គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា​ស្វាគមន៍​កិច្ចចរចា​ថ្នាក់​​កំពូល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្ទនា​ជាមួយ​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​វិមាន​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​​កុម្ភៈ ឆ្នាំ​២០០៦។

មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា​ ​ខ្លួនស្វាគមន៍ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ដើម្បី​នឹង​បញ្ជៀស​បញ្ហា​ជាប់គាំង​ខាង​នយោបាយ​ និង​អស្ថិរភាព​សង្គម។ ​ការ​បញ្ជាក់​ជំហរ​ជាថ្មីនេះ​កើត​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​មុន​បាតុកម្ម​អហិង្សា​ដែល​គណបក្ស​ជំទាស់​គ្រោង​នឹង​ធ្វើ។​ លោក​សុខ ខេមរា​នៃ​វីអូអេ​រាយការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ថា ​គណបក្ស​ជំទាស់​នៅ​តែ​បង្ហាញ​ជំហរ​ថា ​ខ្លួន​ចង់​ឲ្យ​មាន​គណៈ​កម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​បញ្ហា​ភាព​មិន​ប្រក្រតីរឿង​បោះឆ្នោត​ជាមុន​សិន។

ទោះជា​មហា​បាតុកម្ម​អហិង្សា​មួយ​នឹង​កើតឡើង​នៅចុង​សប្តាហ៍​នេះ​ដើម្បី​ទាម ទារ​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​រឿង​បោះឆ្នោត​មែន​ តែក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​ កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ជំហរ​ផ្ទុយ​គ្នា​នៅ​ឡើយ​អំពី​ការ​រក ដំណោះ​ស្រាយ​សម្រាប់​ប្រទេស​ក្រោយការ​បោះឆ្នោត​ដែល​គណបក្ស​ទាំងពីរ​ អះអាង​ពី​លទ្ធផល​ផ្ទុយ​គ្នា​នេះ។​

គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ខ្លួន​នៅ​បើក​ចំហ​ចំពោះ​ការ​ជួប​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។​ តែ​គណបក្ស​ជំទាស់​វិញ​បាន​អះអាង​ថា​ ខ្លួន​ចង់ឲ្យ​មាន​ការ​ជួប​ប្រជុំ​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​ជាមុន​សិន​ ប្រសិនបើ​ត្រូវ​មាន​ជំនួប​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល។​

លោកជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​ កម្ពុជា​អះអាង​ថា​ មក​ទាល់​ពេល​នេះ​មិនទាន់​មាន​កម្មវិធី​ដែល​ថ្នាក់​ដឹកនាំ​នៃ​គណ​ បក្ស​ទាំងពីរ​ជួបគ្នា​ទេ ​តែ​គណបក្ស​លោក​បើក​ចំហទ្វារ​ក្នុងការ​ធ្វើឲ្យ​មាន​ជំនួប ​កំពូល។​

លោក​និយាយ​ថា៖​ «តែបើ​គាត់​ស្នើសុំ​ថ្នាក់​ដឹកនាំ​កំពូល​ជួប​គ្នា​ នេះ​ជា​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ។​ យើង​យល់​ថា ​នេះ​ជា​សម្បទាន​ដ៏​ធំមួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលចង់​ឲ្យមាន​ការ​បន្ត​នូវ​សុខ​សន្តិភាព​ និង​សណ្តាប់​ធ្នាប់​សង្គម​បន្ត​ទៀត ​ដែល​ជា​ជំហរ​ដាច់ខាត​របស់​គណបក្យ​ប្រជាជន​កម្ពុជា​នោះ។​ យើង​គោរព​ អនុវត្ត​ទៅ​តាម​អ្វីដែល​ព្រះកុណា​ព្រះ​មហាក្សត្រ​ដែល​ព្រះអង្គ​ចេញ​ព្រះរាជ​សារ ​នៅថ្ងៃ​ទី៣០​សីហា​កន្លង​ទៅ»។​

ក្រុម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដូចជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​និង​លោកកឹម សុខា​មិន​បាន​ជួប​ចរចា​គ្នាទេ​ ក្រោយពី​មាន​ការ​អះអាង​ពី​ជោគជ័យ​ក្នុងការ​បោះឆ្នោត​រៀងៗ​ខ្លួន​ ហើយ​មិនអាច​ដោះស្រាយ​ចេញ​នោះ។​ ការ​ជួប​ចរចា​រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ទាំងពីរ​កន្លង​មក​ពុំបាន​លទ្ធផល​ផ្លែផ្កា​ទេ ​ដោយសារ​ពួក​គេ​មិន​យល់​ព្រមបង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អ.ស.ប.​និង​សង្គម​ស៊ីវិល​ឯករាជ្យ។​

