ពិព័ណ៌ Consuming Passion ជំរុញ​ឱ្យ​ចាប់​អារម្មណ៍​លើ​បញ្ហា​បរិស្ថាន​ពិភពលោក

លោក ឈឹម​ សុធី​ ជា​វិចិត្រករ​ដ៏​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ ឈរ​នៅ​មុខ​គំនូរ​របស់​លោក​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៌​ «Consuming Passion»​ ក្នុង​​សណ្ឋាគារ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពិព័រណ៌​គំនូរ​នេះ​អំពាវនាវ​ឲ្យ​មាន​ការថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (នូវ​ ពៅ​លក្ខិណា/VOA)

កំណត់​និពន្ធ៖ លោក​ ឈឹម​ សុធី​ គឺ​ជា​វិចិត្រករ ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយស្នាដៃ​សិល្បៈ​របស់​លោក​ជា​ច្រើនត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័ណ៌ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ «Consuming Passion‍» គឺ​ជា​ពិព័ណ៌​ថ្មី​មួយ​របស់​លោក​ ក្នុង​គោល​បំណង​ឲ្យ​មាន​ការថែរក្សា​បរិស្ថាន​ធម្មជាតិ​ជុំវិញ​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នាង ​នូវ​ ពៅ​លក្ខិណា​ នៃ​វីអូអេ​បាន​ជួបសម្ភាសន៍លោក ឈឹម សុធី​ ​នៅ​ក្នុង​ Studio នៃ​ VOA ក្នុង​រាជធានី​ភ្នំ​ពេញ៖ ​

VOA ៖ មុន​ដំបូង​ នាង​ខ្ញុំ​សូម​អរគុណ​លោក​ សុធី​ យ៉ាង​ខ្លាំង​ក្នុង​ការផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​នៅ​ក្នុង​ studio VOA ក្នុង​រាជធានី​ភ្នំពេញ។​ ចាស សូម​ស្វាគមន៍​លោក​ សុធី។​

លោក ឈឹម សុធី​ ៖ បាទ សូម​សួស្តី​!​

រូប​គំនូរ​ឈ្មោះ​ «Harmony» ​ដែល​គូរ​ដោយ​លោក ឈឹម​ សុធី ជា​វិចិត្រករ​ដ៏​មាន​បទ​ពិសោធ​យូរ​ឆ្នាំ ត្រូវ​បាន​ដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៌​ «Consuming Passion»​ ក្នុង​សណ្ឋាគារ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពិព័រណ៌​គំនូរ​នេះ​អំពាវនាវ​ឲ្យ​មាន​ការថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (នូវ​ ពៅ​លក្ខិណា/VOA)

VOA ៖ ថ្មី​ៗ​នេះ រូបគំនូរបស់​លោក​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័ណ៌​មួយ​ដែល​មាន​ឈ្មោះ​ថា​ Consuming Passion ។ តើ​លោក​អាច​ពន្យល់​បាន​ទេ​ថា គំនូរ​ទាំង​នេះ​មាន​អត្ថន័យ​យ៉ាង​ដូច​ម្តេច​ដែរ?

លោក​ ឈឹម សុធី ​៖ បាទ​ ខ្ញុំ​សូម​ជម្រាប​ជូន​ទៅ​អ្នក​ស្តាប់​ទាំងអស់​ដែល​កំពុង​តែតាម​ដាន​ស្តាប់​គឺ​ កាល​ពី​ថ្ងៃ​ទី​២៥​ (មិថុនា) កន្លង​ផុត​ទៅ​នេះ​ ខ្ញុំ​បានធ្វើ​ការតាំងពិព័ណ៌​ផ្ទាំង​ស្នាដៃ​គំនូ​របស់​ខ្ញុំ​នៅ​សណ្ឋាគារ Plantation នៅ​មិន​ឆ្ងាយ​ពី​ក្រោយ​ព្រះ​បរមរាជ​វាំង​ប៉ុន្មាន​ទេ។ ស្នាដៃ​ផ្ទាំង​គំនូ​រ​ទាំង​អស់​មាន​ចំនួន​២០​ផ្ទាំង​ រៀប​ដាក់​តាំង​សម្ពោធ​ជា​សាធារណៈ ដែល​មាន​មហាជន​ មនុស្ស​ទាំង​អស់​គ្នា​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ ដើម្បី​សាទរ​ពិធី​សម្ពោធ​របស់​ពិព័ណ៌​របស់​ខ្ញុំ​ហ្នឹង។​

