សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការជំនុំជម្រះទោស លោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប នាព្រឹកថ្ងៃអង្គារ ទី៨ ខែមិថុនា ខណៈអង្គការសិទ្ធិមនុស្សមួយចំនួនបានអំពាវនាវឲ្យដោះលែងអ្នកទោសមនសិការ។ នេះបើតាមលិខិតរបស់ព្រះរាជអាជ្ញារង សេង ហៀង ដែលវីអូអេទទួលបានកាលពីសប្តាហ៍មុន។
លោក រ៉ុង ឈុន អាយុ៥១ឆ្នាំ ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំមុន និងត្រូវបានចោទប្រកាន់ពីបទញុះញង់ ក្រោយនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដោយបានជួបប្រជាពលរដ្ឋដែលអះអាងថាដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជាជាច្រើនរយម៉ែត្រ។
បើតាមលិខិតអញ្ជើញមេធាវីការពារក្តីឲ្យលោក រ៉ុង ឈុន តុលាការនឹងបើកសវនាការលើលោក រ៉ុង ឈុន និងអតីតសកម្មជនគណបក្សប្រឆាំងមួយរូបទៀត គឺកញ្ញា ស កណិការ អាយុ៣៨ឆ្នាំ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមិថុនា ដោយមានមេធាវីការពារក្តីពីររូប គឺលោក សំ សុគង់ និងលោក ឡោ ជុនធី។
សវនាការនៅព្រឹកថ្ងៃអង្គារនេះ ធ្វើឡើងក្រោយមានការស្នើសុំពីភាគីមេធាវី ដែលសុំឲ្យតុលាការដោះលែងមេដឹកនាំសហជីពរូបនេះ និងកញ្ញា ស កណិការ ឲ្យបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។
លិខិតរបស់ក្រុមមេធាវី បានលើកឡើងពីការឃុំខ្លួនលើសកំណត់ច្បាប់និងហេតុផលសំខាន់ៗមួយចំនួន ដើម្បីគាំទ្រដល់សំណើសុំឲ្យបានស្ថិតនៅក្រៅឃុំរបស់កូនក្តី ។
លិខិតរបស់ក្រុមមេធាវី ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា៖ «សមត្ថកិច្ចបានឃាត់ខ្លួនកូនក្តីខ្ញុំបាទ រ៉ុង ឈុន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និង ស កណិការ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បើគិតពីថ្ងៃឃាត់ខ្លួនកូនក្តីខ្ញុំមកដល់ថ្ងៃនៃការដាក់ពាក្យសុំដោះលែងឲ្យនៅក្រៅឃុំនេះ គឺកូនក្តីខ្ញុំបាទ រ៉ុង ឈុន ឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនេះមានរយៈពេលជាង១០ខែ និងកូនក្តីខ្ញុំបាទម្នាក់ទៀត ស កណិការ ឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនេះមានរយៈពេលជិត១០ខែ»។
ក្រុមមេធាវីអះអាងថារយៈពេលនៃការឃុំខ្លួនជាបណ្តោះអាសន្នក្នុងបទល្មើសមជ្ឈិម ដែលចែងក្នុងមាត្រា២០៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺមិនឲ្យឃុំខ្លួនបណ្តោះអាសន្នហួសរយៈពេល៤ខែ។
ក្នុងការសើ្នសុំឲ្យលោក រ៉ុង ឈុន និងកញ្ញាស កណិការ បានស្ថិតនៅក្រៅឃុំដដែលនេះ ក្រុមមេធាវីបានលើកហេតុផលថាកូនក្តីរបស់ពួកគេមានលំនៅឋានពិតប្រាកដ និងមានក្រុមគ្រួសារ ដែលនឹងមិនគេចវេះពីកិច្ចសហការជាមួយតុលាការ ដើម្បីបន្តនីតិវិធីជំនុំជម្រះទោសនោះទេ។
ក្រុមមេធាវីបានពន្យល់ក្នុងន័យដើមថា៖ «កូនក្តីយើងខ្ញុំធ្វើការសន្យា និងមិនគេចវេះ និងបង្ហាញខ្លួនគ្រប់ដំណាក់កាលនៃនីតិវិធី តាមការកោះហៅរបស់តុលាការគ្រប់ពេលទាំងអស់ គាត់នឹងវិលត្រឡប់មកបង្ហាញខ្លួននៅចំពោះមុខតុលាការ ឬសមត្ថកិច្ចគ្រប់ពេលវេលា នៅពេលគាត់បានទទួលដីកាពីតុលាការឲ្យចូលមកបំភ្លឺ ហើយកូនក្តីរបស់ខ្ញុំគឺជាមនុស្សដែលមានអាកប្បកិរិយាស្លូតបូតសុភាពរាបសារ»។
សវនាការរបស់លោក រ៉ុង ឈុន និងកញ្ញា ស កណិការ កើតមានឡើង ស្របពេលអង្គការសង្គមស៊ីវិលចំនួន២០ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី៤ ខែមិថុនា ទាមទារឲ្យតុលាការនិងរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងពីក្តីកង្វល់នៃការរាតត្បាតជំងឺកូវីដ១៩ក្នុងពន្ធនាគារដែលមានសភាពចង្អៀតណែន ហើយបានស្នើសុំឲ្យតុលាការពិចារណាដោះលែងអ្នកទោសមនសិការទាំងនោះ។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលក្នុងនោះមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងសមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម បានអធិប្បាយតាមន័យដើមថា៖ «ដោយមើលឃើញពីរបាយការណ៍នៃករណីកើនឡើងនៃជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារកម្ពុជា រួមផ្សំនឹងអ្នកទោសច្រើនពេកនៅក្នុងពន្ធនាគារ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលឲ្យដោះលែងអ្នកទោសមនសិការអហិង្សាទាំងអស់ ដែលជាវិធានការដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា»។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មានប្រសាសន៍ថា លោកមិនបានដឹងអំពីសវនាការលើលោក រ៉ុង ឈុន ដែលគ្រោងនឹងធ្វើនៅថ្ងៃអង្គារឡើយ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមួយរូបទៀត គឺលោក អ៊ី រិន្ទ មិនឆ្លើយសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
ដោយឡែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រតិកម្មទៅនឹងសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលដែលសុំឲ្យដោះលែងអ្នកទោសមនសិការនោះថាធ្វើឡើង«មិនសមស្រប ខុសនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ»។
លោកអធិប្បាយលើប្រព័ន្ធបណ្តាញហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា «នៅកម្ពុជា មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ គឺមានតែអ្នកនយោបាយដែលមានទោស ដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ»។
លោកបន្ថែមថានៅកម្ពុជា ការបញ្ចេញមតិដោយសន្តិវិធី គឺជាសិទ្ធិ មិនមែនជាបទល្មើសនោះទេ តែផ្ទុយទៅវិញ ការបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។ល។ គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិនោះទេ ចំណែកឯអ្នកដែលប្រព្រឹត្តអំពើល្មើសទាំងនេះក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ និងមិនត្រូវបានចាត់ទុកជាអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងថាតុលាការគួរពិចារណាសម្រេចឲ្យលោក រ៉ុង ឈុន និងអ្នកទោសមនសិការឯទៀត បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន បើមើលទៅលើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ។
លោកស្រីយល់ថាការដោះលែងអ្នកទោសមនសិការ និងសកម្មជនផ្សេងទៀត អាចបើកផ្លូវឲ្យកម្ពុជាបញ្ចៀសការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស ដូចអ្វីដែលសហគមន៍អឺរ៉ុបបានឆ្លើយតបមកកម្ពុជាកាលពីកន្លងទៅ។
«កន្លងមក គឺកម្ពុជាយើងបានទទួលនូវការសម្រេចសំខាន់ៗមួយចំនួនដូចជាខាងសហភាពអឺរ៉ុបដែលគាត់ ធ្វើការដកហូត ការអនុគ្រោះពន្ធផ្នែកខ្លះនោះ ក៏ជាវិធានឆ្លើយតបនឹងស្ថានភាពសិទ្ធិមនុស្សដែរ ហើយក៏មានការលើកឡើងពីបណ្តាប្រទេសមួយចំនួន សហរដ្ឋអាមេរិក ក៏មានការលើកដែរ»។
ការបើកសវនាការសំណុំរឿងរបស់លោក រ៉ុង ឈុន ក៏បានធ្វើឡើងនៅក្រោយការមកបំពេញទស្សនកិច្ចរបស់អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែមិថុនា។ក្នុងដំណើរទស្សនកិច្ចនោះ អ្នកស្រី Sherman បានស្នើសុំឲ្យមេដឹកនាំកម្ពុជាយកចិត្តទុកដាក់ដល់ការគោរពសិទ្ធិមនុស្ស និងបើកចំហសិទ្ធិសេរីភាពនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិអង្គការសង្គមស៊ីវិល ក្រោយពីបានធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំនេះ។
នៅក្នុងជំនួបជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជា អ្នកស្រី Shermanក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យទម្លាក់ចោលឲ្យបានទាន់ពេលនូវការចោទប្រកាន់មាន«លក្ខណៈនយោបាយ»ទាំងអស់និងបើកឡើងវិញនូវសេរីភាពនយោបាយ និងសង្គមស៊ីវិលឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។
លោក សំ សុគង់ មេធាវីការពារក្តីមួយរូបឲ្យលោក រ៉ុង ឈុន និងកញ្ញា ស កណិការ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថាការអំពាវនាវរបស់អ្នកស្រី Sherman អាចជាដើមទុនមួយសម្រាប់ការទាមទារសេរីភាពឲ្យកូនក្តីរបស់លោក។
«ដោយសារតែក្រុមមេធាវីគាត់បានដាក់ពាក្យស្នើសុំ ស្នើសុំឲ្យដោះលែងកូនក្តីនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយវាស្របជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសហរដ្ឋអាមេរិកហ្នឹង បានមកទស្សនកិច្ចហ្នឹងដែរ អីចឹងខ្ញុំគិតថាបើសិនជាអនុរដ្ឋមន្ត្រីគាត់បានជជែក ហើយនិយាយទាក់ទងបញ្ហាសិទ្ធិមនុស្ស បញ្ហាការដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការអីផ្សេងៗហ្នឹង អាហ្នឹងក៏អាចថាជាការសង្ឃឹមមួយដែលអាចតុលាការយកមកពិចារណាផងដែរ»។
លោកមេធាវីបន្ថែមថាលោក រ៉ុង ឈុន និងកញ្ញា ស កណិការ ទំនងជាមិនអាចមកបង្ហាញខ្លួននៅក្នុងសាលសវនាការបានទេ ក្រោមហេតុផលនៃការឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារ៕