ខ្លឹមសារ​សន្ទនា​ឯកជន​លើ​បណ្តាញ​សង្គម​គ្របដណ្តប់​សវនាការ​ជុំ​ទីពីរ​របស់​លោក រ៉ុង ឈុន

រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

តុលាការ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ពុធ​នេះ បាន​យក​ខ្លឹមសារ​នៃ​ការ​ឆ្លើយឆ្លង​សន្ទនា​ឯកជន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook និង ​Telegram ដើម្បី​ទាញ​យក​ចម្លើយ​ជន​ជាប់​ចោទ​ពីរ​រូប​ គឺ​កញ្ញា ​ស កន្និកា​ និង​លោក​ តុន និមល​ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​ការ​ឃុំ​ខ្លួន​លោក​រ៉ុង ឈុន។​

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ កំពុង​ត្រូវ​បាន​ជំនុំជម្រះ ដោយ​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ​ការ​តវ៉ា​អហិង្សា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ហើយ​សកម្មជន​មួយ​ចំនួន​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ដែល​ក្នុង​នោះ​ក៏​មាន​កញ្ញា ស កន្និកា​ និង​លោក ​តុន និមល ផងដែរ។

អ្នក​ទាំងពីរ​ជា​អតីត​ក្រុម​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧។

នៅ​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ ទាំង​កញ្ញា​ ស កន្និកា​ និង​លោក តុន និមល​ ត្រូវបាន​តុលាការ​សួរ​ឲ្យ​បំភ្លឺ​អំពី​តួនាទី​របស់​ពួក​គាត់​នៅ​ក្នុង​ការ​រៀប​ចំ​ការ​តវ៉ា​ឲ្យ​ដោះលែង​លោក​ រ៉ុង ឈុន​ និង​អំពី​ថា​តើ​ពួកគាត់​បាន​ដឹង​ ឬ​ចែក​រំលែក​សេចក្តី​ថែ្លងការណ៍​របស់​លោក រ៉ុង ឈុន​ ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ស្រុក​ពញាក្រែក​ខេត្ត​ត្បូង​ឃ្មុំ ដែរ​ឬ​អត់។

មុន​ការ​សួរ​ដេញ​ដោល​ជនជាប់​ចោទ​ទាំង​ពីរ​ខាង​លើ​ លោក ​រ៉ុង ឈុន ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នក​ជាប់ឃុំ​ ត្រូវ​បាន​តំណាង​អយ្យការ​លោក សេង ហៀង​ សួរ​អំពី​ទំនាក់​ទំនង​របស់​លោក​ជា​មួយ​កញ្ញា ស កន្និកា​ និង​លោក ​តុន​ និមល។

លោក សេង ហៀង ក៏​បាន​សួរ​នាំ​លោក រ៉ុង ឈុន ផង​ដែរ អំពីការ​បង្កើតសមាគមមួយឈ្មោះ​ សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​សង្គម។

មុន​នឹង​ឆ្លើយ​ លោក​រ៉ុង ឈុន​ បាន​ត្អូញ​ត្អែរ ប្រាប់​តំណាង​អយ្យការ​ និង​អ្នក​ឃ្លាំមើល​សវនាការ​ដែល​មាន​តំណាង​ស្ថាន​ទូត មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ក៏ដូច​ជា​អ្នកសង្កេត​ការណ៍​ផ្សេង​ទៀត អំពី​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ ដែល​មាន​លក្ខណៈ​តូច​ចង្អៀត​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​រំខាន​រលក​សញ្ញា​ទូរស័ព្ទ​ ដែល​លោក​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ការ​ចងចាំ​របស់​លោក។

