សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ បានច្រានចោលការស្នើរបស់អតីតអ្នកសារព័ត៌មានពីរនាក់របស់វិទ្យុអាស៊ីសេរី (RFA) ដែលសុំឲ្យតុលាការជាន់ខ្ពស់មួយនេះ លុបចោលការដាក់ឲ្យអ្នកទាំងពីរស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្នុងសំណុំរឿងផ្តល់ព័ត៌មានដល់រដ្ឋបរទេស។ យ៉ាងណាក៏ដោយ អតីតអ្នកយកព័ត៌មានទាំងពីរនាក់បានអះអាងថា ពួកគេលែងមានកាតព្វកិច្ចចូលទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលតទៅទៀតហើយ។
លោក យាង សុធារិន្ទ បានប្រាប់ក្រុមអ្នកកាសែតនៅក្រៅសាលាឧទ្ធរណ៍ថា ចៅក្រមជំនុំជម្រះបានប្រាប់លោកថា សហការីលោកនិងរូបលោក «អាច» មិនទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលដោយហេតុថា ដំណាក់កាលស៊ើបសួររឿងក្តីរបស់លោកគឺត្រូវបានបិទបញ្ចប់ ហើយពួកលោកទាំងពីរកំពុងរង់ចាំការជំនុំជម្រះថា មានទោស ឬគ្មានទោសនោះ។
«យើងខ្ញុំសប្បាយចិត្តដែរនៅថ្ងៃហ្នឹង បន្ទាប់ពីការសួរដេញដោល បន្ទាប់ពីការសាកសួរគ្នាទៅ គឺធ្វើឲ្យពួកខ្ញុំយល់ច្បាស់ថា មែនទែនទៅ ពួកខ្ញុំហ្នឹងស្ថិតនៅ លែងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហើយ។ ហើយយើងវាអត់ដឹង ហើយអ៊ីចឹង មែនទែនបើយើងអត់បានប្តឹងសាលាឧទ្ធរណ៍ថ្ងៃហ្នឹង ក៏អត់មាន យើងក៏អត់មានការជជែកបកស្រាយឲ្យយើងយល់ច្បាស់អាហ្នឹងដែរ»។
លោកបន្តថា នៅពេលខាងមុខនេះ លោកនឹងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំយកលិខិតឆ្លងដែនរបស់លោកត្រឡប់មកវិញ។
«ជំហានបន្ទាប់ខ្ញុំហ្នឹង យើងខ្ញុំនឹងប្តឹងទៅចៅក្រមជំនុំជម្រះ តុលាការសាលាដំបូងហ្នឹងដើម្បីស្នើសុំលិខិតឆ្លងដែន ដើម្បីខ្ញុំអាចមានលទ្ធភាពធ្វើដំណើរទៅដែនដីកម្ពុជាក្រោមបានបាទ»។
យ៉ាងណាក្តី មិនមានភាពច្បាស់លាស់ថា ពួកអ្នកទាំងពីរនឹងអាចឈប់ទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលបានទេ ព្រោះចៅក្រមសាលាឧទ្ធរណ៍បានត្រឹមបញ្ជាក់ថា ពួកអ្នកទាំងពីរអាចទៅបង្ហាញខ្លួនក៏បាន និងមិនចាំបាច់ទៅបង្ហាញខ្លួនក៏បាន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួន ឈិន។ លោក ឈិន ថាលោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីប្តឹងទាមទារសម្ភារៈដែលតុលាការជាន់ទាបបានបង្កកទុក ក្រោយការរឹបអូសរបស់សមត្ថកិច្ច។
«ពួកយើងនឹងធ្វើការជាមួយមេធាវីយើង ដើម្បីស្នើសុំទៅខាងចៅក្រមជំនុំជម្រះ សុំវត្ថុតាងហ្នឹង»។
លោក សំ ចំរើន មេធាវីការពារក្តីអតីតអ្នកសារព័ត៌មានទាំងពីរនាក់របស់វិទ្យុអាស៊ីសេរីមានប្រសាសន៍ថា សាលាឧទ្ធរណ៍បានច្រានចោលសំណើរបស់កូនក្តីលោក ចំពោះការសុំមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ តែខាងភាគីចៅក្រមជំនុំជម្រះនិយាយថា ក្នុងសំណុំរឿងកូនក្តីលោកនេះ មិនមានការសម្រេចរបស់តុលាការណាមួយផ្សេងទៀត ដែលតម្រូវឲ្យកូនក្តីលោកស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនោះទេ។
«បន្ទាប់ពីការសួរដេញដោលតុលាការយល់ឃើញថា នៅក្នុងសំណុំរឿងហ្នឹង មិនមានសេចក្តីសម្រេចដោយឡែកណាមួយ ដើម្បីបន្តការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យទៀតទេ។ តែមូលហេតុដែលយើងប្តឹងឧទ្ធរណ៍កន្លងមកនេះ យើងឃើញ ពិនិត្យឃើញថា នៅក្នុងដីកាដំណោះស្រាយហ្នឹង វាមានសរសេរថា ដាក់ឲ្យពួកគាត់ហ្នឹងស្ថិតនៅក្រោមការត្រួតពិនិត្យ។ អ៊ីចឹងហើយ តាមទិដ្ឋភាពជាក់ស្តែងហ្នឹង រៀងរាល់ខែហ្នឹង អាការណ៍ទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចនៅមូលដ្ឋាន គឺទៅរាល់ខែរហូត ហើយចេញក្រៅប្រទេស ចេញអី គឺយើងមិនហ៊ាន ដោយសារថា ឃើញសេចក្តីហ្នឹងនៅក្រឡែតៗ ធ្វើម៉េចនឹងហ៊ានបំពាន»។
