ជំងឺ​កូវីដ១៩​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាកសម្រាប់​កុមារ

រូបឯកសារ៖ កុមារម្នាក់បណ្តើរសុនខដើរជាមួយឪពុកនៅផ្លូវស្ងប់ស្ងាត់មួយ បន្ទាប់ពីមានការរាតត្បាតវីរុសកូរ៉ូណា នៅក្រុង Ronda ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

វេជ្ជបណ្ឌិត​នៅ​ប្រទេស​អង់គ្លេស អ៊ីតាលី ព័រទុយហ្គាល់ និងអេស៉្បាញកំពុង​ស្វែង​រក​លទ្ធភាព​នៃ​ទំនាក់​ទំនង​រវាង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​របស់​កុមារ​និង​ជំងឺ​កូវីដ១៩។ ​ចំនួន​កុមារ​អាយុ​ផ្សេងៗ​គ្នា​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ក្តៅ​ខ្លួន​និង​បញ្ហា​បេះដូង​បាន​កើនឡើង។ កុមារ​មួយចំនួន​មាន​បញ្ហា​ហ្គាស​ក្នុង​ពោះវៀន​ ដូចជា​ក្អួត​និង​រាគ​ជាដើម។

កុមារ​ទាំង​នេះទំនង​រងគ្រោះដោយសារ​ជំងឺ Kawasaki ដែល​ច្រើន​កើត​នៅ​ផ្នែក​ខ្លះ​នៅ​អាស៊ី ដែល​ប៉ះពាល់​ដល់​ក្មេង​អាយុ​ក្រោម៥ឆ្នាំ។ រោគសញ្ញា​មាន​ដូចជា ស្បែក​កន្តួល​រមាស់ ហើម​ក្រពេញ ហើយ​ក្នុង​ករណីធ្ងន់ធ្ងរ​មួយ​ចំនួន​ធ្វើ​ឲ្យ​រលាកបេះដូង​និង​សរសៃ​ឈាម។​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​គឺ​មិន​ច្បាស់​លាស់​នោះ​ទេ។

ជំងឺ​កូវីដ១៩ គឺ​ជា​ជំងឺ​ដែល​បង្ក​មក​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​កម្រ​កើត​មាន​ចំពោះ​កុមារ។ ប៉ុន្តែ​ការ​កើន​ឡើង​ខុស​ប្រក្រតី​ទៅ​លើ​កុមារ​រងគ្រោះ​ដែល​មាន​រោគសញ្ញា​ដូច​ជំងឺ Kawasaki ពេល​មាន​ការ​រាតត្បាល​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ក្រុម​អាជ្ញាធរ​សុខាភិបាល​នៅ​អឺរ៉ុប​មាន​ការ​ប្រុងប្រយ័ត្ន។

បន្ទាប់​ពី​បានឮ​ពី​ពេទ្យ​កុមារ ប្រព័ន្ធ​សុខាភិបាល​ជាតិ​អង់គ្លេស​បាន​ចេញ​ការ​ព្រមានថា៖ «នៅ​៣សប្តាហ៍​ចុងក្រោយ​នេះ ហាក់​ដូច​មាន​ការ​កើន​ឡើង​នៃ​ចំនួន​កុមារ​គ្រប់​វ័យ ដែល​មាន​រោគសញ្ញា​រលាក​ប្រព័ន្ធ​ជាច្រើន ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​ទូទាំង​ទីក្រុង​ឡុងដ៏ ​និង​នៅ​តាម​តំបន់ផ្សេងៗ​ទៀត​ក្នុង​ចក្រភព​អង់គ្លេស»។

កុមារ​ខ្លះ​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា ​មាន​ជំងឺ​កូវីដ១៩ ប៉ុន្តែមិនមែន​ទាំងអស់​នោះទេ។ ​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​គិត​ថា​ករណី​ខ្លះ​ ប្រហែល​ជា​បង្ក​ឡើង​ដោយ​វីរុស​ផ្សេងទៀត។ ការ​ធ្វើ​តេស្ត​ឈាម​បង្ហាញ​ថា​ ពួកគេ​មាន​បញ្ហា​រលាក​ធ្ងន់ធ្ងរ ស្រដៀង​ទៅ​នឹង​តេស្តឈាម​របស់​មនុស្សពេញវ័យ​ដែល​ឆ្លង​ជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ។​

