តុលាការកំពុងបន្តស៊ើបអង្កេតសំណុំរឿងសូកប៉ាន់សាក្សីពាក់ព័ន្ធរឿងអាស្រូវស្នេហាគួរឲ្យឆ្ងល់រវាងស្រីមុំ និងលោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង។ មន្រ្តីការពារសិទ្ធិមនុស្ស៤នាក់ និងមន្រ្តីគ.ជ.ប.ម្នាក់ត្រូវឃុំខ្លួន ហើយលោកប៉ា ងួនទៀង ប្រធានវិទ្យុ VOD ទើបបញ្ចប់ការបំភ្លឺនៅតុលាការ ស្របពេលដែលមន្រ្តីអាដហុកម្នាក់ទៀតត្រូវកោះហៅសាកសួរក្នុងនាមជាសាក្សីនោះ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាលើកឡើងថា ការកោះហៅប្រធានអង្គការមួយដែលគ្រប់គ្រងវិទ្យុ VOD គឺជាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្សដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ជាជាងសាកសួររឿងនាងខុម ចាន់តារ៉ាទី ហៅស្រីមុំជាមួយលោកកឹម សុខា។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅដើម្បីសួរនាំក្នុងនាមជាសាក្សីក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងគួរឲ្យសង្ស័យដែលថា នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាស្រីកំណាន់របស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការកោះហៅលោកប៉ា ងួនទៀង មកសាកសួរនេះគឺជាការគំរាមកំហែងលើអ្នកដែលសកម្មក្នុងយុទ្ធនាការទាមទារសិទ្ធិសេរីភាព។ លោកបញ្ជាក់ថា ការសាកសួររបស់តុលាការ និងចម្លើយរបស់លោកប៉ា ងួនទៀង ហាក់មិនពាក់ព័ន្ធនឹងសំណុំរឿងនេះទេ។
លោកបន្ថែមថា៖
«ទី១លោកប៉ា ងួនទៀង នេះគាត់សកម្មណាស់នៅក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដើម្បីទាមទារឲ្យដោះលែងអ្នក៥នាក់ហ្នឹង។ ទី២លោកក៏សកម្មក្នុងការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ហ្នឹង។ អញ្ចឹងការកោះហៅទោះបីជាក្នុងនាមសាក្សីក៏ដោយ ក៏ខ្ញុំគិតថា វាពាក់ព័ន្ធជាមួយនឹងការទាមទារយុទ្ធនាការនៃថ្ងៃច័ន្ទពណ៌ខ្មៅ ហើយកៀកពេលបោះឆ្នោតមកដល់ផងដែរ»។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា មានប្រសាសន៍ថា សំណុំរឿងនាងខុម ចាន់តារ៉ាទី និងលោកកឹម សុខា ជារឿងបុគ្គលពាក់ព័ន្ធនឹងនយោបាយ ហើយតុលាការមិនគួរកោះហៅលោកប៉ា ងួនទៀង មកសាកសួរនោះទេ។ លោកបន្ថែមថា ការកោះហៅនេះអាចពាក់ព័ន្ធនឹងយុទ្ធនាការអាវខ្មៅដែលដឹកនាំដោយលោកប៉ា ងួនទៀង។
លោកបញ្ជាក់ថា៖
«រាល់ថ្ងៃរដ្ឋាភិបាលហាក់ដូចជាបង្ហាញឆន្ទៈមួយគឺគាត់មិនសប្បាយចិត្តនឹងយុទ្ធនាការអាវខ្មៅទេ។ គាត់ប្រតិកម្មខ្លាំងមែនទែនគឺប្រតិកម្មទាក់ទងការតវ៉ា ទាក់ទងនឹងអាវខ្មៅ។ មូលហេតុមួយទៀតទាក់ទងរឿងបទល្មើស តើមានបទល្មើសអីដែលមានលោកប៉ា ងួនទៀង ជាសាក្សី? បើសិនមានបទល្មើសដែលលោកប៉ា ងួនទៀង ជាសាក្សី អាហ្នឹងដូចជាមិនខុសទេ។ តែបើសិនអត់មានបទល្មើសអីធំដុំទេ អញ្ចឹងការហៅសាក្សីបែបហ្នឹង ជាធម្មតាមតិអន្តរជាតិ និងជាតិ គេនឹងចោទថា ជារឿងនយោបាយ និងការគាបសង្កត់ពីតុលាការ»។
ក្រោយការសាកសួររបស់ចៅក្រមជិតមួយម៉ោង លោកប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងវិទ្យុ VOD ប្រាប់ថា ចៅក្រមលើកឡើងថា តុលាការមានភស្តុតាងជាសំឡេងរបស់លោកក្នុងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងករណីស្រីមុំ។
លោកបញ្ជាក់ថា៖
«គេ[ចៅក្រម]ថា គេមានភ័ស្តុតាងជាសំឡេង មានភ័ស្តុតាងចម្លើយអ្នកមុនអីអញ្ចឹង គេឆ្លើយថា ពាក់ព័ន្ធនឹងខ្ញុំ។ ប៉ុន្តែគ្រាន់តែគេអត់បង្ហាញថា ចម្លើយពាក់ព័ន្ធយ៉ាងម៉េច ខ្ញុំក៏មិនច្បាស់ថា តើការទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកណាខ្លះ? រឿងអីខ្លះ? និយាយម៉េចខ្លះ? ខ្ញុំវាអត់ច្បាស់ដែរ។ ខ្ញុំអត់ចាំ»។
លោកប៉ា ងួនទៀង បន្ថែមថា លោកមិនបារម្ភថា តុលាការនឹងឃាត់ខ្លួនលោកនោះទេ ដោយលោកអះអាងថា លោកមិនបានធ្វើខុសច្បាប់។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ VOA តាមប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច Telegram ថា ចម្លើយរបស់លោកប៉ា ងួនទៀង ក្នុងនាមជាសាក្សី បានផ្តល់នូវប្រយោជន៍ជាច្រើនដល់ការស៊ើបសួរ។ លោកបន្ថែមថា តុលាការសម្រេចបន្តការស៊ើបសួរ តែលោកមិនបានប្រាប់អំពីនីតិវិធីបន្ទាប់នោះទេ។
លោកបន្ថែមតាមអត្ថន័យដើមថា៖
«ចៅក្រមស៊ើបសួរមិនអាចបង្ហាញ ឬប្រាប់អំពីចំណាត់ការស៊ើបសួរបន្តជូនសាធារណមតិបានទេ ព្រោះវាជាការសម្ងាត់នៃការស៊ើបសួរ»។
លោកប៉ា ងួនទៀង ប្រធានអង្គការម្នាក់សកម្មក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សកំពុងជាប់ឃុំ ហើយលោកបានបង្ហោះរូបភាពស្លៀកពាក់ខ្មៅជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជារៀងរាល់ថ្ងៃច័ន្ទ។
មន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំរួមមានលោកនី សុខា លោកយី សុខសាន្ត លោកណៃ វង់ដា លោកស្រីលឹម មុនី និងមន្ត្រីគ.ជ.ប.គឺលោកនី ចរិយា។ ពួកគេត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថាបានសូកប៉ាន់សាក្សី និងផ្សំគំនិតសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេចោទថា មានទំនាក់ទំនងស្នេហាជាមួយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