លោកយឹម សុវណ្ណ ​អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា​ ជំនួប​ ថ្នាក់​ដឹកនាំ​កំពូល​គួរ​កើត​មានឡើង​ នៅ​ពេល​ត្រូវ​ធ្វើការ​សម្រេចអ្វី​មួយ​ដែល​លោក​អះអាង​ថា ​ដូចជា​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​រឿង​ភាព​មិន​ប្រក្រតី​រឿង​បោះ​ឆ្នោត។​ តែបើ​គ្រាន់តែ​ជួប​ទៅ​លើ​អ្វី​ដែល​គ្មាន​អ្វី​ត្រូវ​ជជែក​នោះ​ វាជា​ការ​ខាត​ពេល​វេលា។​

លោក​និយាយ​ថា៖​ «បើថា​ជួប​គ្នា​ ត្រូវ​សម្រេចឲ្យ​បាន។​ បើថា​ សម្រេចបង្កើត​គណៈ​កម្មការគឺ​សម្រេច​បង្កើត​គណៈ​កម្មការ។​ អត់ចាំ​បាច់​ថា​ អូ! ​ត្រូវ​យក​ទៅ​ជជែក​គ្នា​អី​ ពិភាក្សា​គ្នា​អី ​ចុះឡើងៗ។​ វាអត់មាន​ចេញ​លទ្ធផល​អី​កន្លង​មក»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោកយឹម សុវណ្ណ​បាន​អះអាង​ថា ​ជំហរ​គណបក្ស​ សង្គ្រោះ​ជាតិ​គឺច្បាស់​លាស់​តាំងពី​ដើម​មក​គឺ​ចរចា​ដោះស្រាយ​ដោយ​សន្តិវិធី។​

លោក​និយាយថា៖​ «គ្រាន់តែ​ថា​ ឥឡូវ​នេះ​គឺ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ស្នើសុំ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដែល​មាន​សមាភាព​គណបក្ស​ទាំងពីរ​ហើយ​នឹង​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​ពិនិត្យ​មើល​អំពី​បញ្ហា​ដែល​កើតមាន​ឡើង​ក្នុង​ពេល​បោះឆ្នោត​ហើយ​និង​សិក្សា​អំពី​ទំហំនៃ​បញ្ហា​ ផលវិបាក​ដែល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ រក​ឃើញ​យ៉ាង​ម៉េច​ធ្វើការ​សន្និដ្ឋាន​យ៉ាងម៉េច​ របស់​គណៈ​កម្មការគឺ​គណបក្ស​សង្គ្រោះជាតិ​ទទូល​យក។​ នេះ​សូម​បញ្ជាក់​ជំហរ​ដដែល​ទេ​ អត់មាន​អី​ប្រែប្រួល​ពីមុន​ទេ។ហើយ​ថ្ងៃ​ទី៧​ខែ​កញ្ញា​នេះ​ ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​គឺយើង​នឹង​រៀបចំ​ធ្វើ​មហាបាតុ​កម្ម​មួយ​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការពិសេស​ហ្នឹង»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​កាប់​ អំណាច​៣០ឆ្នាំ​ បាន​ប្រកាស​ពី​ការ​ឈ្នះ​អាសនៈ​៦៨​ក្នុង​សភា​កាល​ពី​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​កន្លងទៅ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែម្នាក់​ឯង។ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៉ី​ និង​លោក​កឹម សុខា​ជា​គណបក្ស​ជំទាស់​ បាន​ប្រកាស​ដែរ​ថា​ ខ្លួន​ជាអ្នក​ឈ្នះ ដោយ​ទទួល​បាន​៦៣​អាសនៈ​គឺអាច​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯងដែរ។​

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ផ្តល់​ការ​អនុញ្ញាតឲ្យ​បើក​តែ​កញ្ចប់​សុវត្ថិភាព​មួយ​ឃុំ​ម្តងៗ​ ឬ​មួយ​ការិយាល័យ​ម្តង​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​តួលេខ​សន្លឹក​ឆ្នោត​ខុស​គ្នា​ ចំនួន​សន្លឹក​ឆ្នោត​បាន​ការ​និង​មិន​បាន​ការ​ មានការ​កើន​និង​ថយចុះ​មិន​ត្រឹមត្រូវ​ទៅតាម​តួលេខ​ពី​ប្រភព​ដើម។​ ក្រុម​ជំទាស់​និង​សង្គម​ស៊ីវិល​ឯករាជ្យ​អះអាង​ថា ​ភាព​មិន​ប្រក្រតី​យ៉ាង​ដូច្នេះ​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។​

