ភរិយា​អ្នកជំងឺ​កូវីដ១៩៖ «ខ្ញុំ​បារម្ភ​ប្តី​ខ្ញុំ​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង» ខណៈ​កម្ពុជា​ខ្វះ​កន្លែង​សម្រាក​ព្យាបាល

សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

អ្នកស្រី ផាត​ រដ្ឋា ​និង​ស្វាមី​របស់​អ្នកស្រី គឺ​លោក អឿន សុខេង ដែល​ជា​កម្មករ​រោងចក្រ​កាត់​ដេរ បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ទំហំ​ប្រមាណ​បួន​ម៉ែត្រ​បួន​ជ្រុង ក្នុង​ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។ ពួក​គេ​ទាំង​២​នាក់ ​ត្រូវ​បាន​រក​ឃើញ​ថា​ មានផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ ហើយ​បានរង់​ចាំ​ក្រុម​គ្រូ​ពេទ្យ​បញ្ជូនទៅ​សម្រាក​ព្យាបាល។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​ស្វាមី​ភរិយា​២​នាក់​ដែល​ជា​កម្មករ​ផ្នែក​ដេរ​ខោ​អាវ​នៅ​រោង​ចក្រ​ឌីន​ហាន់ ​(Din Han) កន្លែង​ដែល​ផ្ទុះ​ឆ្លង​កម្មករ​រាប់​រយ​នាក់ គឺ​ស្ថាន​ភាព​សុខភាព​របស់​ស្វាមី​កាន់​តែ​ធ្ងន់ធ្ងរ។

អ្នកស្រី ផាត រដ្ឋា អាយុ​៣៧​ឆ្នាំ ដែល​ជា​កម្មករ​នៅ​រោង​ចក្រ ​ឌីន​ហាន់ តាំង​ពី​ឆ្នាំ​២០១៤ រៀប​រាប់​ថា ស្វាមី​របស់​អ្នកស្រី​ក្អក​ខ្លាំង ហើយ​អ្នកស្រី​បារម្ភ​ថា​ ជំងឺ​នេះ​ប៉ះ​ពាល់ដល់​សួត​កាន់​តែ​ធ្ងន់ធ្ងរ។

អ្នកស្រី​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖ «ហើយ​យក​ឈ្មោះ​ពួក​ខ្ញុំ​ទៅ​អស់​ហើយ ក៏​មិន​ឃើញ​មក​យក[ទៅ​ព្យាបាល] ហើយ​នៅ​តែ​ផ្ទះ។ ប្តី​ខ្ញុំ​ធ្វើ​ទុក្ខ ក្អក​ឡើង​ស្លេះ ឡើង​ចេញ​ឈាម ឡើង​អី​ហ្នឹង។ ហើយ​តេ តេ​ទាក់​ទង​រហូត​ហ្នឹង នៅ​តែ​មិន​ឃើញ​មក​យក​រហូត​ដល់​ឥឡូវ»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​បារម្ភ​ប្តី​ខ្ញុំ​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង»។

គ្រូពេទ្យយកសំណាករបស់កម្មកររោងចក្រឌីនហាន់ កន្លែងដែលផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កម្មករ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។ (រូបថតផ្តល់ឲ្យ)

កម្មកររាប់រយនាក់ប្រចាំរោងចក្រកាត់ដេរឌីនហាន់ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩។ (រូបថតផ្តល់ឲ្យ)

បន្ទាប់​ពី​រក​ឃើញ​ករណី​ផ្ទុះ​ឆ្លង​ក្នុង​រោងចក្រ​ឌីន​ហាន់ អ្នកស្រី​និង​ស្វាមី​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ហើយ​លទ្ធផល​បង្ហាញ​ថាវិជ្ជមាន​ជំងឺ​នេះ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា។ ប៉ុន្តែពួកគេ​ មិន​ត្រូវ​បាន​យក​ទៅ​មណ្ឌល​សម្រាក​ព្យាបាល​ភ្លាមៗ​នោះ​ទេ​ ដោយ​សារ​កម្ពុជា​ខ្វះកន្លែង​សម្រាក​ព្យាបាល ដូច្នេះ​ពួកគេ​ត្រូវ​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​តម្លៃ​២៥​ដុល្លារ ហើយ​លេប​ថ្នាំ​ដែល​ពួកគេ​ទិញ​ពី​កន្លែង​ឯកជន។

