កំណត់និពន្ធ៖ កញ្ញា ម៉ម កល្យាណនី គឺជាផលិតករភាពយន្តឯកសារខ្មែរដ៏ល្បីល្បាញម្នាក់។ គាត់បានចាកចេញពីប្រទេសកម្ពុជា ដោយសារតែសង្គ្រាមក្នុងរបបខ្មែរក្រហម ហើយបានរស់នៅសហរដ្ឋអាមេរិក។ ការចាកចេញពីប្រទេសកំណើតបណ្តាលឲ្យមានទុក្ខសោក និងការបាត់បង់នូវអត្តសញ្ញាណផ្ទាល់ខ្លួនរបស់គាត់។ ក៏ប៉ុន្តែ បទពិសោធន៍ និងប្រាស្រ័យទាក់ទងជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅតំបន់អារ៉ែង បានជួយដោះស្រាយបញ្ហាទាំងនេះ។ នេះបើយោងតាមការលើកឡើងរបស់កញ្ញា កល្យាណនី ក្នុងបទសន្ទនាជាមួយនឹង VOA កន្លងទៅមុននេះ។
Your browser doesn’t support HTML5
VOA៖ ជាកិច្ចចាប់ផ្តើម នាងខ្ញុំចង់ឲ្យអ្នកនាងចែករំលែកបទពិសោធន៍ជូនលោកអ្នកស្តាប់ថា តើប្រវត្តិនៃការផ្លាស់ទីលំនៅមកសហរដ្ឋអាមេរិកនេះមានផលលំបាកអ្វីខ្លះក្នុងការស្វែងរកអត្តសញ្ញាណ និងនិយមន័យគ្រួសារ?
កញ្ញា ម៉ម កល្យាណនី៖ ខ្ញុំកើតនៅក្នុងសម័យ ប៉ុល ពត កាលពីឆ្នាំ១៩៧៧។ គ្រួសាររបស់ខ្ញុំ និងខ្ញុំត្រូវបានគេជម្លៀសទៅរស់នៅតាមទីជនបទ ហើយបន្ទាប់មកយើងបានទៅរស់នៅតាមជំរុំ។ ក្រោយពេលចេញពីជំរុំ យើងក៏បានមករស់នៅនៅសហរដ្ឋអាមេរិក។ តាំងពីខ្ញុំនៅក្មេង រហូតដល់ខ្ញុំមានការចេះដឹង ខ្ញុំឧស្សាហ៍គិតថា ខ្ញុំមានការលំបាកនៅក្នុងផ្លូវចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំមិនដឹងថាខ្ញុំមកពីកន្លែងណា។ ខ្ញុំត្រូវបានគេជម្លៀសចេញពីផ្ទះ និងប្រទេសជាតិរបស់ខ្ញុំ។ ខ្ញុំឆ្ងល់ថា តើផ្ទះខ្ញុំនៅទីណា? ខ្ញុំបានសួរសំណួរនេះ។ ខ្ញុំមានអារម្មណ៍ថា ផ្ទះខ្ញុំមិនមែននៅស្រុកអាមេរិក ហើយមិនមែននៅស្រុកខ្មែរ។ ខ្ញុំដូចជានៅកណ្តាលវាលគ្មានគោលដៅ គ្មានវប្បធម៌ ប្រពៃណី និងគ្មានកេរមរតកអ្វីសោះតាំងពីដើម។ មានតែឪពុកម្តាយខ្ញុំ និងគ្រួសារខ្ញុំ ដែលបានបង្ហាត់ខ្ញុំឲ្យដឹងអំពីស្រុកខ្មែរ ឲ្យចេះនិយាយខ្មែរ ឲ្យទៅវត្ត និងឲ្យចេះដឹងពីការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ខ្ញុំនៅតែមានសំណួរមួយហ្នឹង និងឆ្ងល់ថា តើផ្ទះខ្ញុំនៅឯណា?
