គ្រួសារ​រូហ៍រើរ៍​នៅ​អាមេរិក​​អភិរក្ស​តន្ត្រី​ហាវ៉ៃ

ឡូរី​និង​ឌ្យែក​ផ្សព្វផ្សាយ​តន្ត្រី​ហាវ៉ៃដែលអាច​នឹង​បាត់បង់.

កោះ​ម៉ូអ៊ី រដ្ឋ​ហាវ៉ៃ៖ នៅ​ក្នុង​បន្ទប់​ថត​សម្លេង​ក្នុង​ផ្ទះ​ នៅ​ក្បែរ​ទី​ក្រុង​តូច​ ហាអ៊ីគុ (Ha’iku) នៃ​កោះ​ ម៉ូអ៊ី (Maui)​ អ្នកស្រី​ ឡូរី (Laurie)​ និង​ លោក​ ឌ្យែក រូហ៍រើរ៍ (Jake Rohrer) បាន​ប្រើ​ពេល​នៃ​ការ​ចូលនិវត្តន៍​របស់​ខ្លួន​ ដើម្បី​រក្សា និង​លើកស្ទួយ​អ្នក​ចម្រៀង​មិន​សូវ​មាន​ឈ្មោះ ប៉ុន្តែ​មាន​ទេពកោសល្យ​បំផុត​ ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ​ហាវ៉ៃ។ ដំណើរការ​នេះ​ គឺ​ជា​ការ​រក្សា​វប្បធម៌​ហាវ៉ៃ។

អ្នក​ស្រី​ ឡូរី បានវែល (Laurie Barnwell) បាន​រក​ឃើញ​សេចក្តី​រីករាយ​របស់​នាង​នៅ​ក្នុង​វ័យ៨​ឆ្នាំ​ នៅ​ពេល​ដែល​គ្រួសារ​ដែល​ជា​កងទ័ព​របស់​នាង​ បាន​បោះ​ទី​តាំង​នៅ​កំពង់ផែ​ ភើល ហារ៍ប៊័រ (Pearl Harbor)​ នៅ​កោះ​ អោហូ (Oahu) របស់​រដ្ឋ​ហាវ៉ៃ។​ អ្មកស្រី​ បានវែល និយាយ​ថា៖

«ខ្ញុំ​ស្រឡាញ់​រដ្ឋ​ហាវ៉ៃ​យ៉ាងខ្លាំង​ ហើយ​ក៏​ស្រឡាញ់​ការ​ពិពណ៌នា​រដ្ឋ​នេះ​តាម​រយៈ​តន្ត្រី​ផង​ដែរ»។

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ លោក ​ឌ្យែក រូហ៍រើរ៍ បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ទី​ក្រុង​ អែល ស៊ើរ៍រីតូ (El Cerrito)​ រដ្ឋ​ កាលីហ្វ័រនី កន្លែង​ដែល​លោក​បាន​ក្លាយ​ជា​មិត្ត​ជាមួយ​លោក​ ដ្យន ហ្វូឌ្យើទី (John Fogerty)​ និង​ក្រុម​តន្ត្រីករ​មួយ​ចំនួន​ទៀត​ ដែល​ក្រោយ​មក​បាន​បង្កើត​វង់​ភ្លេង​រ៉ុកខិនរ៉ុល​ មាន​ឈ្មោះ​ថា​ Creedence​ Clearwater​ Revival។​ លោក​ រូហ៍រើរ៍​ បាន​ធ្វើ​ដំណើរ​ ជាមួយ​ក្រុម​ភ្លេង​នោះ​ ក្នុង​នាម​ជា​អ្នក​ចាត់ការ​ម្នាក់។​ សែសិប​ឆ្នាំ​ក្រោយ​មក លោក​ក្រឡេក​មើល​អតីតកាល​ទាំងនោះ​ថា ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ។​ លោក​ រូហ៍រើរ៍​ ថ្លែង​ថា៖