ក្រោយ​ការ​ផ្ដោះផ្ដង​រវាង​លោក សេង ហៀង និង​លោក រ៉ុង ឈុន ដែល​វិល​វល់​ត្រឹម​ការ​ព្យាយាម​របស់​តំណាង​អយ្យការ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​ពីរ​គឺ កញ្ញា ស កន្និកា​ និង​លោក តុន និមល ភាព​តាន​តឹង​ក៏​ផ្ទុះឡើង​រវាង​ចៅក្រម​និង​មេធាវី​ការពារ​ក្ដី។​

ក្រោយ​ជាង​កន្លះ​ម៉ោង​នៃ​ការ​សួរ​ដេញដោល​របស់​តំណាង​អយ្យការ​ និង​តំណាង​មេធាវី​រដ្ឋាភិបាល​ពីរ​រូប​មក​លើលោក ​រ៉ុង ឈុន ​ជុំវិញ​ការ​ចេញ​សេចក្តីថ្លែង​ការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នោះ ការ​ប្រកែក​គ្នា​តឹង​សរសៃករ​រវាង​លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​លិ សុខា និង​លោក ​ជូង ជូងី ​មេធាវី​ការ​ពារ​ក្តី​ឲ្យ​កញ្ញា ​ស កន្និកា ​បាន​ផ្ទុះ​ឡើង​មួយ​ស្របក់។

ភាព​តាន​តឹង​នេះ​ បាន​កើត​ឡើង​នៅ​ពេល​លោក​ លិ សុខា ផ្តើម​សួរ​កញ្ញា ស កនិ្នកា អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ និង​រូបភាព​នៃទូរស័ព្ទ​ដៃ​ ដែល​តុលាការ​ថា ជា​វត្ថុតាង​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ដក​ហូត​ពី​កញ្ញា ស កន្និកា។

លោក ​ជូង ជូងី​ បាន​និយាយ​ទាំង​ច្រឡោត​ថា៖ «អា​ហ្នឹង​មិនមែន​ជា​ទូរស័ព្ទ​ទេ​ គឺ​ជា​ក្រដាស»។

លោក លិ សុខា និង​លោក ជូង ​ជូងី បាន​ប៉ះ​សម្តី​គ្នា​ខ្លាំង​ៗ​បន្ត​ទៀត​ ជុំវិញ​ការ​បង្ហាញ​រូបភាព​ទូរស័ព្ទ​នេះ​ រហូត​លោក​ជូងី​បាន​ទះ​តុ​មួយ​ទំហឹង​ក្នុង​សវនាការ​ និង​ទាមទារ​ឲ្យ​តុលាការ​បង្ហាញ​ភស្តុតាង​ទូរស័ព្ទ​ជាក់ស្តែង។

ក្នុង​ដំណាក់​កាល​នៃ​ការ​បន្ត​សួរ​ដេញដោល​ កញ្ញា ស​ កន្និកា អតីត​យុវជន​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​តាខ្មៅ​នោះ​ លោក ​លិ សុខា​ ព្យាយាម​យក​ចម្លើយ​ពី​កញ្ញា ស កន្និកា​ អំពី​គោលបំណង​នៃ​ការ​បង្កើត​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​សង្គម និង​ទំនាក់​ទំនង​របស់​កញ្ញា ស កន្និកា​ ជាមួយ​លោក​ តុន និមល​ និង​បុគ្គល​មួយ​ចំនួន​តាម​បណ្តាញ​ទំនាក់​ទំនង​ហ្វេសប៊ុក​ ឬ​តេឡេក្រាម (Telegram)។

កញ្ញា​ កន្និកា ​ប្រាប់​តុលាការ​ថា ការ​បង្កើត​សមាគម​នោះ​ គឺ​គ្រាន់​តែ​ជា​គម្រោង​មិន​ទាន់​មាន​ប្រតិបត្តិការ​ទេ​ ​ហើយ​គោល​បំណង​នៃ​ការ​បង្កើត​សមាគម​នោះ​ គឺ​ចង់​ជួយ​ធ្វើ​ឲ្យ​ជីវភាព​របស់​អាជីវករ​មាន​ភាព​ប្រសើរ​ឡើង ដោយគ្មាន​ចេតនា​បង្ក​ភាពវឹកវរ​ក្នុង​សង្គម​ទេ។

