សមាជិកសភាគណបក្សប្រជាជនកម្ពុជានិងអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា គណបក្សនឹងមិនរង្គោះរង្គើ ហើយប្រទេសក៏មិនស្ថិតនៅក្នុងការព្រួយបារម្ភអំពីសន្តិសុខនោះទេ បន្ទាប់ពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងអាយុ៦៦ឆ្នាំ។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលតាកែវ លោក សុខ អាន ត្រូវបានចាត់ទុកជា«ដៃស្តាំ»ដ៏ជំនិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាមន្រ្តីជាន់ខ្ពស់មួយរូបដែលមានតួនាទីច្រើន។ លោកបានបម្រើរដ្ឋាភិបាលប្រមាណ៤០ឆ្នាំមកហើយរហូតមកដល់ពេលនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មរណភាពរបស់លោក សុខ អាន ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់និងមានសមត្ថភាពខ្ពស់របស់គណបក្ស។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា គណបក្សមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ដើម្បីដាក់ជំនួសលោក សុខ អាន តែលោកថា គណបក្សមិនទាន់សម្រេចការជ្រើសរើសនៅឡើយទេ។
លោកបានថ្លែងប្រាប់ VOA ថា៖
«គណបក្សប្រជាជន វាមានសាមគ្គីឯកភាពរឹងមាំ ទោះបីមានខ្យល់ព្យុះពីខាងណា ក៏មិនអាចនឹងធ្វើអីឲ្យវារង្គោះរង្គើបានដែរ»។
លោក សុខ ឥសាន បានឲ្យដឹងទៀតថា មរណភាពនេះមិនបង្កឲ្យមានភាពមិនប្រក្រតីណាមួយមួយកើតឡើងដែលប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។
លោក សុខ អាន បានទទួលបន្ទុកជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីតាំងពីឆ្នាំ២០០៤ ដោយលោកមានតួនាទីជាច្រើន ក្នុងនោះមានការគ្រប់គ្រងអាជ្ញាធរជាតិ គណៈកម្មាធិការ និងគណៈកម្មការផ្សេងៗរបស់រដ្ឋាភិបាល។ ជាមួយមុខតំណែងដ៏ច្រើននេះ លោកត្រូវបានរិះគន់ជាបន្តបន្ទាប់ថា កាន់តំណែងច្រើន ដូច្នេះការងារមិនមានប្រសិទ្ធភាព។ ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍មួយរូបរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ អាន កាន់តែមានទំនាក់ទំនងជិតស្និទ្ធិជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយបានក្លាយជាដន្លងរបស់លោក ហ៊ុន សែន។ កូនប្រុសច្បងរបស់លោកបានរៀបការជាមួយកូនស្រីរបស់លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ាលី។
លោក សុខ ឥសាន មានប្រសាសន៍ថា៖
«ចុះអាហ្នឹងវាអញ្ចឹងហើយ មិនមែនគាត់ទៅដណ្តើមគេណា អាហ្នឹងជាការចាត់តាំងពីរាជរដ្ឋាភិបាលទាំងមូល។ ការដឹកនាំគណបក្សប្រជាជនដឹកនាំជាសមូហភាព បុគ្គលទទួលខុសត្រូវ។ ការដឹកនាំ បើទោះសម្តេច សុខ អាន គាត់នៅ ក៏គាត់មិនមែនសម្រេចចិត្តគាត់ដែរ គឺថាសមូហភាព»។
