អង្គការ​ផ្តល់​ជំនួយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​កិច្ចការ​អភិវឌ្ឍ

ក្មេងៗ​​ជនជាតិ​ប៊ូរុន​ឌី​។

ប្រទេសប៊ូរុនឌី៖ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​នៃអង្គការសហ​ប្រជាជាតិ (World Food Program)​ ឬ​ហៅកាត់​ថា WFP បាន​ផ្តល់អាហារ​ដល់​ពលរដ្ឋប្រហែល​៩០​លាន​នាក់​ នៅ​ក្នុង​ប្រទេស៧៣។ នៅ​ប្រទេស​ប៊ូរុនឌី (Burundi) កម្មវិធីនេះ កំពុង​ប្រើ​បច្ចេក​វិទ្យាខុសៗ​គ្នា​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ថា ​តើ​ត្រូវ​ផ្តោត​ជំនួយ​ស្បៀង​អាហារ​របស់​ខ្លួន​នៅ​ទី​កន្លែង​ណា។

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ផ្តល់​ជំនួយអាហារ​ទៅ​ឲ្យពលរដ្ឋ​ប៊ូរុនឌី​ជាង​៦​សែន​នាក់ ដែល​មាន​បញ្ហា«អសន្តិសុខ​ស្បៀង អាហារ»។ ប្រទេស​នេះ ​មាន​ពលរដ្ឋ៨​លាន​នាក់។

លោក​ម៉ាកស៍ ណៀលសុន (Marc Neilson) មន្ត្រី​ព័ត៌មាន​សាធារណៈនៃអង្គការ​ WFP ប្រចាំ​នៅ​ប៊ូរុនឌី និយាយ​ថា​ ដើម្បី​វាស់​ស្ទង់​មើល​ថា​តើ​នៅ​ទី​ណា​ដែល​ពលរដ្ឋ​ត្រូវ​ការ​ឲ្យ​បុគ្គលិក​របស់អង្គការកម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ស្វែង​រក​ការ​ពិត។

«ដូច្នេះ ឧទាហរណ៍​ថា ប្រសិន​បើ​អ្នក​ចូល​ទៅ​ក្នុង​ភូមិ​មួយ ដែល​រដ្ឋាភិបាលបាន​ផ្តល់​អនុស្សាសន៍​ថា មាន​គ្រោះ​ថ្នាក់​ ឬ​ប្រសិន​បើ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ពី​មុនមក​ អ្នក​អាច​គិត​ថា​ មាន​គ្រោះ​ថ្នាក់​ អ្នក​នឹង​ធ្វើ​ការ​សិក្សា​នៅ​ទី​នោះតែម្តង ហើយ​អ្នកនឹង​សួរ​សំណួរ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី «តើ​មួយ​ថ្ងៃ​អ្នកទទួល​ទាន​អាហារចំនួន​ប៉ុន្មាន​ពេលក្នុង​មួយ​ថ្ងៃ​?​ តើ​អ្នក​ចំអិនអាហារ​យ៉ាង​ដូច​ម្តេច? តើ​អ្នក​ប្រើ​អ្វី​ដើម្បី​ចំ​អិន​អាហារ? តើអ្នក​មាន​ប្រេង​ឥន្ធនៈ​ប្រភេទ​ណា​ដើម្បី​ ​ចំអិន​អាហារ? តើ​នៅ​ក្នុង​គ្រួសារ​មាន​សមាជិក​ប៉ុន្មាន​នាក់?»។

លោក​ជេរ៉ាដ ប៊ីសម៉ាន (Gerard Bisman) ជំនួយ​ការ​កម្មវិធី​របស់ WFP បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយលោក​ស្រី អេលីហ្សាប៊ែត តិមបៃដៃ (Elisabeth Tembaidai) នៅ​ភូមិ​ប៊ីហូហ្គោ​ Bihogo នៅ​ប្រទេស​ ប៊ូរុនឌី (Burundi) នៅ​ភាគ​ខាង​ជើង​។ លោក​បាន​សួរ​លោកស្រី​ជា​ភាសា​គុរុនឌី (Kurundi) ថា​ តើ​លោក​ស្រី​ពិសាពោតអស់ចំនួន​ប៉ុន្មាន​ក្នុងមួយខែៗ ហើយ​តើ​លោក​ស្រី​បាន​អាហារ​មក​ពី​ណា។