ចំណង​ជើង​នៃ​ពិព័ណ៌​ ជា​ភាសា​អង់គ្លេស​ហៅ​ថា​ «Consuming Passion‍» អាច​បក​ប្រែ​ភាសា​ខ្មែរ​យើង​ឲ្យ​សមរម្យ​ថា​ «ការបំពេញ​នូវ​បំណង‍‍»​ គឺ​ខ្លឹមសារ​ដែល​ចង់​យក​មក​បក​ស្រាយ​នៅ​ក្នុង​ពិព័ណ៌​ហ្នឹងគឺ​ថា យើង​ចង់​បង្ហាញ​អារម្មណ៍​របស់​មនុស្ស​ទូទៅ​ គឺ​ថា​តណ្ហា​របស់​មនុស្ស​នៅ​ក្នុង​ធម៌​របស់​ព្រះ​ពុទ្ធ​គឺ​មាន​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ទេ​ គឺ បំណង​ឬ​សេចក្តី​ត្រូវ​ការ​ហ្នឹង​មាន​ចាប់​តាំង​ពី​យើង​ចាប់​បដិសន្ធិ​ ចាប់​កំណើត​ រហូត​ដល់​យើង​ចាស់​ស្លាប់​តែ​ម្តង​។ គឺ​ថា​ស្លាប់​ហើយ​ហ្នឹង​ វិញ្ញាណ​នៅ​តែ​មិន​អស់​ចិត្ត​ទៀត​ បំណង​ទៅ​រក​ភព​នេះ​ ភព​នោះ​ទៅ​តាម​កម្ម​ ទៅ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ប៉ុន្តែ​នៅ​ក្នុង​ផ្ទាំង​គំនូរ​យើង​បក​ស្រាយ ទាក់​ទង​ទៅ​នឹង​បញ្ហា​សង្គម​ បញ្ហា​បរិស្ថាន​ ហើយ​នឹង​ទាក់​ទង​ទៅ​នឹង​សេចក្តី​ស្នេហា​ដែរ​។ ហើយ​តាម​រយៈ​ផ្ទាំង​គំនូរ​ហ្នឹង​ខ្ញុំ​បាន​បង្ហាញ​ច្រើន​ទាក់​ទង​ទៅ​នឹង​ធន​ធាន​ធម្មជាតិ និង​បរិស្ថាន​ ដូច​ថា​ ស្រុក​យើង​គឺ​ជា​ស្រុក​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ ​សម្បត្តិ​វប្បធម៌​ជា​ដើម​ហ្នឹង​។ «Consuming Passion‍» ទាក់​ទង​ទៅ​នឹង​ផល​វិជ្ជមាន ចង់​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ ចង់​ទប់​ស្កាត់​នូវ​បញ្ហា​ផ្សេងៗ​ដែល​ទាក់​ទង​ទៅ​នឹង​បរិស្ថាន បញ្ហា​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ហ្នឹង​ ជួយ​សម្រួល​ឲ្យ​គាត់​តាម​ចំណង់​ដែល​ពួក​គាត់​ទាមទារ ធ្វើ​ម៉េច​ឲ្យ​គាត់​រស់​នៅ​ជាមួយ​សង្គម​ជាតិ​យើង​ឲ្យ​បាន​សមរម្យ មាន​ភាព​ថ្លៃ​ថ្នូរ។ នោះ​គឺ​ជា​បញ្ហា​ទី​មួយ​ ។ ហើយ​បញ្ហា​មួយ​ទៀត​ ក្នុង​នាម​ជា​សិល្បករ​ដូច​ជា​ខ្ញុំ​អញ្ចឹង ដូច​ថា​ចង់មាន​អារម្មណ៍​ទាក់​ទង​ទៅ​នឹង​ជំនាញ​សិល្បៈ​ កាល​ណា​ចង់ អត់​ប្រពឹត្ត​ អត់​បាន​អនុវត្ត​ជំនាញ​ហ្នឹង​ទេ​ គឺ​វា​មិន​ស្ងប់​អារម្មណ៍។ ខ្ញុំ​ចង់​គូរ​ ខ្ញុំ​ត្រូវ​តែ​បំពេញ​អារម្មណ៍​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវ​គូរ​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​ ទើប​ខ្ញុំ​ស្ងប់​អារម្មណ៍។ អញ្ចឹង​គ្រប់​គ្នា​ត្រូវ​មាន​ការច្នៃ​ប្រឌិត មាន​ការបង្កើត​ ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​ហ្នឹង គឺ​ថា​ឲ្យ​បាន​ជោគ​ជ័យ​ ។ កាល​ណា​អារម្មណ៍​យើង​ស្ងប់​ ស្នាដៃ​យើង​ល្អ​ អាហ្នឹង​យើង​បាន​ជោគ​ជ័យ​ហើយ បាន​សម្រេច​បំណង​ហើយ។ ​

