សហករណ៍​កុងហ្គោ​ជួយ​ស្វែងរក​ការងារ​ឱ្យ​អតីត​ទាហាន

  • Nick Long

នាង Bichera Ntamwinsa អាយុ២៣ឆ្នាំ បេះគ្រាប់កាហ្វេពីចំការនៅ Bukavu ក្នុង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ (UNESCO/Tim Dirven)

សហករណ៍​កុងហ្គោ កំពុង​ប្រាប់​ក្រុម​ប្រដាប់​អាវុធ ឱ្យ​ភ្ញាក់ឡើង​ហើយ​ស្រង់​ក្លិន​កាហ្វេ។
សហករណ៍​កុងហ្គោ កំពុង​ប្រាប់​ក្រុម​ប្រដាប់​អាវុធ ឱ្យ​ភ្ញាក់ឡើង​ហើយ​ស្រង់​ក្លិន​កាហ្វេ។ សមាជិក​នៃ​សហករណ៍ សូផាឌី (Sopacdi) នៅ​ភាគខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) កំពុងជួយ​ឱ្យ​ដំណើរការឡើងវិញ​នូវ​ការនាំចេញ​ជាប្រពៃណី​ និង​ក៏កំពុងលើកទឹកចិត្ត​ដល់​អតីត​កងកម្លាំង​ប្រយុទ្ធ ឱ្យ​ប្រកបរបបរ​ចិញ្ចឹម​ជីវិត​ប្រសើរ​ជាងមុននិង​សុវត្ថិភាព​ជាង​មុនពី​ដំណាំ​កាហ្វេ។
វា​គឺជា​ការបើកបរ​រយៈពេល​បីម៉ោង​នៅ​តាមផ្លូវ​ដ៏រលាក់ ពី​ការិយាល័យ​ធំ​របស់​សហករណ៍ សូផាឌី នៅក្នុង​ទីក្រុង មីណូវ៉ា (Minova) ទៅកាន់​ការិយាល័យ​កាហ្វេជាតិ (National Coffee Office)នៃទីក្រុង ហ្គោម៉ា (Goma) ដែល​ជា​រដ្ឋធានីរបស់ខេត្ត​គីវ៉ូខាងជើង (North Kivu)។
លោក ចូជីម មុនហ្គានហ្គា (Joachim Munganga) ប្រធាន​សហករណ៍ សូផាឌី បាន​ថែ្លងខណៈដែល​លោក​ធ្វើដំណើរ​ត្រឡប់​មកទីក្រុង មីណូវ៉ាវិញថា​ ការទទួលបាន​វិញ្ញាបនបត្រសម្រាប់​កាហ្វេ កុងហ្គោ ​ក៏​មិនមែនជា​ដំណើរ​ដ៏រលូនទាំងស្រុង​នោះដែរ។
លោក​ថ្លែងថា វា​ត្រូវចំណាយ​ពេល​ពីរឆ្នាំ ក្នុង​ការទទួលបានវិញ្ញាបនបត្រ​ពាណិជ្ជកម្ម​យុត្តិធម៌​មួយ ដោយសារតែ​បទដ្ឋាន ដែល​ត្រូវបាន​តម្រូវ​សម្រាប់​អង្គការ​សហករណ៍ ទាក់ទង​ទៅនឹង​ការគោរព​បរិស្ថាន​និង​កិច្ចសន្យា​ការងារ​របស់កម្មករ។
សហករណ៍​បានចាប់ផ្តើម​នៅឆ្នាំ​២០០៣ ប៉ុន្តែ​ការសម្រេចបាន​របស់​ខ្លួនក្នុងការចូលទៅដល់​ទីផ្សារ​កាហ្វេប្រកប​ដោយ​ផាសុក​មួយ ទើបតែ​ទទួលបាន នៅពេល​ដែល​សហករណ៍​នេះ​ត្រូវបាន​ណែនាំទៅឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាលរបស់អង់គ្លេស​មួយកាលពី​ឆ្នាំ​២០០៨ ដែល​មាន​ឈ្មោះ​ថា ធ្វីន (TWIN) ដែល​ជួយផ្គូរផ្គង​អ្នកផលិត​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាមួយនឹងបណ្តាញផ្សារ​ទំនើប​នៅ​បស្ចិម​ប្រទេស។
វា​គឺ​ទីផ្សា​របស់​ក្រុមហ៊ុន សេនបឺរីស៍ (Sainsburys) នៃ​ប្រទេស​អង់គ្លេស ដែល​ធ្វើការ​ជាមួយ​អង្គការ ធ្វីន​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍អង់គ្លេស ដែល​បានទិញដូរ​ដំបូង​បង្អស់​ជាមួយ​សហករណ៍​សូផាឌី នៅក្រោម​ផ្លាក​ពាណិជ្ជកម្ម​យុត្តិធម៌​កាលពី​ឆ្នាំមុន។ នៅក្នុង​ឆ្នាំនេះ សហករណ៍​នេះ​ទទួល​បាន​វិញ្ញាបនបត្រ​អាហារ​សរីរាង្គ ហើយ​ឥឡូវនេះ​សហករណ៍​មាន​អ្នកទិញ​ទំនិញ​ចំនួន​៧ នៅអឺរ៉ុប (Europe) សហរដ្ឋអាមេរិក (the United States) និង ជប៉ុន (Japan)។
ទីក្រុង មីណូវ៉ា គឺជា​ទីក្រុង​ដែលមានការរីកចំរើន​លឿន​មួយ នៅតាម​មាត់បឹង គីវ៉ូ។ ប្រជាពលរដ្ឋ​ជាច្រើន​ដែលបាន​ព្យាយាម​គេចចេញពី​ជម្លោះ បាន​ភៀសខ្លួន​មកកាន់​ទីនេះ។ ការិយាល័យ​របស់​សហករណ៍ សូផាឌី មានសភាព​មមារញឹក​និងមានការរៀបចំ​បាន​ល្អ ជាមួយនឹង​ឯកសារ​ដែលបាន​រាយបញ្ជី​ផលិតកម្ម​របស់​អ្នក​ដាំដុះ​កាហ្វេ​នីមួយៗ និង​ម៉ោងធ្វើការ​របស់​កម្មករ​ម្នាក់ៗ នៅឯ​ស្ថានីយ​លាងសម្អាត ដែល​នៅទីនោះ គ្រាប់កាហ្វេ​ត្រូវបាន​ដំណើរការ។
លោក មុនហ្គានហ្គា ថ្លែងថា សហករណ៍ សូផាឌី ត្រូវបានបង្កើតឡើង​ដើម្បី​ជាការឆ្លើយតប​ទៅនឹង​តម្រូវការចាំបាច់។ កាលពី​ប៉ុន្មានឆ្នាំ​កន្លងទៅ​នេះ កាហ្វេ​ភាគច្រើនពីតំបន់​នេះ ត្រូវបាន​ដឹកជញ្ជូន​កាត់​បឹង គីវ៉ូ នៅពេល​យប់​ ឆ្ពោះ​ទៅកាន់​ប្រទេស រ៉្វាន់ដា (Rwanda) ហើយ​ខ្យល់ព្យុះ​ដែលកើតឡើងភ្លាមៗ​នោះ​ ដែលបាន​បក់បោក​មកលើ​បឹងនេះ បានពន្លិច​ក្រុមអ្នក​រត់ពន្ធ​ប្រកបដោយ​គ្រោះថ្នាក់​ជាច្រើន ជាមួយនឹង​កប៉ាល់​ដឹកជញ្ជូន​របស់​ពួកគេ។ អ្នក​ដាំដុះ​កាហ្វេ​ត្រូវការ​សិទ្ធិចូលទៅកាន់​ទីផ្សា​រដ៏ប្រសើរជាង​មុន។
សមាជិក​ទាំងឡាយ​ក៏កំពុង​ស្វែងរក​មធ្យោបាយ​ ដើម្បី​ផ្សះផ្សា​សហគមន៍ ដែល​ត្រូវបាន​បែងចែក​ដោយសារ​ជម្លោះដែរ។
