ខណៈដែលប្រទេសអាមេរិកគិតអំពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើរូបលោកអតីតប្រធានាធិបតី Donald Trump នៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ កងការពារសន្តិសុខប្រធានាធិបតី បានស្ថិតនៅក្រោមការពិនិត្យពិច័យយ៉ាងខ្លាំង ចំពោះការអនុញ្ញាតឱ្យមនុស្សម្នាក់ដែលអាចក្លាយជាឃាតករ កាន់កាំភ្លើងវែងមួយដើម នៅចម្ងាយប្រហែល១៣៧ម៉ែត្រ ពីកន្លែងលោក Trump ថ្លែងការណ៍។
សមាជិករដ្ឋបាលលោក Biden និងសមាជិកសភាជាន់ខ្ពស់ បាននិយាយថា ពួកគេនឹងទាមទារចម្លើយពីទីភ្នាក់ងារកងការពារសន្តិសុខប្រធានាធិបតី ដែលមានការទទួលខុសត្រូវចម្បង លើការការពារសន្តិសុខប្រធានាធិបតី អតីតប្រធានាធិបតី ក្រុមគ្រួសាររបស់ពួកគេ និង មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្រសួងសន្តិសុខមាតុភូមិគ្រប់គ្រងកងការពារសន្តិសុខប្រធានាធិបតី។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងនេះ គឺលោក Alejandro Mayorkas បានហៅការវាយប្រហារនោះ ថាជា «បរាជ័យមួយ» របស់ទីភ្នាក់ងារនេះ។
សមាជិកសភា ជាពិសេសសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump នៅក្នុងរដ្ឋសភា ដែលបេ្តជ្ញាថានឹងរកចម្លើយពីទីភ្នាក់ងារការពារសន្តិសុខប្រធានាធិបតី កំពុងរៀបចំសវនាការ ហើយទាមទារឱ្យទីភ្នាក់ងារនេះផ្តល់ព័ត៌មាន។
លោក James Comer ប្រធានគណៈកម្មាធិការសភា ទទួលបន្ទុកលើការត្រួតពិនិត្យនិងការទទួលខុសត្រូវ បានសរសេរលើបណ្តាញសង្គម X ថា៖ «ពលរដ្ឋអាមេរិកាំងមានសំណួរជាច្រើន បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Trump នៅរដ្ឋ Pennsylvania »។ លោកបានថ្លែងថា គណៈកម្មាធិការរបស់លោក «កំពុងព្យាយាមស្វែងរកចម្លើយ»។
ទីកន្លែងកៀកខ្លាំង
មុនការវាយប្រហារបន្តិច លោក Trump កំពុងតែនិយាយនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតមួយ នៅលើឆាកនៅកណ្តាលវាលមួយ ក្នុងទីក្រុង Butler រដ្ឋPennsylvania។ ការប្រមូលផ្តុំគ្នានេះ បានធ្វើឡើងនៅក្នុងបរិវេណមួយ ដែលមានការរក្សាសន្តិសុខមួយ ប៉ុន្តែនៅខាងក្រៅបរិវេណនោះ មានអគារមួយខ្នងដែលមានកម្ពស់មួយជាន់ ដែលមើលទៅឃើញកន្លែងលោក Trump ថ្លែងការណ៍យ៉ាងច្បាស់។
សេចក្តីរាយការណ៍របស់អ្នកឃើញផ្ទាល់ភ្នែក និងវីដេអូពីកន្លែងកើតហេតុ បង្ហាញថាប៉ុន្មាននាទី ក្រោយលោក Trump បានចាប់ផ្តើមថ្លែង បុរសអាយុ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks បានវារឡើងដំបូល ជាមួយកាំភ្លើងដងវែង ប្រភេទ AR-15 មួយដើម។ បុរសឈ្មោះ Crooks នោះ ក៏បានរៀបចំកន្លែងបាញ់ចម្ងាយប្រហែល ១៣៧ម៉ែត្រ ពីកន្លែងលោក Trump ឈរនិយាយ។ ចម្ងាយបាញ់ឱ្យមានប្រសិទ្ធភាព សម្រាប់កាំភ្លើងដងវែង ដែលមានរាប់លានដើម នៅក្នុងដៃរបស់ពលរដ្ឋអាមេរិកាំងនោះ គឺបានឆ្ងាយជាង ៤៥៧ ម៉ែត្រ។
