មេដឹកនាំអង្គការសង្គមស៊ីវិលនិងសហជីពជាង ៧០ ភាយរយ នៅក្នុុងប្រទេសកម្ពុជាយល់ថា ការចែកចាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម មិនមានសុវត្ថិភាពនោះទេ។ នេះបើយោងតាមរបាយការណ៍សិក្សាមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃសុក្រ ទី ៨ ខែ ឧសភានេះ។
ការសិក្សារបស់អង្គការក្រៅរដ្ឋាភិបាលនេះបានពិនិត្យមើលទៅលើសេរីភាពបញ្ចេញមតិតាមអ៊ីនធើណិតនៅកម្ពុជា ចន្លោះពីខែមេសា ឆ្នាំ ២០១៨ ដល់ខែមីនា ឆ្នាំ ២០១៩។
របាយការណ៍នេះបានបង្ហាញថា បទចោទដែលត្រូវបានប្រើប្រាស់ដើម្បីដាក់កំហិតការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណិត រួមមានបទប្រមាថចំពោះអង្គព្រះមហាក្សត្រ បទបរិហារកេរ្តិ៍ និងបទញុះញង់។
រដ្ឋធម្មនុញ្ញកម្ពុជាធានាសេរីភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងការបញ្ចេញមតិរបស់ខ្លួន។
មាត្រា ១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក៏ចែងដែរថា ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយ រួមទាំងសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង មិនថា តាមរូបភាពផ្ទាល់មាត់ បោះពុម្ព ឬតាមទម្រង់សិល្បៈដទៃទៀតក្តី។
ការសិក្សារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏រកឃើញដែរថា សាធារណជន ៤៨% យល់ថា ការបញ្ចេញមតិតាមបណ្តាញផ្សព្វផ្សាយសង្គមនៅកម្ពុជា «មានសេរីភាពតិចតួច» ឬ «មិនមានសេរីភាពទាល់តែសោះ»តែម្តង៕