«សប្បាយ។​ រំភើប​ និង​មើល​ឃើញ​លើក​ដំបូង​បង្អស់​ ដល់​មុខ​របរ​តន្ត្រី​គ្រប់​មជ្ឈដ្ឋាន​ និង​របៀប​ដែល​តន្ត្រី​ដំណើរការ»។

គ្រួសារ​បានវែល បាន​តាំង​លំនៅ​នៅ​ក្នុង​ទី​ក្រុង​ អែល ស៊ើរ៍រីតូ កន្លែង​ដែល​ អ្នក​ស្រី​ឡូរី និង​លោក ឌ្យែក បាន​ជួប​គ្នា និង​រៀប​អាពាហ៍​ពិពាហ៍​ ដែល​ម្នាក់ៗ​សុទ្ធ​តែ​ធ្លាប់​រៀបការ​ម្តង​រួច​ទៅ​ហើយ។ នៅ​ក្នុងឆ្នាំ​១៩៩៦​ ដោយ​កូន​របស់​ពួកគាត់​ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​ ហើយ​រស់​នៅ​ដោយ​ឯករាជ្យ​នោះ​ គ្រួសារ រូហ៍រើរ៍​ បាន​សម្រេច​ចិត្ត​ទៅ​ចូលនិវត្តន៍​នៅ​កោះ​ ម៉ូអ៊ី។ អ្នកស្រី​ ឡូរី រំពេច​នោះ​ក៏​បាន​រំឮក​ឡើងវិញ​នូវ​ការ​ពេញចិត្ត​របស់​អ្នកស្រី​ចំពោះ​តន្ត្រី​ហាវ៉ៃ។​ អ្នកស្រី​ ឡូរី និយាយ​ថា៖

«តន្ត្រី​ប្រពៃណី​ហាវ៉ៃ​ ជា​គ្រូ​របស់​ខ្ញុំ។​ តន្ត្រី​នេះ​ឲ្យ​ខ្ញុំ​ដឹង​ពី​រឿង​និទាន​អំពី​ទី​កន្លែង​នានា​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ​ ឲ្យ​ខ្ញុំ​ដឹង​ថា​តើ​កន្លែង​ទាំង​នោះ​មាន​ន័យ​ដូចម្តេច​ខ្លះ​ដល់​ពលរដ្ឋ​ហាវ៉ៃ​ ហើយ​តន្ត្រី​នោះ​ភ្ជាប់​និស្ស័យ​ខ្ញុំ​ទៅ​កន្លែង​ទាំង​នេះ និង​វប្បធម៌​នេះ»។

ដោយ​មាន​ការ​ជំរុញ​ពី​ចំណូលចិត្ត​របស់​អ្នកស្រី​ ឡូរី លោក​ឌ្យែក ក៏​ចាប់ផ្តើម​ស្រឡាញ់​ពេញចិត្ត​ក្រុម​អ្នក​ចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ​ហាវ៉ៃដែរ។​ លោក​និយាយ​ថា​ អ្នក​ចម្រៀង​ទាំង​នោះ​ប្រើ​ចង្វាក់​ភ្លេង​កន្ទ្រាក់​អារម្មណ៍​ខុសប្លែក​ពី​តន្ត្រី​ផ្សេងៗ​ទៀត​ដែល​លោក​ធ្លាប់​បាន​ស្គាល់។​ លោក​ ឌ្យែក រូហ៍រើរ៍​ ថ្លែង​ថា៖

«សរសៃ​ឈាម​ជ័រ​នៃ​មរកត​វប្បធម៌​នេះ​ ហាក់​ដូចជា​រត់​ពាស​ពេញ​ខ្លួន​របស់​គេ​ ជា​ពិសេសនៅ​ក្នុង​គ្រួសារ។​ ប្រសិន​បើ​ម្នាក់​មាន​ទេពកោសល្យ​ក្នុង​សិល្បៈ​វប្បធម៌​នេះ​ គឺ​មួយ​គ្រួសារ​មាន​ទេពកោសល្យ​ស្ទើរ​តែ​ទាំងអស់​គ្នា»។