អ្នកស្រី​រៀប​រាប់​ទៀត​ថា​៖ «ហើយ​ខ្ញុំ​ខល​ទៅ​រហូត​[លេខ]​១១៥​អី ឲ្យ​ខ្ញុំ​រង់ចាំ​ ឲ្យ​ខ្ញុំ​នៅ​ផ្ទះ​ព្យាយាម​ហូប​ទឹក​ក្តៅ​អី​សិន​ទៅ។ ថា​គេ​អត់​មាន​កន្លែង​ដាក់​អី​ទេ ខ្ញុំ​អត់​ដឹង​ដែរ​ហ្នឹង»។

កម្មការិនី​រូប​នោះ​បារម្ភ​ថា ​ស្ថានភាពសុខភាព​ស្វាមី​កាន់​តែ​ធ្ងន់​ធ្ងរ ខណៈ​ស្ថានភាព​របស់​អ្នកស្រី​មិន​ទាន់​មាន​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ។

អ្នកស្រី​បន្ថែម​ថា៖ «ហើយ​ហ៊ុម​ឃាំង​ខ្ញុំ អត់​ឲ្យ​ចេញ​ទៅ​ណា​ទេ ហើយ​ខ្ញុំ​ហូប​តែ​ត្រី​ខ ពង​ទា​ទេ។ ហ៊ុំ​ខ្ញុំ​អត់​ឲ្យ​ទៅ​ណា​ទៅ​ណី ហើយ​អត់​យក​ខ្ញុំ​ទៅ​ព្យាបាល។ ដឹង​គិត​ម៉េច។ គេ​ផ្សេងៗស្រាល​ៗ​យក​ទៅ​អស់​ហើយ ចំណែក​ខ្ញុំ​អត់»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ថា​ខ្វះ​ៗ​ហើយ ចង់​និយាយ​ថា​វា​ទុក​យូរ​ពេក​ បើ​ប្តី​ខ្ញុំ​អត់​ធ្វើ​ទុក្ខ​ ក៏​ខ្ញុំ​មិន​ថា​ទេ។ អ្នក​ខ្លះ​អត់​មាន​កើត​អី​ផង ធម្មតា ក៏​យក​ទៅ​បាត់។ អត់​មាន​ធ្វើ​ទុក្ខ​អី​ផង​ យក​ទៅ​បាត់​ហើយ។ ប្តី​ខ្ញុំ​អ្នក​ធ្វើ​ទុក្ខ​ អត់​ព្រម​យក​ទៅ។ បន្ទប់​ជួល​ក្បែរ​ហ្នឹង​ពីរ​នាក់​ដែរ ពីរ​បន្ទប់​ដែរ តែ​គេ​អត់​កើត​ទេ។ ហើយ​ខ្ញុំ​មិន​ចង់​នៅ​ក្នុង​ហ្នឹង​ទេ ខ្ញុំ​ចង់​ចេញ​ទៅ​ព្យាបាល​ទៅ ហើយ​ម៉េច​ម៉ា​កុំ​ឲ្យ​ឆ្លង​ដល់​គេ​ ដល់​អី​ទៀត​អញ្ចឹង​ណា»។

កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​កន្លែង​ព្យាបាល​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​នេះ បាន​ឆ្លង​កាន់​តែ​ខ្លាំង ហើយ​ករណី​ឆ្លង​ត្រូវ​បាន​រាយ​ការណ៍​ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​ថា​ករណី​ឆ្លង​សរុប​មាន​ជាង​៤.៦០០​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ។ ក្រសួង​បញ្ជាក់​ថា​ មនុស្ស​ជាង​២.៨០០​នាក់ កំពុងសម្រាក​ព្យាបាល​និង​រង់ចាំ​ការ​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ។

សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

រដ្ឋាភិបាល​ក៏​បាន​រៀបចំ​អគារ​មួយ​ចំនួន​នៅ​កោះ​ពេជ្រ ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩ កម្រិត​ស្រាល ដែល​មាន​ប្រមាណ​១.៨០០​គ្រែ។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ទទួល​បន្ទុក​រៀបចំ​មណ្ឌល​សម្រាក​ព្យាបាល។

ក្រសួង​សុខាភិបាល​ក៏​បាន​រៀបចំ​ឲ្យ​មាន​ការ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ សម្រាប់អ្នក​ជំងឺ​ក្នុង​ស្ថាន​ភាព​ស្រាល ហើយ​មាន​ផ្ទះ​សមរម្យ។

