សមាគម​អាដហុក៖ ការ​បង្ក្រាប​ក្រុម​អ្នក​រិះគន់​ និង​បាតុករ​អហិង្សា​ឡើង​កម្តៅ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​សន្តិសុខ​មក​លើអ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី​ ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​បាតុករ​ទាំង​នោះ​កាល​ពី​ឆ្នាំ​មុន ផ្តល់​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​និង​បង្ហាញ​ពី​ការ​មិន​ប្រសើរ​ឡើង​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

នេះ​ជា​ការ​កត់​សម្គាល់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ក្នុង​របាយការណ៍​ថ្មី​មួយ​ស្តីពី «ស្ថានភាព​សេរីភាព​មូលដ្ឋាន​ឆ្នាំ​២០២០»

របាយការណ៍​ដែល​មាន​កម្រាស់​ ១៣​ ទំព័រ​ របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​កត់​ត្រា​នូវ​ករណី​នៃ​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ អ្នក​តវ៉ា​ទាមទារ​សេរីភាព​ឲ្យ​មេដឹកនាំ​សហជីព​លោក ​រ៉ុង ឈុន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​ព្រំដែន និង​ការ​គំរាមកំហែង​អ្នកសារព័ត៌មាន និង​អ្នក​តស៊ូ​មតិ​នៅ​ក្នុង​សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី។

សំណុំ​រឿង​ក្តីក្តាំ​ស្មុគស្មាញ​របស់​ថ្នាក់​ដឹកនាំកំពូលៗ​និង​អតីត​ក្រុម​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូរំ​លាយ​ ក៏​ត្រូវ​បាន​រំលេចក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​សប្តាហ៍​នេះ។

លោក​ ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក កត់​សម្គាល់​ថា ​ការ​អនុវត្ត​សិទ្ធិ​សម្តែងមតិ​និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត ​ដូចជា​ការ​ធ្វើ​សកម្មភាព​នយោបាយ​ ការ​ជួប​ប្រជុំ​ ឬ​ការ​តវ៉ា​ដោយ​សន្តិវិធី​ ប្រឆាំង​នឹង​រឿង​អយុត្តិធម៌​ផ្សេងៗនោះ​ បាន​ស្ថិត​ក្រោម​ការឃ្លាំមើល​យ៉ាង​ដិត​ដល់​របស់​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​ជា​ញឹកញាប់​រង​ការយាយី​និង​គំរាម​កំហែង​ដោយ​កម្លាំង​សន្តិសុខ។

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា ​ស្ថានភាពអាក្រក់នេះ​បានបន្តអូសបន្លាយមក​ ក្រោយតុលាការកំពូលរំលាយ​គណបក្សសង្គ្រោះជាតិ កាលពី​ឆ្នាំ​ ២០១៧។

«អ៊ីចឹង​ទៅ ការ​រំលោភ​សិទ្ធិ​មនុស្ស​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ហ្នឹង​កើន​ឡើង​ ដោយ​មិន​បាន​គោរព​ទៅ​តាម​បទដ្ឋាន​ច្បាប់​កំពូល​របស់​ប្រទេស​យើង​ផង​ ហើយ​រួម​ទាំង​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​និង​សេចក្តី​ប្រកាស​ជា​សាកល​អីហ្នឹង។ អីចឹង​ហើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​មក​លើ​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​ ហើយ​និង​ការ​បញ្ចេញមតិ​ ហើយ​និង​ខាង​សមាគម​អី​ហ្នឹង​ឯង​ ដែល​រង​ការ​រឹត​ត្បិត​នា​ពេល​ចុង​ក្រោយ​ហ្នឹង»។

បើ​តាម​របាយការណ៍​របស់​សមាគម​អាដហុក​ កាល​ពី​ឆ្នាំ​ ២០២០ ​កន្លង​ទៅ​ យ៉ាង​ហោច​ណាស់​មាន​ ១០៥​ ករណី​នៃ​សកម្មភាព​ជួបជុំ​ផ្សព្វផ្សាយ​បើក​វគ្គ​បណ្តុះបណ្តាល​ ឬ​សិក្ខា​សាលា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​ ត្រូវ​ទទួល​រង​នូវ​ការ​រឹតត្បិត ​និង​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូលរដ្ឋាន​ប៉ូលិស​ និង​កង​រាជអាវុធ​ហត្ថ។

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

សកម្មភាព​រឹតត្បិត​ទាំង​នោះ​ ក្នុង​នោះ​មាន​ការ​រារាំង​និង​និយាយ​គំរាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជួប​ជុំ​ ការ​ចូល​មក​ថតរូប ថត​សំឡេង​បញ្ជី​វត្តមាន​ ការ​ហៅ​ទៅ​សាកសួរ​ ឬ​ជជីក​សួរ​តាម​ទូរស័ព្ទ​ នៅ​មុន​ពេល​តំណាង​សហគមន៍​ចេញ​ដំណើរ​ ឬ​ត្រឡប់​ពី​ការ​ចូលរួម​សកម្មភាព​ផ្សេងៗ​វិញ​ ការ​ដាក់​កម្លាំង​ឃ្លាំមើល​ជា​ប្រចាំ​និង​ការ​ឃាត់​ខ្លួន​មួយ​រយៈ។