ទស្សនិកជន​មើល​រូប​គំនូរដែល​គូរ​ដោយ​លោក ឈឹម​ សុធី ជា​វិចិត្រករ​ដ៏​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ នៅក្នុង​ពិព័រណ៌​ «Consuming Passion»​ ក្នុង​សណ្ឋាគារ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពិព័រណ៌​គំនូរ​នេះ​អំពាវនាវ​ឲ្យ​មាន​ការថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (នូវ​ ពៅ​លក្ខិណា/VOA)

VOA ៖ ក្នុង​ចំណោម​ស្នាដៃ​ដាក់​តាំង​ទាំង​អស់​ តើ​រូប​គំនូរ​ណា​ដែល​លោក​ស្រឡាញ់​ជាង​គេ?

​ហើយ​តើ​វា​មាន​លក្ខណៈ​ពិសេស​ត្រង់​ណា​ដែរ?

លោក ឈឹម សុធី​ ៖ រូប​ទាំង​២០​ផ្ទាំង​ខ្ញុំ​ស្រឡាញ់​សឹង​ទាំង​អស់​ ប៉ុន្តែ​លក្ខណៈ​ពិសេស​នៃ​រូប​ ខ្ញុំ​ចាប់​អារម្មណ៍​ផ្តោត​ខ្លាំង​ទៅ​លើ​ផ្ទាំង​រូប​បី​។ ចំណង​ជើង​មួយ​ហៅ​ថា Cosmo ទាក់​ទង​ទៅ​នឹង​លោក​ធាតុ។ ធាតុ​ទាំង​បួន​ ទឹក​ ដី​ ភ្លើង​ ខ្យល់ ជា​បណ្តុំ​ធាតុ​ ដែល​មិន​អាច​បាត់​បង់​ធាតុ​ណា​មួយ​បាន​ ធាតុ​ទាំង​អស់​គឺ​ធាតុ​ទ្រលំនឹង​ផែន​ដី​ លំនឹង​ទាំង​ធម្មជាតិ​ បរិស្ថាន​។ កាល​ណា​បាត់​បង់​ធាតុ​ណា​មួយ ធ្វើ​ឲ្យ​មនុស្ស​ សត្វ នៅ​លើ​ផែន​ដី​មាន​ការពិបាក​ធន់​ទ្រាន់​ទៅ​នឹង​ធម្មជាតិ។

មាន​រូប​មួយ​ទៀត​ហៅ​ថា​ Reflect ទាក់​ទង​ទៅ​នឹង​ការឆ្លុះ​បញ្ចាំង​ ការបង្ហាញ​ពី​ទិដ្ឋភាព​រវាង​ព្រះ​អាទិត្យ​ទៅ​នឹង​ភព​ផែន​ដី។ ព្រះ​អាទិត្យ​គឺ​បញ្ចេញ​កម្តៅ​ កាល​ណា​បញ្ចេញ​កម្តៅ​ខ្លាំង​ ភព​ផែន​ដី​យើង​មាន​ស្រទាប់​បរិស្ថាន​បៃ​តង​ អញ្ចឹង​ធ្វើ​ឲ្យ​ជីវិត​សត្វ​មនុស្ស​លោក​មាន​ការលំបាក​ក្នុង​ការ​រស់​នៅ។ អញ្ចឹង​បើ​យើង​មើល​រូប​ ធ្វើ​ការវិភាគ​ទៅ​នឹង​រូប​ទៅ វា​សាកសម​ដែរ​ ព្រោះ​យើង​ប្រើ​លក្ខណៈ​បច្ចេក​ទេស​ដ៏​ខ្ពស់។ គំនូរ​នោះ​គឺ​ជា​គំនូរ​សហស្ស​សម័យ ដែល​ចំ​នឹង​ពេល​វេលា​ បរិយាកាស​នៃ​សង្គម​មនុស្ស​លោក​ ក៏​ដូច​ជា​សង្គម​កម្ពុជា​ដែរ​ យើង​កំពុង​តែ​ទាម​ទារ​ឲ្យ​មាន​ការជួយ​ថែរក្សា ឲ្យ​មាន​ភាព​ចិរកាល​នៃ​ធនធាន​ធម្មជាតិ​ ធ្វើ​ម៉េច​ឲ្យ​មនុស្ស​រស់​នៅ​ធ្វើ​ម៉េច​ឲ្យ​រស់​នៅ​ប្រកប​ដោយ​សមធម៌​ ​ទាំង​អស់​គ្នា​ទៅ​លើ​ភព​ផែន​ដី។​

