គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព

រូបឯកសារ៖ អគារ​​នៃ​​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ហើយ​កាលពី​ថ្ងៃ​សុក្រ​នេះ​ដើម្បី​គ្រប់គ្រង​សហជីព​រាប់ពាន់​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ហើយ​កាលពី​ថ្ងៃ​សុក្រ​នេះ​ដើម្បី​គ្រប់គ្រង​សហជីព​រាប់ពាន់​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។​ ក៏​ប៉ុន្តែ ក្រុម​មន្ត្រី​សហជីព​ឯករាជ្យ​ខ្លះ​នៅ​កម្ពុជា​មាន​ក្តី​បារម្ភ​ថា​ គំនិត​យោបល់​របស់​ពួក​គេ​មិន​ត្រូវ​រដ្ឋាភិបាល​ដាក់​បញ្ចូល ហើយ​ធ្វើឲ្យ​សេរីភាព​សហជីព​ និង​កម្មករ​ត្រូវ​រឹត​បន្តឹង​ជាង​មុន។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​សហជីព​ត្រូវបាន​អនុម័ត្រ​គាំទ្រ​ទាំង​ស្រុង​ដោយ​គ្មាន​ការ​កែប្រែ​ ក្រោយ​ពី​មាន​ការ​ពិភាក្សា​ដេញ​ដោល​យ៉ាង​ខ្លាំង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជា​ជីវៈ​មាន​ការ​រីក​ចម្រើន​ឆាប់រហ័ស​ ដែល​តម្រូវ​ឲ្យមាន​បទបញ្ញត្តិ​កាន់​តែ​ច្បាស់លាស់​ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ រាជ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ បណ្តា​សហជីព​ និង​អង្គការ​ជា​ដៃគូ​នានា​ត្រូវ​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​កម្មករ ​និង​អភិវឌ្ឍ​ប្រទេស។​

ក៏​ប៉ុន្តែ ​លោក ​អាត់ ធន​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ​ឬ​ហៅ​កាត់​ថា C-CAWDU បាន​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​បាន​ផ្តល់​សេចក្តី​ព្រាង​ចុងក្រោយ​ដល់​សហជីព​ទេ។ ដូច្នេះ​គ្មាន​នរណា​ដឹង​បាន​ថា​ តើ​កង្វល់​នានា​របស់​សហជីព​ និង​កម្មករ​ត្រូវ​ដាក់​បញ្ចូល ឬ​យ៉ាង​ណា។

«យើង​មាន​ការសោក​ស្តាយ​មែន​ទែន។ ​យើង​បារម្ភ​ខ្លាច​ច្បាប់​ ឬ​ក៏​សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​ពិភាក្សា​ដោយ​មិន​បាន​ដាក់​បញ្ចូល​នូវ​ខ ​ដែល​សហជីព​បាន​ស្នើ ​ហើយ​វា​មាន​លក្ខណៈ​រឹត​បន្តឹង​ដល់​ការ​ចូលរួម​សហជីព បញ្ហា​ប្រាក់​ឈ្នួល​ ឬ​លក្ខខណ្ឌ​ការងារ​ និង​សេរីភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា»។​

សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​ឆាប់ៗ​នេះ​ ដើម្បី​ពិភាក្សា​អនុម័ត។ ក្នុង​ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៣២១៤ ​ដែល​កំពុងចុះ​បញ្ជី​បច្ចុប្បន្ន​នេះ​ ក៏ប៉ុន្តែ​មាន​តែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ ​ដែល​មាន​សកម្មភាព​ជួយ​កម្មករ។​

លោក ​អាត់ ធន​ បានថ្លែង​ថា​ សហជីព​គួរ​មាន​សេរីភាព​តាក់តែង​ច្បាប់​សហជីព​ដោយ​ខ្លួន​ឯងតាម​ច្បាប់​ និង​អនុសញ្ញា​អន្តរជាតិ​ មិន​គួរ​តម្រូវ​ឲ្យ​ធ្វើ​របាយ​ការណ៍ហិរញ្ញ​វត្ថុ​ដាក់​ជូន​រដ្ឋាភិបាល ការ​ធ្វើ​កូដកម្ម​មិន​មែន​ជា​កំហុស​របស់​សហជីព​ ការធ្វើ​បាតុកម្ម​មិន​គួរ​តម្រូវ​ឲ្យ​មាន​សំឡេង៥០​ភាគរយ​បូក​១​ទេ។​

