ការ​បិទ​សកម្មភាព​នានា​ដោយសារ​វីរុស​កូរ៉ូណា បន្ត​ទៅ​មុខ​ទៀត ដោយ​រដ្ឋាភិបាល​សង្ឃឹម​ថា​នឹង​មាន​វឌ្ឍនភាព

មនុស្សម្នា​អង្គុយ​នៅ​លើ​បង់​នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

រដ្ឋ​ញូវ​យ៉ក​របស់​សហរដ្ឋ​អាមេរិក មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ចូល​ដល់​ខ្ទង់​១​ពាន់​នាក់​ហើយ នៅ​ពេល​ដែល​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ បាន​ផ្តួចផ្តើម​បិទ​ឬ​ពន្យារពេល​ការ​បិទ​ច្រក​ព្រំដែន​និង​សកម្មភាព​សេដ្ឋកិច្ច​នានា ដើម្បី​បង្អាក់​ឥទ្ធិពល​នៃ​ការ​រាលដាល​ជំងឺ​កូវីដ១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា​គោលការណ៍​ណែនាំ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ការ​រក្សាគម្លាត​ឆ្ងាយ​ពី​គ្នា​ ឬ​ការ​មិន​នៅ​ផ្តុំ​គ្នា​ច្រើន​មួយ​កន្លែង ដើម្បី​បង្ការ​ការ​ឆ្លងរាលដាល​នៃ​វីរុស​នេះ នឹង​ពន្យាពេល​ពី​ថ្ងៃ​ចន្ទ​នេះ​រហូត​ដល់​ចុង​ខែ​មេសា។

រហូត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នេះ ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។

ប្រទេស​អ៊ីតាលី​ដែល​រហូតមក​ដល់​ពេល​នេះ មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បិទ​មិន​ឱ្យ​មាន​ការ​ដើរ​ហើយ ឬ​ចេញ​ចូល​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ បាន​រាយការណ៍​ករណី​ស្លាប់​ជាង​៧៥០​ករណី​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ ប្រទេស​នេះ​ក៏​ឃើញ​មាន​សញ្ញាណ​នៃ​ការ​ថយ​ចុះ​ករណី​ឆ្លង​ថ្មី។

មន្ត្រី​រដ្ឋាភិបាល​អ៊ីតាលី​ម្នាក់ បាន​និយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍ Sky TG24 របស់​អ៊ីតាលី​ថា​នៅ​ពេល​ដែល​មនុស្ស​ម្នាក់ៗ​ចង់​វិលត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​ឡើង​វិញនោះ ការ​និយាយ​បែប​នេះ​ក្នុង​គ្រា​នេះ គឺ​មិន​សមរម្យ​ទេ។​ មន្ត្រី​រូបនេះ​បន្ថែម​ថា​វិធានការ​បិទ​ និង​ហាម​មិន​អោយ​មាន​ការ​ដើរ​ហើរ​ជួប​ជុំ​គ្នា​ដែល​គ្រោង​នឹង​ផុតកំណត់​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ នឹង​ត្រូវ​ពន្យារពេល​ដោយ​ខាន​មិន​បាន។

មេដឹកនាំ​ពិភពលោក​ជាច្រើន បាន​ផ្តោត​ទៅលើ​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូវីដ១៩​នេះ ដោយ​ជា​ញឹកញាប់ ពួកគេ​បាន​រង​ការ​រិះគន់​នៅពេល​មាន​ករណី​ឆ្លង​និង​ស្លាប់​កើន​ឡើង៕