បើ​តាម​ឯកសារ​របស់​ក្រសួង​សុខាភិបាល​ស្តី​ពី​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​នៅ​តាម​ផ្ទះ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ​តាម​ការ​ប៉ាន់​ស្មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ជំងឺ​កូវីដ​ចំនួន​៨០%​ស្ថិត​ក្នុង​កម្រិត​គ្មាន​រោគ​សញ្ញា និង​កម្រិត​ស្រាល ដូច្នេះ​អ្នក​ជំងឺ​កម្រិត​ស្រាល​ដែល​គ្មាន​កត្តា​ប្រឈម​អាច​ទទួល​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ ក្រោម​ការ​គ្រប់គ្រង​ ថែទាំ និង​ព្យាបាល​ជាប់​ជា​ប្រចាំ​ដោយ​មន្រ្តី​បុគ្គលិក​សុខាភិបាល និង​អ្នក​ស្ម័គ្រចិត្ត​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ។

ករណី​ស្រាល មាន​ដូច​ជា​មាន​ផ្តាសាយ ហៀរ​សំបោរ ឈឺ​បំពង់​ក ឈឺ​សាច់​ដុំ និង​សន្លាក់ កម្តៅ​តិច​ជាង​៣៨​អង្សាសេ និង​មាន​ចង្វាក់​ដង្ហើម​ធម្មតា គឺ​១៨​ទៅ​២០​ដង​ក្នុង​មួយ​នាទី​សម្រាប់​មនុស្ស​ពេញ​វ័យ។

​អ្នកស្រី ផាត រដ្ឋា និង​ស្វាមី មិន​ដឹង​ថា​ត្រូវ​លេប​ថ្នាំ​អ្វី​នោះ​ទេ ហើយ​ពួកគេ​ទាំង​ពីរនាក់​បាន​ទិញ​ថ្នាំពី​កន្លែង​លក់​ឯក​ជន មក​លេប​បំបាត់​ផ្តាសាយ ឈឺក និង​ក្អក ជា​រៀង​រាល់​ថ្ងៃ ដែល​ត្រូវ​ចំណាយ​ប្រាក់​មួយ​ដង​ជិត​២​ម៉ឺន​រៀល។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ហ្នឹង​ហើយ​ខ្ញុំ​ចង់​សំណូម​ពរ​ថា​បើ​ខ្ញុំ​វា​ស្រាល មិន​យក​ខ្ញុំ​ទៅ ក៏​ហី​ចុះ តែ​ប្តី​ខ្ញុំ​វា​រាង​ធ្ងន់​ដែរ គ្នា​ចង់​ទៅ​សម្រាក​ព្យាបាល ឲ្យ​ពេទ្យឲ្យ​ថ្នាំ ឲ្យ​អី​ទៅ វា​ឆាប់​បាន​ជា មក​ផ្ទះ​វិញ។ បើ​នៅ​តែ​ផ្ទះ អត់​មាន​ថ្នាំ​ព្យាបាល​ដដែល នៅ​យ៉ាង​ម៉េច?»។

អ្នកស្រី​បន្ថែម​ថា៖ «បើ​គ្មាន​កន្លែង​ស្នាក់ គ្មាន​កន្លែង​ព្យាបាល អញ្ចឹង​ខាង​ពេទ្យ​ហ្នឹង ត្រូវ​ផ្តល់​ថ្នាំ​ហ្នឹង មក​ឲ្យ​វិញ​ក៏​បាន​ដែរ។ ស្នាក់​នៅ​ផ្ទះ ព្យាបាល​នៅ​ផ្ទះ ឃុំ​ខ្លួន​ ក៏​បាន​ដែរ។ ឲ្យ​តែ​ថ្នាំ យក​មក​ឲ្យ​ខ្ញុំ»។

ស្វាមី​របស់​អ្នកស្រី គឺ​លោក អឿន សុខេង អាយុ​៣៧​ឆ្នាំ ពិបាក​និយាយ​ជា​មួយ​អ្នក​សារព័ត៌មាន ​VOA ​ដោយ​លោក​ឈឺ​បំពង់​ក។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​លោក​ក្អក​ញឹកញាប់ ហើយ​ថប់​ដង្ហើម។