លោក​ ជា មុនី ​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​កម្ពុជា​ បាន​ទទូច​ថា​ រដ្ឋាភិបាល ​និង​សភា ​ដែល​ជា​អ្នក​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​ ត្រូវ​តម្កល់​ផល​ប្រយោជន៍​កម្មករ​ជា​ធំ។​

«ដូច្នេះ​បើ​ច្បាប់​សហជីព​ហ្នឹង​ សភា​នឹងធ្វើ​ការ​អនុម័ត​ដោយ​មិន​មាន​ការ​ថ្លឹងថ្លែង​និង​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ផល​ប្រយោជន៍​របស់​កម្មករ​កម្មការិនី​នឹង​ត្រូវ​អន្តរាយ​ ​ឬ​មេ​ដឹកនាំ​សហ​ជីព​នឹង​មាន​ជាប់​ពន្ធ​ធនាគារ ​ហើយ​កម្មករ​នឹង​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការងារ​របស់​ខ្លួន​ឡើយ»។​

លោក​ទទូច​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ធ្វើ​ការ​តវ៉ា ​ហើយ​ការ​ធ្វើ​ច្បាប់​នេះ​មិន​ត្រូវ​មាន​ជាប់​និន្នាការ​នយោបាយ​ និង​បម្រើ​ប្រយោជន៍​តែ​ថៅកែ​ប៉ុណ្ណោះ​ទេ ​តែ​ត្រូវ​មើល​ពី​ទុក្ខវេទនា​របស់​កម្មករ​កម្មការិនី​ផង​ដែរ។​

លោក​បាន​លើក​ឡើង​ថា​ សំណើ​ ឬ​យោបល់​របស់ក្រុម​សហជីព​ឯករាជ្យ​ ដូច​ជា​សហជីព​លោក​មិនត្រូវ​គេ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ​ ទោះ​ជា​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រជុំ​ខ្លះ​ក្តី។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កញ្ញា​ ង៉ាក សាវឿន ​ជា​តំណាង​កម្មករ​នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​ នាង​មិន​បាន​ជឿ​ថា​ ច្បាប់​នេះ​នឹង​អាច​ការពារ​ដល់​កម្មករ​ និង​សហជីព​ទេ​ គឺ​មាន​តែ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។​

«អញ្ចឹង​ខ្ញុំ​គិត​ថា អ្វី​ដែល​ច្បាប់​នេះចេញ​មក​អ្នក​ដែល​ប្រឈម​ ហើយ​អ្នក​ដែល​បាត់បង់​ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​កម្មករ​គឺ​តំណាង​សហជីព​នេះ​ហើយ​ដែល​ពិបាក​ក្នុង​ការ​ធ្វើការ ​ហើយ​កម្មករ​ក៏​នឹង​រងគ្រោះ​តាម​ហ្នឹង​ដែរ​ បើ​តំណាង​មិន​មាន​សិទ្ធិ​ទាមទារ​តវ៉ា ​ផុសផុល ​ហើយ​ជជែក​រក​ដំណោះ​ស្រាយ​ឲ្យ​គាត់​ផង»។​

នាង​បាន​ថ្លែង​ថា​ កិច្ចការ​នាង​ក្រៅ​ពី​ធ្វើ​ការ​ជា​កម្មករ​កាត់ដេរ​ គឺ​បាន​ដោះស្រាយ ​បញ្ហា​ការ​រំលោភ​ច្បាប់​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​បាន​ជួយ​សម្រប​សម្រួល​ នៅពេល​មាន​ការ​រំលោភ​សិទ្ធិ​ សេរីភាព​កម្មករ ​ដូចជា​ការ​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ ដែល​ជា​គោល​ការណ៍​ស្ម័គ្រចិត្ត​ ​ការ​បញ្ចប់​កិច្ច​សន្យា​មិន​ត្រឹមត្រូវ​ជាដើម។ ​នាង សាវឿន​យល់​ថា​ តំណាង​កម្មករ​នឹង​ប្រឈម​មុខបញ្ហា​នានា​ ហើយ​សេរីភាព​កម្មករ​នឹង​ត្រូវ​រឹត​ត្បិត ​ពេល​មាន​ច្បាប់ថ្មី​ ដែល​គេ​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ ហើយ​មិន​បាន​ដាក់​បញ្ចូល​អនុសាសន៍​តំណាង​កម្មករ​នោះ៕