បញ្ហា​សុខភាព​ផ្លូវចិត្ត​ជំរុញ​ឲ្យ​សហគមន៍​អាស៊ីអាគ្នេយ៍​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធ​សភា

រូបឯកសារ៖ អ្នកចូលរួមកំពុងផ្ចិតផ្ចង់ស្តាប់ការបកស្រាយរបស់អ្នកជំនាញអំពីតម្រូវការសេវាសុខភាពដែលសហគមន៍ខ្មែរ ឡាវ និងវៀតណាមនៅរដ្ឋ Connecticut កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥។ (ទែន សុខស្រីនិត/VOA)

សមាជិក​ព្រឹទ្ធសភា​រូប​នេះ នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​សហគមន៍​ពលរដ្ឋ​ជនជាតិ​ភាគតិច​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​នៅ​រដ្ឋ Connecticutនៅ​ថ្ងៃសៅរ៍ ទី​៤ ខែ​មីនា​ខាង​មុខ​នេះ ដើម្បី​ពន្យល់​អំពី​សេចក្តី​ស្នើ​ច្បាប់​នេះ​ និង​ដើម្បី​ស្វែងយល់​បន្ថែម​លើ​តម្រូវការ​របស់​ពលរដ្ឋ​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍។

នៅរដ្ឋ​ Connecticut ក្រុម​ពលរដ្ឋ​ជនជាតិ​ភាគតិច​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ប្រមាណ​១០០នាក់ នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ម្នាក់​ប្រចាំ​រដ្ឋ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​សហគមន៍​នេះ​បាន​ឆ្លងកាត់។ ការ​ជួប​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសៅរ៍ ទី៤ខាង​មុខ​នេះ។

បញ្ហា​សុខភាព​ផ្លូវចិត្តត្រូវបាន​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​ជាង​មុន​ដោយ​សភា​អាមេរិក​នា​ពេល​ថ្មីនេះ បន្ទាប់​ពី​លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​ម្នាក់​ប្រចាំ​រដ្ឋ Connecticut មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ស្នើ​ឲ្យ​មាន​ការ​តាក់តែង​ច្បាប់​មួយ​ស្តី​អំពី​សុខភាព​ផ្លូវ​ចិត្ត។

សេចក្តី​ស្នើ​ច្បាប់​នេះ​ដែល​មាន​ឈ្មោះ​ថា The 21st Century Cures Act ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅ។ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ចំណាយ​ថវិកាជាតិ​ចំនួន​១ពាន់លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរឆ្នាំ ដើម្បី​ជួយ​រដ្ឋាភិបាល​តាម​រដ្ឋ​លុប​បំបាត់​ការ​ញៀន​អាភៀន ហើយ​ទប់ស្កាត់​ និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត។

រូបឯកសារ៖ លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Connecticut មក​ពី​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​សហគមន៍​ពលរដ្ឋ​ជនជាតិ​ភាគតិច​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​នៅ​រដ្ឋ Connecticut នៅ​ថ្ងៃសៅរ៍ ទី​៤ ខែ​មីនា​ខាង​មុខ​នេះ ដើម្បី​ពន្យល់​អំពី​សេចក្តី​ស្នើ​ច្បាប់​នេះ​ និង​ដើម្បី​ស្វែងយល់​បន្ថែម​លើ​តម្រូវការ​របស់​ពលរដ្ឋ​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍។

លោកស្រី Mary F. Scully ប្រធាន​គម្រោង​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ នៅ​រដ្ឋ Connecticut ដែល​បាន​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​អាស៊ីអាគ្នេយ៍​អស់​រយៈពេល​ជាង​២០ឆ្នាំ​មក​នេះ បាន​ឲ្យ​ដឹង​ថា គោលបំណង​សំខាន់​របស់​សហគមន៍​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​លោក Chris Murphy គឺ​ដើម្បី​សួរ​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ផ្តោត​លើ​ការ​ខ្វះ​ការ​គាំពារ​ពី​រដ្ឋាភិបាល​ខាង​សុខភាព​ផ្លូវចិត្ត​របស់​សហគមន៍​ភាគ​តិច​នេះ។

