ការ​ចោទប្រកាន់​ក្នុង​អំពើ​ពុករលួយ​នៅ​អេស្ប៉ាញ​អាច​រារាំង​ដល់​ការ​ងើបឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច

លោក បាសេណាស (Bárcenas)

ដោយ Caroline Arbour
នៅក្នុង​ប្រទេស អេស្ប៉ាញ (Spain) ព័ត៌មានលម្អិត​ថ្មីៗ​ចេះ​តែ​បន្ត​លេចឡើង​នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ ដែល​សាយភាព​ទៅដល់​ជួរ​ថ្នាក់​ដឹកនាំ​កំពូលរបស់​គណបក្ស​កាន់​អំណាច។ ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ជឿថា​ រឿងរ៉ាវ​របស់ លោក បាសេណាស (Bárcenas) និងករណី​ជាច្រើន​ផ្សេងទៀត​នៃ​ភាព​មិនស្មោះត្រង់​ខាង​នយោបាយ​ដែលបាន​លេច​ឡើង អាច​បង្ក​បញ្ហា​ដល់​ការ​រើប​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ចរបស់​ប្រទេស​នេះ។ មាន​ភស្តុតាង​មួយ​ចំនួន​កាល​ពី​សប្តាហ៍​មុន​ ដែលថា ការ​លាតត្រដាង​កាល​ពី​ពេល​ថ្មីៗនេះ កំពុង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ការ​ជឿទុកចិត្ត​របស់​ក្រុម​អ្នក​វិនិយោគ នៅ​ពេល​ដែល​តម្លៃ​ប្រាក់​បំណុល​របស់​អេស្ប៉ាញបាន​កើន​ឡើង​ បន្ទាប់​ពីស្ថេរភាព​ល្អបង្គួរ​ក្នុង​រយៈពេល​ជាច្រើនខែកន្លងមកនេះ។ បរាជ័យ​ណាមួយ​របស់​អេស្ប៉ាញ​អាច​បង្ក​ឱ្យមាន​ការប៉ះទង្គិច​នៅ​ទូទាំង​តំបន់​ដែលប្រើប្រាស់​ប្រាក់​អឺរ៉ូ។ Caroline Arbour ​រាយការណ៍​សម្រាប់​វីអូអេ ពីទីក្រុង​ ស៊ីវីល (Seville) ។​
នៅ​ពេល​ដែល​កាសែត​អេស្ប៉ាញ អែល ប៉ែស (El País) ​បាន​បោះពុម្ព​ផ្សាយ​បញ្ជី​គណនេយ្យចេញ​ចូល​ដែលសរសេរ​ដោយ​ដៃ​ កាលពី​ពីរ​សប្តាហ៍​មុន​ ដែល​បាន​បង្ហាញ​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​ Partido Popular បាន​ប្រតិបត្តិ​ការ​មូលនិធិប្រកបដោយ​ភាព​មិន​ស្អាត​ស្អំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមមន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស ដូច​ជា​លោក​នាយករដ្ឋមន្ត្រី ម៉ារីយ៉ាណូ រ៉ាជយ (Mariano Rajoy)។ គណបក្ស​នេះ​បាន​វាយបកមកវិញ ដោយ​បាន​ចោទ​សួរ​អំពី​យថាភាព​នៃ​បញ្ជីនេះ។​ ​
នៅ​ក្នុង​សប្តាហ៍​នេះ​ កាសែត​ អែល ប៉ែស បាន​រាយការណ៍​ថា អ្នក​ជំនាញ​ខាង​ពិនិត្យ​អក្សរ​សរសេរ​ដោយ​ដៃ​បាន​បញ្ជាក់ថា​ ឯកសារ​នេះ​មាន​ភាពពិតប្រាកដ ហើយ​គ្មាន​សញ្ញាណ​ណាមួយ​បញ្ជាក់​ពីការកែ​ច្នៃ​នោះ​ទេ។