លោកវាយ​ចម្លើយ​ដោយផ្ទាល់​ចូល​ទៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាចយួរបាន ដើម្បីធ្វើ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​របស់​ WFP ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ ដើម្បី​ជួយ​រក្សាទុក​ជា​ឯកសារ​ស្តី​ពី​ស្ថានភាព​ស្បៀង​អាហារ​នៃប្រទេសនេះ​។

កុំព្យូទ័រប៉ុន​បាត​ដៃមានទំហំ​ធំ​ជាង​ទូរស័ព្ទ​ដៃ​ធម្មតា​បន្តិច។ ​តាំង​ពី​លោកចាប់​ផ្តើម​ប្រើឧបករណ៍នេះ​កាល​ពី​ខែមិនា​មក លោក​ប៊ីសម៉ាន​និយាយ​ថា លទ្ធផល​គឺ​ថា​ ទិន្នន័យមានភាព​កាន់​តែ​ត្រឹម​ត្រូវ​ជាង​មុន ​ដែល​អាច​ប្រមូល​បាន​លឿនជាង​មុន​ ដោយ​សារ​តែ​មិន​ចាំ​បាច់​ត្រូវ​ការ​ពេល​រៀប​ចំ​ទុកជាមុន​ និង​រុះ​រើ​ក្រដាស​ចុះ​ឡើងៗ។

លោក​ថ្លែង​ថា ការ​ប្រើ​ឧបករណ៍​នេះ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ​ ដោយ​សារ​តែវាលឿន​ជាងធម្មតា​ច្រើន​ណាស់​។ លោកធ្លាប់​ចំណាយ​ពេល​ប្រហែល​១​ម៉ោង​កន្លះ ក្នុង​ការ​បំពេញ​បទ​សម្ភាសន៍ទាំង​ស្រុង​នៅ​លើ​ក្រដាស ហើយ​ឥឡូវ​នេះ លោក​ចំណាយ​ពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ។

ពី​មុន​មក ​WFP មិនធ្លាប់​បាន​ធ្វើ​បទសម្ភាសន៍ ជា​មួយ​លោក​ស្រី​តិមបៃដៃ អា​យុ​៥៦​ឆ្នាំ​ ដែល​ជា​គ្រូ​បង្រៀននៅ​សា​លា​បឋម​សិក្សា​ទេ។​ លោក​ស្រីថ្លែង​ថា វា​ជា​លើក​ដំបូង​ហើយ​ដែល​ ​លោក​ស្រី បាន​ឃើញ​ឧបករណ៍​បែប​នេះ។ លោក​ស្រីមាន​ប្រសាសន៍​ថា ឧបករណ៍នេះបង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​នេះកំពុង​រីក​ចម្រើន។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​ស្រី​តិមបៃដៃបាន​ទទួល​ជំនួយ​អាហារ​ពី​ WFP ពី​ព្រោះ​លោកស្រីនិយាយ​ថា មាន​ការ​ខ្វះ​ខាតអាហារ​នៅ​ក្នុង​ភូមិ​របស់​លោក​ស្រី ដោយ​សារ​តែ​គ្រោះរាំងស្ងួត។ លោក​ស្រីសង្ឃឹម​ថា WFP នឹងផ្តល់អាហារ ឲ្យ​ពួកគេ ក្នុងឆ្នាំនេះទៀត។

លោក​ណៀល​សុន (Neilson) បាន​មាន​ប្រសាសន៍ថា ការ​ធ្វើ​សម្ភាសន៍​ជាមួយ​មនុស្ស​ដូច​ជា លោក​ស្រី​តិមបៃដៃ ដោយប្រើឧបករណ៍អេឡិច​ត្រូនិក​ ផ្តល់​រូបភាព​កាន់​តែ​ច្បាស់ជាង​មុន​ អំពី​សេចក្តី​ត្រូវ​ការ​របស់​ប្រទេស ប៊ូរុនឌី (Burundi) ។