រូប​មួយ​ទៀត​មាន​ចំណង​ជើង​ថា​ Harmony និយាយ​ពី​អ្វី​ដែល​សុខដុមភាព ភាព​ដែល​អាច​រួម​រស់​នៅ​ជាមួយ​គ្នា​បាន​ ។​ អ្វី​ទាំង​អស់​ដែល​អាច​នៅ​សម​ប្រកប នៅ​ជាមួយ​គ្នា​បាន​ ប្រកប​ទៅ​ដោយ​ធម៌​ មិន​មាន​ជម្លោះ​ រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុម។ រូប​ហ្នឹង​គឺ​ថា​ ទស្សនិកជន​មាន​ការចាប់​អារម្មណ៍​ច្រើន​ ហើយ​កាសែត​ Cambodia Daily ក៏​បាន​យក​រូប​ហ្នឹង​ទៅ​ធ្វើ​ក្រប​មុខ។ មាន​គេ​ប្រាប់​ខ្ញុំ​ច្រើន​ថា​គេ​ស្រឡាញ់​រូប​ហ្នឹង​ តែ​តម្លៃ​វា​រាង​ខ្ពស់​ អញ្ចឹង​គេ​គិត​មើល​សិន។ Harmony បើ​យើង​សម្លឹង​មើល​ទៅ​មួយ​ភ្លែ​ត​ វា​ហាក់​បី​ដូច​ជា​ផែន​ដី​រាង​មូល​មួយ​ ខ្ញុំ​បាន​គូរ​ក្បាច់​ខ្មែរ​យើង​ ក្បាច់​ភ្ញី​ទេស រត់​ព័ទ្ធ​ទៅ​រក​ប្រឡោះកណ្តាល​ហ្នឹង​ ហើយ​បញ្ចេញ​ជា​ផ្កា​ឈូក​ តំណាង​ឲ្យ​សិល្បៈ​ផង​ វប្បធម៌​ សាសនា​ នៅ​ក្នុង​រូប​ហ្នឹង​ទាំង​អស់​រួម​គ្នា​។ ហើយ​នៅ​គៀនៗ​ យើង​មាន​ផ្កាឈូក​ យើង​មាន​ធាតុ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ធាតុ​ដែល​ទ្រទ្រង់​លោក​ ទឹក​ ដី​ ភ្លើង​ ខ្យល់ ជា​ដើម។​ យើង​បាន​លម្អ​ផ្ទៃ​នៃ​ផ្ទាំង​គំនូរ​ហ្នឹង​ បង្កើត​ជារូប​ភាព​មួយ​ប្រកប​ដោយ​សោភ័ណភាព​និង​ខ្លឹម​សារ។​

VOA ៖ ខ្ញុំ​សង្កេត​ឃើញ​ថា​ រូប​គំនូរ​របស់​លោក​ភាគច្រើន​ទាក់​ទង​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​ តើ​លោក​អាច​ពន្យល់​បាន​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​លោក​ជ្រើស​រើស​យក​ប្រធាន​បទ​បែប​នេះ​ មក​ធ្វើ​ការគូសរួបបង្ហាញ?