គណបក្ស​ជំទាស់​ និងសង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព ​ ត្រួត​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នេះ​ទូទាំង​ប្រទេស​នៅ​កន្លែង​ណា​ដែល​មាន​ ពាក្យ​បណ្តឹង​អំពី​ភាព​មិន​ប្រក្រតី​ជាង​១៥​ខេត្ត​នោះ។​ គណបក្ស​ជំទាស់​បាន​ ព្រមាន​ថា ​ការ​មិន​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ និង​តម្លាភាព​នឹង​ជៀស​មិន​ផុត​ពី មហា​បាតុកម្ម​អហិង្សា។​

ព្រះ​មហាក្សត្រ​ខ្មែរ​ និង​សហគមន៍​អន្តរជាតិ​ដែល​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​ បោះឆ្នោត ​ជាពិសេស​ស.រ.អា.​បាន​អំពាវនាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​រដ្ឋធម្មនុញ្ញ​ និង​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដោយ​តម្លាភាព​ និង​គោរព​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​

ដោយសារ​មើល​ឃើញ​ពី​ការ​គាំង​ដំណើរ​នយោបាយ​ និង​ការ​ប៉ះពាល់​ច្រើន​ដល់​ប្រទេស​កម្ពុជា​ទាំងផ្នែក​វិនិយោគ​ និង​អស្ថិរភាពក្នុង​ប្រទេស ​ដូចក្រុម​អង្គការ​ សង្គម​ស៊ីវិល​ដទៃទៀតបាន​ផ្តល់​អនុសាសន៍​រួមគ្នា​ កាលពី​ថ្ងៃច័ន្ទ​ដល់​គណបក្ស​នយោបាយ​ទាំងពីរ​ផង​នោះ ​លោកស្រីពុង ឈីវហ្កេច ​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​អះអាង​ថា ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​គណបក្ស​គួរ​ដល់​ពេល​ត្រូវ​ជួប​ពិភាក្សា​គ្នា​ហើយ​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ទាក់ទង​នឹង​ការ​បោះឆ្នោត​នេះ។​ លោកស្រី​បាន​អះអាង​ថា​ គ្មាន​ឧបសគ្គ​អ្វីដែល​ត្រូវ​រារាំង​មិន​ឲ្យ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​គណបក្សជួបគ្នា​ទេ​ នៅ​ពេល​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដូចគ្នា​ នៅ​ក្នុង​ក្រុង​តែមួយ​ ហើយ​បើមាន​ឆន្ទៈ​ចង់ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​ទៀត​នោះ។​

អ្នកស្រីថ្លែងថា៖​ «ដូច្នេះ​ដំណាក់​កាលទី១​គឺត្រូវតែ​ជួប​គ្នា ​ហើយ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​អំពី​រឿង​មិន​ប្រក្រតី​ទាំង​ប៉ុន្មាន ​ហើយ​ផ្សព្វផ្សាយ​ទៅ​ជូន​ប្រជា​ពលរដ្ឋ​ទៅ​ នោះ​លោក​ទុកចិត្ត​មកវិញ​ហើយ។​ លោក​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ។​ ខ្ញុំជឿជាក់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​លោកអត់ចង់​បាន​មាន​អំពើ​ហិង្សា ​ឬក៏​លោក​អត់ចង់​ទៅធ្វើ​បាតុកម្ម​ទាមទារ​អីទេ។​ បើបាន​ការ​ពិត​និង​យុត្តិធម៌​នៅ​ក្នុង​ពេល​បោះឆ្នោត​ហ្នឹងគឺ​លោក​អស់ចិត្ត​ហើយ។​ ឲ្យតែ​ប្រជា​ពលរដ្ឋ​អស់​ចិត្ត​ លោក​មាន​ជំនឿ​មក​វិញ​លើ​ស្ថាប័ន​ជាតិ​យើង។​ ខ្ញុំថា​អស់​ចំណោទ​ហើយ»។​

លោកស្រី​បាន​អះអាង​បន្ថែម​ថា ​ពេលនោះ​ប្រទេស​កម្ពុជា​អាច​ស្គាល់​អ្វីជា​ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ ហើយ​មាន​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​ក្នុង​ប្រទេស​ដើម្បី​ជួយឲ្យ​មាន​ជីវភាព​ធូរធារ​ និង​ផល​វិជ្ជមាន​ជាច្រើន​ផ្សេង​ទៀត​សម្រាប់​ពលរដ្ឋ៕