ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា បង្ហាញពីការព្រួយបារម្ភពីប្រសិទ្ធភាពនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goals ឬSDGs) ដោយសារព័ត៌មាននៃSDGs នេះមិនត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយ ដែលបង្កជាផលវិបាកក្នុងការចូលរួមពីភាគីពាក់ព័ន្ធ។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)គឺជាគោលដៅអភិវឌ្ឍរយៈពេល១៥ឆ្នាំរបស់សាកលលោក ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសនៅជុំវិញពិភពលោកអនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៥ នៅឯអង្គការសហប្រជាជាតិ។
SDGs គឺជាគម្រោងបន្តពីគោលដៅអភិវឌ្ឍសហស្សវត្សរ៍ (The Millennium Development Goals ឬMDGs) សម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០។
SDGs បានបង្កើតនូវរបៀបវារៈពិភពលោកមួយក្នុងគោលដៅបញ្ចប់ភាពក្រីក្រនិងសម្រេចឲ្យបាននូវភាពថ្លៃថ្នូរនិងស្មើភាពសម្រាប់ទាំងអស់គ្នានៅក្នុងពិភពលោកដែលប្រកបទៅដោយសន្តិភាពនិងការគ្រប់គ្រងដោយចីរភាព។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អង្គការចំនួន៦ បានរៀបចំកិច្ចពិភាក្សាថ្នាក់ជាតិលើប្រធានបទ«មិនមាននរណាម្នាក់ត្រូវគេបំភ្លេចចោលដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) » ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលនិងក្រុមជនងាយរងគ្រោះមានដូចជានារីធ្វើការក្នុងសេវាកម្សាន្ត អ្នកស្រឡាញ់ភេទដូចគ្នា ជនពិការ ជនជាតិដើមភាគតិចនិងអ្នកងាយរងគ្រោះដោយសារគ្រឿងញៀន ដែលសរុបជិត១០០នាក់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនកិច្ចពិភាក្សានេះ លោក ស្រី វណ្ណថុន នាយកប្រចាំប្រទេសរបស់អង្គការអេឌីឌីអន្តរជាតិ (ADD International)នៅកម្ពុជាដែលធ្វើការលើកកម្ពស់សិទ្ធិជនពិការបានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋាភិបាលបាននិងកំពុងរៀបចំសូចនាករតម្រូវទៅតាមស្ថានភាពនៃបរិបទកម្ពុជា។
ទោះយ៉ាងណា លោកថា ព័ត៌មានអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)នៅកម្ពុជា នៅមិនទាន់ត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយទេ ដោយសូម្បីអង្គការសង្គមស៊ីវិលខ្លួនឯង ក៏នៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ពីរដ្ឋាភិបាលពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឬ(CSDGs)នោះទេ។
លោក ស្រី វណ្ណថុន បន្តថា ការសិក្សានិងការសង្កេតរបស់របស់អង្គការ ADD International និងអង្គការពាក់ព័ន្ធមួយចំនួនទៀត បានរកឃើញថា ចំនួនពលរដ្ឋកម្ពុជា ពិសេសអ្នកងាយរងគ្រោះបំផុតដែលអង្គការនេះបានសាកសួរ មានតិចតួចបំផុតគឺប្រមាណ៨ភាគរយប៉ុណ្ណោះ ដែលបានយល់ដឹងពីSDGsនេះ។
លោកថា ការខ្វះព័ត៌មាននិងការយល់ដឹងពីបញ្ហានេះ នឹងនាំឱ្យបាត់ការចូលរួម ហើយការអនុវត្តនឹងពុំបានគ្រប់ជ្រុងជ្រោយ។
«សូម្បីតែមន្ត្រីនៅតាមបណ្ដាក្រសួងផ្សេងៗដែលអង្គការ ADD International បានធ្វើការជាមួយនោះ ក៏គាត់បង្ហាញកម្រិតនៃការយល់ដឹងដែរ ហើយគាត់ទាមទារឱ្យមានការផ្សព្វផ្សាយឬក៏បណ្ដុះបណ្ដាលគាត់ឱ្យយល់ដឹងបានច្រើន ដើម្បីឱ្យគាត់អាចធ្វើការជាមួយក្រុមការងារ ដើម្បីបញ្ចូលនូវបញ្ហាដែលវិស័យរបស់គាត់ទទួលខុសត្រូវនៅក្នុងការបង្កើតសូចនាករ»។
