តុលាការ​បញ្ចាំង​ភស្តុតាង​បន្ថែម​ដែល​មាន​ទំនាក់​ទំនង​នឹង​លោក សម រង្ស៊ី ក្នុង​សវនាការ​កញ្ញា សេង ធារី និង​សកម្មជន​ផ្សេង​ទៀត

កញ្ញា សេង ធារី លើក​ម្រាមដៃ​៣ មុន​ចូលបន្ទប់​សវនាការ​នៅ​តុលការ​ក្រុង​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

តុលាការ​ក្រុង​ភ្នំពេញ​ បន្ត​សវនាការ​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ គឺ​កញ្ញា​ សេង​ ធារី​ និង​សកម្ម​ជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ និង​ញុះញង់ ​ពាក់ព័ន្ធ​ការ​គាំទ្រ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​មិន​ជោគ​ជ័យ​របស់​លោក ​សម​ រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។​

មុន​ពេល​ចូល​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កញ្ញា​ សេង ធារី​ ដែល​ជា​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​ផង​នោះ​ ត្រូវ​គេ​ឃើញ​ស្លៀកពាក់បែប​តារា​សម្តែង​វិញ​ម្តង​ដោយ​ដៃ​កាន់​ផ្កា​ឈូក​រ័ត្ន ​និង​ទង់ជាតិ​ខ្មែរ​ ដង​ខ្លួន​មាន​លម្អ​ដោយ​គ្រឿង​អលង្ការ​ និង​បាន​ស្រែក​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ និង​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់។​

បើ​តាម​កញ្ញា​ សេង ធារី ​សំណុំ​រឿង​ក្បត់ជាតិ​ដ៏​ចម្រូង​ចម្រាស​របស់​កញ្ញា​ និង​សកម្ម​ជន​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​បាន​តុលាការ​បើក​ការ​ជំនុំ​ជម្រះ​នោះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ឈុតឆាក​សម្តែង​ល្ខោន​នយោបាយ​ដែល​រៀបចំ​ដោយ​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។​

កញ្ញា​និយាយ​ថា៖​ «បើ​អ៊ីចឹង​បាន​ជា​យើង​ដឹង​ថា​ នេះ​ជា​ល្ខោន​នយោបាយ។ ​ ពេល​យើង​ចូល​ល្ខោន​ ​យើង​ទៅ​សម្តែង​ ឬ​ទៅ​មើល​ការ​សម្តែង​ បើ​អ៊ីចឹង​មក​ពី​គេ​ជំរុញ​ឱ្យ​ខ្ញុំ​សម្តែង​ គឺ​ខ្ញុំ​សម្តែង​បែប​ខ្ញុំ​ទៅ ។​ មួយ​អាទិត្យ​សម្តែង​បែប​នេះ ​អាទិត្យ​ក្រោយ​សម្តែង​បែប​នោះ។ ពួក​គាត់​សម្តែង​តាម​ការ​បញ្ជា​ពី​អ្នក​នយោបាយ។​ គាត់​ត្រូវ​ការ​សូត្រ​ប៉ារ៉ូល ​ដែល​អ្នក​នយោបាយ​បាន​និពន្ធ​ហើយ​គាត់​ត្រូវ​ការ​សូត្រ​តាម​ហ្នឹង។​ ប៉ុន្តែ​ពួក​យើង​ពួក​ខ្ញុំ​ ដែល​មាន​សេរីភាព​ មាន​ឯករាជ្យ​ភាព ​យើង​សម្តែង​តាម​របៀប​យើង​….​ អត់​មាន​អ្នក​ណា​អាច​បញ្ជា​ឱ្យ​យើង​និយាយ​ហួស​ពី​អ្វី​ដែល​ការណ៍​ពិត​ទេ»។​

យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​ចូលរួម​សវនាការ​អស់​រយៈ​ពេល​ជាង​ពីរ​ម៉ោង​ កញ្ញា​សេង ធារី​ដែល​ជា​អ្នក​តស៊ូ​មតិ​សកម្ម​មួយ​រូប​នៅ​កម្ពុជា​ បាន​ប្រាប់​អ្នក​កាសែត​ថា​ តុលាការ​បង្ហាញ​ភស្តុតាង​ដែល​ជា​ឯកសារ​របស់​អាជ្ញាធរ​ក្នុង​ការ​ដាក់​បន្ទុក​ និង​ចោទ​ប្រកាន់ រួម​មាន​វីដេអូ​មួយ​ចំនួន​របស់​លោក​ សម រង្ស៊ី ​និយាយ​ពី​ការ​វិលត្រឡប់​មក​កម្ពុជា​វិញ​ការ​ឆ្លើយ​ឆ្លង​របស់​លោក ​ឡុង​ រី​ ជា​មួយ​សា្ថប័ន​សារ​ព័ត៌មាន ​និង​រូប​ភាព​ របស់​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ភ្ជាប់​ជា​មួយ​អក្សរ​ ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក ​សម​ រង្ស៊ី ​និង​ការ​ឆ្លើយ​ឆ្លង​មួយ​ចំនួន​ទៀត។ ​

អ្នក​ជំនាញ​ច្បាប់​រូប​នេះ​ អះអាង​ថា ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​កញ្ញា​ផ្ទាល់​ និង​សកម្ម​ជន​ផ្សេង​ទៀត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​ការ​យក​ជីវិត​បុគ្គល​មក​លេង​សើច ​ឬ​ធ្វើ​ជា​ល្បែង​នយោបាយ​ទៅ​វិញ។​

កញ្ញា​សេង ធារី​ថា៖ ​«សារ​របស់​លោក ​កាក់ កុម្ភារ ​ដែល​គាត់​បាន​បង្ហោះ ​ គាត់​សុំ​ឱ្យ​ទាំង​អស់​គ្នា​គាំទ្រ​លោក ​សម រង្ស៊ី​ ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។ ​ហើយ​យើង​ថា ​ ហើយ​ម៉េច​ដែរ?​ ហើយ​ម៉េច​ដែរ?​ អាហ្នឹង​អាច​ឱ្យ​គាត់​ជាប់​គុក​១២​ឆ្នាំ​ គ្រាន់​តែ​គាត់​បង្ហោះ​សារ​ហ្នឹង?​ អា​ហ្នឹង​មិន​ឆ្កួតៗ​មែន​ទែន​ ហើយ?​អ្នក​ផ្សេង​ទៀត​ស្រដៀងៗ​គ្នា​ហ្នឹង​ឯង។ ​ មាន​តែ​ប៉ុណ្ណឹង»។​

កញ្ញា​បន្ថែម​ថា៖ ​«ហើយ​ចំពោះ​ខ្ញុំ​ អាទិត្យ​ក្រោយ​មាន​៩​សន្លឹក​តែ​សុទ្ធ​តែរូប​ភាព​ខ្ញុំ​ ពាក់​ខោអាវ​ជប់​លៀង​អី​ ដាក់​លេខ​៩​ក្នុង​ការ​រម្លឹក​ប្រជាជន​ថា​ កុំ​ភ្លេច​ថ្ងៃ​៩​ជា​ថ្ងៃ​ដែល​លោក​សម រង្ស៊ី​ វិល​ត្រឡប់​មក​វិញ​ហើយ​ខុស​អី?​អាហ្នឹង​ជា​សិទ្ធិ​របស់​ខ្ញុំ!​ នៅ​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ​ការពារ​ដោយ​ច្បាប់​ផ្សេងៗ​ទៀត​ ហើយ​មាន​តែ​ប៉ុណ្ណឹង! ហើយ​ខ្ញុំ​អាច​ជាប់គុក​ដល់​១២​ឆ្នាំ?»​

កញ្ញា សេង ធារី ឈរ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ ស្រែក​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

នៅ​លើ​ដៃ​ទាំង​សងខាង​របស់​កញ្ញា ​សេង​ ធារី​ មាន​សរសេរ​ផង​ដែរ​នូវ​លេខ​២៥២។ កញ្ញា​ពន្យល់​ថា ​សវនាការ​សព្វ​ថ្ងៃ​ អាច​ត្រូវ​បាន​ចាត់​ទុក​ថា យក​ជា​ការ​មិន​បាន​ស្របតាម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជាហើយ​អាជ្ញាធរ​ មិន​គួរ​ខ្ជះខ្ជាយ​ពេល​វេលា ​និង​ចំណាយ​ធនធាន​ជាតិ​ក្នុង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​តុលាការ​មក​លើ​កញ្ញា​ និង​សកម្ម​ជន​របស់​អតីត​គណបក្ស​ប្រឆាំង​បន្ត​ទៀត​នោះ​ទេ។​