អ្នកមើលឃើញបានព្រមានមន្ត្រីប៉ូលិសអំពីវត្តមានរបស់បុរសឈ្មោះ Crooks នៅលើអគារ អស់ពេលជិត២នាទី មុនការវាយប្រហារ។ ក៏ប៉ុន្តែទោះជាមានវត្តមានរបស់ក្រុមអ្នកបាញ់ស៊ីប នៅកន្លែងនោះក៏ដោយ ក៏បុរសឈ្មោះ Crooks នោះ នៅតែអាចបាញ់កាំភ្លើងបានប៉ុន្មានគ្រាប់ ធ្វើឱ្យលោកអតីតប្រធានាធិបតី របួសត្រចៀកស្តាំ និងបានសម្លាប់អ្នកចូលរួមម្នាក់ និងធ្វើឱ្យមនុស្ស២នាក់ទៀត របួសធ្ងន់ មុននឹងគាត់បានស្លាប់ដោយគ្រាប់កាំភ្លើង របស់អ្នកបាញ់ស៊ីបម្នាក់នៃកងការពារសន្តិសុខប្រធានាធិបតី។
ការវាយប្រហារនេះជាលើកទីមួយហើយ ដែលនាំឱ្យប្រធានាធិបតីបច្ចុប្បន្ន ឬ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក រងរបួសដោយមនុស្សម្នាក់ដែលសឹងតែក្លាយជាឃាតករ ចាប់តាំងពីលោក Ronald Reagan ត្រូវបានលោក John Hinckley Jr. បាញ់កាលពីឆ្នាំ១៩៨១ តែលោក Reaganនៅរស់រានមានជីវិត។
ការស៊ើបអង្កេតក្នុងរដ្ឋសភានៅពេលខាងមុខ
នៅក្នុងការបង្ហាញខ្លួនកាលពីថ្ងៃអាទិត្យ នៅក្នុងស្ថានីយទូរទស្សន៍ NBC ប្រធានរដ្ឋសភា លោក Mike Johnson បានប្តេជ្ញាថាសមាជិកសភា នឹងទាមទាររកព័ត៌មានអំពីការរៀបចំសន្តិសុខ ដែលបានអនុញ្ញាតឱ្យការវាយប្រហារកើតឡើងបាន។
លោក Johnson បានថ្លែងថា៖ «រដ្ឋសភានឹងធ្វើការស៊ើបអង្កេតយ៉ាងពេញលេញមួយ អំពីសោកនាដកម្មនេះ ដើម្បីសម្រេចថាតើចន្លោះប្រហោងក្នុងការការពារសន្តិសុខស្ថិតនៅកន្លែងណាខ្លះ ហើយថាតើមានអ្វីផ្សេងទៀត ដែលពលរដ្ឋអាមេរិកាំងត្រូវដឹងឬគួរដឹងនោះ?»
លោក Comer បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទថា លោកបានកំណត់យកថ្ងៃទី២២ខែកក្កដា ជាថ្ងៃធ្វើសវនាការ ដែលលោករំពឹងថា នាយកនៃកងការពារសន្តិសុខប្រធានាធិបតី អ្នកស្រី Kimberly A Cheatle នឹងចូលមកផ្តល់សក្ខីកម្ម។ លោកបានថ្លែងថាពីឥឡូវដល់ថ្ងៃសវនាការ លោករំពឹងថាអ្នកស្រី Cheatle នឹងប្រមូលបានព័ត៌មានសំខាន់ៗជុំវិញការវាយប្រហារនោះ។
ក្រសួងសន្តិសុខមាតុភូមិ និងការស៊ើបការណ៍សម្ងាត់
បើតាមសេចក្តីរាយការណ៍ព័ត៌មាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការសន្តិសុខមាតុភូមិ លោក Mark Green បាននិយាយជាមួយអ្នកស្រី Cheatle កាលពីថ្ងៃអាទិត្យហើយបានទាមទារឱ្យអ្នកស្រីផ្តល់ជូនគណៈកម្មាធិការរបស់លោក នូវឯកសារជាច្រើនដែលជាប់ទាក់ទងនឹងឧប្បទ្ទវហេតុនោះ។
លោក Green ក៏បានផ្ញើលិខិតមួយច្បាប់ជូនលោករដ្ឋមន្ត្រី Mayorkas ដែលថា «ការថ្លោះធ្លោយផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរនេះ និងការកើតឡើងដ៏គួរព្រឺក្បាល នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនេះមិនអាចមើលរំលងបានទេ។ រឿងនេះនាំឱ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ អំពីថាតើហេតុដូចម្តេចបានជាអ្នកបាញ់កាំភ្លើងម្នាក់ អាចឡើងដំបូងអគារមួយ ដែលនៅក្បែរ ហើយដែល មើលឃើញកន្លែងលោកប្រធានាធិបតី Trump កំពុងឈរនិយាយ យ៉ាងច្បាស់នោះ»។