នៅពេល VOA សួរថា តើលោក សុខ អាន ជាដៃស្តាំរបស់លោក ហ៊ុន សែន លោក សុខ ឥសាន បានបញ្ជាក់ថា៖
«មិនមែនទេ នរណាក៏ដៃស្តាំដែរ ពីព្រោះតែសុទ្ធតែជាសេនាធិការជូនសម្តេចនាយក។ គាត់មានធនធានមនុស្សច្រើនដើម្បីជួយគាត់ដែរ បើមិនអញ្ចឹងម៉េចនឹងធានារ៉ាប់រងការងារបាន»។
អ្នកនាំពាក្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានចាត់ទុកលោក សុខ អាន ជាបងប្រុសរបស់លោក ដោយសារលោកធ្លាប់ទទួលបានការណែនាំល្អៗជាច្រើនពីលោក សុខ អាន។ លោកបន្តថាលោក សុខ អាន ក៏បានរួមចំណែកក្នុងការរៀបចំនិងដឹកនាំគណបក្ស។ លោកចាត់ទុកមរណភាពរបស់លោក សុខ អាន ជាការបាត់បង់វីរជនមួយរូបរបស់គណបក្សកាន់អំណាច។
លោក ឈាង វុន បានចាត់ទុកលោក សុខ អាន ថា ជាសហការីដ៏ស្មោះត្រង់ម្នាក់របស់លោក ហ៊ុន សែន គឺក្នុងកាលៈទេសៈណាក៏ដោយ តែងតែមានលោក សុខ អាន។
លោក ឈាង វុន មានថ្លែងប្រាប់ VOA ថា៖
«គណបក្សប្រជាជនជាគណបក្សមួយដែលរាល់ការគិតគូ សុទ្ធតែចេញមកពីសមូហភាព។ អញ្ចឹងហើយការបាត់បង់សម្តេចវិបុលបញ្ញា គឺគ្មានធ្វើឲ្យប៉ះពាល់ដំណើរការល្អរបស់គណបក្សទេ គឺយើងបានរៀបចំមានអ្នកបន្តវេន»។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភានិងជាសមាជិកគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជាមានវីរជនច្រើនរូប។ លោកបន្តថា មរណភាពនេះមិនប៉ះពាល់ដល់គណបក្ស និងបង្កឲ្យមានអសន្តិសុខក្នុងប្រទេសនោះទេ។
លោកមានប្រសាសន៍ថា៖
«អត់មានអីទាល់តែសោះអារឿងបញ្ហារំជើបរំជួល ឬអស្ថិរភាពអីគឺអត់មានទេ គឺថា យើងមានការគិតគូរ ការរៀបចំការងារបោះឆ្នោត ក៏ដូចជាការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋគឺអត់មានអីទាល់តែសោះ»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមួយរូបទៀត លោក ប៉ែន បញ្ញា មានប្រសាសន៍ថា មរណភាពរបស់លោក សុខ អាន មិនបង្កបញ្ហាអ្វីសម្រាប់គណបក្សនោះទេ ដោយសារគណបក្សមានធនធានមនុស្សច្រើន។ ទោះជាយ៉ាងណា លោកថា វាអាចពិបាកបន្តិចនៅពេលដំបូងសម្រាប់អ្នកថ្មីដែលនឹងទទួលតំណែងរបស់លោក សុខ អាន។
មរណភាពលោក សុខ អាន កើតឡើង ខណៈដែលការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា ឆ្នាំ២០១៧និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ខិតជិតមកដល់។ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយរងការរិះគន់ថា លោកនឹងធ្វើអ្វីទាំងអស់ ក្នុងការកម្ចាត់គណបក្សប្រឆាំងដើម្បីរក្សាអំណាចនិងគណបក្សរបស់លោកបន្តទៀត។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ VOAថា រដ្ឋាភិបាលបានតែងតាំងឲ្យលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឲ្យទទួលបន្ទុកការងាររបស់លោក សុខ អាន ជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណា លោកមិនមានព័ត៌មានថា តើអ្នកណានឹងទទួលតំណែងនេះជាផ្លូវការនោះទេ។