វា​ហាក់​ដូចជា​ធម្មតា​សម្រាប់​គ្រួសារ​ រូហ៍រើរ៍​ ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ទស្សនីយភាព​តន្ត្រី​ក្នុង​ស្រុក។​ លោក​ រូហ៍រើរ៍​ ​ បាន​បង្កើត​បន្ទប់​ថតសម្លេង​មួយ​នៅ​ក្នុង​រោងឡាន​ ហើយ​បាន​ថត​ ស៊ីឌី ជាមួយ​អ្នក​ចម្រៀង​ប្រពៃណី​ហាវ៉ៃ​ម្នាក់​មាន​ឈ្មោះ​ថា​ អាតា (Ata)។

ដោយ​មាន​គ្រោង​ការ​ថត​បទចម្រៀង​ច្រើន​ ក្រុម​គ្រួសារ​ រូហ៍រើរ៍​ ត្រូវការ​ផ្លាក​សញ្ញា​សម្រាប់​ថាស​ចម្រៀង​ផ្ទាល់​ខ្លួន។​ ពួក​គេ​បាន​ជ្រើស​ឈ្មោះ​ អ៊ូលូឡោ (Ululoa) ដែល​ជា​ឈ្មោះ​ដែល​សិល្បករ​ម្នាក់​នៃ​ក្រុម​សិល្បកររបស់​គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​គាត់។​ អ្នកស្រី​ ឡូរី ពន្យល់​ថា ផ្ទះ​របស់​អ្នក​ហាវ៉ៃជាច្រើន​មាន​ឈ្មោះ​ ហើយ​ឈ្មោះ​ផ្ទះ​ពួកគេ​សម​យ៉ាងពិសេស។​ អ្នកស្រី​ ឡូរី ពន្យល់​ថា៖

«អូលូឡោ មាន​ន័យ​ច្រើន​យ៉ាង​ ច្រើន​ស្រទាប់។​ ប៉ុន្តែ​វា​មាន​ន័យថា​ ការ​លូតលាស់​ច្រើន​ក្រៃលែង​ គឺ​វា​មិន​គ្រាន់​តែ​ជា​ដើម​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជា​តំណាង​ឲ្យ​ការ​លូតលាស់​នៃ​ស្មារតី​ការ​លូតលាស់​នៃ​ការ​ឆ្នៃប្រឌិត​ ហើយ​វា​តំណាង​ពិតប្រាកដ​ឲ្យ​អ្វី​ដែល​កើត​មាន​នៅ​ទី​នេះ​ គឺ​មនុស្ស​កំពុង​ធ្វើ​ឲ្យ​តូរ្យតន្ត្រី​របស់​ពួកគេ​លូតលាស់​ នៅ​ក្នុង​បន្ទប់​ថត​សម្លេង​របស់​យើង»។

វប្បធម៌​ហាវ៉ៃ​ជា​ប្រពៃណី​ប្រាប់​តៗ​គ្នា។​ ការ​និទានរឿង និង​រឿងព្រេង​ទាំងឡាយ​ត្រូវ​បាន​បញ្ជូន​ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តាម​រយៈ​ចម្រៀង។​ អ្នក​ចម្រៀង​ជាច្រើន​នាក់​បាន​និយាយ​ថា​ ដោយ​មាន​តន្ត្រី​ អ៊ូលូឡោ ក្រុម​គ្រួសារ​រូហ៍រើរ៍​ កំពុង​សង្គ្រោះ​វប្បធម៌​មួយ​ដែល​អាច​បាត់បង់​ ប៉ុន្តែ​អ្នកស្រី​ ឡូរី រូហ៍រើរ៍​ និយាយ​ថា ពួកគាត់​គ្រាន់​តែ​ព្យាយាម​ផ្សព្វ​ផ្សាយ​តន្ត្រី​ល្អៗ​តែ​ប៉ុណ្ណោះ។

ប្រែ​សម្រួល​ដោយ​ នុច សារីតា