នាយក​សេវា​សុខាភិបាល​ជាតិ​អង់គ្លេសលោក Stephen Powis ថ្លែងថា​ នៅ​មិន​ទាន់អាច​និយាយ​បាន​ថា ជំងឺ​ស្រដៀង​នឹង​ជំងឺ Kawasaki និងជំងឺ​កូវីដ១៩​មាន​ទំនាក់​ទំនង​គ្នា។ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ លោកបានថ្លែងថា៖«យើងបាន​សាកសួរ​នាយក​មន្ទីរកុមារ​ជាតិ​ឲ្យ​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ​ជា​បន្ទាន់»។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស​លោក Matt Hancock បាន​ថ្លែងថា សេចក្តីរាយការណ៍​នេះ​ធ្វើ​ឲ្យ​លោក​មាន​ការបារម្ភ​យ៉ាង​ខ្លាំង។

ក្រុម​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​កុមារ​ដែល​ឈឺ​បានថ្លែងថា រោគសញ្ញា​បង្ហាញ​ថា រាងកាយ​របស់​ពួកគេ​អាចរងគ្រោះដោយ​សារ​សារធាតុពុល។ កុមារ​ជាច្រើន​ត្រូវ​សម្រាក​ព្យាបាល​ឲ្យ​បាន​ដិតដល់។

ក្រុមអាជ្ញាធរ​សុខាភិបាល​អង់គ្លេស​បាន​បញ្ជាក់​ថា កុមារ​ទំនង​មិន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺកូវីដ១៩​នោះទេ ប៉ុន្តែ​ឪពុក​ម្តាយ​គួរ​តែ​ស្វែង​រក​គ្រូពេទ្យ​ ប្រសិន​បើ​កុមារ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​សុខភាព​កុមារ​ដែល​ក្តៅ​ខ្លួន​និង​ឈឺ​ពោះ ដើម្បី​ធ្វើ​តេស្តឈាម​រក​សញ្ញា​ពាក់ព័ន្ធ​នឹង​បញ្ហា​រលាក។

ពេទ្យ​ជំនាញ​ផ្នែក​បេះដូង​ជនជាតិ​អ៊ីតាលី​លោក Matteo Ciuffreda បាន​ប្រាប់យក​ព័ត៌មាន Reuters ថា ក្រុមវេជ្ជបណ្ឌិត​នៅ​ទីក្រុងភាគខាងជើង Bergamo បាន​ឃើញ​មាន​កុមារ​យ៉ាង​ហោចណាស់២០នាក់​ ដែលមាន​អាយុ​ក្រោម៩ឆ្នាំ​ រលាក​សរសៃរ​ឈាម​ធ្ងន់ធ្ងរ តាំង​ពីចុង​ខែ​មីនា គឺ​៦ដង​ច្រើន​ជាង​ការ​រំពឹង​ទុក​សម្រាប់​រយៈពេល​មួយឆ្នាំ។

លោក​បាន​ថ្លែងថា ពេទ្យ​បេះដូង​កុមារ​នៅទីក្រុង Madrid និង​ទីក្រុង Lisbon​ ក៏​បាន​ប្រាប់​លោក​ថា ពួកគេ​ឃើញ​មាន​ករណី​ស្រដៀង​គ្នា។ ប៉ុន្តែ​លោក​ថ្លែងថា មាន​កុមារ​តិចតួច​ប៉ុណ្ណោះ​ដែល​ធ្វើ​តេស្ត​រកឃើញ​ថា​មាន​ផ្ទុក​ជំងឺកូវីដ១៩។ លោក Ciuffreda ថ្លែងថា ត្រូវមាន​ការ​សិក្សា​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​សន្មត​ពី​មូលហេតុ​ដែល​បង្កឲ្យ​មាន​ការ​កើន​ឡើង​រោគសញ្ញា​ស្រដៀង​នឹងជំងឺ​ Kawasaki ចំពោះ​កុមារ​នៅ​អឺរ៉ុប។

ពេទ្យ​ឯកទេស​កុមារ​នៅ​អាមេរិក​មិនទាន់​រាយការណ៍​ពី​ករណី​ស្រដៀង​គ្នា​នេះ​នៅ​អាមេរិក​នៅ​ឡើយ​ទេ៕

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា