សង្កាត់​មួយ​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ដាក់​ឱ្យ​បិទ​សកម្មភាព​សង្គម​ឡើង​វិញ​ដោយសារ​មេរោគ​កូរ៉ូណា

អ្នក​ដំណើរ​ពាក់​ម៉ាស​នៅ​លើ​រថយន្ត​ក្រុង នៅ​ក្នុង​ក្រុង Bilbao ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២០។

សង្កាត់​មួយ​ទាំង​មូល​នៃ​ភាគពាយ័ព្យ​នៃ​ប្រទេស​អេស្ប៉ាញ​កំពុង​បិទ​សកម្មភាព​មួយ​សប្តាហ៍ ពីព្រោះ​តែ​អាជ្ញាធរ​ភ័យខ្លាច​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩​ទោះបី​រដ្ឋាភិបាល​សហព័ន្ធ​បាន​បញ្ចប់​ការ​បិទ​សកម្មភាព​សង្គម​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ។

ពួកមន្រ្តី​នៅ​ក្នុង​សង្កាត់ La Marina នៅ​ក្នុង​តំបន់ Galicia បាន​ដាក់​ពួក​អ្នក​ស្រុក​ទាំងអស់​ចំនួន​៧ម៉ឺន​នាក់​នៅ​ក្នុង​សង្កាត់​នោះ​ទាំង​មូល​ឱ្យ​នៅ​ដាច់​ពី​គេ​បន្ទាប់​ពី​រង្គសាល​ជាច្រើន​នៅ​ក្នុង​តំបន់​នោះ​បាន​រាយការណ៍​ពី​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ១៩។

ការ​ធ្វើ​ដំណើរ​សំខាន់ៗ​ចេញ​ចូល​សង្កាត់​នោះ​ត្រូវ​បាន​អនុញ្ញាត​ ហើយ​ការ​ប្រមូលផ្តុំ​មនុស្ស​លើស​ពី​១០នាក់​ទៅ​ត្រូវ​បាន​ហាមឃាត់។ ការ​បិទ​សកម្មភាព​សង្គម​នេះ​នឹង​ស្ថិត​នៅ​រហូត​ដល់​ថ្ងៃសុក្រ។

ការ​ដាក់​សង្កាត់ La Marina ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ​បាន​ចាប់ផ្តើម​មួយ​ថ្ងៃ​បន្ទាប់ពី​ពួក​អាជ្ញាធរ​ក្នុង​ក្រុង Lleida នៃ​តំបន់ Catalonia បាន​បិទ​សកម្មភាព​សង្គម​ឡើង​វិញ​ដែល​បាន​ឆ្លង​មនុស្ស​ជាង​២សែន​នាក់។ លោក Jesus Vazquez Almuina រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​តំបន់ Catalonia បាន​និយាយ​ថា លោក​ចង់​បញ្ចៀស​អ្វី​ដែល​លោក​ហៅ​ថា

«ការ​កើន​ឡើង​យ៉ាង​ខ្លាំង» នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ទីកន្លែង​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ចាប់​តាំងពី​មាន​ការ​ឆ្លង​១០ករណី​ត្រូវ​បាន​បញ្ជាក់​កាលពី​២សប្តាហ៍​មុន​មក។

អេស្ប៉ាញ​ជា​ប្រទេស​ឆ្លង​ជំងឺ​កូវីដ១៩​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​មាន​ជាង​២សែន​៥ម៉ឺន​ករណី និង​មនុស្ស​ស្លាប់​២ម៉ឺន​៨ពាន់​នាក់។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កណ្តាល​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង​វិធានការ​ផ្សេងៗ​ទៀត។

ពួក​អាជ្ញាធរ​ប្រទេស​ឥណ្ឌា​បាន​បន្ត​ការ​បិទ​ពាណិជ្ជកម្ម​វិមាន​អនុស្សាវរីយ៍ និង​កន្លែង​ទេសចរណ៍​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ Agra រួម​ទាំង​ប្រាសាទ Taj Mahal នៅ​ពេល​ដែល​ករណី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​នោះ​បន្ត​កើន​ឡើង។

មាន​ការ​ឆ្លង​ជិត​២ម៉ឺន​៥ពាន់​ករណី និង​មនុស្ស​ស្លាប់​ជាង​៦រយ​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ៕