តុលាការ​លើក​ពេល​កាត់ទោស​ព្រះតេជគុណ​លួន សូវ៉ាតព្រោះ​ភាន់​ច្រឡំ

  • ហេង​ រស្មី​

ព្រះតេជគុណ ​លួន សូវ៉ាត ជា​​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​អង្គ​នៅ​ប្រទេស​កម្ពុជា។

នេះ​ជា​លើក​ដំបូង​ហើយមិនធ្លាប់ឃើញ​កើត​មាន​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​ទៅ​លើ​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​ប្រឆាំង​ជំទាស់​ នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ជា​ព្រះ​សង្ឃ​ដ៏​សកម្ម​មួយ​អង្គ។​

តាម​ដីការ​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បើក​សវនាការ​ពេញ​អង្គសេចក្តី​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ព្រះ​តេជ​គុណ​ លួន សូវ៉ាត​ និង​ លោក​ សួន សេរីរដ្ឋា​ ប្រធាន​ចលនា​អំណាច​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក។​ ក្នុង​បទ​ចោទ​ប្រកាន់​ដូច​គ្នា​ពីបទ​ «ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋអាទិ៍»ដែល​បទ​ល្មើស​នេះ​បាន​ប្រព្រឹត្ត​កាល​ពី​អំឡុង​ឆ្នាំ​២០១១។​

សវនការ​នេះ​បាន​ធ្វើ​ឡើងរួម​គ្នា​ ​ក្នុង​បន្ទប់​តែ​មួយ​ និង​ថ្ងៃ​តែមួយ​ដោយ​មាន​វត្តមាន​ព្រះ​តេជគុណ​ លួន សូវ៉ាត​ ចំណែក​ឯ​លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​បើក​សវនាការ​កាត់ទោស​ កំបាំង​មុខ​តែ​លោក​បាន​ឱ្យលោក​ មេធាវី​ សុខ សំអឿន​ជា​អ្នក​ការ​ពារ​ក្តី។​

បន្ទាប់​ពី​ដំណើរ​ការ​សវនាការ​បាន​បន្តិច​ដោយ​សារ​តែ​សំណុំ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​និង​មិន​មាន​ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ ​ទៅ​លើ​ព្រះ​តេជគុណ​លួន សូវ៉ាតនោះ ​តុលាការ​បាន​បំបែក​សំណុំ​រឿង​ព្រះ​តេជគុណ​ចេញ​ពី​សំណុំ​រឿង​លោក​ សួន សេរី​រដ្ឋា។​

លោក​ មាស ច័ន្ទពិសិដ្ឋ​ តំណាង​អយ្យការ​របស់​តុលាការ​បាន​ប្រាប់​ក្នុង​អង្គសវនាការ​ថា​ការ​កោះ​ហៅ​ព្រះ​តេជគុណ​លួន សូវ៉ាត​មក​សវនការ​នៅ​ថ្ងៃ​នេះ​ជាការ​ភាន់​ច្រឡំ​មួយ​ហើយ​ក្រោយ​មក​ត្រូវ​បាន​

លោក​ តុប ឈុន​ហេង ​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​លើក​ពេល​សវនាការ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​សវនាការ​ទៅ​លើ​ព្រះ​តេជគុណ​លួន សូវ៉ាត​នឹង​ធ្វើ​ឡើង​សាជាថ្មី​នៅ​ពេល​ណា​ទេ។​

លោក​ ហម ស៊ុនរិទ្ធ​ មេធាវី​ការពារ​ក្តី​ព្រះ​តេជ​គុណ លួន​ សូវ៉ាត​ ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​ទាំង​បួន​នាក់​បាន​សំណូម​ពរ​ដល់​តុលាការឱ្យលើក​លែង​ការ​ចោទ​ប្រកាន់​ដោយ​សារ​តែ​កូន​ក្តី​របស់​លោក​ពុំ​មាន​ធាតុផ្សំ​បទ​ល្មើស​ណាមួយ​ដូច​មាន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។

​សំណុំ​រឿង​លើ​ព្រះ​តេជគុណ​ លួន សូវ៉ាត​មិន​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យថត​ចម្លង​សំណុំ​រឿង​ទេ​នៅ​ពេល​មាន​ការ​ស្នើ​សុំ​ពី​មេធាវី​ការពារ​ក្តី​ដោយ​តុលាការ​បង្គាប់​ឱ្យក្រុម​មេធាវី​ធ្វើការសិក្សា​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង។​

នៅ​ក្នុង​បន្ទប់​សវនាការ​តុលាការ​បាន​រឹត​បន្តឹង​សន្តិសុខ។​ មាន​អ្នក​សារ​ព័ត៌មាន​ខ្លះ​តុលាការបាន​អនុញ្ញាតឱ្យចូល​ក្នុង​បន្ទប់​សវនាការ​ហើយ​មួយ​ចំនួន​ទៀត​មិន​អនុញ្ញាត​ឱ្យចូល​ក្នុង​បន្ទប់​សវនាការ​ទេ។ ចំណែក​ឯ​អ្នក​យក​ព័ត៌មាន​ឱ្យវិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(VOA) ​បើ​ទោះ​បី​ជាមាន​បណ្ណ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​ក៏ដោយ​ក៏​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​សាក​សួរ​និងបាន​ដេញ​ចេញ​មិន​ឱ្យចូល​ស្តាប់​សវនាការ។ ​ក៏ប៉ុន្តែ​ដោយ​មាន​ការ​តវ៉ា​ទើប​សមត្ថកិច្ច​បាន​អនុញ្ញាត​ឱ្យចូល​ស្តាប់ក្នុង​បន្ទប់​សវនាការ។​

