មុននឹងដំណើរទស្សនកិច្ចរបស់លោកស្រី Aung San Suu Kyi ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យទៅកាន់ប្រទេសចិន ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានចេញផ្សាយអត្ថបទជាច្រើនក្នុងពេលស្របគ្នា ដើម្បីបង្ហាញពីសារៈសំខាន់នៃចំណងមិត្តភាពនិងដំណើរទស្សនកិច្ចនេះ។
អតីតរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលដឹកនាំដោយយោធា បានពន្យារពេលគម្រោងសាងសង់ទំនប់វារីអគ្គិសនីឈ្មោះ Myitsoneនេះកាលពីឆ្នាំ២០១១ ដោយសម្អាងពីមូលហេតុនៃការកើនឡើងនូវឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅមីយ៉ាន់ម៉ា ឬភូមា។ អ្នកដែលប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនេះ ក៏បានប្រឆាំងនឹងកិច្ចព្រមព្រៀងក្នុងការបញ្ជូនថាមពល៩០ភាគរយដែលផលិតបានពីទំនប់វារីអគ្គិសនីនេះទៅឲ្យចិនផងដែរ។ ពួកគេក៏បានលើកឡើងអំពីផលប៉ះពាល់ទៅលើបរិស្ថាន ដែលអាចផ្លាស់ប្តូរលំហូរនៃទឹកទន្លេ Irrawaddy (ឥរវតី) ផងដែរ។ ក្រោយមក មេដឹកនាំបក្សប្រឆាំងលោកស្រី Aung San Suu Kyi បានប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ។
សេចក្តីរាយការណ៍ព័ត៌មានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ហើយនិងការបញ្ចេញមតិយោបល់តាមប្រព័ន្ធអ៊ីនធឺណិតបានបញ្ជាក់យ៉ាងច្បាស់អំពីការរំពឹងទុកកាន់តែខ្លាំងចំពោះការស្វែងរកដំណោះស្រាយចំពោះបញ្ហាទំនប់វារីអគ្គិសនី ហើយដែលរដ្ឋាភិបាលក្រុងប៉េកាំងមើលឃើញគម្រោងនេះ ថាជាឧបសគ្គចម្បងមួយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសក្នុងការបង្កើនចំណងមិត្តភាពផ្នែកពាណិជ្ជកម្មជាដើម។
អត្ថបទមួយចេញផ្សាយដោយកាសែត Global Times ដែលគាំទ្រដោយគណបក្សកុម្មុយនិស្តចិន បានហៅទំនប់វារីអគ្គិសនី Myitsone ដែលមានតម្លៃ ៣.៦ ពាន់លានដុល្លារ ថាជា «គម្រោងនិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងចិននិងមីយ៉ាន់ម៉ា» ហើយកាសែតនេះបានបញ្ជាក់ពីការកើនឡើងនៃក្តីសង្ឃឹមនៅក្នុងប្រទេសចិន ដែលថា ភាគីទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ អាចនឹងឈានដល់ចំណុចរបត់មួយ។
មីយ៉ាន់ម៉ាថ្មីៗនេះ បានប្រកាសអំពីគម្រោងក្នុងការបង្កើតគណៈកម្មាធិការក្នុងការពិនិត្យមើលទៅលើគម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេ Irrawady ឡើងវិញ។ គណៈកម្មាធិការនេះ រំពឹងថានឹងផ្តល់របាយការណ៍វាយតម្លៃមួយត្រឹមដើមខែវិច្ឆិកាខាងមុខនេះ។
លោក Bi Shihong សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យ Yunnan ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន បានថ្លែងថា វាមិនទំនងទេ ដែលថាភាគីទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយគ្នានោះ ប៉ុន្តែវាជាការចាំបាច់សម្រាប់ភាគីរដ្ឋាភិបាលក្រុងប៉េកាំងដែលថា ដំណោះស្រាយចំពោះបញ្ហានេះមានការជឿនលឿនទៅមុខខ្លះក្នុងពេលឆាប់ៗនេះ។
លោក Bi បានថ្លែងថា៖
«ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេនោះ វានឹងក្លាយជាឧបសគ្គមួយសម្រាប់ចំណងមិត្តភាពខាងសេដ្ឋកិច្ចរវាងប្រទេសចិននិងមីយ៉ាន់ម៉ានាពេលខាងមុខ។ ឧទាហរណ៍ ក្រុមហ៊ុនចិនដែលជាប់ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងមិនមានហេតុផលច្រើនក្នុងការធ្វើវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រកបដោយភាពជឿជាក់ (ឬជឿទុកចិត្ត) ទៀតនោះទេ»។
ជម្រើសសម្រាប់គម្រោងទំនប់វារីអគ្គិសនី
ប៉ុន្តែលោកមានការជឿជាក់ថា គណៈកម្មាធិការអាចស្វែករកវិធីដ៏សមស្របមួយក្នុងការដោះស្រាយបញ្ហាគម្រោងដែលជាប់គាំងអស់រយៈពេលជាយូរមកហើយនេះ។
