តុលាការ​ខេត្ត​កោះកុងកោះ​ហៅ​បង​ប្អូន​៣​នាក់ ពាក់ព័ន្ធ​រឿង​កាន់កាប់​ដី​តំបន់​ការពារ ខណៈ​ឪពុក​របស់​ពួកគេ​ជាប់​ពន្ធនាគារ

រូបឯកសារ៖ សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ)

បង​ប្អូន​ទាំង៣​នាក់​ គឺ​លោក​ ប៊ុន ឆាន ​អ្នកស្រី​ ប៊ុន ឡា ​និង​អ្នកស្រី ​ប៊ុន ហៀង ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាប់​រុក​រាន​ដី​ព្រៃ ​និង​សាងសង់​ផ្ទះ​ថ្មី​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ចាប់​យក​ធ្វើ​ជា​កម្ម​សិទ្ធិ។​

តុលាការ​ខេត្ត​កោះកុង​បាន​កោះ​ហៅ​បង​ប្អូន​បង្កើត​៣​នាក់ ​ដែល​រង​ការ​ចោទ​ប្រកាន់នៅ​ក្នុង​រឿង​កាន់​កាប់​ដី​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដង​ពែង​ ក្នុង​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង។​

ពួក​គេ​ទាំង​៣​នាក់​ស្ថិត​ក្នុង​សំណុំ​រឿង​ដែល​ឪពុក​របស់​ពួក​គេ​ គឺ​លោក ​ចេត ប៊ុន​ អាយុ​៦៤​ឆ្នាំ ​កំពុង​ជាប់​ពន្ធនាគារ ​ដែល​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ ​៥​ឆ្នាំ។​

ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដែល ​VOA​ ទទួល​បាន​ ​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​កោះកុង​លោក ​គង់ ខេមរា ​បាន​កោះ​ហៅ​បង​ប្អូន​៣​នាក់ ​គឺ​លោក​ ប៊ុន ឆាន ​អ្នកស្រី​ ប៊ុន ឡា ​និង​អ្នកស្រី ​ប៊ុន ហៀង​ ឲ្យ​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១ ​ខែ​មិថុនា។​ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាប់​រុក​រាន​ដី​ព្រៃ​និង​សាងសង់​ផ្ទះ​ថ្មី​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដើម្បី​ចាប់​យក​ធ្វើ​ជា​កម្ម​សិទ្ធិ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្នុង​ភូមិ​តាធង ​ឃុំ​ដង​ពែង ​ ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៩។​

ដីកា​បញ្ជាក់​ថា៖​ «ប្រសិន​បើ​សាមី​ខ្លួន​មិន​ចូល​តាម​ការ​កំណត់​របស់​តុលាការ​ខាង​លើ​នេះ ​យើង​នឹង​ចេញ​ដីកា​បង្គាប់​នាំ​ខ្លួន​ឬ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន»។​

លោក ​ប៊ុន ឆាន​ អាយុ​៣១​ឆ្នាំ​ បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ទទួល​បាន​ដីកា​នេះ ​ដោយ​លោក​ថា​ លោក​ឈប់​ចូល​តំបន់​ដែល​មាន​ជម្លោះ​ទៀត​ហើយ។ ​លោក​ថា​ លោក​បាន​បញ្ចប់​រឿង​ដី​ដែល​ឪពុក​របស់​លោក​បាន​កាន់​កាប់​តាំង​ពី​លោក​ធំ​ដឹង​ក្តី។​ លោក​មាន​ប្រសាសន៍​ថា ​លោក​កំពុង​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក​និង​ប្អូន​ស្រី​២​នាក់​ទៀត ​ដាក់​ពន្ធនាគារ​ដូច​ឪពុក​របស់​លោក ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៩ ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ។

លោក ​ប៊ុន ឆាន ​ដែល​មាន​កូន​៤​នាក់​ ប្រុស​ពីរ​នាក់​ ស្រី​ពីរ​នាក់​ មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​ ខ្លាច​គេ​ចាប់​ខ្ញុំ​ដូច​ប៉ា​ខ្ញុំ។​ ចាប់​ហើយ​បាន​រក​ហេតុ​ផល​ក្រោយ។​ ថ្ងៃ​គេ​ចាប់​ប៉ា​ខ្ញុំ​ ប៉ា​ខ្ញុំ​អត់​មាន​ទៅ​កាប់​ព្រៃទេ។​ គាត់​នៅ​លើ​ផ្ទះ​ឆុង​កាហ្វេ​ហូប»។​

លោក​បន្ត​ថា​ ឪពុក​របស់​លោក​បាន​ដាំ​ដើម​ស្វាយ ​ដូង ​ស្វាយ​ចន្ទី​និង​ខ្នុរ ​លូតលាស់​ធំ​អស់​ហើយ​នៅ​លើ​ដី​ប្រមាណ​៤​ហិកតា ​ដែល​មាន​ជម្លោះ។​