«ដូច្នេះ អ្នកប្រមូល​ទិន្នន័យបានលឿន ​ដែល​មាន​ន័យ​ថា​ អ្នក​អាច​ពង្រីកតំបន់ស្ទង់​មតិ​របស់​អ្នក ហើយការណ៍​នោះធ្វើ​ឲ្យ​គេ​យក​ទិន្នន័យ​ ​ទៅ​ប្រើ​ការ​បានល្អជាង​មុន តាម​រយៈការ​ធ្វើ​បទ​សម្ភាសន៍​ជា​មួយមនុស្សកាន់​តែ​ច្រើនទៀត​»។

ឥឡូវ​នេះ WFP ប្រចាំ​នៅ​ប៊ូរុនឌី ស្ថិត​ក្នុង​ដំណាក់​កាល​ទី​១​នៃគម្រោង​ដោយប្រមូល​ព័ត៌មាន ​បានមក​ពីឧបករណ៍​ផ្ទុកព័ត៌មាន ឬ memory card ហើយ​បញ្ជូន​ទៅកាន់​ការិយាល័យ​ធំ​នៅទី​ក្រុង​ប៊ូជុមប៊ូរ៉ា​ (Bujumbura)។ ប៉ុន្តែនា​ពេល​ឆាប់​ៗ​នេះ សមាជិករបស់ WFP នៅ​តាម​កន្លែង​ធ្វើ​បទ​សម្ភាសន៍​ នឹង​ចាប់​ផ្តើម​បញ្ជូនការរក​ឃើញ​របស់​ពួក​គេ​ ដោយ​ប្រើ​បណ្តាញ​គ្មាន​ខ្សែ។

ប៊ូរុនឌី​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រី​ក្រ​បំផុត​នៅ​ក្នុង​ពិភព​លោក ដោយ​ប្រាក់ចំណូល​ជា​មធ្យម​របស់មនុស្ស​ម្នាក់ៗ មាន​ចំនួន​៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០០៦ ប្រទេស​នេះទើបតែបាន​ងើប​ចេញ​ពី​សង្រ្គាម​ក្នុង​ស្រុក​ អស់​រយៈ​ពេល​១៣​ឆ្នាំ​ ដោយ​នៅ​ទី​បញ្ចប់​ ពួក​ឧទ្ទាមមួយក្រុមបាន​ដាក់​អាវុធ​ចុះ កាល​ពី​ឆ្នាំ​មុន។​ ប៉ុន្តែ​ ប្រទេស​នេះ ​មាន​បណ្តាញគ្មាន​ខ្សែ​ថ្មី ​3G ដែល​មាន​ល្បឿន​លឿន។

ការ​បញ្ជូន​ទិន្នន័យតាម​បណ្តាញ​គ្មាន​ខ្សែទៅកាន់​ប្រព័ន្ធ​ទិន្នន័យ​មជ្ឈិម​ ដែល​គេ​យក​ទៅវិភាគ​មើល​ នឹង​អនុញ្ញាត​ឲ្យ WFP រៀប​ចំផែន​ការ​កាន់តែ​មាន​ប្រសិទ្ធិភាព​ ​និង​រហ័ស​ជាង​មុន​ ឲ្យដឹងថា​តើ​និងត្រូវ​បញ្ជូន​ស្បៀង​អាហារទៅ​កន្លែង​ណា​ខ្លះ​ នៅ​ទូទាំង​ប្រទេសតែម្តង​។

ឧបករណ៍​និមួយ​ៗ​មាន​តម្លៃប្រហែល​ ២០០​ ដុល្លារ ដូច្នេះដោយ​មាន​ឧបរកណ៍​ពីរ​គ្រឿង​នៅ​តាម​ខេត្ត​និ​មួយៗ ​ក្នុង​ចំណោម​ខេត្ត​ចំនួន​១៥ សរុបមកមាន​តម្លៃ​ប្រហែល៦​ពាន់​ដុល្លារ ដោយ​មិន​រាប់​បញ្ចូល​ការចំណាយទៅ​លើការបណ្តុះ​បណ្តាល​បុគ្គលិក​។ លោកណៀលសុន​បាន​ថ្លែង​ថា​ វា​ជា «ការ​វិនិយោគ​ដ៏​ល្អមួយ​»។