នៅ​ពេល​លោក​ លិ សុខា តាំង​សំណួរ​ពាក់ព័ន្ធ​នឹង​ការបង្កើត​ក្រុម​មួយ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម ក្រោយ​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន នោះ​ ​កញ្ញា ស កន្និកា​ បកស្រាយ​ថា៖ «អ្វី​ដែល​បង្កើត​ក្នុង​តេឡេក្រាម​ គឺ​ដើម្បី​ជួយ​លោក​គ្រូ រ៉ុង ឈុន​ ព្រោះ​គាត់​ជា​មនុស្ស​ដែល​ជួយ​សង្គម​បាន​ច្រើន​ ធ្វើ​ឲ្យ​ខ្ញុំ​គោរព​គាត់​ និង​ស្រឡាញ់​គាត់​ពី​ចម្ងាយ»។

លោក​ សុខា បន្ត​សំណួរ​ថា៖ «លោក​ស្រី​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​គាត់​ទេ? លោកស្រី​គាំទ្រ​ទេ?»។

កញ្ញា​ កន្និកា ផ្តល់​ការ​ពន្យល់​ថា​ដោយសារ​រវល់​លក់​ដូរ កញ្ញា​មិន​បាន​ដឹង​អំពី​សេចក្តី​ថ្លែងការណ៍​នោះ​ទេ។

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​អត់​បាន​ឃើញ​ទេ។ ខ្ញុំ​ជា​អាជីវករ រវល់​លក់ដូរ​ ខ្ញុំ​ជំពាក់​បំណុល​ធនាគារ​ពីរ​ឆ្នាំ​ហើយ»។

លោក ​លិ សុខា បាន​បន្ថែម​សំណួរ​ថា​៖ «លោកស្រី​បាន​ឃើញ​គេ​បង្ហោះ​ទេ»? កញ្ញា កន្និកា​ឆ្លើយ​ថា៖ «ឃើញ»។

លោក​ សុខា សួរ​បន្ត​ថា៖ «មាន​បាន​ Share ទេ?»។

កញ្ញា ស កនិ្នកា ដែល​បញ្ជាក់​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ មាន​គណនី​ឈ្មោះ«កាកា តាខ្មៅ»​ [Kaka Takhmao] ទាំង​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​ និង​តេឡេក្រាម​នោះ​ បាន​តប​ថា៖ «ពេល​ខ្លះ​share ខ្លះ​អត់​ ដោយសារ​រវល់​ដែរ»។

ត​មក​ទៀត​ លោក​ចៅក្រម លិ សុខា​ បាន​ដេញដោល​សួរ​កញ្ញា ស កន្និកា ​អំពី​ទំនាក់​ទំនង​រវាង​កញ្ញា​ជាមួយ​នឹង​លោក​ តុន និមល ដែល​កញ្ញា កន្និកា​ ថា ជា​មិត្តភ័ក្ត​ និង​ការឆ្លើយឆ្លង​គ្នា​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​នៅ​មុន​ពេល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​ទាំង​ពីរ។

អស់​ពី​រឿង​សេចក្តីថ្លែងការណ៍​នោះ​ តំណាង​អយ្យការ​លោក ​សេង ហៀង បាន​ជជីក​សួរ​កញ្ញា កន្និកា​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ និង​ការ​ចែករំលែក​សេចក្តី​ថ្លែងការណ៍​លោក ​រ៉ុង ឈុន តាម​បណ្តាញ​សង្គម ប៉ុន្តែ​អាជីវករ​ដ៏​មមាញឹកនៅតា​ខ្មៅ​រូប​នេះ​និយាយថា​ ​កញ្ញា​មិនបាន​ចូល​រួម​ក្នុង​កិច្ចការ​ព្រំដែន​នេះ។