អតីតអ្នកយកព័ត៌មានទាំងពីរគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ពីបទផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ប្រសិនបើត្រូវបានរកឃើញថាមានទោសមែននោះ អ្នកទាំងពីរអាចត្រូវជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ។
កាលពីខែសីហា ឆ្នាំ ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោះលែងឲ្យអ្នកទំាងពីរបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៩ ខែ។ សាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាក់ហេតុផលនៃការដោះលែងអ្នកទាំងពីរនោះទេ។
លោក ធូ មណី ចៅក្រមសាលាឧទ្ធរណ៍ដែលធ្វើការជំនុំជម្រះបណ្តឹងរបស់អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ មិនឆ្លើយសំណួររបស់ VOA ថា អ្នកទាំងពីរពិតជាលែងត្រូវទៅបង្ហាញខ្លួននៅមុខអាជ្ញាធរមានសមត្ថកិច្ចទេ។
«ចាំមើលសំណុំរឿងមែនទែនទៅ ខ្ញុំជាប់រវល់បន្តិច»។
រឿងក្តីរបស់អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងពីរនាក់នេះ បានរងការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ដោយសាររឿងនេះមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។
ក្នុងសប្តាហ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រឆាំងអតីតអ្នកកាសែតទាំងពីរនាក់នេះផងដែរ។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានថ្លែងក្នុងសេចក្តីប្រកាសមួយថា៖ «អតីតអ្នកកាសែត RFA ពីរនាក់ គឺជាជនរងគ្រោះនៃការវាយប្រហាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើស្ថាប័នសារព័ត៌មាន ដែលហ៊ានចេញផ្សាយរបាយការណ៍ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាល»។
រីឯក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពាន (Working Group on Arbitrary) បានធ្វើសេចក្តីវិភាគតាមច្បាប់ជាតិ និងអន្តរជាតិនានាថា អតីតអ្នកកាសែតពីរនាក់នោះ គ្មានទោស ហើយពួកគេទាំងពីររូបគួរទទួលបានសេរីភាពពេញលេញ និងលទ្ធភាពទទួលបានសំណង។
ក្រុមការងារនេះបញ្ជាក់ថា គ្មានមូលដ្ឋានច្បាប់ណាមួយអាចយកមកប្រើប្រាស់ ដើម្បីធ្វើយុត្តិកម្មដកហូតសេរីភាពរបស់ពួកគេឡើយ ហើយការឃុំខ្លួនពួកគេកើតចេញពីការអនុវត្តសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិដោយសន្តិវិធី។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានបញ្ជាក់ថា ស្ថាប័នតុលាការកម្ពុជាគួរបញ្ជាក់ឲ្យច្បាស់ថា អ្នកទាំងពីរនេះ ពិតជាលែងត្រូវទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ច ក្រោយសវនាការជាអសាធារណៈរបស់អ្នកទាំងពីរនៅថ្ងៃសុក្រនេះ។ លោកអះអាង ថាតុលាការគួរទម្លាក់បទចោទប្រឆាំងអ្នកទាំងពីរ ដើម្បីបញ្ជាក់ថា កម្ពុជាពិតជាប្រទេសលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងជាប្រទេសគ្មានការគាបសង្កត់សេរីភាពរបស់អ្នកសារព័ត៌មាននោះ៕