នៅ​ឆ្នាំ​ ២០២០​ ដដែល​ មាន​សកម្មភាព​បាតុកម្ម​អហិង្សា​ដោយ​សន្តិវិធី​ចំនួន​ ២៥ ​ករណី​ ក្នុង​ចំណោម​ ៤០​ ករណី​ ដើម្បី​ទាមទារ​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​រំលោភ​ដីធ្លី​ធនធាន​ធម្ម​ជាតិ​ ក៏ដូច​ជា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ព្រំដែន​លោក ​រ៉ុង​ ឈុន​ ត្រូវ​ទទួល​រង​នូវ​ការ​រឹតត្បិត​គំរាមកំហែង និង​បង្ក្រាប​របស់​មន្ត្រី​នគរបាល​ និង​កងកម្លាំង​ពាក់​ព័ន្ធ​ក្នុង​កិច្ច​ការ​ការពារ​សន្តិសុខ។

របាយការណ៍​សមាគម​អាដហុក​បាន​កត់​ត្រា​ទៀត​ថា​ នៅ​ឆ្នាំ​ ២០២០ ​យ៉ាង​ហោចណាស់​ មាន​បាតុករ​ ៥ នាក់ ត្រូវ​ទទួល​រងរបួស​ពី​ការ​បង្ក្រាប​ហិង្សានិង​មាន​ ៣៥​ នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​ដែល​ជា​ទូទៅ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

លើស​ពី​នេះ​សមាគម​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​នេះ​បាន​រក​ឃើញ​ថា​ មាន​សកម្មជន​គណបក្ស​ជំទាស់​ចំនួន​ ៥៣​ នាក់​ ទទួលរង​ការគំរាម​កំហែង​និង​ចាប់​ឃុំ​ខ្លួន​ ដោយ​គ្រាន់តែ​ពួកគេ​នៅ​បន្ត​ការ​ជួប​ជុំ​ការ​ទំនាក់​ទំនង​ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ ឬ​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ផ្សេងៗ។

ហើយ​នៅ​ក្នុងនោះ​ ១៦​ នាក់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ​ឲ្យ​ធ្វើ​កិច្ច​សន្យា​និង​ ១០ ​នាក់​រង​ការ​វាយ​បង្ក​របួស​ស្នាម​ដោយ​ជន​មិន​ស្គាល់​មុខ​ ដែល​ជា​ទូទៅ​សមត្ថកិច្ច​មិន​ដែល​ចាប់​បាន​ជន​ដៃ​ដល់​យក​មក​ផ្តន្ទា​ទោស​ឡើយ។

លោក​ ស៊ឹង សែន​ករុណា នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកបន្ថែម​ថា​ សមាគមបាន​ផ្តល់​អនុសាសន៍​មួយចំនួន​ ដើម្បី​កែ​លម្អ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​និង​នយោបាយ​ ដែល​ជា​រឿយៗប្រឈមភាព​រកាំរកូស​ខ្លាំង​នៅ​ក្រោយ​ការ​បោះឆ្នោត​ម្តងៗ។

អនុសាសន៍​សំខាន់ៗ​ទាំង​នោះ ​រួមមាន​ការ​ធ្វើ​សម្បទាន​នយោបាយ​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ពី​គណបក្ស​កាន់​អំណាច​ ដែល​នឹង​បង្កើត​បាន​នូវ​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​ មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ និង​ការ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​នឹង​សកម្មជន​នយោបាយ​និង​អ្នក​ធ្វើ​ការ​ងារ​សង្គម។​

វិសោធនកម្ម​ច្បាប់​រឹតត្បិត​មួយចំនួន​ ដូចជា​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​គណបក្ស​នយោបាយ​ ក៏​គួរ​ធ្វើ​ឡើង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​តាម​លោក ​ស៊ឹង ​សែន​ករុណា។

«មួយ​ទៀត​នោះ​ គឺ​ការ​ដាក់​ពិន័យ​ផងដែរ​ហើយ​ទណ្ឌកម្ម​ចំពោះ​មន្ត្រី​អាជ្ញាធរ​រដ្ឋ​ ឬ​ក៏​សមត្ថកិច្ច​ដែល​បាន​រំលោភ​បំពាន​លើ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ហ្នឹង»។​

លោក កត្តា អ៊ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា វិធានការ​ច្បាប់ ដែល​អាជ្ញាធរ​ធ្វើ​កន្លង​មក​នោះ គឺ​មាន​តែ​ទៅ​លើ​ក្រុម​ប្រជា​ពលរដ្ឋ​ណា ដែល​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ប្រទេស​ប៉ុណ្ណោះ។

លោក​វាយ​តម្លៃ​ថា​ របាយការណ៍​របស់​សមាគម​អាដហុក ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ និង​មិន​ស្រប តាម​ក្របខណ្ឌ​គតិយុត្ត និង​គោលការណ៍​សិទ្ធិ​មនុស្ស​របស់​កម្ពុជា និង​រដ្ឋ​ផ្សេង​ទៀត។

«អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​កន្លង​មក​នេះ អាជ្ញាធរ​បាន​អនុវត្តន៍​កន្លង​មក​នេះ គឺ​នៅ​ក្នុង​គោលដៅ ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ហើយ​អនុវត្តន៍​តែ​ទៅ​ក្រុម​មនុស្ស​ បុគ្គល​ដែល​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ ឬ​មួយ​សេរីភាព​មូលដ្ឋាន ដែល​មិន​ទាន់​ត្រឹមត្រូវ​តាម​ច្បាប់ ដោយសារ​គាត់​ប្រើប្រាស់​នូវ​សិទ្ធិ​បញ្ចេញ សេរីភាព​ជា​មូលដ្ឋាន​ដែល​រំលោភ​ច្បាប់ និង​រំលោភ​បញ្ហា​បម្រាម​ផ្សេងៗ​របស់​រដ្ឋ។ ដូច្នេះ វា​មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ»។

រូបឯកសារ៖ កងសន្តិសុខ​ខណ្ឌ​៧មករា រុញច្រាន​អ្នកតវ៉ា​មិន​ឲ្យ​ចូល​ទៅកាន់​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ក្នុង​របាយការណ៍​ដដែល​នេះ សមាគម​អាដហុក​បាន​លើក​ឡើង​ថា ស្ថានភាព​នៃ​សេរីភាព​ខាង​ការ​បញ្ចេញមតិ «គឺ​នៅ​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ»។

បើ​តាម​សមាគម​អាដ​ហុក​នៅ​ក្នុង​ឆ្នាំ​ ២០២០​ នេះ យ៉ាង​ហោច​មាន​ករណី​គំរាម​កំហែង​និង​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ចំនួន​ ៤៨​ ករណី​ ទៅ​លើ​ប្រជាពលរដ្ឋ​ តំណាង​សហគមន៍​អ្នកកាសែត​ សហជីព​សកម្មជន​សិទ្ធ​មនុស្ស​ដីធ្លី​ បរិស្ថាន​ និង​សកម្មជន​នយោបាយ​ព្រមទាំង​មន្ត្រី​រាជការ។

ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង ​ដែល​មិន​ទាន់​ត្រូវ​បាន​ពន្លត់​នោះ​ ក៏​បង្ក​ហានិភ័យដល់អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង​ ក្រៅ​ពី​នោះ​គឺ​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នក​បញ្ចេញ​មតិ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ជាដើម។

លោក​បណ្ឌិត​ ប៉ា​ ចន្ទរឿន​ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាមាន​ប្រសាសន៍ថា​ កម្ពុជា «ដើរ​ប្រាស​ចាក​ឆ្ងាយ​ទៅៗ» ពី​ការសន្យា​របស់ខ្លួនក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ ទៅ​តាម​លំអាន​នៃ​សង្គម​ប្រជាធិបតេយ្យ។

លោក​ជឿ​ថា ​ប្រសិន​បើ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​តែ​ទ្រឹង​បែប​នេះ​ ហើយ​គ្មាន​ការ​ប្រែប្រួល​នោះ​ កម្ពុជា​អាច​នឹង​ប្រឈម​ការ​ខាត​ប្រយោជន៍​នៃ​ការ​ទ្រទ្រង់​ដង្ហើម​សេដ្ឋកិច្ច​ប្រទេស​ពី​ប្រទេស​នៅ​លោក​សេរី​ ដូច​ជា​សហភាពអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។

«នៅ​ពេល​អនាគត​ប្រសិន​បើ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​និង​ដំណើរការ​ប្រជាធិបតេយ្យ​ មិន​មាន​អី​ល្អ​ប្រសើរ​ទេ​ ទំនង​ជា​សហភាព​អឺរ៉ុប​ហ្នឹង​បន្ថែម​សម្ពាធ​ ឬ​ក៏​ទណ្ឌកម្ម​បន្ថែម​ទៀត​ ហើយ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​របស់​លោក​ Joe Biden​ នេះ​ ក៏​ទំនង​ជា​នឹង​មិន​បន្ធូរ​ដៃ​ឲ្យ​កម្ពុជា​ដែរ​ចំពោះ​ករណី​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ហ្នឹង​ និង​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​មាន​ការ​ធាក់​ថយ​នោះ»។​

កាល​ពី​ខែ​សីហា​ឆ្នាំ​មុន កម្ពុជា​បាន​បាត់បង់​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចំនួន​ ២០ ​ភាគរយ ​តាម​កម្មវិធី «គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ» ឬ​ហៅ​កាត់​ថា​ EBA​ របស់​សហគមន៍​អឺរ៉ុប ដោយ​សារ​ប្លុក​ប្រជាធិបតេយ្យ​មួយ​នេះ​ រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​ដក​សិទ្ធិ​នយោ​បាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ មិន​ឲ្យ​ធ្វើ​នយោបាយ​ប្រាំ​ឆ្នាំ​ ពោល​គឺ ​គិត​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​នេះ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៧៕