ករណីឆ្លងជំងឺកូវីដ១៩ នៅបន្ដកើនឡើងនៅទូទាំងពិភពលោក។ មានករណីឆ្លងជាង ៨ លាន ៧ សែន ករណី នៅទូទាំងពិភពលោក។
សហរដ្ឋអាមេរិកមានករណីឆ្លងជាង ២ លាន ២ សែន ករណី ដែលច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
ប្រទេសប្រេស៊ីល និងប្រទេសរុស្ស៊ី ស្ថិតនៅលំដាប់បន្ដបន្ទាប់ ដែលប្រេស៊ីលមានករណីឆ្លងជាង ១ លានករណី ហើយរុស្ស៊ីមានករណីឆ្លងជាង ៥៧៦.០០០ ករណី។
សហរដ្ឋអាមេរិកក៏នាំមុខគេលើករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះដែរ ដែលមានចំនួនជិត ១ សែន ២ ម៉ឺន ករណី។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក។
សមាជិកនៃក្រុមការងាររៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនាំមុខរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំនួន ៦ នាក់ បានឆ្លងជំងឺកូវីដ១៩ នេះ។ ការប្រកាសអំពីករណីឆ្លងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅរយៈពេលពេលប៉ុន្មានម៉ោងមុនពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការប្រមូលផ្ដុំអ្នកគាំទ្រនៅក្រុង Tulsa រដ្ឋ Oklahoma។ ការប្រមូលផ្ដុំអ្នកគាំទ្រនេះគឺជាលើកទីមួយរបស់លោក ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទសកម្មភាពសង្គមដោយសារតែជំងឺកូវីដ១៩មក។
នៅក្នុងការជួបជុំអ្នកគាំទ្រនេះ លោកប្រធានាធិបតី ត្រាំ បាននិយាយលេងសើចថា ករណីឆ្លងនៅសហរដ្ឋអាមេរិកខ្ពស់ ដោយសារតែមានការធ្វើតេស្តច្រើន។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកធ្វើតេស្តយ៉ាងច្រើនបែបនេះ អ្នកនឹងរកឃើញករណីឆ្លងកាន់តែច្រើន។ ដូច្នេះខ្ញុំបាននិយាយទៅកាន់មន្ត្រីរបស់ខ្ញុំថា កុំធ្វើតេស្តច្រើនពេក ប៉ុន្តែពួកគេនៅតែបន្តធ្វើតេស្តហើយធ្វើតេស្តទៀត»។ សេតវិមានក្រោយមកបានចេញសេចក្ដីបកស្រាយមួយអំពីសុន្ទរកថារបស់លោក ត្រាំ ដោយទទូចថា លោកគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។
កូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៤៨ ករណី នៅថ្ងៃអាទិត្យនេះ ដែលពាក់កណ្ដាលនៃចំនួនករណីឆ្លងថ្មីនេះកើតឡើងនៅក្នុងរដ្ឋធានីសេអ៊ូល។ ប្រទេសចិនមានករណីឆ្លងថ្មីចំនួន ២៥ ករណី ហើយដូចកូរ៉េខាងត្បូងដែរ ករណីឆ្លងថ្មីភាគច្រើននៅចិន កើតឡើងក្នុងរដ្ឋធានីប៉េកាំង។ ប្រទេសទាំងពីរនេះបានអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងករណីឆ្លងជំងឺកូវីដ១៩នេះ ប៉ុន្តែការផ្ទុះឡើងនៃជំងឺនេះកើតឡើងជាថ្មីទៀត បន្ទាប់ពីប្រទេសទាំងពីរនេះបន្ធូរបន្ថយការហាមឃាត់នានា។
អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានព្រមានកាលពីសប្ដាហ៍មុនថា ជំងឺរាតត្បាតជាសាកលកូវីដ១៩ នេះកំពុងតែផ្ទុះរាលដាលកាន់តែលឿន។ លោកបានថ្លែងថា៖ «យើងកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីនិងប្រកបដោយគ្រោះថ្នាក់មួយ»។ លោកបានព្រមានថា វិធានការបិទសកម្មភាពសង្គមនៅតែចាំបាច់ ដើម្បីផ្អាកការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ៕