ការស៊ើបអង្កេតទី៣ ត្រូវគេរំពឹងថានឹងធ្វើឡើងដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា។ កាលពីថ្ងៃអាទិត្យ ប្រធានគណៈកម្មាធិការ លោក Mike Turner បានបង្ហាញខ្លួននៅលើកញ្ចក់ ទូរទស្សន៍ CNN ហើយបានសរសើរការតាំងចិត្តរបស់មន្ត្រីកងការពារសន្តិសុខប្រធានាធិបតី ដែលបាននាំយកខ្លួនប្រាណរបស់ពួកគេ ទៅហ៊ុំព័ទ្ធលោក Trump ហើយបាននាំលោកចុះចេញពីវេទិកា កាលពីថ្ងៃសៅរ៍។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកបានថ្លែងថា ក្រោយព្រឹត្តិការណ៍បាញ់នោះ មានសំណួរជាច្រើនដែលតម្រូវឱ្យមានចម្លើយ។
លោក Turner បានថ្លែងថា៖ «ការដែលយើងឮថាមានមនុស្សដឹងថាមានបុរសម្នាក់នៅលើដំបូល ជាមួយកាំភ្លើងមួយដើម ហើយព្យាយាមប្រាប់ប៉ូលិស នៅពេលដែលលោកប្រធានាធិបតី កំពុងនិយាយនៅលើវេទិកានោះ ជាមូលហេតុសំខាន់មួយ ដែលនាំឱ្យមានការព្រួយបារម្ភ ហើយខ្ញុំគិតថា វាធ្វើឱ្យមនុស្សគ្រប់គ្នាងឿងឆ្ងល់ណាស់ ពីព្រោះយើងជឿថា ប្រធានាធិបតីរបស់យើង អតីតប្រធានាធិបតីរបស់យើង បេក្ខជនប្រធានាធិបតីរបស់យើង ទទួលបានការការពារកម្រិតខ្ពស់បំផុត ហើយគ្រាន់តែប៉ុណ្ណឹងក៏ហាក់ដូចជាធ្វើមិនបានដែរ»។
ការឆ្លើយតបរបស់ព្រឹទ្ធសភា
ចំណែកខាងព្រឹទ្ធសភាវិញ ដែលគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើននោះ សមាជិកព្រឹទ្ធសភា ក៏កំពុងតែចាត់វិធានការដើម្បីពិនិត្យការព្យាយាមធ្វើឃាតនោះដែរ។
គណៈកម្មាធិការទទួលបន្ទុកសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាល របស់ព្រឹទ្ធសភាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើការស៊ើបអង្កេតមួយ។ លោកប្រធានគណៈកម្មាធិការ Gary Peters និងសមាជិកគណកម្មាធិការ លោក Rand Paul បានផ្ញើលិខិតរួមគ្នាមួយច្បាប់ទៅកាន់ក្រុមមន្ត្រីរដ្ឋបាល ស្នើសុំឱ្យពួកគេ បង្ហាញខ្លួនក្នុងសវនាការ។
នៅថ្ងៃចន្ទដែរ សមាជិកគណបក្សសាធារណរដ្ឋ នៅក្នុងគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយុត្តិធម៌ បានស្នើ «ជាបន្ទាន់ភ្លាមៗ» ឱ្យប្រធានគណៈកម្មាធិការខាងគណបក្សប្រជាធិបតេយ្យ លោក Dick Durbin រៀបចំធ្វើសវនាការមួយ។
ពួកគេបានសរសេរក្នុងលិខិតមួយច្បាប់ទៅកាន់លោក Durbin ថា៖ «មានរឿងច្រើនណាស់ ដែលយើងមិនដឹងអំពីការព្យាយាមធ្វើឃាតនេះ ប៉ុន្តែរឿងដែលកើតឡើង នាំឱ្យមានសំណួរ និង ការព្រួយបារម្ភយ៉ាងខ្លាំង»។
ពួកគេបានសរសេរថា៖ «យើងដឹងគុណចំពោះសេចក្តីក្លាហាន និង ការមិនគិតអំពីជីវិតរបស់ខ្លួន នៃភ្នាក់ងារការពារសន្តិសុខប្រធានាធិបតី និងមន្ត្រីពង្រឹងច្បាប់ឯទៀត នៅកន្លែងកើតហេតុ ប៉ុន្តែយើងចាំបាច់ត្រូវតែជីករកឫសគល់ ថាហេតុអ្វីបានជាបុរសនោះ អាចឡើងដំបូលអគារនៅក្បែរនោះ ជាមួយកាំភ្លើងវែងមួយដើម និងមើលឃើញលោកប្រធានាធិបតីយ៉ាងច្បាស់។ គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយុត្តិធម៌ មានភារកិច្ចមួយ ដើម្បីអនុវត្តការត្រួតពិនិត្យលើកងការពារសន្តិសុខប្រធានាធិបតី លើក្រសួងសន្តិសុខមាតុភូមិ និងលើទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ដើម្បីបំភ្លឺរឿងដ៏ធ្ងន់ធ្ងរនេះ»។