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក​ គឺ​លោក​ ស៊ឹង សែន​ករុណា ​កត់​សម្គាល់​ថា​ សំណុំ​រឿង​របស់​កញ្ញា ​សេង ធារី​ និង​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ពាក់ព័ន្ធ​នឹង​នយោបាយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ទាំង​នោះ​ពិបាក​ទទួល​យក​នូវ​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ ​លោក​បន្ថែម​ថា​ មាន​តែ​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ​ទេ​ ទើប​អាច​បំបែក​សំណុំ​រឿង​នយោបាយ​បាន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«អ៊ីចឹង​ដំណោះ​ស្រាយ​ដែល​ល្អ​បំផុត​សម្រាប់​សម្រួល​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ​គឺ​មាន​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ហើយ​បើក​លម្ហ​សេរីភាព​ជូន​ទៅ​ដល់​ក្រុម​សកម្ម​ជន​នយោបាយ​ ឱ្យ​ពួកគេ​បង្ហាញ​ ឬ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ឱ្យ​បាន​ពេញ​លេញ​ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ ឬ​ក៏​សកម្ម​ភាព​ផ្សេងៗ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​ដោយ​កុំ​ឱ្យ​មាន​ការ​រឹតត្បិត​ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ។​អាហ្នឹង​ជាអ្វី​ដែល​គួរតែ​មាន​ការ​ពិនិត្យ​ ហើយ​នឹង​អនុវត្ត​ឱ្យ​វា​បាន​ល្អ​ប្រសើរ»។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា គិត​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​រហូត​ដល់​ខែ​មីនា ​ឆ្នាំ​២០២០ យ៉ាង​ហោច​ណាស់​មាន​អ្នក​គាំទ្រ​សកម្ម​ជន​មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត ​និង​រាជធានី​ និង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នេះ​ជិត​១៤០​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ឬ​រង​ការ​ចាប់​ខ្លួន​ទាក់​ទង​នឹង​បទ​«ក្បត់​ជាតិ» ​បទ​«រួម​គំនិត​ក្បត់» ​ឬ​បទ​«ញុះ​ញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ជា​ដើម។ ​នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

អ្នកស្រី ​ព្រុំ​ ចាន់ថា​ ភរិយា​របស់​លោក​កាក់ កុម្ភារ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​មក​ពី​អតីត​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដែរនោះមិន​យល់​ពី​ការ​ដាក់​បន្ទុក​របស់​តុលាការ​ចោទ​ប្រកាន់​ប្តី​របស់​អ្នកស្រី​ទេ​ ​ព្រោះ​អ្នកស្រី​មើល​មិន​ឃើញ​ចំណុច​ណា​ដែល​បង្ហាញ​ថា​ ប្តី​របស់​អ្នកស្រី​ក្បត់​ជាតិ​ ឬ​ញុះ​ញង់​ប្រជា​ពលរដ្ឋ​នោះ​ទេ។​ ​

អ្នក​ស្រី​ថ្លែង​ថា៖ ​«និយាយ​រួម​ទៅ​វីដេអូ ​និង​ភស្តុតាង​ដែល​ជា​សន្លឹក​ក្រដាស ​ដែល​គេ​ដាក់​បង្ហាញ​ព្រឹក​មិញ​នេះ ​ វា​គ្មាន​អ្វី​ភាព​ជាក់លាក់​ទាំង​អស់។ ​ ហើយ​យក​តែ​រូប​ភាព​បន្តិច​បន្តួច​យក​មក​ដាក់​បន្ទុកវាអ​ត់​មាន​អី​ត្រូវ​សោះ»។​

យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​ការ​គ្រោង​ទុក​របស់​តុលាការ​កញ្ញា ​សេង ធារី​ និង​សកម្ម​ជន​នយោបាយ​ជំទាស់​ផ្សេង​ទៀត​នឹង​ត្រូវ​ឡើង​មក​កាន់​សាល​សវនាការ​របស់​តុលាការ​រាជធានី​ភ្នំពេញ​សាជា​ថ្មី​ទៀត​នៅថ្ងៃ​ទី​៥ ​ខែ​មេសា​ខាង​មុខ​នេះ៕