កញ្ញា កន្និកា ក៏​ត្រូវ​បាន​សួរ​ដោយ​មេធាវី​របស់​កញ្ញា​គឺ​លោក ​សំ សុគង់​ ​អំពី​ថាតើ​កញ្ញា​ធ្លាប់​ចូលរួម​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​ និង​អំពី​សកម្មភាព​នានា​ដែល​កញ្ញា​បាន​ចូល​រួម​ជាមួយ​លោក ​រ៉ុង ឈុន។

កញ្ញា​ កន្និ​កា ​បកស្រាយ​ថា​ កញ្ញា​ចូលរួម​ខ្លះៗ​ដែរ​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក ​រ៉ុង ឈុន ព្រោះ​លោក​រ៉ុង ឈុន​ជា​មនុស្ស​ល្អ​សម្រាប់​គ្រប់​គ្នា​ ហើយ​ថា​លោក​រ៉ុង ឈុន​តែង​ចុះ​ជួយ​កម្មករ​ដែល​មាន​បញ្ហា​ការ​ងារ។​

នៅក្នុង​អង្គ​សវនាការ​ជាង​បី​ម៉ោង​នោះ​ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ក៏​ព្យាយាម​ឲ្យ​កញ្ញា ​កន្និកា​ បញ្ជាក់​ថា​ កញ្ញា​មាន​បាន​រៀបចំ​ផែនការ​ និង​កេណ្ឌ​មនុស្ស​ឲ្យ​មក​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន។

លោក ​តុន​ និមល​ ក៏​ត្រូវ​បាន​សួរ​សំណួរ​ស្រដៀង​គ្នា​នេះ។

ប៉ុន្តែ​ជន​ជាប់​ទាំងពីរ​ បាន​ប្រកែក​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ តវ៉ា​ឲ្យ​មាន​ការដោះ​លែង​លោក រ៉ុង ឈុន ​នៅ​ទីក្រុង​ភ្នំពេញ​តែ​ពីរ​នាក់​ប៉ុណ្ណោះ។

សម្រាប់​លោក​ តុន និមល​ បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ លោក​បាន​ដឹង​អំពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​លោក ​រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន និង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​របស់​លោក រ៉ុង ឈុន ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

នៅពេល​ដែល​មេធាវី​មួយ​រូប​របស់​រដ្ឋាភិបាល​សួរ​លោក​ទៅវិញ​ទៅ​មក​អំពី​សកម្មភាព​របស់​លោក ​រ៉ុង ឈុន​ក្នុង​បញ្ហា​ព្រំដែន​ និង​សកម្មភាព​ផ្សេង​ទៀត​នោះ​ លោក តុន និមល​ ឆ្លើយ​ទាំង​ខឹង​សម្បារ​ថា៖ «ខ្ញុំ​អត់​យល់​ ខ្ញុំ​អត់​ឆ្លើយ។ បើ​ខ្ញុំ​យល់​ ខ្ញុំ​ឆ្លើយបាត់​ហើយ»។ ​

លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សអង្គការលីកាដូ ថ្លែងជាមួយអ្នកកាសែតនៅក្រៅតុលាការក្រុងភ្នំពេញ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្រៅ​តុលាការ​រាជធានី​ភ្នំពេញ​ លោក ​អំ សំអាត​ នាយក​រង​ទទួលបន្ទុក​ឃ្លាំមើល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​អ្នកកាសែត​ថា​តុលាការ​គួរ​មាន​ការ​បែង​ចែក​ឲ្យ​ច្បាស់លាស់រវាង​ការ​ប្រព្រឹត្ត បទល្មើស​ និង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ ដែល​អាច​ធ្វើ​ឡើង​ទៅ​តាម​គ្រប់​វិធី​ រួម​មាន​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ការ​និយាយ​ស្តី​ដោយ​ផ្ទាល់ សិល្បៈ​គំនូរ​ ឬ​ក៏​ការ​បោះពុម្ពផ្សាយ​ផ្សេង​ទៀត​ជាដើម។