លោក ផៃ ស៊ីផាន បន្តថា រដ្ឋាភិបាលនឹងបន្តប្រក្រតីភាពនៃការងាររបស់រដ្ឋាភិបាលហើយលោកថា មិនមានបញ្ហាព្រួយបារម្ភនៃសន្តិសុខក្នុងប្រទេសនោះទេ។
លោកបញ្ជាក់ប្រាប់ VOA ថា៖
«គ្មានអ្វីក្រៅពីបន្តវេនក្នុងលក្ខណៈប្រក្រតីភាពរដ្ឋបាលទៀងទាត់របស់យើង ដែលយើងមិនមានព្រួយចិត្តពីរឿងសន្តិសុខជាតិ…»។
លោក ផៃ ស៊ីផាន បន្ត ទៀតថា ទំហំការងាររបស់លោក សុខ អាន ត្រូវបានធ្វើវិមជ្ឈការទៅតាមក្រសួងជំនាញ ចាប់តាំងពីក្នុងអាណត្តិទី៥នេះ។ លោកពន្យល់ថា លោក សុខ អាន បានទទួលការងារច្រើននេះ ដោយសារ បន្ទាប់ពីរបបខ្មែរក្រហម កម្ពុជាបានបាត់បង់បញ្ញវន្ត ហើយនៅសល់បញ្ញវន្តតិចតួចណាស់ដែលមានបទពិសោធន៍ហើយបានធ្វើការក្នុងរដ្ឋាភិបាល។ ទោះជាយ៉ាងណា លោកបានការពារថា លោក សុខ អាន មានបទពិសោធន៍ច្រើនសម្រាប់ទទួលបន្ទុកការងារទាំងនេះ ហើយលោកបានធ្វើការងារទាំងនេះប្រកបដោយប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖
«ដូច្នេះការលើកឡើងថា លោកដៃច្រើនហ្នឹង អាហ្នឹងអ្នកនិយាយគ្រាន់បាននិយាយរបៀបមើលស្រាលការងារ តែអ្នកធ្វើការងារបានដឹង»។
អ្នកនាំពាក្យរូបនោះបន្តថា រហូតមកដល់បច្ចុប្បន្ននេះ លោក សុខ អាន បានទទួលបន្ទុកការងារមួយចំនួនតែប៉ុណ្ណោះ ដែលក្នុងនោះមានការចរចាជាមួយភ្ញៀវបរទេសទៅលើបញ្ហាសាលាក្តីខ្មែរក្រហម បញ្ហាចរចាជាមួយភាគីថៃលើតំបន់សមុទ្រត្រួតស៊ីគ្នា និងបញ្ហាអភិរក្សប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារ។
លោក សុខ អាន ត្រូវបានចាត់ទុកថា ជាសហការីម្នាក់របស់លោក ហ៊ុន សែន ក្នុងដំណើរការស្វះស្វែងរកសន្តិភាពសម្រាប់ប្រទេស រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ លោកបានចរចាជាមួយអង្គការសហប្រជាជាតិក្នុងការបង្កើតសាលាក្តីខ្មែរក្រហម។ ចាប់ពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៣ លោកជាប្រធានខុទ្ទកាល័យនៅក្រសួងការបរទេសនិងជាលេខាផ្ទាល់របស់លោក ហ៊ុន សែន ដែលកាលនោះលោក ហ៊ុន សែន ជារដ្ឋមន្រ្តីការបរទេស។ ក្នុងឆ្នាំ២០០៤ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ទោះជាយ៉ាងណា លោក សុខ អាន ត្រូវបានរិះគន់ថា បានបង្កើតឲ្យមានគ្រួសារនិយម ស្របពេលកូនប្រុសរបស់លោកបានទទួលតំណែងជាប្រធានសហព័ន្ធផលិតស្រូវអង្ករកម្ពុជា អនុរដ្ឋលេខាធិការក្រសួងការបរទេស អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាតំណាងរាស្ត្រខេត្តតាកែវរបស់គណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានការពារការតែងតាំងនោះ ដោយថា ពួកគេមានសមត្ថភាពនិងទទួលបានការអប់រំខ្ពង់ខ្ពស់នៅក្រៅប្រទេស៕