ក្រុមអ្នកឃ្លាំមើលធនធានធម្មជាតិក្នុងប្រទេសកម្ពុជានិយាយថា ប្រសិនបើរដ្ឋាភិបាលនៅតែការពារក្រុមហ៊ុនឯកជនឲ្យបន្តកាប់ឈើខុសច្បាប់និងដឹកចេញទៅលក់ទីផ្សារអន្តរជាតិ នោះព្រៃឈើកម្ពុជានឹងជួបគ្រោះមហន្តរាយ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសម្រាប់ប្រទេសនិងពលរដ្ឋទាំងមូល។ នេះបើតាមការអះអាងរបស់លោក អ៊ូច ឡេង អ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិនិងបរិស្ថានក្នុងប្រទេសកម្ពុជាដែលជាវាគ្មិននៃកម្មវិធីហេឡូវីអូអេពិសេសកាលពីយប់ថ្ងៃអង្គារទី១០ ខែកុម្ភៈ ឆ្នាំ២០១៥។
Your browser doesn’t support HTML5
លោក អ៊ូច ឡេង ថ្លែងថា បញ្ហាចម្បងនៃការកាប់បំផ្លាញព្រៃឈើគឺការផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជននិងការខកខានរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ។
លោកថ្លែងថា កម្ពុជាមានផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារទឹកជំនន់ អាកាសធាតុប្រែប្រួលក្តៅខ្លាំង គ្រោះរាំងស្ងួត និងការស្លាប់មនុស្សដោយសារទឹកជំនន់ជាង២០០នាក់ និងស្លាប់ដោយសាររន្ទះបាញ់ជាច្រើនផងដែរ។
លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវតែងាកចេញពីការគាំទ្រក្រុមហ៊ុនមកគិតពីផលប្រយោជន៍ប្រជាពលរដ្ឋវិញព្រោះបើមិនដូច្នោះទេ រដ្ឋាភិបាលនេះនឹងត្រូវគេ ឃើញថា គ្មានប្រជាធិបតេយ្យយកប្រជាពលរដ្ឋជាធំទេ បើសិនណាជានៅគាំទ្រ ការពារក្រុមហ៊ុននោះ៕