វីរុសកូរ៉ូណា បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៤.៥៧៤.២២៥ នាក់ដែរ ចាប់តាំងពីការផ្ទុះបានលេចចេញឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ មក។ នេះបើតាមចំនួនសរុបមកពីប្រភពផ្លូវការណ៍នានា ដែលត្រូវបានចងក្រងដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ។
មនុស្សយ៉ាងតិចណាស់ក៏ ២២១.១៣៣.៥៧០ នាក់ បានឆ្លងវីរុសកូរ៉ូណា។ ភាគច្រើននៃអ្នកទាំងនោះ បានជាសះស្បើយឡើងវិញ ថ្វីបើអ្នកខ្លះបានបន្តជួបប្រទះរោគសញ្ញាប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែក្រោយមកក៏ដោយ។
តួលេខទាំងនេះ ផ្អែកលើរបាយការណ៍ប្រចាំថ្ងៃដែលត្រូវបានផ្តល់ដោយពួកអាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសនីមួយៗ។
តួលេខទាំងនេះ មិនរួមបញ្ចូលការកែប្រែបន្ថែមបន្ថយដោយអង្គការស្ថិតិផ្សេងៗទៀតដែលបង្ហាញថា ចំនួនមនុស្សស្លាប់ខ្ពស់ជាងនេះនោះទេ។
អង្គការសុខភាពពិភពលោក បានប៉ាន់ស្មានថា ចំនួននៃការរាតត្បាតទាំងអស់ អាចមាន ២ ឬ ៣ដងច្រើនជាងចំនួនផ្លូវការណ៍ បណ្តាលមកពីការស្លាប់ហួសប្រមាណដែលមានការជាប់ទាក់ទងដោយផ្ទាល់ និងដោយប្រយោលនៃជំងឺកូវីដ១៩នោះ។
ចំនួនមួយផ្នែកធំនៃករណីរោគសញ្ញាមិនធ្ងន់ធ្ងរ ក៏មិនត្រូវបានគេតាមដាននោះទេ ថ្វីបើមានការពង្រីកការធ្វើតេស្តនៅក្នុងប្រទេសជាច្រើនក៏ដោយ។
កាលពីថ្ងៃចន្ទ មានមនុស្សស្លាប់ថ្មីចំនួន ៧.៦១៤នាក់ និងការឆ្លងថ្មីចំនួន ៤៦៣.៤៥៧ ករណី ត្រូវបានកត់ត្រានៅទូទាំងពិភពលោក។
ផ្អែកលើរបាយការណ៍ថ្មីៗនេះ ប្រទេសដែលមានការស្លាប់ថ្មីច្រើនបំផុតគឺ សហរដ្ឋអាមេរិកដែលមានការស្លាប់ថ្មីចំនួន ៩៥៩ នាក់ បន្ទាប់មកប្រទេសរុស្ស៊ីមាន ៧៩៥នាក់ និងអ៊ីរ៉ង់ចំនួន ៦៣៥ នាក់។
សហរដ្ឋអាមេរិក ជាប្រទេសដែលរងការប៉ះពាល់ខ្លាំងជាងគេបំផុត ដោយមានអ្នកស្លាប់សរុបចំនួន ៦៤៩.៤២៦ នាក់ និងមានអ្នកឆ្លងសរុបចំនួន៤០.0១៨.៣២៦ករណី។
បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺ ប្រេស៊ីលមានអ្នកស្លាប់ ៥៨៣.៨១០នាក់ និងមានអ្នកឆ្លង២០.៨៩៩.៩៣៣នាក់ ឥណ្ឌាមានមនុស្សស្លាប់ ៤៤១.០៤២ នាក់និងអ្នកឆ្លង ៣៣.០៥៨.៨៤៣ នាក់ ម៉ិចសិចមានអ្នកស្លាប់ ២៦៣.៤៧០ នាក់និងអ្នកឆ្លង ៣.៤៣៣.៥១១ នាក់ និងប៉េរូមានអ្នកស្លាប់ ១៩៨.៥២៣ នាក់និងអ្នកឆ្លង ២.១៥៥.៥០៨ នាក់៕