VOA៖ អ្នកនាងធ្លាប់ចុះទៅតំបន់អារ៉ែងនៃខេត្តកោះកុងជាច្រើនដង។ ហើយកាលពីខែមករា ដើមឆ្នាំនេះ អ្នកនាងបានចុះទៅតំបន់អារ៉ែងម្តងទៀត។ ហើយអ្នកនាងបានរស់នៅជាមួយនឹងបងប្អូនសហគមន៍នៅតំបន់នោះ។ ខ្ញុំចង់ដឹងថា តើអ្នកនាងអ្វីខ្លះនៅតំបន់អារ៉ែង?
កញ្ញា ម៉ម កល្យាណនី ៖ នៅពេលខ្ញុំមានគំនិតថាចង់ទៅអារ៉ែង ខ្ញុំមានអារម្មណ៍ថាចង់ធ្វើកុនឯកសារមួយអំពីប្រពៃណី និងកេរមរតករបស់ខ្មែរនៅក្នុងតំបន់អារ៉ែង និងអំពីសាសនា។ ខ្ញុំគិតថា សាសនាយើងកើតចេញពីដី ព្រៃ។ បើយើងមិនការពារព្រៃ និងធម្មជាតិរបស់យើង សាសនាយើងក៏គ្មានដែរ។ ដូច្នេះ ខ្ញុំមានគំនិតថា ខ្ញុំចង់ត្រឡប់ទៅអារ៉ែងវិញ ដើម្បីថតកុនឯកសារអំពីព្រះសង្ឃមកពីភ្នំពេញ ដែលធ្វើដំណើរទៅអារ៉ែង ដើម្បីជួយប្រជាជននៅអារ៉ែងឲ្យការពារខ្លួន ការពារព្រៃ ធម្មជាតិ ហើយកុំឲ្យធ្វើសាងសង់វារីអគ្គិសនីនៅកន្លែងហ្នឹង។ ក៏ប៉ុន្តែ នៅពេលខ្ញុំទៅដល់ទីនោះ ខ្ញុំឃើញថា ព្រះសង្ឃបានជួយប្រជាជន តែខ្ញុំបានចំណាយពេលវេលារស់នៅជាមួយបងប្អូនសហគមន៍នៅទីនោះទៅវិញ។ ខ្ញុំឃើញថា ប្រជាជនយើងក៏មានសាសនាដែរ ហើយសាសនាហ្នឹងមានកំណើតមកពីដី ពីព្រោះគាត់រស់នៅជាមួយដី និងព្រៃ។ ហើយការរស់នៅរបស់គាត់មានការជិតសិ្នទ្ធិមែនទែនជាមួយព្រៃ។ ដូច្នេះ ខ្ញុំក៏បានផ្លាស់ប្តូរគម្រោងរបស់ខ្ញុំវិញ។ ប្តូរពីការចងក្រងឯកសាររឿងព្រះសង្ឃ ទៅជាឯកសារស្តីអំពីការរស់នៅរបស់ប្រជាជននៅជាមួយធម្មជាតិ។
VOA៖ អ្នកនាងមានបទពិសោធន៍រស់នៅជាមួយនឹងបងស្រី រ៉ឹម សាវស៊ី នៅក្នុងតំបន់អារ៉ែង។ សូមឲ្យអ្នកនាងចែករំឡែកបទពិសោធន៍រស់នៅជាមួយនឹងបងស្រី រៀម សាស៊ី។
កញ្ញា ម៉ម កល្យាណនី ៖ ខ្ញុំបានជួបបងស្រី រ៉ឹម សាវស៊ី លើកទីមួយកាលពីឆ្នាំមុន នៅពេលដែលខ្ញុំបានទៅតំបន់អារ៉ែងលើកទីមួយ។ ខ្ញុំបានថតព្រះសង្ឃប្រជុំជាមួយនឹងបងប្អូននៅតំបន់អារ៉ែង។ ហើយខ្ញុំបានថតគាត់នៅក្នុងការប្រជុំហ្នឹង។ នៅពេលដែលខ្ញុំបានឃើញគាត់នៅពេលនោះ ខ្ញុំឃើញគាត់បីកូនរបស់គាត់ ហើយកូនគាត់ក្មេងមែនទែន គឺកូនង៉ា។ ហើយខ្ញុំចាប់អារម្មណ៍ជាមួយមុខគាត់មែនទែន។ មុខគាត់ស្អាត ហើយញញឹមស្រស់។ មិនមែនគាត់ញញឹមទេ។ តែពេលគាត់កាន់កូនរបស់គាត់ វាសមណា។ ខ្ញុំចាប់អារម្មណ៍ជាមួយគាត់ និងទឹកមុខគាត់ ហើយខ្ញុំថតគាត់។ នៅពេលដែលខ្ញុំកំពុងតែថតគេផ្សេងៗ ខ្ញុំឮគាត់និយាយថា គាត់ចង់ឲ្យនរណាម្នាក់មកថតរឿងអំពីអារ៉ែង។ ខ្ញុំក៏ប្រាប់គាត់ថា ចាំពេលខ្ញុំមកលើកក្រោយ ខ្ញុំនឹងធ្វើរឿងហ្នឹង តាមដានជីវិតគាត់ ហើយខ្ញុំចង់សម្តែងរឿងពីជីវិតគាត់។ ហើយគាត់ក៏យល់ព្រមឲ្យខ្ញុំថតពីជីវិតគាត់។
ហើយប៉ុន្មានខែមុន ខ្ញុំបានទៅអារ៉ែង ហើយខ្ញុំបានរស់នៅជាមួយគាត់ និងគ្រួសារគាត់ប្រហែលមួយខែ។ ខ្ញុំបានរស់នៅជិតសិ្នទមែនទែន ហើយបានស្គាល់ចិត្តគ្នា។ ហើយខ្ញុំឃើញថា ចិត្តគាត់ទូលាយមែនទែន។ ខ្ញុំមិនដែលបានជួបនរណា ដែលមានចិត្តទូលាយដូចគាត់ពីមុនទេ។ ខ្ញុំគិតថា យើងអ្នកនៅទីក្រុង យើងមិនដែលឲ្យនរណាម្នាក់ស្គាល់ចិត្តយើងទេ។ ប៉ុន្តែ នៅពេលខ្ញុំរស់នៅជាមួយគាត់ និងគ្រួសារគាត់ ពួកគាត់មិនមានជញ្ជាំង និងទ្វាបិទបាំងអ្វីទេ។ ចិត្តគាត់ទូលាយមែនទែន។ ហើយខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាចិត្តគាត់ទូលាយយ៉ាងនេះ។ ពេលខ្ញុំគិតទៅ ខ្ញុំយល់ថា ជីវិតគាត់រស់នៅជាមួយធម្មជាតិយ៉ាងទូលាយ។ នៅពេលយើងដើរក្នុងព្រៃ យើងមិនដែលឃើញជញ្ជាំង។ យើងឃើញតែភាពទូលាយ។ ហើយអ្វីៗទាំងអស់មានភាពទូលាយ។ ហេតុដូច្នេះ វាធ្វើឲ្យចិត្តយើងទូលាយ។ ដូច្នេះ ខ្ញុំគិតថា ពីព្រោះគាត់រស់នៅជាមួយធម្មជាតិ ហើយចិត្តគាត់ទូលាយជាមួយធម្មជាតិ ដូច្នេះហើយបានជាគាត់មានគំនិតអញ្ចឹង។
VOA៖ តាមរយៈការរស់នៅ ហើយនិងប្រាស្រ័យទាក់ទងជាមួយនឹងបងស្រី រ៉ឹម សាវស៊ី តើបទពិសោធន៍នេះអាចជួយជាមេរៀនអ្វីខ្លះដល់អ្នកនាងផ្ទាល់ក្នុងការស្វែងរកអត្តសញ្ញាណ ហើយនិងតម្លៃនៃវប្បធម៌ដែលអ្នកនាងបានលើកឡើងពីមុន?