លោក​ ឈឹម សុធី​៖ បាទ​ប្រធាន​បទ​បែប​នេះ​ គឺ​ជា​ប្រធាន​បទ​ក្តៅ​ផង​ និង​ជា​ប្រធាន​បទ​ដែល​មនុស្ស​យើង​គ្រប់​គ្នា​ គ្រប់​ស្រទាប់​ មិន​ថា​តែ​ជន​ជាតិ​ខ្មែរ​ទេ​ សូម្បី​តែ​ពិភពលោក​ទាំង​មូល​ ក៏​គេ​មាន​ការយក​ចិត្ត​ទុក​ដាក់​ ហើយ​ពួកគេ​មាន​ការភ័យ​ព្រួយ។ យើង​ទាំង​អស់​គ្នា​រស់​នៅ​ក្នុង​ភពផែនដី ជា​វត្ថុ​មូល​មួយ​កំពុង​អណ្តែត​នៅ​ក្នុង​ចក្រវាឡ​។ ដូច្នេះ​យើង​ទាំង​អស់​មាន​តួនាទី​ក្នុង​ការជួយ​ជ្រោម​ជ្រែង​ ចាប់​តាំង​ពី​កោសិកា​តូច​ទៅ​កោសិកា​ធំ​ក្នុង​ការឲ្យ​ផែន​ដី​យើង​មាន​លំនឹង​បរិស្ថាន​ល្អ មាន​ភាព​បរិសុទ្ធ​ បំបាត់​ភាព​ពុល​ទាំង​អស់​គ្នា។​ យើង​មិន​មែន​រស់​តែ​មួយ​ថ្ងៃ ១០​ឆ្នាំ​ឬ​២០​ឆ្នាំ​ទេ យើង​ត្រូវ​គិត​ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​ ដើម្បី​ឲ្យ​គ្នា​បាន​សុខ​ បាន​សប្បាយ​ ជា​និរន្តន៍ត​រៀង​ទៅ​។

អញ្ចឹង​ក្នុង​នាម​ជា​សិល្បករ​ម្នាក់​គឺ​ថា​ត្រូវ​តែ​មាន​គោលបំណង​ ឆន្ទៈ ដើម្បី​ជា​សារ តាម​រយៈ​ជំនាញ​របស់​យើង​ដែល​បាន​រៀន​មក ចេះ​អ្វីយើង​អាច​ប្រើ​អាហ្នឹង​ទៅ​លើ​បច្ចេកទេស​យើង​ ដើម្បី​ទៅ​ដល់​មហា​ជន។ អញ្ចឹង​គ្រប់​ៗ​គ្នា អ្នក​ណា​ចេះ​ដឹងអ្វី​ គឺ​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​ចំណេះ​រៀងៗ​ខ្លួន​ទៅ​ដើម្បី​ឲ្យ​អ្នក​ផ្សេង​គេ​បាន​ជ្រួត​ជ្រាប​បាន​ខ្លះ។​ កាលណា​មាន​ម្នាក់​ទៅ​ម្នាក់​ គេ​ថា​អូ៎! វា​ប៉ះ​ពាល់​មែន វា​អាច​ធ្វើ​ឲ្យ​ស្លាប់​ទៅ​ថ្ងៃ​ក្រោយ ឬ​ក៏​រយៈពេល​យូរ​វា​អាច​ស្លាប់​ ។ អញ្ចឹង​ទៅ​ការកាត់​បន្ថយ​ ការថែរក្សា​គ្រប់​គ្នា​ទៅ​អាច អញ្ចឹង​អាលុយ​កាក់​ដែល​បាន​មក​ដោយ​សារ​ការបំផ្លាញ​ហ្នឹង​ គេ​លែង​ចង់​បាន​វា។ អាហ្នឹង​គេ​ថា​បាន​មក​ចាយ​តែ​មួយ​ភ្លែត​ ប៉ុន្តែ​វា​ផល​ប៉ះ​ពាល់​វែង​ឆ្ងាយ​ អាហ្នឹង​ក៏​ធ្វើ​ឲ្យ​គេ​កាត់​បន្ថយ​ ឬ​ក៏​គេ​អាច​ឈប់ ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​បរិស្ថាន​វា​កើន​ឡើង​ យើង​ក៏​រស់​នៅ​ស្រួល ដក​ដង្ហើម​ស្រួល​ទាំង​អស់​គ្នា​ ដេក​ស្ងប់​ស្រួល។​

VOA៖ ចា៎ សូម​អរគុណ​លោក​សុធី​យ៉ាង​ខ្លាំង​ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​នេះ។

លោក​ឈឹម សុធី​ ៖ បាទ​ សូម​អរគុណ។