លោក Bi បានថ្លែងថា មានជម្រើសតែ៣ប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ទី១ លុបចោលគម្រោងនេះទាំងស្រុង ហើយសងថ្លៃប៉ះប៉ូវទៅឲ្យក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធនឹងគម្រោងនេះ។ ទី២ អនុញ្ញាតឲ្យក្រុមហ៊ុនបន្តគម្រោងនេះឡើងវិញ ឬទី៣ លុបចោលគម្រោងនេះ ហើយស្វែងរកគម្រោងដទៃទៀតសម្រាប់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនេះ ជាការប៉ះប៉ូវវិញ។
បុគ្គលិកម្នាក់របស់សាជីវកម្មវិនិយោគទៅលើថាមពលរបស់ចិនឬ China Power Investment Corporation ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងនេះ បានផ្តល់ការវាយតម្លៃដូចគ្នាជាមួយនឹងលោក Bi ផងដែរ។ នៅក្នុងការផ្តល់អត្ថាធិប្បាយនៅលើគណនី SinaWeibo របស់លោក ដែលជាបណ្តាញសង្គមរបស់ចិនមានលក្ខណៈស្រដៀងគ្នានឹងបណ្តាញសង្គម Twitter បុគ្គលិករូបនេះ បានបញ្ជាក់ថា គេមិនគួរមានការរំពឹងទុកខ្ពស់ពីដំណើរទស្សនកិច្ចនេះនោះទេ។
សារដែលបានបង្ហោះនោះមានខ្លឹមសារថា៖
«សង្ឃឹមកាន់តែខ្ពស់ ខកចិត្តកាន់តែខ្លាំង» ។ ហើយលោកបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកនឹងបន្តព្យាយាមបង្កើតលក្ខខណ្ឌដែលជួយសម្រួលស្ថានការណ៍ ដើម្បីធ្វើឲ្យគម្រោងនេះអាចបន្តទៅមុខទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះអាចដែលធ្វើទៅបាន។
ភាពជាប់គាំងនៃការប្រាស្រ័យទាក់ទងគ្នា
ក្រុមអាជ្ញាធរត្រូវបានបំបិទមាត់មិនឲ្យនិយាយអ្វីពិស្តារពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Aung San Suu Kyi នោះទេ ប៉ុន្តែលោកស្រីត្រូវបានគេរំពឹងថានឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី Li Keqiang និងលោកប្រធានាធិបតីចិន Xi Jinping ផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គម Weibo របស់ចិនដែលរស់នៅក្នុងខេត្ត Yunnan ដែលជាខេត្តភាគខាងត្បូងមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ានោះ បានថ្លែងថា ក្នុងខណៈ ពេលដែលទំនប់វារីអគ្គិសនីនេះគឺជាក្តីបារម្ភដ៏ធំបំផុតមួយរបស់ចិននោះ បញ្ហានេះមិនទំនងអាចដោះស្រាយបាននៅក្នុងពេលឆាប់ៗខាងមុខនេះនោះទេ។
អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះ បានបន្ថែមទៀតថា អ្វីដែលសំខាន់ជាងនេះ គឺប្រទេសទាំងពីរគួរផ្តោតទៅលើការលើកតម្កើង ការធ្វើឲ្យប្រសើរឡើង និងការគ្រប់គ្រងទៅលើវិនិយោគរបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនិងការស្វែងរកវិធីដើម្បីឲ្យចិនអាចជួយដោះស្រាយបញ្ហាដំណើរការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ចិនគឺជាអ្នកវិនិយោគដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា ប៉ុន្តែទំនាក់ទំនងដ៏យូរអង្វែងនិងជិតស្និទ្ធរវាងចិនជាមួយនឹងអតីតមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនបានជួយដល់ប្រជាប្រិយភាពរបស់ប្រទេសចិននោះទេ។ ហើយក្នុងខណៈពេលដែលរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាកំពុងស្វែងរកជំនួយពីបណ្តាប្រទេសនានា ដើម្បីពង្រឹងចំណងមិត្តភាពហើយនិងដើម្បីកុំឲ្យពឹងផ្អែកទៅលើប្រទេសណាមួយហួសប្រមាណនោះ ចិនក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។
បណ្តាក្រុមហ៊ុននានាកំពុងស្វិតស្វាញក្នុងការបង្ហាញពីអត្ថប្រយោជន៍នៃគម្រោងរបស់ពួកគេចំពោះពលរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនជីករ៉ែមួយថែមទាំងបានចេញវីដេអូឯកសារដែលមានរយៈពេល ២០នាទី ដើម្បីបង្ហាញពីរបៀបដែលខ្លួនអាចកែប្រែគម្រោងជីករ៉ែដ៏ចម្រូងចម្រាសឲ្យឈានទៅរកភាពជោគជ័យវិញផងដែរ៕
លោកអ្នកអាចទស្សនាវីដេអូនេះខាងក្រោម។
ប្រែសម្រួលដោយ ស្រេង លក្ខិណា