កាលពីថ្ងៃពុធទី២៧ ខែឧសភា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា សុវត្ថិភាពនៃពួកជនស៊ីវិលនៅក្នុងតំបន់មានសង្គ្រាមបានត្រូវគំរាមកំហែងថែមទៀតដោយវីរុសកូរ៉ូណា។
លោក Antonio Guterres បានមានប្រសាសន៍ប្រាប់ការប្រជុំតាមវីដេអូនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អំពីកិច្ចការពារពួកជនស៊ីវិលនៅក្នុងស្ថានភាពមានសង្គ្រាម។
«ពួកជនស៊ីវិលដែលជាប់គាំងនៅក្នុងអំពើហិង្សានៅពេលនេះប្រឈមនឹងការគំរាមកំហែងថ្មីមួយដ៏ប្រល័យដោយសារជំងឺកូវីដ១៩។ ការរាតត្បាតជាសាកលនៃជំងឺនេះកំពុងកើនខ្លាំងឡើងៗហើយកំពុងបង្កបញ្ហាកាន់តែធំនៅពេលពិភពលោកយើងមានសភាពផុយស្រួយ។ សង្គ្រាមជាបុព្វហេតុធំបំផុតមួយនៃសភាពផុយស្រួយនេះ»។
ជំងឺកូវីដ១៩ជាជំងឺមួយបណ្តាលមកពីវីរុសកូរ៉ូណា។ មនុស្សឆ្លងជំងឺនេះជាង៥លាន៦សែននាក់នៅទូទាំងពិភពលោកហើយមានមនុស្សស្លាប់៣សែន៥ម៉ឺននាក់រួចស្រេចហើយ។
អ.ស.ប.បានព្រមានថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩អាចបង្កើតមហន្តរាយនៅក្នុងប្រទេសមានសង្គ្រាមនិងធ្វើឱ្យមានបន្ទុកច្រើនលើសលប់លើប្រព័ន្ធថែទាំសុខភាពដែលខ្សោយរួចស្រេចហើយនោះ។ វីរុសនេះក៏អាចមានផលប៉ះពាល់ច្រើនជាងធម្មតាទៅលើពលរដ្ឋ ដែលងាយរងគ្រោះនៅក្នុងតំបន់មានសង្គ្រាម ដោយមានរួមបញ្ចូលពួកជនភៀសខ្លួន ពួកជនខ្ចាត់ព្រាត់ពីផ្ទះសម្បែង និងពួកជនមានកាយវិកល។
ជនស៊ីវិលរាប់ពាន់នាក់បានត្រូវសម្លាប់
នៅមុនមានវិបត្តិជំងឺកូវីដ១៩ ស្ថានភាពពួកជនស៊ីវិលនៅក្នុងប្រទេសមានសង្គ្រាមមានភាពអាប់អួររួចជាស្រេចទៅហើយ។
នៅក្នុងរបាយការណ៍មួយក្នុងខែឧសភា លោកអគ្គលេខាធិការអ.ស.ប.បាននិយាយថា ជនស៊ីវិលជាង២ម៉ឺននាក់បានត្រូវសម្លាប់ឬត្រូវរបួសក្នុងឆ្នាំ២០១៩ជាលទ្ធផលនៃការវាយប្រហារនៅក្នុងសង្គ្រាមនៅក្នុងប្រទេសចំនួន១០ ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា តួលេខពិតប្រាកដមានច្រើនជាងនេះ។
ក្នុងចំណោមប្រទេសទាំង១០នោះ ប្រទេសអាហ្វហ្គានីស្ថាន មានមនុស្សស្លាប់ច្រើនជាងគេដោយមានជនស៊ីវិល១០៣៩២នាក់បានត្រូវសម្លាប់ឬត្រូវរបួសដោយគ្រឿងផ្ទុះ ការប្រយុទ្ធគ្នានៅលើដី ការវាយប្រហារតាមអាកាស ឬកលយុទ្ធឯទៀតៗ។ ស្ត្រីនិងកុមារមានជាង៤០%ក្នុងចំណោមជនរងគ្រោះ។
ប្រទេសឯទៀតៗដែលមានមនុស្សស្លាប់ច្រើនគឺ សាធារណរដ្ឋអាហ្វ្រិកកណ្តាល អ៊ីរ៉ាក់ លីប៊ីនីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី អ៊ុយក្រែន និងប្រទេសយ៉េមែន។
លោកអគ្គលេខាធិការអ.ស.ប.បានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាជាសាកលមួយនៅចុងខែមីនាដើម្បីជួយផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កិច្ចខិតខំប្រឹងប្រែងនេះបានទទួលការគាំទ្រជាពាក្យសម្តីច្រើនដែលមានទាំងការគាំទ្រពីក្រុមប្រដាប់អាវុធគ្មានរដ្ឋ ក៏ប៉ុន្តែលទ្ធផលជាក់ស្តែងមានតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងតំបន់មានសង្គ្រាមជាច្រើន។
ការវាយប្រហារលើពួកអ្នកធ្វើការខាងថែទាំសុខភាព
