ដឹកនាំ​បែប​ស្តាលីន»។​

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្វាគមន៍​លោក Castro នៅ​ថ្ងៃ​ដែល​លោក​ចូល​ដល់​ក្រុង ឡាហាវ៉ាន ក្នុង​ឆ្នាំ១៩៥៩ ប៉ុន្តែ​ក្រោយ​មក​ មនុស្ស​រាប់​ពាន់​នាក់​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​មានការ​គាបសង្កត់​ពី​ប៉ូលិស​មួយ​នេះ ដោយ​បន្សល់​ទុក​នូវ​ក្រុម​គ្រួសារ​និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​នៅ​ទី​នោះ។ មនុស្ស​ជាច្រើន​បាន​បាត់បង់​ជីវិត​ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ឆ្លង​ចូល​ទៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Castro ប្រទេស​គុយបា​បាន​ក្លាយ​ទៅ​ជា​រដ្ឋ​កុម្មុយនិស្ត​ដែល​មាន​គណបក្សតែ​មួយ ហើយ​វិស័យ​ឧស្សាហកម្ម​និង​ជំនួញត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ។ កំណែ​ទម្រង់​បែប​សង្គម​និយម​ក៏​ត្រូវ​បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។ លោក Castro​ ត្រូវ​បាន​គេ​រិះគន់​លើ​រឿង​គាបសង្កត់​សិទ្ធិ​មនុស្ស។ ពលរដ្ឋ​គុយបា​ស្ទើរ​តែ​គ្មាន​សិទ្ធិ​មូលដ្ឋាន​និង​សេរីភាព​នយោបាយ​ទាល់​តែ​សោះ ដែល​រួម​ទាំង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​ការ​ប្រមូល​ផ្តុំ និង​ការ​បង្កើត​សមាគម។

លោក Calzon បាន​និយាយ​ថា៖

«ទោះ​មាន​រឿង​ល្អៗ​ដែល​លោក​បាន​ធ្វើ​ក៏​ដោយ ក៏​ទុក្ខ​វេទនា​និង​ទារុណកម្ម​ដែល​ពលរដ្ឋ​គុយបា​បាន​ជួបប្រទះ​ក្នុង​ជីវិត មាន​ច្រើន​លើស​លុប​ហួសពី​ចំណុច​វិជ្ជមាន​របស់​លោក​ទៅ​ទៀត»។​

សូម្បី​តែ​ការ​ស្តារ​ទំនាក់ទំនង​ការ​ទូត​ឡើង​វិញ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែល​ចាប់​ផ្តើម​កាល​ពី​ខែ​ ធ្នូ ឆ្នាំ ២០១៤ និង​សម្រេច​ចុង​ក្រោយ​នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥​ក៏ដោយ​ ក៏​មិន​បាន​កាត់​បន្ថយ​ការ​រឹតត្បិតលើ​សេរីភាព​ទាំង​នោះ​ទេ។

ទំនាក់ទំនង​ប្រទេស​គុយបា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​ស្ថានភាពកាន់​តែ​អាក្រក់​ជាង​មុន នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​បន្ត​ធ្លាក់​ចុះ ខណៈ​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​មួយ​ ក៏​ធ្លាក់​ចុះ​ដូច​គ្នា៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