បន្ថែម​ពីនេះ​ទៀត មានការ​លាត​ត្រដាងដែល​ថា គណបក្ស​នេះបាន​បន្ត​រហូតដល់ខែ​ធ្នូរ​ ដើម្បី​ធ្វើការ​បង់ប្រាក់​បំណាច់​ការងារទៅ​ឱ្យ​មនុស្ស​ម្នាក់ ដែល​ស្ថិតនៅ​ចំកណ្តាល​នៃ​រឿង​អាស្រូវ​នេះ គឺ​អតីតហិរញ្ញិក​របស់​គណបក្ស​នេះ។
ប្រការ​នេះ​ហើយ ​ទើបសូម្បី​តែ​ លោក ឡូវីស បាសេណាស​ (Luis Bárcenas) ក៏​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេតដែរ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩មក​ម៉្លេះ។
វា​គ្រាន់​តែជា​រឿងរ៉ា​វមួយ​ថ្មី​បំផុត​ ក្នុង​ចំណោម​ការ​ចោទប្រកាន់​អំពី​អំពើពុករលួយ​យ៉ាង​ច្រើន ដែល​បាន​ក្លាយ​ជា​ចំណង​ជើង​សារព័ត៌មាន​នៅក្នុង​ប្រទេសអេស្ប៉ាញ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយបាន​ធ្វើ​ឱ្យ​វិធានការ​រឹតបន្តឹង​ផ្នែក​សេដ្ឋកិច្ច​ក្លាយ​ទៅជា​គ្រាប់​ថ្នាំ​យ៉ាង​ល្វីង​ដែល​ពិបាក​នឹង​លេប​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​អេស្ប៉ាញ។​
លោក ជីសើស លីហ្សកាណូ (Jesús Lizcano) ជា​ប្រធាននៃ​អង្គការ​តម្លាភាព​អន្តរជាតិ​របស់​អេស្ប៉ាញ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅឯ​សាកលវិទ្យាល័យ​ស្វ័យភាព​ម៉ាឌ្រីត (Autonomous University of Madrid)។
លោក​ថ្លែង​ថា រឿង​អាស្រូវ​ក្នុង​អំពើ​ពុករលួយ​ពិត​ជា​បាន​ប៉ះពាល់​ដល់​មុខ​មាត់​របស់​អេស្ប៉ាញ និង​មិន​បាន​ជួយ​ដល់​ការទាក់ទាញ​មូលធន​បរទេស​ឡើយ។
ប៉ុន្តែ​លោក​ លីហ្ស​កាណូ ជឿជាក់​ថា ឥទ្ធិពល​ជារួម​ទៅ​លើ​ទំនុក​ចិត្ត​របស់​ក្រុម​អ្នក​វិនិយោគ​នឹង​មានកម្រិត។
លោក​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​តារាង​បញ្ជី​អំពើពុករលួយ​ចុងក្រោយ​បំផុត​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រទេស​អេស្ប៉ាញ​ស្ថិត​ក្នុង​លេខ​រៀង​ទី​៣០​ នៅក្នុង​ចំណោម​១៧៦​ប្រទេស។​
លោក​ថ្លែង​ថា លេខ​រៀង​នេះ​មិន​អាក្រក់​ពេក​នោះ​ទេ ទោះបី​ជានៅ​មាន​ចំណុច​ដែល​ត្រូវ​កែលម្អក៏ដោយ។
ទោះជាយ៉ាងនេះក្តី ក្រុម​អ្នកវិភាគ​ទីផ្សារ​មួយ​ចំនួន​បាន​ទស្សទាយ​មើល​ពី​ពេល​វេលា​ដ៏​លំបាក​នៅ​ពេល​ខាងមុខ។
ព័ត៌មាន​ស្តីពី​រឿងរ៉ាវ​របស់ បាសេណាស បានបង្ក​ឲ្យ​តម្លៃ​ប្រាក់បំណុល​របស់​អេស្ប៉ាញ​កើនឡើង​បន្តិ​ច​កាល​ពី​សប្តាហ៍​មុន។
តម្លៃប័ណ្ណភាគហ៊ុនបន្ត​ស្ថិត​នៅក្នុង​កម្រិតទាប​នៅ​ឡើយ ប៉ុន្តែ​ លោក​ ចូ រ៉ាន់​ឌល​ (Joe Rundle) ប្រធានពាណិជ្ជកម្ម​របស់​មូលធន​ ETX ​នៅ​ទីក្រុង ឡុងដ៍ (London) ថ្លែង​ថា តម្លៃ​នេះ​អាចឡើង​ដល់​កម្រិត​ធ្ងន់ធ្ងរ​មួយ។
