តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ឱ្យបានស្ថិតក្រៅឃុំ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានសរសេរលិខិត និងចេញវីដេអូថ្លែងទទួលកំហុស និងសុំអភ័យទោសពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។ នេះបើតាមការបញ្ជាក់របស់មេធាវីរបស់អ្នកកាសែតឯករាជ្យរូបនោះ។
លោក ម៉ិច ដារ៉ា ត្រូវបានកម្លាំងរាជអាវុធហត្ថចាប់ខ្លួន ហើយបញ្ជូនទៅប្រឈមមុខនឹងការកាត់ទោសនៅតុលាការក្រុងភ្នំពេញ ក្រោយលោកត្រូវបានអាជ្ញាធរមូលដ្ឋាននៅស្រុកបាភ្នំ ខេត្តព្រៃវែង ចោទប្រកាន់ថា បានបង្ហោះរូបភាពមិនពិតចំនួន២សន្លឹកលើបណ្តាញសង្គម ដែលបង្ហាញពីការបំផ្លិចបំផ្លាញភ្នំឈើកាច់ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
លោក ឌុច ពិសិដ្ឋ មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា ប្រាប់សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ថា លោក ដារ៉ា ត្រូវបានដោះលែងនៅថ្ងៃត្រង់នេះ តែលោកមិនទាន់មានព័ត៌មានជុំវិញលក្ខខណ្ឌនៃការសម្រេចឱ្យលោក ដារ៉ា បានស្ថិតនៅក្រៅឃុំនោះទេ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងលក្ខខណ្ឌអីផ្សេងទៀត យើងអត់ទាន់ដឹងច្បាស់ទេ ដោយសារអត់ទាន់បានទទួលដីកាសម្រេចពីតុលាការ ចៅក្រម។ ចាំបានអាហ្នឹង។ ពេលវគ្គថ្ងៃក្រោយទៀតតាមមើល។ តែសម្រាប់ការដោះលែងថ្ងៃនេះ យើងមានការសប្បាយចិត្តដែរ»។
ការដោះលែងលោក ម៉ិច ដារ៉ា កើតឡើងក្រោយមេធាវីបានដាក់លិខិតលើកទីពីរជូនតុលាការ ដើម្បីស្នើឱ្យកូនក្តីបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីលោក ដារ៉ា បានចេញសេចក្តីថ្លែងការណ៍សុំទោសថ្នាក់ដឹកនាំកម្ពុជា។
ការសម្រេចដោះលែងលោក ម៉ិច ដារ៉ា កើតឡើងតែមួយថ្ងៃក្រោយការបិទបញ្ចប់ទស្សនកិច្ចរបស់ប្រធានទីភ្នាក់ងារ USAID អ្នកស្រី Samantha Power ដែលបានថ្លែងក្នុងសន្និសីទព័ត៌មានមួយក្នុងទីក្រុងភ្នំពេញថា ទីភ្នាក់ងារ USAID បានតាមដានករណីរបស់លោក ម៉ិច ដារ៉ា យ៉ាងដិតដល់ ហើយក៏បានជួបជាមួយគ្រួសាររបស់អ្នកកាសែតរូបនោះផងដែរ។
ក្នុងសំណុំរឿងលោក ម៉ិច ដារ៉ា អ្នកស្រីក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតផងដែរ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានឱកាសបានជួបគ្រួសារលោក ដារ៉ា ហើយបានលើកឡើងបញ្ហានេះ ជាមួយករណីដែលគួរឱ្យបារម្ភផ្សេងៗទៀត ក្នុងជំនួបរបស់ខ្ញុំជាមួយលោកនាយករដ្ឋមន្ត្រីថ្ងៃនេះ។ ករណីទាំងនេះមានលក្ខណៈរសើប ប៉ុន្តែខ្ញុំគូសបញ្ជាក់ថា យើងបានសង្កត់ធ្ងន់អំពីការគាំទ្ររបស់ពួកយើងដើម្បីស្វែងរកដំណោះស្រាយជាវិជ្ជមាន»។
មុនពេលលោក ដារ៉ា ត្រូវបានដោះលែងដោយតុលាការនៅថ្ងៃព្រហស្បតិ៍នេះ លោកបានជាប់ក្នុងពន្ធនាគារខេត្តកណ្តាលជិតមួយខែ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា លោក ដារ៉ា ត្រូវបានដោះលែងឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយមានលក្ខខណ្ឌមួយចំនួនរបស់តុលាការដើម្បីបន្តនីតិវិធី។
លោកបន្ថែមថា៖ «ទោះយ៉ាងណាក៏ដោយ យើងអបអរចំពោះលោក ម៉ិច ដារ៉ា ដែលមានសេរីភាពវិញ ប៉ុន្តែការដោះលែងនេះ វាជាការដោះលែងក្រៅឃុំបណ្តោះអាសន្ន ហើយនីតិវិធីនៅតុលាការចេះតែបន្ត»។
បើតាមលោក អំ សំអាត ការសម្រេចរបស់តុលាការដោះលែងលោក ម៉ិច ដារ៉ា កើតឡើង ក្រោយមានការអំពាវនាវពីក្រុមអ្នកការពារសិទ្ធិមនុស្ស សហគមន៍អន្តរជាតិ ក៏ដូចជាបណ្តាស្ថានទូតនានា ដែលបានស្នើសុំឱ្យមានការទម្លាក់បទចោទប្រកាន់លើលោក ដារ៉ា ដើម្បីឱ្យលោកមានសេរីភាពពេញលេញក្នុងការប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៌មានឡើងវិញ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ ដោយលោកមិនឆ្លើយសំណួរផ្ញើជូនតាមតេឡេក្រាម។
លោក ម៉ិច ដារ៉ា ត្រូវគេស្គាល់ថា ជាអ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ឬ online scams និងធ្លាប់ទទួលបានពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីប្រធានបទដ៏រសើបទាំងនោះ៕