ក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំចរចាជាលើកដំបូងកាលពីថ្ងៃអង្គារដើម្បីនិយាយពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅមុនពេលការបោះឆ្នោតដែលនឹងត្រូវមកដល់ក្នុងរយៈពេលជាងមួយឆ្នាំទៀត។
លោកអេង ឆៃអ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេថា៖
«បើយើងមើលទៅវាមានចំណុចខ្លះដែលត្រូវដកចេញព្រោះកន្លងទៅហ្នឹងយើងអត់មានច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេហើយដល់អត់មាននៅក្នុងច្បាប់ហ្នឹងយើងយកតួនាទីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកដាក់ក្នុងច្បាប់ក្រុមប្រឹក្សាឃុំសង្កាត់ប៉ុន្តែឥឡូវនេះមានច្បាប់ដោយឡែកអញ្ចឹងយើងត្រូវពិនិត្យមើលថាចំណុចណាត្រូវដកចេញ»។
ក្រុមការងារនីមួយៗមានសមាសភាពប្រាំនាក់ហើយក្រុមការងារគណបក្សកាន់អំណាចដឹកនាំដោយលោក សក់ សេដ្ឋារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំរវាងក្រុមការងារគណបក្សនយោបាយធំៗទាំងពីរ បានធ្វើឡើងបន្ទាប់ពីបានកែប្រែច្បាប់បោះឆ្នោតតំណាងរាស្ត្រទៅតាមកិច្ចព្រមព្រៀងនយោបាយដែលបានព្រមព្រៀងធ្វើកំណែទម្រង់ការបោះឆ្នោតកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
លោកហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងជាអ្នកនាំពាក្យបានបញ្ជាក់ថាវាជាការល្អដែលគណបក្សនយោបាយទាំងពីរជួបពិភាក្សាគ្នានៅមុនពេលដែលការបោះឆ្នោតត្រូវរៀបចំឡើង។
លោកបន្ថែមថា៖
«ច្បាប់ដែលគណបក្សទាំងពីរបានអនុម័តជាមួយគ្នាគឺច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអីចឹងច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគឺពុំទាន់បានពិភាក្សាគ្នានៅឡើយទេប៉ុន្តែយ៉ាងណាក៏ដោយលំនាំនៃការបោះឆ្នោតនៅកម្ពុជាច្បាប់នេះខ្ញុំគិតថាត្រូវតែធ្វើកំណែទម្រង់ ឱ្យមានភាពសមស្របជាមួយនឹងគ្នាដែរ»។
ការជួបប្រជុំដំបូងនេះមិនទាន់សម្រេចបានកិច្ចការធំដុំអ្វីទេហើយក្រុមការងារទាំងពីរនឹងជួបគ្នាជាថ្មីទៀតនៅថ្ងៃច័ន្ទ ទី៦ ខែកក្កដា ដើម្បីពិនិត្យលើខ្លឹមសារច្បាប់នេះ។
ការបោះឆ្នោតឃុំសង្កាត់នឹងត្រូវធ្វើឡើងនៅ ដើមឆ្នាំ២០១៧ហើយអ្នកវិភាគយល់ថាវាជាការសាកល្បងសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីដែលបានបង្កើតឡើងដោយមានការចូលរួមនៃគណបក្សទាំងពីរនិងបុគ្គលឯករាជ្យមួយរូបមកពីអង្គការសង្គមស៊ីវិល៕