កញ្ញា ម៉ម កល្យាណនី ៖ នៅពេលដែលខ្ញុំស្វែងរកអត្តសញ្ញាណតាំងពីដើម ខ្ញុំឆ្ងល់មែនទែនថា តើផ្ទះខ្ញុំនៅទីណា? ហើយខ្ញុំរស់នៅទីណា? ចិត្តរបស់ខ្ញុំមិននឹងនរ ប៉ុន្តែ ពេលខ្ញុំទៅរស់នៅជាមួយ រ៉ឹម សាវស៊ី ចិត្តរបស់ពួកគាត់នឹងនរមែនទែន។ ពួកគាត់នៅជាមួយធម្មជាតិ មានផ្ទះសម្បែង ហើយគាត់មានប្រពៃណី វប្បធម៌ ហើយកេរមរតករបស់គាត់តាំងពីជីដូនជីតារបស់គាត់។ ហើយជីដូនជីតារបស់គាត់បង្ហាត់បង្រៀនគាត់ និងនិទានរឿងឲ្យគាត់ស្តាប់អំពីជីវិតគាត់ និងជីវិតជាមួយធម្មជាតិ។
ប៉ុន្តែ នៅក្នុងជីវិតខ្ញុំទៅវិញ ឪពុកម្តាយខ្ញុំគាត់ខំតស៊ូ ឲ្យខ្ញុំចេះដឹងពីប្រពៃណីរបស់ខ្ញុំ អំពីវប្បធម៌ កេរមរតក។ ពីព្រោះខ្ញុំ និងគ្រួសាររបស់ខ្ញុំត្រូវបានគេជម្លៀសពីប្រទេសជាតិរបស់ខ្ញុំ ហើយខ្ញុំមានទុក្ខសោក។ ហើយចិត្តខ្ញុំមិនទាន់នៅនឹង។ ហើយឥឡូវ ខ្ញុំកំពុងតែស្វែងរក ហើយក្រោយពេលដែលខ្ញុំបានរស់នៅជាមួយធម្មជាតិជាមួយនឹងរៀម សាស៊ី និងគ្រួសាររបស់គាត់។ ហើយនៅអារ៉ែង ខ្ញុំគិតថា ខ្ញុំឈប់ស្វែងរកទៀតហើយ។ ខ្ញុំយល់ថា ផ្ទះសម្បែងរបស់ខ្ញុំគឺនៅក្នុងធម្មជាតិ ហើយនេះក៏ជាផ្ទះសម្បែងរបស់ប្រជាជនខ្មែរយើងទាំងអស់គ្នាដែរ។ ហើយខ្ញុំបំផ្លាញធម្មជាតិ ផ្ទះសម្បែងរបស់យើង ព្រៃឈើ ទឹករបស់យើង ប្រៀបដូចយើងបំផ្លាញខ្លួនឯងដែរ។ ហើយខ្ញុំយល់ថា បើនៅអារ៉ែង បើគេសាងសង់វារីអគ្គិសនីទៅ ជម្លៀសប្រជាពលរដ្ឋទៅ រៀម សាស៊ី គ្រួសាររបស់គាត់ និងប្រជាជនក្នុងអារ៉ែងទាំងអស់ទៅកន្លែងផ្សេង នោះពួកគាត់នឹងមានបទពិសោធន៍ដូចខ្ញុំ និងឪពុកម្តាយខ្ញុំដែរ ក្លាយជាជនភៀសខ្លួន នៅក្នុងជំរុំ ប៉ុន្តែ ជំរុំនៅក្នុងប្រទេសយើង។ ក៏ប៉ុន្តែ ពួកគាត់អត់មានឱកាសអ្វីសោះ ខ្ញុំមកអាមេរិក ខ្ញុំមានឱកាសច្រើន។ ប៉ុន្តែ នៅក្នុងស្រុកខ្មែរ បើគេជម្លៀសគាត់ចេញ នោះពួកគាត់នឹងគ្មានឱកាសអ្វីសោះ។ ដូច្នេះ ពួកគាត់នឹងមានទុក្ខសោកច្រើន៕
---------
កញ្ញា ម៉ម កល្យាណនី គឺជាផលិតករភាពយន្តខ្មែរអាមេរិកាំង។ ខ្សែភាពយន្តរូបភាពឯកសារលើកដំបូងបង្អស់របស់នាងគឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល និយាយអំពីការតស៊ូរបស់គ្រួសារខ្មែរ៣គ្រួសារ ក្នុងអំឡុងនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ពិភពលោក បានឈ្នះពាន់រង្វាន់ Grand Jury Prize សម្រាប់ខ្សែភាពយន្តឯកសារពិភពលោកនៅឯមហោស្រពភាពយន្តទីក្រុងសាន់ដាន (Sundance Film Festival) នៅឆ្នាំ២០១៣។