ប្រទេសកេនយ៉ា រងការរិះគន់ពីសំណាក់អន្តរជាតិកាន់តែខ្លាំង នៅពេលដែលមន្ត្រីជាន់ខ្ពស់មួយក្រុមរបស់ប្រទេសនេះធ្វើដំណើរមកអង្គការសហប្រជាជាតិ ដើម្បីស្វះស្វែងឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិលើកពេលការស៊ើបអង្កេតអំពើហិង្សាក្រោយការបោះឆ្នោតរវាងឆ្នាំ២០០៧ និងឆ្នាំ២០០៨។
នៅថ្ងៃច័ន្ទ រដ្ឋាភិបាលកេនយ៉ាបានចាប់ផ្តើមការគាបសង្កត់ផ្នែកការទូតមួយទៀត ក្នុងគោលបំណងលើកពេលដំណើរការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយសារតែខ្លាចអំពើហិង្សា។ មន្រី្តកេនយ៉ាចំនួន៦នាក់ រួមមានអ្នកនយោបាយលេចធ្លោ២នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ដោយរដ្ឋអាជ្ញា ល្វីស៍ ម៉ូរ៉េណូ អូខាមប៉ូ (Luis Moreno-Ocampo) ពីបទផ្តល់មូលនិធិ និងធ្វើផែនការបង្កចលាចលដែលនាំឲ្យមនុស្ស១.៣០០នាក់ស្លាប់ ក្រោយការបោះឆ្នោតប្រនាធិបតីដ៏មានជម្លោះ។
ឥឡូវនេះ លោក កាឡូនហ្សូ មុស៊ីយ៉ូកា (Kalonzo Musyoka) អនុប្រធានាធិបតីកេនយ៉ាកំពុងដឹកនាំសមាជិកសភា និងរដ្ឋមន្ត្រីកិនយ៉ាមួយក្រុម មានគ្នា៧នាក់ដែលនឹងបញ្ចុះបញ្ចូលឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប.លើកពេលកាត់ទោសមួយឆ្នាំ។
កាលពីខែមករា សហភាពអាហ្វ្រិកបានយល់ព្រមតាមសំណើប្រទេសកិនយ៉ា ក្នុងការស្វះស្វែងលើកដំណើរការកាត់ទោសជនសង្ស័យមកធ្វើនៅក្នុងប្រទេសវិញ។ ការប៉ុនប៉ងជាលើកដំបូងដើម្បីធ្វើការកាត់ទោសក្នុងប្រទេស ធ្វើឡើងក្នុងឆ្នាំ២០០៩ នៅពេលដែលកិនយ៉ាបង្កើតគណៈកម្មការស្វែងរកការណ៍ពិត យុត្តិធម៌ និងការបង្រួបបង្រួមជាតិ (Truth, Justice and Reconciliation Commission) ដើម្បីស៊ើបអង្កេតអំពើហិង្សា។ ក៏ប៉ុន្តែរឿងអាស្រូវអំពីក្រមសីលធម៌ទាក់ទងនឹងប្រធានគណៈកម្មការនេះបានបង្ខំឲ្យក្រុមនេះបញ្ឈប់ការងាររបស់ខ្លួន។
អ្នករិះគន់ក្នុងរដ្ឋាភិបាលកេនយ៉ាបាននិយាយថា ការប្រឹងប្រែងបញ្ចុះបញ្ចូលជាថ្មីនេះគឺជាការចំណាយលុយពន្ធដារអត់ប្រយោជន៍ ប៉ុន្តែមេដឹកនាំកិនយ៉ាប្រកែកថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលត្រូវបានគូសបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការកាត់ទោសក្នុងប្រទេស។
ឌុនហ្គុ វ៉េនណៃណា (Ndungu Wainaina) នាយកមជ្ឈមណ្ឌលអន្តរជាតិអំពីកិច្ចការនយោបាយ និងជម្លោះ ដែលមានមូលដ្ឋាននៅទីក្រុង ណៃរ៉ូប៊ី (Nairobi) ជឿថា ការប្រឹងប្រែងកាត់ទោសជនដៃដល់ក្នុងស្រុក សម្រាប់អំពើហិង្សាទាក់ទងនឹងការបោះឆ្នោតនៅកិនយ៉ា ទំនងជានឹងមិនទទួលបានផ្លែផ្កាទេ។
ឌុនហ្គុ វ៉េនណៃណានិយាយថា «នៅក្នុងប្រទេសនេះ មិនអាចធ្វើបានទេ។ប្រទេសផ្សេងប្រហែលធ្វើបាន តែនៅប្រទេសកិនយ៉ាមិនអាចធ្វើបានទេ។ ជាក់ស្តែងគឺអញ្ចឹង។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសកិនយ៉ា មិនដែលបានបង្កើតយន្តការដែលអាចទុកចិត្តបានដើម្បីការពារសាក្សីទេ។ នេះជាលក្ខខណ្ឌត្រូវមានជាមុន ដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តដំណើរការកាត់ទោសប្រកបដោយយុត្តិធម៌»។
ក្នុងចំណោមជនសង្ស័យ៦នាក់ដែលជាប់ឈ្មោះក្នុងការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ រួមមាន វីលាម រូតូ (William Ruto) អតីតរដ្ឋមន្ត្រីឧត្តមសិក្សា (អ៊ូហូរូ កិនយ៉ាត្តា (Uhuru Kenyatta) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ហ្វ្រង់ស៊ីស មូថូរ៉ា (Francis Muthaura) ប្រធានសេវាសាធារណៈ។
វ៉េនណៃណា ប្រាប់វីអូអេសំឡេងសរអាថា ដោយសារជនសង្ស័យទាំងនេះល្បីឈ្មោះ និងមានឥទ្ធិពល ទម្រង់ការច្បាប់នឹងជួបការលំបាកក្រៃលែង។
វិធានការប្រទេសកិនយ៉ា លើកសំណើជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះក៏ទទួលរងការរិះគន់ដែរ។ តាមលក្ខន្តិកៈចុះហត្ថលេខានៅទីក្រុងរ៉ូម ដែលចែងអំពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.មានអំណាចលើកពេលដំណើរការកាត់ទោសមួយឆ្នាំ បើការកាត់ទោសនេះនាំឲ្យមានការគំរាមកំហែងដល់សន្តិភាព ឬសន្តិសុខអន្តរជាតិ។
តែលោកស្រី អេលីហ្សាបែថ អេវិនសាន់ (Elizabeth Evenson) អ្នកស្រាវជ្រាវធ្វើការឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ឲ្យដឹងថា ករណីប្រទេសកេនយ៉ាមិនចូលក្នុងលក្ខណៈវិនិច្ឆ័យនេះប្រភេទនេះទេ។ លោកស្រីថ្លែងដូច្នេះថា៖
«ក្នុងករណីប្រទេសកេនយ៉ា ដាច់ខាតមិនមានកត្តាបង្ហាញថា ការស៊ើបអង្កេត ឬការកាត់ទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នាំឲ្យមានការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិនោះទេ។ តាមពិតទៅការស៊ើបអង្កេតនៅកិនយ៉ាត្រូវគេស្វាគមន៍ទៅវិញទេ»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchគឺជាផ្នែកមួយនៃអង្គការចម្រុះ ដែលបានដាក់ញត្តិទៅសមាជិកអាហ្វ្រិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ទាមទារឲ្យ បដិសេធសំណើរបស់កេនយ៉ា និងអនុញ្ញាតឲ្យតុលាការយុត្តិធម៌អន្តរជាតិបន្តការងាររបស់ខ្លួន៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