លោកស្រី​ថ្លែង​ថា៖ «‍យើង​នឹង​ពិភាក្សា​ជាមួយ​លោក​ព្រឹទ្ធសភា​អំពី​ការ​ខ្វះ​ទិន្នន័យ​ស្រាវជ្រាវ​ខាង​សុខភាព​ផ្លូវចិត្ត​នៃ​សហគមន៍​យើង។ យើង​ត្រូវការ​អ្នក​ជំនាញ​ខាង​សុខភាព​នៅ​តាម​សហគមន៍។ ហើយ​យើង​ត្រូវការ​សេវា​ភាសា​បក​ប្រែ​ប្រសើរ​ជាង​នេះ។ យើង​ក៏​ចង់​សួរ​ថា តើ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ស្នើ​ច្បាប់​សុខភាព​ផ្លូវចិត្ត​នេះ​នឹង​មក​ដល់​សហគមន៍​របស់​យើង​ដោយ​របៀប​ណា»។

លោកស្រី Mary Scully បាន​បន្ថែម​ទៀត​ថា សហគមន៍​ជនជាតិ​ភាគតិច​ខ្មែរ ឡាវ និង​វៀតណាម​នៅ​សហរដ្ឋ​អាមេរិក ដែល​ភាគ​ច្រើន​បាន​ឆ្លងកាត់​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍ គឺជា​ក្រុម​មនុស្ស​ដែល​មាន​អត្រា​ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​បាក់ស្បាត និង​ជំងឺ​តានតឹង​ផ្លូវ​ចិត្ត​ខ្ពស់​ជាង​គេ​បង្អស់។ ក៏​ប៉ុន្តែ សេវាថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ដែល​សហគមន៍​ភាគតិច​នេះ​ទទួល​បាន​នៅ​មាន​កម្រិត​ទាប​បំផុត ដោយសារ​តែ​ខ្វះខាត​ថវិកា​ឧបត្ថម្ភ​ដល់​អង្គការ​បម្រើ​សហគមន៍ និង​ការ​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​ពី​អ្នក​តាក់តែង​ច្បាប់​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នេះ។

លោកស្រី​ថ្លែង​ថា៖ «‍ដូច្នេះ​ហើយ​មនុស្ស​ជា​ច្រើន​មិន​អាច​ទទួល​បាន​សេវា​សុខភាព​ផ្លូវចិត្ត​ដ៏​ល្អ ហើយ​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​ក៏​មិន​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ដែល​សមស្រប​សម្រាប់​ការងារ​ចម្បង​របស់​ពួក​គេ​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក Chris Murphy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​នា​ពេល​កន្លង​ទៅ​ថា សេចក្តី​ស្នើ​ច្បាប់​សុខភាព​ផ្លូវចិត្ត​នេះ នឹង​ពង្រឹង​ច្បាប់​សហព័ន្ធ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​អាមេរិក ផ្តល់​សេវាសុខភាព​ខាង​រូបរាង​កាយ និង​សុខភាព​ផ្លូវចិត្ត​ឲ្យ​ស្មើភាព​គ្នា។ លោក​ថា «‍ពលរដ្ឋ​នឹង​ទទួល​បាន​ការ​ថែទាំ​សុខភាព​បន្ថែម​ទៀត និង​កាន់តែ​ល្អ​ជាង​មុន»។

ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នេះ VOA បាន​រាយការណ៍​នាពេល​កន្លង​ទៅ​ថា បញ្ហា​សុខភាព​ផ្លូវចិត្ត​មាន​ពាក់ព័ន្ធ​គ្នា​នឹង​ជំងឺ​ខាង​សុខភាព​រូបរាង​កាយ។ បើ​ធៀប​នឹង​ពលរដ្ឋ​អាមេរិក​ទូទៅ ពលរដ្ឋ​ខែ្មរ​អាមេរិកាំង​អាច​មានអត្រាជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២​ទ្វេដង ​ មាន​អត្រា​ភាព​តានតឹង​ផ្លូវចិត្ត​ប្រាំពីរ​ដង ​និង​មាន​អត្រាជំងឺ​បាក់ស្បាត​១៥​ដង​ខ្ពស់​ជាង​ពលរដ្ឋ​អាមេរិកាំង​ទូទៅ។

តាមរយៈ​ការ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​សមាជិក​ព្រឹទ្ធ​សភា Chris Murphy នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ លោកស្រី Mary Scully ដែល​ជា​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​ម្នាក់​នៅ​ក្នុង​សហគមន៍ សង្ឃឹម​ថា នឹង​មាន​ការ​ផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​អង្គការ​សុខភាព​តាម​សហគមន៍ និង​ដល់​អ្នក​ជំនាញ​សុខភាព​ផ្លូវចិត្ត​ប្រសើរ​ជាង​នេះ ជាពិសេស​ដល់​សហគមន៍​ជនជាតិ​ភាគតិច​អាស៊ីអាគ្នេយ៍៕