គណៈកម្មាធិការការពារអ្នកកាសែត CPJ បានប្រកាសគម្រោងនៅក្នុងការផ្ដល់កិត្តិយសដល់មេធាវីសិទ្ធិមនុស្សអ្នកស្រី Amal Clooney សម្រាប់ការការពារអ្នកកាសែតដែលប្រឈមនឹងការកាត់ទោសឧក្រិដ្ឋ ដោយសារការបំពេញការងារជាអ្នកកាសែត។
អង្គការ CPJ នេះបានបញ្ជាក់កាលពីថ្ងៃចន្ទថា អ្នកស្រី Clooney នឹងត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកជាបន្តដល់សេរីភាពសារព័ត៌មាន នៅឯព្រឹត្តិការណ៍មួយដែលអ្នកកាសែតមកពីប្រទេសបង់ក្លាដេស អ៊ីរ៉ង់ នីហ្សេរីយ៉ា និងរុស្ស៊ី នឹងត្រូវបានទទួលស្គាល់សម្រាប់ការរាយការណ៍ព័ត៌មាន ទោះបីជាត្រូវគេចាប់ខ្លួន ឬក៏រងការគំរាមសងសឹកក៏ដោយ។
នាយកប្រតិបត្តិអង្គការ CPJ លោក Joel Simon បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «ដូចទៅនឹងអ្នកកាសែតក្លាហាន និងប្ដូរផ្ដាច់នៅគ្រប់កន្លែងទាំងអស់ផងដែរ អ្នកដែលទទួលបានកិត្តិយសពីអង្គការ CPJ គឺបានរាយការណ៍ព័ត៌មានដោយមិនភ័យខ្លាច និងមិនលម្អៀង សម្រាប់ប្រយោជន៍ដល់សហគមន៍ និងប្រទេសរបស់ពួកគេ ក៏ដូចជាដល់ពិភពលោកទាំងមូលផងដែរ»។
អ្នកស្រី Clooney បានចំណាយអស់ពេលជាច្រើនឆ្នាំដោយមិនគិតកម្រៃតំណាងឲ្យអ្នកកាសែតដែលប្រឈមនឹងការគំរាមផ្លូវច្បាប់ទាក់ទិននឹងការងារផ្នែកសារព័ត៌មានរបស់ពួកគេ ដែលក្នុងនោះមានដូចជាអ្នកស្រី Maria Ressa ដែលជាអ្នកកាសែតនៅប្រទេសហ្វីលីពីន និងលោក Wa Lone និងលោក Kyaw Soe Oo ដែលជាអ្នកកាសែត Reuters ប្រចាំនៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