លោក​មាន​ប្រសាសន៍​ថា៖ «ក្អក​អត់​បាត់ ក្អក​រលាក​បំពង់​ក​ខ្លាំង ហើយ​ជួន​កាល​លក្ខណៈ​ថប់ៗ​ដង្ហើម»។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​នោះ​ទេ ដោយ​ស្នើ​ឲ្យ​ទាក់ទង​ទៅ​លេខ​របស់​មន្រ្តីផ្សេង​ទៀត។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា មាន​ប្រសាសន៍​ថា​កម្មករ​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ពួកគាត់​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​កុំ​ឲ្យ​ស្ថានភាពកាន់​តែ​ធ្ងន់​ធ្ងរ និង​លទ្ធភាព​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា៖ «បើ​មាន​កូវីដ​ទាំង​២ វា​ជា​រឿង​ចាំ​បាច់​ណាស់​ដែល​មន្រ្តី​ជំនាញ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​យក​គាត់​ទៅព្យាបាល យក​គាត់​ទៅ​ថែ​ទាំ ដើម្បី​ការពារ​ជីវិត​របស់​ពួកគាត់ ជាពិសេស​គឺ​យើង​ទប់​ស្កាត់​ការ​រីករាល​ដាល​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​នោះ។ ដូច្នេះ​អ្វី​ដែល​សំខាន់ យើង​មិន​អាច​បណ្តែត​បណ្តោយ​ឲ្យ​ពួក​គាត់​នៅ​អញ្ចឹង​បាន​ទេ។ អាហ្នឹង​បើ​សិន​រឿង​ហ្នឹង វា​ជា​រឿង​ពិត»។

អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

កាល​ពី​យប់​ថ្ងៃ​ពុធ ក្នុង​សារ​ជា​សំឡេង ស្តី​ពី​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​រយៈ​ពេល​២​សប្តាហ៍​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​កម្ពុជា​ខ្វះ​កន្លែង​ព្យាបាល ដោយ​សារ​អ្នក​ជំងឺ​កូវីដ​១៩ បាន​កើន​ឡើង​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «យើង​កំពុង​ដំណើរ​ការ​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ។ ប្រសិន​បើ​បង​ប្អូន​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ខ្លួន​ឯង​ទេ បង​ប្អូន​នឹង​ជួប​នូវ​គ្រោះ​ថ្នាក់ ហើយ​មិន​មែន​គ្រាន់​តែ​ចូល​ក្នុង​មន្ទីរ​ពេទ្យ​ទេ ការ​ស្លាប់​មាន​ជា​រៀង​រាល់​ថ្ងៃ ដែល​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ចំនួន​អ្នក​ឆ្លងក៏​កាន់​តែ​មាន​ចំនួន​ច្រើន»។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា បាន​ព្រមាន​ពី​គ្រោះ​មហន្ត​រាយ​ដែល​នឹង​កើត​ឡើង ដោយ​សារ​ជំងឺ​កូវីដ​១៩ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ចូលរួម​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ និង​បន្ត​ទៅ​មុខ​ទៀត។

អង្គការ​នេះ​បញ្ជាក់​ថា​កម្ពុជា​«ឈរ​នៅ​មាត់​ជ្រោះ​នៃ​សោកនាដកម្ម​មួយ​ក្នុង​ប្រទេស»​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

ដោយ​សារ​បារម្ភ​ខ្លាំងអំពី​ស្ថានភាពសុខភាព​របស់​ស្វាមី អ្នកស្រី ផាត រដ្ឋា ដែល​មាន​កូនស្រី​ម្នាក់​អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ និង​រស់​នៅ​ជាមួយ​ជី​ដូន​ជីតា​ក្នុង​ខេត្ត​ស្វាយរៀង បាន​ប្រើប្រាស់​ហ្វេស​ប៊ុក​របស់​ខ្លួន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ​រៀបរាប់​អំពី​ការ​លំបាក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា។

អ្នកស្រី​ប្រាប់ ​VOA ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៥ ខែ​មេសា​ថា​គ្រូពេទ្យ​បាន​មកយក​អ្នកស្រី​និង​ស្វាមី​ នៅ​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃ​ទី​១៤ ខែ​មេសា មក​ដាក់សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ​ហ៊ុន សែន បុរី​១០០​ខ្នង ដែល​ពេល​នេះ អ្នកស្រី​និង​ស្វាមី​កំពុង​សម្រាក​លើ​គ្រែ​ប៉ៅអ៊ី ក្នុង​បន្ទប់​មួយ​ដែល​មាន​អ្នក​ជំងឺ​៨​នាក់​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាងណា អ្នកស្រី​បាន​បង្ហាញ​ភាព​ធូរ​ស្បើយ​ក្នុង​ចិត្ត ដែល​បាន​មក​ដល់​កន្លែង​សម្រាក​ព្យាបាល​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «អារម្មណ៍​ធូរ​ រាង​អរ​សប្បាយ​ចិត្ត​ដែរ បាន​មក​ដល់​ពេទ្យ​ ព្រោះ​នៅ​ផ្ទះ​ក៏​ពិបាក​ដែរ។ យើង​អត់​មាន​អី​ហូប​ដែរ​ហ្នឹង»៕