លោក ស្រី វណ្ណថុន បន្ថែមទៀតថា ការសិក្សាក៏បានរកឃើញផងដែរថា ទិន្នន័យនៃអ្នកងាយរងគ្រោះនីមួយៗដូចជាក្រុមនារីបម្រើក្នុងសេវាកម្សាន្តនិងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក៏នៅពុំទាន់មានច្បាស់លាស់នៅឡើយទេ ដែលវាជាការលំបាកមួយទៀតសម្រាប់ការអនុវត្ត។
លើសពីនេះ លោកបន្ថែមថា ការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ ក៏នៅមានតិចតួចផងដែរ។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលប្រទេសនៅលើពិភពលោក បានអនុម័តមាន១៧ដែលរួមមានការលុបបំបាត់ភាពក្រីក្រ លុបបំបាត់ការអត់ឃ្លាន លើកកម្ពស់គុណភាពអប់រំនិងបញ្ហាសុខភាព ព្រមទាំងចំណុចផ្សេងៗទៀត។
គោលដៅអភិវឌ្ឍនេះ បានកំណត់យកការប្ដេជ្ញាចិត្តមួយគឺ «មិនមាននរណាម្នាក់ត្រូវបានគេបំភ្លេចចោល» ដែលមានន័យថាមនុស្សដែលទទួលរងនូវភាពងាយរងគ្រោះធ្ងន់ធ្ងរនិងការរើសអើង គួរតែទទួលបាននូវអាទិភាពនៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ Khana បានមានប្រសាសន៍ថា គោលនយោបាយនិងបទបញ្ញត្តិមួយចំនួនជាឧបសគ្គសម្រាប់ក្រុមអ្នកងាយរងគ្រោះដូចជាស្ត្រីក្នុងសេវាកម្សាន្តនិងអ្នកប្រើប្រាស់គ្រឿងញៀន មិនអាចចូលរួមនៅក្នុងគោលដៅរបស់SGDsបាន ដែលនាំឱ្យការអភិវឌ្ឍមិនគ្រប់ជ្រុងជ្រោយ។
«ក្រុមមួយទៀតគឺក្រុមអ្នកប្រើប្រាស់ឬក៏ដែលស្ថិតនៅក្នុងស្ថានភាពជាជនរងគ្រោះដោយសារគ្រឿងញៀន។ ក្រុមនេះក៏ជាក្រុមមួយដែលមួយថ្ងៃៗ តែងតែព្យាយាមរត់គេចខ្លួន ព្រោះគាត់កំពុងតែប្រឈមជាមួយនឹងយុទ្ធនាការថ្មីៗបន្ថែមទៀតរបស់រដ្ឋាភិបាល។ អ៊ីចឹងយើងឃើញថា គោលនយោបាយខ្លះ បទបញ្ញត្តិខ្លះ វិធានការខ្លះបានទប់ស្កាត់ប្រជាពលរដ្ឋខ្លួនឯងហ្នឹង គឺអត់ឱ្យមានលទ្ធភាពក្នុងការចូលរួមពេញលេញក្នុងការអភិវឌ្ឍទេ»។
លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យក្រសួងផែនការដែលជាក្រសួងទទួលបន្ទុករៀបចំគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា ប្រាប់VOA នៅថ្ងៃព្រហស្បតិ៍ថា ការណ៍ដែលក្រសួងមិនទាន់មានទិន្នន័យច្បាស់លាស់អំពីក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព័ត៌មាននៃSDGs គឺដោយសារតែក្រសួងពុំទាន់បានបញ្ចប់ការធ្វើផែនការSDGsសម្រាប់កម្ពុជានៅឡើយទេ។
«បាទៗកំពុងរៀបចំហើយ។ មានចំណុចខ្លះដែលទាក់ទងជាមួយSDGs វាទាក់ទងនឹងបញ្ហា localize (ធ្វើឱ្យសមស្របនឹងស្ថានភាពក្នុងស្រុក) ហ្នឹងវាអត់ទាន់ដាច់ស្រេចនៅឡើយទេ។ ហើយព្រោះបណ្ដាប្រទេសមួយចំនួនហ្នឹង ក៏មិនទាន់ច្បាស់លាស់ដូចគ្នា។ ហើយដល់អញ្ចឹងខាងរដ្ឋាភិបាលយើង ជាពិសេសក្រសួងផែនការកំពុងពិភាក្សារឿងហ្នឹងណាបង។ អញ្ចឹងមូលហេតុដែលអត់ទាន់បានពិតប្រាកដហ្នឹងគឺអ៊ីចឹង»។
បើតាមលោក ណុប កនណាវុឌ្ឍ ក្រសួងរំពឹងថានឹងបញ្ចប់ការរៀបចំគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជានៅក្នុងឆ្នាំ២០១៧ខាងមុខ ហើយក្រសួងនឹងធ្វើការផ្សព្វផ្សាយជាសាធារណ។
យោងតាមក្រុមអង្គការសង្គមស៊ីវិល SDGs សម្រាប់ប្រទេសកម្ពុជាមាន១៨ចំណុច ដោយសារកម្ពុជាត្រូវថែមបញ្ហាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំណុចទៀត។
ក្រុមអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយព័ត៌មានពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យមានការចូលរួមការអនុវត្តប្រកបដោយប្រសិទ្ធភាព៕