ការបាត់បង់សមត្ថភាពហិតក្លិនអាចជារោគសញ្ញាមួយដែលបង្ហាញថា អ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណាថ្មី។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅក្នុងចក្រភពអង់គ្លេស។
អង្គការ ENT UK ដែលជាក្រុមគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ និងបំពង់កនៅចក្រភពអង់គ្លេស បានបោះពុម្ភផ្សាយការសិក្សាស្រាវជ្រាវមួយដោយមានតួលេខមានកំណត់នៅឡើយ ដែលបង្ហាញថា ការបាត់បង់សមត្ថភាពហិតក្លិន ពេលខ្លះអាចកើតមានចំពោះអ្នកជំងឺ COVID-19 ទោះបីជាអ្នកជំងឺនោះមិនមានរោគសញ្ញាអ្វីផ្សេងទៀតក៏ដោយ។
លិខិតរួមគ្នាមួយរបស់អង្គការ ENT UK និងអង្គការ British Rhinological Society បញ្ជាក់ដូច្នេះថា៖«ភស្ដុតាងពីប្រទេសកូរ៉េខាងត្បូង ចិន និងអ៊ីតាលី បានបង្ហាញថា អ្នកជំងឺ COVID-19 ច្រើនគួរសមមានរោគសញ្ញាបាត់បង់សមត្ថភាពហិតក្លិន»។
លិខិតនោះបានសរសេរបន្តដូច្នេះថា៖ «នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលការធ្វើតេស្តមានភាពទូលំទូលាយច្រើន គេឃើញថា អ្នកជំងឺ COVID-19 ចំនួន ៣០% មានរោគសញ្ញាបាត់បង់សមត្ថភាពហិតក្លិន ដែលជារោគសញ្ញាសំខាន់មួយនៅក្នុងករណីស្រាលនៃជំងឺនេះ»។
បណ្ឌិតសភាសហរដ្ឋអាមេរិកនៃការសិក្សាផ្នែកត្រចៀក ច្រមុះ និងបំពង់ក បានចាប់ផ្ដើមធ្វើការលើរឿងនេះ និងបានស្នើថា ការបាត់បង់សមត្ថភាពហិតក្លិន និងការបាត់បង់សមត្ថភាពដឹងរសជាតិ គឺជារោគសញ្ញាបន្ថែមទៅនឹងរោគសញ្ញាដែលអាចណែនាំឲ្យមានការធ្វើតេស្តរកមេរោគ COVID-19។
បណ្ឌិតសភាសហរដ្ឋអាមេរិកនេះបានសរសេរនៅលើវិបសាយរបស់ខ្លួនថា៖ «ភស្តុតាងផ្អែកលើការរាយការណ៍នានាដែលមានការកើនឡើងយ៉ាងឆាប់រហ័សពីកន្លែងផ្សេងៗនៅជុំវិញពិភពលោក បានបង្ហាញថា ការបាត់បង់សមត្ថភាពហិតក្លិន និងការបាត់បង់សមត្ថភាពដឹងរសជាតិ គឺជារោគសញ្ញាដ៏សំខាន់ទាក់ទងទៅនឹងជំងឺ COVID-19»។
នៅពេលបច្ចុប្បន្ននេះ នៅក្នុងសហរដ្ឋអាមេរិក អ្នកជំងឺណាដែលចង់ធ្វើតេស្តរកមេរោគ COVID-19 ចាំបាច់ត្រូវតែជាអ្នកដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹងអ្នកជំងឺដែលមានផ្ទុកមេរោគនេះ ឬក៏អ្នកណាដែលមានរោគសញ្ញាបង្ហាញជាក់ស្ដែងដូចជាគ្រុនក្ដៅ និងក្អកស្ងួតជាដើម៕
ប្រែសម្រួលដោយ ភី សុភាដា