ចំណែក​ប្អូនស្រី​របស់​លោក​គឺ​អ្នកស្រី​ ប៊ុន ហៀង​ អាយុ​២៦​ឆ្នាំ​ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ដែរ​នោះ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ក៏​បារម្ភ​ដូច​គ្នា​ផង​ដែរ។​ អ្នកស្រី​ថា​ ពេល​អ្នក​ស្រី​ធំ​ដឹង​ក្តី​ អ្នកស្រី​រស់​នៅ​លើ​ដី​នោះ​រួច​ទៅ​ហើយ ​ហើយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ​ហើយ​ក៏​មិន​ដឹង​ថា​ជា​តំបន់​ការពារ​ដែរ។​

អ្នកស្រី​ដែល​កំពុង​ធ្វើ​ការ​ជា​អ្នក​លាង​ចាន​ឲ្យ​គេ​នៅ​ភោជនីយដ្ឋាន​មួយ ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​និយាយ​រួម​មិន​ដឹង​គិត​ថា​ ម៉េច​ទេ​ព្រោះ​អី​ថា​ យើង​នៅ​យូរ​ហើយ​កន្លែង​ហ្នឹង។ ​ឥឡូវ​គេ​ទើប​តែ​ចេញ​ថា​ ជា​តំបន់​គេ​ការពារ​អ៊ីចឹង។ ​បើ​សិន​ជា​ច្បាប់​ថា​ ឥឡូវ​ទឹក​ដី​ហ្នឹង​ជា​តំបន់​គេ​ការពារ​ ពួក​ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ទៅ​នៅ​ឯ​ណា»។​

ពួក​គេ​ទាំង​៣​នាក់​បង​ប្អូន​បាន​ស្នើ​សុំ​តុលាការ​ពន្យារ​ពេល​ចូល​បំភ្លឺ​ ដោយសារ​ពួក​គេ​កំពុង​ស្វែង​រក​មេធាវី។​

អ្នក​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ​ លោក​ ប៉ែន វុទ្ធា ​មាន​ប្រសាសន៍​ថា​ បណ្តឹង​ទៅ​តុលាការ​គួរ​តែ​ផ្អាក​សិន​ ហើយ​រក​ដំណោះស្រាយ​សម​រម្យ​ជូន​ពួក​គេ។ លោក​បញ្ជាក់​ថា ​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​តើ​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ បាន​រស់​នៅ​ក្បែរ​តំបន់​អភិរក្ស​ ហើយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​រស់​នៅ​ត​ទៅ​ទៀត។​

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង ​លោក​ ម៉ន ផល្លា​ មាន​ប្រសាសន៍​ថា​ តំបន់​អភិរក្ស​នោះ​មាន​កន្លែង​ដែល​ពលរដ្ឋ​អាច​រស់​នៅ​បាន​និង​កន្លែង​ដែល​ហាម​ឃាត់។

លោក​បញ្ជាក់​ថា៖ ​«អ្វី​ដែល​គេ​ទៅ​ហាម​ឃាត់​ហ្នឹង​គឺ​ជា​ការ​រំលោភ​បំពាន​ថ្មីៗ»។​ លោក​បន្ត​ថា ​នេះ​ជា​ចំណាត់​ការ​របស់​តុលាការ​ ហើយ​លោក​បង្វែរ​សំណួរ​ទៅ​តុលាការ​វិញ។​

លោក ​អ៊ុន សុវណ្ណធានី ​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ថា​ ករណី​នេះ​ត្រូវ​បាន​ប្តឹង​ដោយ​មន្ទីរ​បរិស្ថាន​ ហើយ​សំណុំ​រឿង​បាន​មក​ដល់​អយ្យការ​ តាំង​ពី​ខែ​តុលា ​ឆ្នាំ​២០១៩។​ លោក​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​របស់​ចៅ​ក្រម​ស៊ើបសួរ។​

នៅ​ពេល​សួរ​អំពី​ការ​ស្នើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ ​និង​ការ​ស្នើ​សុំ​ទម្លាក់​ការ​ចោទ​ប្រកាន់​ពី​តុលាការ​អ្នក​នាំពាក្យ​រូប​នោះ​ថា​ «ជា​ការ​ពិចារណា​និង​ការ​សម្រេច​របស់​ចៅ​ក្រម​កាន់​សំណុំ​រឿង​ផ្ទាល់»។​

គួរ​បញ្ជាក់​ថា​ តំបន់​ដែល​មាន​ជម្លោះ​នោះ​មាន​ឈ្មោះ​ថា​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ «ដង​ពែង»​ សំដៅ​ដល់​តំបន់​ក្នុង​ដែន​ដី​គោក ​និង​/ឬ​ដែន​ទឹក​ ដែល​ក្នុង​នោះ​សំបូរ​ដោយ​ប្រព័ន្ធ​ធម្មជាតិ​ ដែល​ពុំ​ទាន់​រង​ការ​បំផ្លិច​បំផ្លាញ​ និង​តម្រូវ​ឲ្យ​មាន​សកម្មភាព​គ្រប់គ្រង​ដើម្បី​ធានា​ការ​ការពារ ​ការ​ថែទាំ​ធនធាន​ជីវៈ​ចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ពេល​យូរ​អង្វែង។​

បើ​តាម​វេបសាយ​របស់​ក្រសួង​បរិស្ថាន​តំបន់​អភិរក្ស​ដង​ពែង​នេះ​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ​២៧.៧០០​ ហិកតា៕