ព្រះតេជុណ​ លួន សូវ៉ាត​ ក្រោយ​ពី​តុលាការ​បាន​ប្រកាស​លើក​ពេល​សវនាការ​ព្រះ​អង្គ​បាន​មាន​សង្ឃដីការ​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​អគារ​របស់​តុលាការ​ថា ​រឿង​ក្តី​ទៅ​លើ​ព្រះ​អង្គ​ជា​រឿង​អយុត្តិធម៌​និង​បាន​ភ្ជាប់​ករណី​នេះ​ទៅ​ជា​រឿង​នយោបាយ។​

ព្រះតេជគុណ​នៅ​តែ​បញ្ជាក់​ពី​ភាព​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូច​មាន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។​

ព្រះ​តេជគុណ​មាន​សង្ឃដីការ​ថា៖«​ពី​ព្រោះ​រូប​ភាព​អាត្មា​ធ្វើ​រាល់​ថ្ងៃ​វាមាន​រូប​ភាព​អ្វី​ឧក្រិដ្ឋ?​ វា​អត់​មាន​។​សកម្មភាព​ក៏អត់ឧក្រិដ្ឋ​ និយាយ​ក៏អត់ឧក្រិដ្ឋ​ ធ្វើ​ក៏អត់​ឧក្រិដ្ឋ​អញ្ចឹង​បើ​ចោទ​អាត្មា​ ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​វា​ខុស​អំពី​ការ​ពិត។ ​អញ្ចឹង​អាត្មា​យល់​ថា​អំណាច​របស់​តុលាការ​ដែល​ប្រើ​ក្នុង​ពេល​នេះ​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​ដើម្បី​បើ​យើង​និយាយ​ទៅ​វា​អាច​ជា​ថ្នាំ​ពុល​មួយ​ដែរ។ ​តែកាលណា​រក​ថ្នាំ​បន្សាប​មិន​ទាន់​វា​អាច​ពុល​ស្លាប់»។​

លោក​ អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​តាម​ដាន​ឃ្លាំ​មើល​សវនាការ​នេះ​មាន​ប្រសាសន៍​ថា​ការ​ភាន់​ច្រលំ​របស់​តុលាការ​ជា​កំហុស​នីតិវិធី​មួយ​ដ៏​ធ្ងន់​ធ្ងរ​របស់​តុលាការ​នៅ​ក្នុង​សំណុំ​រឿង​នេះ។

លោក​មាន​ប្រសាសន៍​ថា​«​រឿង​នេះ​ស ​បញ្ជាក់​ថា​រឿង​នេះ​ត្រឡប់​ត្រឡិន​ បាយ​បិណ្ឌ​ជា​បាយ​បាត។​ដោយ​សារ​តែ​មិន​មាន​ភស្តុតាង​ណា​មួយ​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ព្រះ​តេជគុណ​លួន សូវ៉ាត​នោះ​បាន​ជា​មួយ​លើក​ហើយ​មួយ​លើក​ទេ។ បង្វិល​ទៅ​បង្វិល​មក​ៗ​ធ្វើ​ឱ្យមាន​ការ​ភាន់​ច្រឡំ​សូម្បី​តែ​តុលាការ​ក៏​មាន​ការ​ភាន់​ច្រឡំ​ខ្លួន​ឯង​ដែរ»។​

នៅ​ខាង​ក្រៅ​អគារ​តុលាការ​ព្រះ​សង្ឃ​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​មក​តវ៉ា​ដើម្បី​ទាម​ទាររក​យុត្តិធម៌​ចំពោះ​ព្រះ​តេជគុណ​ លួន សូវ៉ាត។ ​ក៏ប៉ុន្តែ​ការ​តវ៉ានេះ​មិន​មាន​ការ​បង្ក្រាប​ពី​កម្លាំង​មាន​សកម្មកិច្ច​ទេ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ស្រុក​ចំនួន​១៦បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​បាន​អំពាវ​នាវ​ដល់​តុលាការ​លើក​លែង​បទ​ចោទ​ដែល​មិន​ត្រឹម​ត្រូវ​ទៅ​លើ​ព្រះ​តេជ​គុណ​លួន សូវ៉ាត​ ជា​បន្ទាន់​ដោយ​សារ​ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​រារាំង​មិន​ឱ្យព្រះ​សង្ឃ​បញ្ចេញ​មតិ។​

ព្រះ​តេជគុណ​ លួន សូវ៉ាត​ បាន​ទទួល​ពាន​រង្វាន់​ Martin Ennal ​កាល​ពី​ខែតុលា​ឆ្នាំ​២០១២។ ពាន​រង្វាន់​នេះ​បាន​ផ្តល់​ដល់​ព្រះ​អង្គ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​សកម្ម៕