វោហាសាស្ត្រដែលកាន់តែមានកម្តៅ
ខណៈដែលមន្ត្រីជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋជាច្រើននៅសភា បានឆ្លើយតបចំពោះការវាយប្រហារ ដោយធ្វើសេចក្តីថ្លែងការណ៍យ៉ាងស្ងប់ស្ងាត់និង ការហៅទូរស័ព្ទ ដើម្បីអនុញ្ញាតឱ្យក្រុមមន្ត្រី បន្តប្រមូលព័ត៌មាន អ្នកឯទៀតបានប្រញាប់ប្រញាល់ធ្វើការស្តីបន្ទោស។ មនុស្សមួយចំនួនបានប្រើសម្តីវាយប្រហារគណបក្សប្រជាធិបតេយ្យ ដោយនិយាយថា ពាក្យសម្តីដែលថា អាណត្តិទី២របស់លោក Trump ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក បាននាំឱ្យមានលទ្ធភាពប្រព្រឹត្តអំពើហិង្សា។
សមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance ដែលលោក Trump បានជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីរបស់លោក កាលពីថ្ងៃចន្ទនោះ បានសរសេរនៅលើបណ្តាញសង្គម X ភ្ជាប់ការបាញ់នោះ ទៅលោកប្រធានាធិបតី Joe Biden ដោយផ្ទាល់។
លោកបានសរសេរថា៖ «ការសន្និដ្ឋានជាគោលនៃយុទ្ធនាការរបស់លោក Biden គឺថាលោកប្រធានាធិបតី Donald Trump ជាមនុស្សផ្តាច់ការម្នាក់ ដែលចាំបាច់ត្រូវតែបញ្ឈប់ឱ្យបាន។ សម្តីបែបនេះបាននាំឱ្យមានការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Trump »។
លោក Vance មិនបានផ្តល់ភស្តុតាងអ្វី ហើយក្រុមមន្ត្រីពង្រឹងច្បាប់ ដែលស៊ើបអង្កេតការវាយប្រហារនេះ មកទល់នឹងពេលនេះ មិនទាន់រកឃើញមូលហេតុដែលជំរុញឱ្យខ្មាន់កាំភ្លើង ដែលចុះឈ្មោះជាសមាជិកនៃគណបក្សសាធារណរដ្ឋនោះ ព្យាយាមសម្លាប់បេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ នៅឡើយ។
លោក Vance មិនមែនជាសមាជិកគណបក្សសាធារណរដ្ឋតែម្នាក់គត់ដែលស្តីបន្ទោសលោក Biden នោះទេ។ សមាជិករដ្ឋសភា Mike Collins នៃរដ្ឋ Georgia ក៏បានសរសេរលើបណ្តាញសង្គម X ដែរថា «លោក Joe Biden បានបញ្ជា» ខ្មាន់កាំភ្លើង។
កងការពារសន្តិសុខប្រធានាធិបតី នឹងធ្វើសហប្រតិបត្តិការ
ក្រោយការបាញ់នោះ លោក Biden បានប្រកាសថា លោកនឹងប្រកាសឱ្យមានការពិនិត្យសើរើមើលឯករាជ្យមួយ លើការចាត់ចែងរបស់កងការពារសន្តិសុខប្រធានាធិបតី នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតនោះ ដែលលោក Mayorkas បានស្នើដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃចន្ទ អ្នកស្រី Cheatle បាននិយាយថាទីភ្នាក់ងាររបស់អ្នកស្រី នឹងសហការជាមួយការស៊ើបអង្កេតទាំងអស់។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖ «យើងយល់អំពីសារៈសំខាន់នៃការពិនិត្យសើរើមើលឯករាជ្យ ដែលប្រកាសដោយលោកប្រធានាធិបតី Biden កាលពីម្សិលមិញ ហើយយើងនឹងសហការយ៉ាងពេញលេញ។ យើងក៏នឹងធ្វើការជាមួយបណ្តាគណៈកម្មាធិការសភាទាំងឡាយផងដែរ»។
ប្រែសម្រួលដោយលោក ប៉ូច រាសី