លោក​បន្ថែម​ថា៖ «ហើយ​បើសិន​ជា​សិទ្ធិ​ឯកជន​ត្រូវ​បាន​ឃ្លាំមើល​គ្រប់​ទាំង​អស់​អាហ្នឹង​ ក៏​វា​មិនមែន​ហៅ​ថា​ សេរីភាព​ ឯកជន​ដែរ​ ក៏​ប៉ុន្តែ​បើសិន​ជា​យើង​មើលក្នុង​ការណ៍​ដែល​យក​បណ្តាញ​ទំនាក់​ទំនង​យក​មក​ធ្វើ​ជា​ភស្តុតាង​ បើ​យើង​មើល​ទៅ​ ចម្លើយ​ ហាក់​បីដូច​ជា​អត់​ទាន់​ វា​ជា​សិទ្ធិ​ឯកជន​របស់​គេ។ វាដូច​ជា​មិន​ មិន​ជា​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​បទ​ល្មើស​ដែល​ចោទ​ប្រកាន់​ហ្នឹង​ទេ»។

លោក សំ សុគង់​ មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា​ ស កន្និកា​ និង​លោក រ៉ុង ឈុន​ ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​ តុលាការ​ព្យាយាម​រក​បន្ទុក​បន្ថែម​មក​ដាក់​លើ​លោក ​រ៉ុង​ ឈុន ​ដោយ​ផ្អែក​លើ​ការ​ទាក់​ទង​គ្នា​ជា​លក្ខណៈ​ឯក​ជន​របស់​កញ្ញា ស កន្និកា និង​លោក​ តុន និមល​ ជាមួយ​បុគ្គល​ផ្សេង​ទៀតតាម​បណ្តាញ​ទាក់​ទង​អេឡិកត្រូនិក​មក​ធ្វើ​ជា​ភស្តុតាង​គាំទ្រ​ការចាប់ខ្លួន​ និង​ចោទ​ប្រកាន់លោក ​រ៉ុង ឈុន។

«ការ​ប្រើ​តេឡេក្រាម និង​ការ Share អី​ផ្សេងៗ​ហ្នឹង​ ខ្ញុំ​គិត​ថា​ ដូច​ជា​មិន​ ជា​ភស្តុតាង​ទេ ដោយសារ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​ហ្នឹង​ នរណា​ ក៏​គាត់​ប្រើ​ដែរ​ហ្វេសប៊ុក​ ហើយ​share ​នោះ​ដែរ»។

មេធាវី​ការពារ​ក្ដី​រូប​នេះ​បន្ត​ថា៖ «ហើយការ ​Share ​ការ Like ​ខ្ញុំ​គិត​ថា​ វា​ មិនៗ ជា​ការ​បញ្ចេញ​គំនិត​ខ្លួន​ឯង​ទេ​ គ្រាន់តែ​យក​ព័ត៌មាន​របស់​អ្នកដទៃ​ យក​ទៅ​ចែក​ចាយ​ឲ្យ​គេ​ គ្រាន់​តែ​ឃើញ​ គ្រាន់​តែ​មើល​ ហើយ​របៀប​សំខាន់​ទាក់ទង​នឹង​បទល្មើស​លុះត្រា​តែ​មាន​ចេតនា ដូច​ថា​មាន​បំណង។ ហើយ​ខ្ញុំ​គិត​ថា ការ Share ការ Like ​គឺ​ជា​គេ​ហៅ​ថា​ ការប្រើប្រាស់​សិទ្ធិ​ក្នុងការ​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ច្រើន​ជាង​អាយក​មក​ជា​បទល្មើស»។

បន្ទាប់​ពី​ការ​សួរ​ដេញ​ដោល​របស់​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តុលាការ​លើក​ពេល​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ខាង​មុខ​នេះ៕