លោក​និយាយថា វិបត្តិ​ក្នុង​តំបន់​ដែលប្រើប្រាស់​ប្រាក់​អឺរ៉ូ​ នៅមិន​ទាន់​បញ្ចប់​ទេ ហើយ​ក្រុម​អ្នកវិនិយោគ​អាច​ដាក់​សម្ពាធ​ទៅ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ដើម្បី​ចាត់វិធានការឲ្យ​បាន​ច្បាស់​លាស់ ដើម្បីបញ្ចប់​វិបត្តិ​នេះ ជាមួយនឹង​ផែនការសង្គ្រោះ។​
«ខ្ញុំគិត​ថា​ ហានិភ័យណាមួយ ​ទោះបីជា​ហានិភ័យ​ខាងន​យោបាយ ឬ​ការ​ធ្លាក់​ចុះ​ថែម​ទៀត​ផ្នែក​សេដ្ឋកិច្ច ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​មាន​កម្លាំង​ជំរុញ​ទៅដល់​លទ្ធផល​នេះ​ដល់ទៅ​៦ភាគរយ ដើម្បី​ពិនិត្យ​មើល​ថាតើ​មាន​តម្រូវការណាមួយសម្រាប់​លោក ដ្រាហ្គី (Draghi) និងធនាគារ​កណ្តាល​អឺរ៉ុប (ECB) ក្នុង​ការពិនិត្យមើល​បញ្ហា​នេះពិតប្រាកដ។» ​
លោក​ រ៉ាន់​ឌល និយាយថា​ កម្មវិធី​ជួយ​សង្គ្រាះ​នឹង​មាន​ផលវិបាក​«យ៉ាង​ធំធេង»។​
«​ប្រទេស​បារាំងពិត​ជាមិន​ស្ថិត​នៅក្នុង​ជំហរ​មួយ ក្នុងការ​ជួយ​សង្គ្រោះ​នោះ​ទេ ហើយវា​នឹង​ធ្លាក់​ទៅ​លើ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ការ​សម្រេច​ចិត្ត​ថាតើ​តំបន់​ប្រើប្រាស់ប្រាក់​អឺរ៉ូ នឹង​មាន​រូបរាង​យ៉ាងម៉េច ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ»។
ការ​ជួយសង្គ្រោះប្រហែលជា​អ្វី​ដែល​ទីផ្សារត្រូវការ ប៉ុន្តែ​វាមិន​មែន​ជាអ្វី​ដែល​ទាំងប្រទេស​អេស្ប៉ាញ និងអាល្លឺម៉ង់ចង់​បាន​នោះទេ ហើយ​សម្លេង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាងលោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ រ៉ាជយ និង​អក្នស្រី​អធិការបតីអាល្លឺម៉ង់ អាន់ជឺឡា ម៉ាកែល (Angela Markel) កាល​ពី​សប្តាហ៍​មុន មាន​ភាព​វិជ្ជមាន​។​
កន្លងមក ប្រទេស អេស្ប៉ាញ​ កំពុង​ធ្វើការ​ដើម្បីកែលម្អ​ភាព​ជឿទុក​ចិត្តរបស់​ខ្លួន​ឡើង​វិញ​។
រដ្ឋាភិបាលបាន​ដាក់​ស្នើ​ច្បាប់តម្លា​ភាព​កាល​ពីរដូវ​ស្លឹកឈើជ្រុះ​មុន។​
ហើយ​នៅ​ក្នុង​សប្តាហ៍នេះ​ លោក​នាយករដ្ឋមន្ត្រី​ រ៉ាជយ បាន​បញ្ជាក់ថា ច្បាប់​នេះ​នឹង​មិន​ត្រឹម​តែ​អនុវត្ត​ចំពោះ​ស្ថាប័ន​សាធារណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​សម្រាប់​គណបក្ស​នយោបាយ​ថែមទៀត​ផង។
ក្រុម​អ្នករិះគន់​បាន​អះអាង​ថា ច្បាប់​នេះ​មានការពិបាក​នៅក្នុង​ការអនុវត្ត​ណាស់ ប៉ុន្តែ​ថា​ ជាមួយនឹង​ការ​ធ្វើវិសោធនកម្ម​មួយ​ចំនួន វា​នឹង​ក្លាយ​ទៅជា​ការ​ចាប់​ផ្តើមមួយ​ដ៏​ល្អ៕
ប្រែសម្រួល​ដោយ លី សុខ​ឃាង