ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 កើន​លើស ៣ ពាន់​នាក់

លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្តី​ពី​ស្ថានភាព​មេរោគ​កូរ៉ូណា​វីរុស​ថ្មី នៅ​សេតវិមាន កាលពី​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

បណ្ដា​ប្រទេស​ជា​ច្រើន​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​វីរុស​ថ្មី ឬ COVID-19 ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​នៅ​លើ​ពិភពលោក​កើន​លើស ៣ ពាន់​នាក់ ដែល​ក្នុង​នោះ​មាន​ពីរ​ករណី​កើត​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា​មាន​ការ​ឆ្លង​ថ្មី​ប្រហែល ៦០០ ករណី​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​មេដឹកនាំ​នៃ​ក្រុម​សាសនា​មួយ​ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​សុំទោស។ មន្ត្រី​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​រដ្ឋអាជ្ញា​ពិចារណា​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​សាសនា​នោះ​ពី​បទ​មនុស្ស​ឃាត ដោយសារតែ​មិន​បាន​សហការ​ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ។

ចំណែក​ឯ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ លោក​ប្រធានាធិបតី Donald Trump គ្រោង​នឹង​ជួប​ជាមួយ​នឹង​លោក​អនុ​ប្រធានាធិបតី Mike Pence នៅ​ថ្ងៃ​ចន្ទ​នេះ។ លោក Mike Pence រួម​ទាំង​ថ្នាក់​ដឹកនាំ​ខាង​ឱសថសាស្ត្រ គឺ​ជា​អ្នក​ដឹកនាំ​យុទ្ធនាការ​របស់​រដ្ឋបាល​លោក Trump នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ។

សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​មេរោគ​នេះ​ប្រហែល ៨០ ករណី ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ពីរ​នាក់​នៅ​ក្នុង​រដ្ឋ Washington។ មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា មេរោគ​នេះ​ប្រហែល​ជា​បាន​ឆ្លង​រាលដាល​ដោយ​មិន​ដឹង​ខ្លួន​នៅ​តាម​សហគមន៍​រស់នៅ​អស់​រយៈពេល​រាប់​សប្ដាហ៍​មក​ហើយ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ថា​មាន​ការ​ឆ្លង​មេរោគ​នេះ​ចំនួន​ពីរ​ករណី​នៅ​ក្នុង​ប្រទេស ដោយ​មន្ត្រី​សុខាភិបាល​ថា អ្នក​ឆ្លង​ទាំង​ពីរ​នាក់​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ឆ្លង​មេរោគ​នេះ។

កន្លង​មក ប្រទេស​យ៉ាង​តិច ៦០ បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​មេរោគ​នេះ ដោយ​មេរោគ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៨៩.០០០ នាក់ តាំង​ពី​វា​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​នេះ​គឺ​ជា​មនុស្ស​ពេញ​វ័យ ដោយ​មាន​រោគ​សញ្ញា​ដូចជា​គ្រុន ក្អក​ស្ងួត និង​ពិបាក​ដក​ដង្ហើម។

អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា អ្នក​ឆ្លង​មេរោគ​នេះ​ប្រហែល ៨០% មាន​រោគ​សញ្ញា​ស្រាល ១៤% មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង ៥% នៃ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ខ្លាំង។ អង្គការ​នេះ​បាន​បន្ថែម​ថា អ្នក​ដែល​មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​គឺ​ជា​អ្នក​ដែល​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ និង​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត៕