កាលពីឆ្នាំទៅមិញមានកំណើនការវាយប្រហារលើកន្លែងថែទាំសុខភាពនិងពួកបុគ្គលិកធ្វើការនៅទីកន្លែងទាំងនោះ ដែលជាការរំខាននៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ អង្គការសុខភាពពិភពលោកបានកត់ត្រាថា ពួកអ្នកធ្វើការខាងថែទាំសុខភាពចំនួន១៩៩នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារជាង១ពាន់លើកក្នុងឆ្នាំ២០១៩។ ចំនួននេះកើនឡើង២០ភាគរយលើសពីឆ្នាំ២០១៨។
និន្នាការនេះនៅមានតទៅទៀត។ ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា ចាប់តាំងពីខែមីនាមក គណៈកម្មាធិការរបស់លោកបានកត់ត្រាថា មានការវាយប្រហារចំនួន២០៨លើកលើពួកអ្នកធ្វើការខាងថែទាំសុខភាពខាងជំងឺកូវីដ១៩នៅក្នុងប្រទេសចំនួន១៣ដែលពួកគេធ្វើប្រតិបត្តិការ។
លោក Peter Maurer ដែលជាប្រធាននៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមហៅកាត់ថា ICRC បាននិយាយថា៖ «នៅពេលដែលពលរដ្ឋត្រូវការពួកអ្នកធ្វើការខាងថែទាំសុខភាពយ៉ាងខ្លាំងនោះ ពួកគេបែរជាបានត្រូវវាយប្រហារទៅវិញ ។ប្រព័ន្ធថែទាំសុខភាពបានក្លាយជាទីដៅនៃការវាយប្រហារទៅវិញ ហើយពួកអ្នកធ្វើការខាងថែទាំសុខភាពបានត្រូវរំលោភ»។
លោកបានសម្តែងកង្វល់ថា នៅក្នុងកន្លែងខ្លះ វិធានការថែទាំសុខភាពគ្រាមានអាសន្នមានសក្តានុពលក្លាយទៅជា«ឧបករណ៍នៃការរំលោភ» ដើម្បីគ្រប់គ្រងចលនាប្រជាពលរដ្ឋឬដើម្បីរារាំងសេវានានា មានរួមបញ្ជូលការព្យាបាលឬថ្នាំវ៉ាក់សាំងជាដើម។
លោក Peter Maurer បានថ្លែងថា៖« យើងបារម្ភថា ក្រុមខ្លះ ដែលអាចត្រូវចាត់ទុកថាជា «សត្រូវ» នោះប្រហែលត្រូវផាត់ចេញពីវិធានការជួយស្រោចស្រង់ជីវិត។ ជាឧទាហរណ៍មានការពិបាកក្នុងការចែកថ្នាំវ៉ាក់សាំងនៅក្នុងកន្លែងមានស្ថានភាពមិននឹងននិងកន្លែងប្រទាញប្រទង់គ្នា ក៏ប៉ុន្តែគេត្រួវតែចែកថ្នាំឱ្យបានស្មើគ្នា។
ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមរូបនេះក៏បានស្តីបន្ទោសថា ការ បែកបាក់គ្នាខាងនយោបាយក្នុងចំណោមពួកសមាជិកសំខាន់ៗរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលមានសមាជិក១៥ប្រទេសនេះ បាននាំឱ្យមានភាពសាំញ៉ាំនិងបណ្តាលឱ្យមានបញ្ហាច្រើនដល់កិច្ចខិតខំប្រឹងប្រែងខាងមនុស្សធម៌នៅក្នុងប្រទេសនានាដោយមានរួមបញ្ចូលប្រទេសស៊ីរីនិងប្រទេសយ៉េមែនផងដែរ។
លោក Peter Maurer បានមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សានេះមានការខ្វែងគំនិតគ្នាអំពីរឿងសំខាន់ៗទាក់ទងនឹងច្បាប់និងការងារខាងមនុស្សធ៌ម ជាពិសេសការជួយពួកជនមានការខ្វះខាត។ ការខ្វែងគំនិតគ្នាបានបង្កើនទុក្ខវេទនានៅជួរមុខ»។
លោកបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខមិនមែនជាអ្នកដែលបញ្ជាអង្គការមនុស្សធ៌មថានរណាមានការខ្វះខាត អ្នកណាមិនខ្វះខាតនោះទេ ក៏ប៉ុន្តែក្រុមប្រឹក្សាត្រូវអនុញ្ញាតឱ្យអង្គការទាំងនេះធ្វើការងារពួកគេដោយគ្មានលម្អៀង ដោយឯករាជ្យ និងមានតម្លាភាពថែមទៀតផង៕
ប្រែសម្រួលដោយលោកឈឹម សុមេធ