«នៅ​ពេល​ណា​ដែល​អ្នក​អាច​ថត​ចម្លង​ទុកអ្វី​ដែល​បាន​ធ្វើ នោះ​មាន​ន័យ​ថា​ អ្នក​ដែល​អាច​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ជាង​គេ​ ដូច​ជាអ្នក​ក្រីក្រ​ នឹង​ទទួល​បាន​ជំនួយ​យ៉ាង​ឆាប់​រហ័ស​ និង​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ហើយ​ប្រហែល​ជាអ្នក​មិន​ចាំ​បាច់​ចូល​ទៅ​ក្នុង​តំបន់​មួយ​ ដែល​អ្នក ​មិន​ចាំ​បាច់​ទៅទេ​។ WFP ត្រូវ​ការ​ចាំ​បាច់​ស្ថិត​ក្នុង​តំបន់ផ្សេងៗ​ដែល​ ​អាច​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់ ជាង​គេ ​ហើយ​នោះ​គឺ​ជា​ចំណុច​សំខាន់បំផុត។​ ដូច្នេះ​ហើយ ចំពោះ​ខ្ញុំ​ អ្វី​ដែល​អាច​ជួយ​ធ្វើ​ឲ្យដំណើរ​ការ​នោះប្រសើរ​ឡើង​ អាចបន្ថយ​ពេល​វេលា​ដើម្បី​ទៅ​ដល់​ទី​នោះ ធ្វើឲ្យ​ទិន្នន័យ​ប្រសើរ​ឡើង​ ​យក​ទិន្នន័យទៅ​ប្រើ​ឲ្យ​បាន​ការ​ ជាង​មុន​ ជា​ការ​វិនិយោគ​សម​រម្យ​នឹង​ធ្វើ​ពិត​ប្រាកដមែន​»។

លោក​ណៀលសុនបាន​ឲ្យ​ដឹង​ទៀត​ថា បចេ្ចក​វិជ្ជាទំនើប ​បាន​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អង្គការ​ជំនួយ ល្អ​ប្រសើរ​ឡើង​ ដូច​ជាកម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក ដើម្បី​ធ្វើ​ការងារ​របស់ខ្លួន​ឲ្យ​ ​មាន​ប្រសិទ្ធិ​ភាព។ ទី​ភ្នាក់​ងាររបស់​អង្គការ​សហ​ប្រជាជាតិ​បាន​ដាក់ប្រើឧបករណ៍គ្មានខ្សែ​ ​ នៅទី​កន្លែងដទៃៗ​ទៀត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ដោយ​រាប់​បញ្ចូល​ទាំងសាធារណរដ្ឋ​ប្រជាធិប​តេយ្យ​កុង​ហ្គោ (Democratic Republic of the Congo) និង​ប្រទេស​ម៉ូហ្សាំប៊ីក (Mozambique)។

នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មូល​និធិ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ ប្រើ​ឧបករណ៍​ដែល​អាច​យួរ​បាន ដើម្បី​ធ្វើការ​វាយ​តម្លៃ​ភ្លាមៗ ក្នុង​អំឡុង​ពេល​មាន​សភាព​ការណ៍គ្រា​អាសន្ន ហើយ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​លិច ដូចជា​ថូហ្គោ (Togo) និង​នី​ហ្ស៊េរ​ (Niger) មជ្ឈមណ្ឌលជាតិគ្រប់​គ្រង​ជម្ងឺ​ របស់​សហរដ្ឋ​អាមេរិក US National Centers for disease Control បាន​ឈាន​ដល់​កម្រិត​នោះ​ដែរ​ ដោយ​ប្រើ​ប្រាស់ឧបករណ៍​បំពាក់​ដោយ​ប្រព័ន្ធ​កំណត់​ទីតាំងភូមិ​សាស្រ្ត​សកល​ ​ដែល​មាន​សមត្ថភាព​ជួយ​ទប់​ស្កាត់​ជម្ងឺ​គ្រុន​ចាញ់៕

ប្រែសម្រួលដោយលី សុខឃាង