លោក មុនហ្គានហ្គា និយាយ​ថា ក្រុម​ស្ថាបនិក​នៃ​សហករណ៍ សូផាឌី បានព្យាយាម​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ចូលរួមចំណែកដល់ការដោះស្រាយជម្លោះ​ជាតិពន្ធុ​នៅក្នុង​តំបន់​នេះ ហើយ​ពួកគេ​គិតថា ប្រហែលជា​ពួកគេ​គួរតែ​ប្រមូលផ្តុំ​ក្រុម​អ្នក​ផលិត ហើយ​បញ្ចុះបញ្ចូល​ពួកគេ ឱ្យរៀបចំ​ខ្លួនឯង​ឱ្យទៅជា​សហករណ៍​មួយ។
ឥឡូវនេះ សមាជិក​ទាំងឡាយ​នៃសហគមន៍​គូ​បដិបក្ខ ​ធ្វើការ​ជាមួយ​គ្នា​នៅ​សាខា​ផ្សេងៗគ្នា​របស់សហករណ៍ ដោយ​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ និង​លើកកម្ពស់​ផលប្រយោជន៍​របស់​ក្រុម។
ទោះជា​យ៉ាងនេះក្តី តម្លៃ​ពន្ធ​ខ្ពស់ទៅលើ​ការនាំចេញ​កាហ្វេ​របស់​ប្រទេស កុងហ្គោ បន្ត​ស្ថិតនៅ​ជាគ្រឿងលើកទឹកចិត្ត​មួយ​សម្រាប់​ការរត់ពន្ធដដែល។
លោក មុនហ្គានហ្គា ថ្លែងថា នៅក្នុង​ប្រទេស កុងហ្គោ ពន្ធ​នាំចេញ​ មាន​ចំនួន​ប្រហែលជា​១២​ភាគរយ ខណៈដែល​នៅក្នុង​ប្រទេស រ៉្វាន់ដា តម្លៃពន្ធ​គឺមួយ​ភាគរយ ហើយ​នៅក្នុង​ប្រទេស អ៊ុយហ្គាន់ដា (Uganda) តម្លៃ​ពន្ធ​គឺ​សូន្យ​ភាគរយ​សម្រាប់​កាហ្វេ។
សម្រែក​នៅតាម​ដង​ផ្លូវ ដែល​អ្នក​ប្រហែល​ជា​អាចស្តាប់​ឮ​សម្លេង​នេះ គឺជា​ការរំឮក​អំពីថាតើ​តំបន់​នេះ​គឺជា​តំបន់​ដែល​គ្មានច្បាប់​យ៉ាងដូចម្តេច។ ដូចដែល​វីអូអេ​បានរកឃើញ​ក្រោយមក យុវជន​និងក្មេងប្រុស​មួយក្រុម បានធ្វើការរត់អបអរជ័យ​ជម្នះ​នៅ​ជុំវិញទីក្រុង ដើម្បី​អបអរសាទរដែល​ពួកគេ​ទើបតែ​បានសម្លាប់​ចោរប្លន់​ម្នាក់​ ដែល​ក៏ជា​ទាហាន​ម្នាក់​ផងដែរ។ ពួកគេ​បានទុក​សាកសព​ទាហាន​រូបនេះ​នៅខាងក្រៅ​ជំរំ​យោធា​មួយ។
ដំណើរ​កំសាន្ត​ដែល​ដឹកនាំ​ដោយ​សហករណ៍ សូផាឌី បាន​បន្ត​ដំណើរ​ទស្សនកិច្ចទៅកាន់​កិច្ច​ប្រជុំមួយ​របស់​តំណាង​សហករណ៍។ សមាជិក​ចំនួន​ ៣ពាន់ ​៦០០​នាក់ ដែល​អ្នកទាំងអស់​នោះ​ធ្វើការ​សម្រាប់​ខ្លួនឯង ត្រូវបាន​បែងចែក​ទៅជា​ក្រុម ដែលមាន​អ្នក​ចម្ការប្រហែល​៥០នាក់ ដែល​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ ដែល​មេដឹកនាំ​ទាំងនេះ​នឹងបោះឆ្នោត​ជ្រើសរើស​តំណាង​ប្រចាំ​តំបន់ ហើយ​ដែល​តំណាង​តំបន់​នេះ​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានទៀតផង។ លោក ចន ប៊ូជូវាហ្សី (John Buchugwazi) ដែល​ជា​ប្រធាន​តំបន់​មួយ បាន​ប្រាប់​វីអូអេថា ដើមកាហ្វេ​មួយ​ហិកតា​របស់​លោក បាន​នាំចំណូល​ចំនួន​៤០០​ដុល្លា​កាលពី​រដូវ​កន្លងទៅ។ មាន​រដូវកាហ្វេ​ចំនួន​ពីរ​នៅក្នុង​មួយឆ្នាំ។
លោក​និយាយ​ថា កាហ្វេ​ទទួលបាន​ផលចំណេញ​ច្រើនជាង​ដំណាំ​ធញ្ញជាតិ​ផ្សេងៗ​ទៀត ជាពិសេស​នៅពេល​ដែល​សហករណ៍ សូផាឌី បាន​បង្ហាញ​សមាជិក​របស់​ខ្លួន ពីរបៀប​ទទួលបាន​ផល​និង​គុណភាព​កាន់តែ​ប្រសើរជាង​មុន។
សហករណ៍​ផ្តល់ឱ្យ​អ្នក​ចម្ការ​នូវ​តម្លៃ​ប្រហែល​២៥​ភាគរយ ខ្ពស់ជាង​តម្លៃ​ដែលពួកគេ​សង្ឃឹម​ថានឹង​ទទួលបាន ហើយ​អ្នកទិញ​បង់ថ្លៃ​ទ្វេដង​នៃ​តម្លៃនាំចេញ។ ប្រាក់​ចំណេញ​ត្រូវបាន​ប្រមូលយកមកសម្រាប់​ការអភិវឌ្ឍន៍​និង​ការជួល​បុគ្គលិក​ជាច្រើន ដែល​រួមទាំង​ក្សេត្រវិទូ​ចំនួន​ពីរនាក់ អ្នកត្រួត​ពិនិត្យចំនួន១២នាក់ និង​កម្មករ​ផ្សេងទៀត​ចំនួន​១៧០​នាក់។ អ្នក​ត្រួតពិនិត្យ​មួយចំនួន​គឺជា​ស្រ្តី ហើយ​សមាជិក​សហករណ៍​ជិត​មួយពាន់​នាក់​ក៏ជា​ស្រ្តី​ដែរ។
កត្តា​ចម្បង​នៃ​ជោគជ័យ​របស់​សហករណ៍ ក្នុងការទទួលបាន​វិញ្ញាបនបត្រ គឺ​ស្ថានីយ​លាងសម្អាត​របស់​សហករណ៍​នេះ ដែល​ម៉ាស៊ីន​មួយ​ចម្រាញ់​យក​គ្រាប់កាហ្វេ ហើយ​ម្យ៉ាង​ទៀត​ បកសាច់គ្រាប់​កាហ្វេ​ខាងក្រៅ​ចេញ។
ការ​ធ្វើ​កិច្ចការ​នេះ​ដោយ​ដៃវិញ នឹងត្រូវ​ចំណាយពេល​យ៉ាងយូរ និង​អាចមាន​ន័យ​ថា​ជាការបាត់បង់​ភាពស្រស់​នៃ​កាហ្វេ ផ្ទុយ​ទៅវិញ ​ឡាន​របស់​សហករណ៍ ដឹកជញ្ជូន​គ្រាប់​កាហ្វេ​ទៅកាន់​ស្ថានីយ​ដើម្បី​បកសំបក​ចេញ លាយ​គ្រឿង លាងសម្អាត និង​ហាលឱ្យ​ស្ងួត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង បន្ទាប់​ពីគ្រាប់កាហ្វេ​ទាំងនេះ​ ​ត្រូវប្រមូល​យក។
អតីត​កងកម្លាំង​ប្រយុទ្ធ​ជាច្រើន ធ្វើការ​នៅឯ​ស្ថានីយ​លាងសម្អាត ដែល​ជួល​មនុស្ស​ចំនួន​១៦១​នាក់។ អតីត​កងឧទ្ទាម​លោក ហាបាមុនហ្គូ អេនហ្គាវ៉ាស្សាប៉ា ((Habamungu Engavashapa) បានប្រាប់​វីអូអេ​អំពីអ្វី​ដែល​លោក​បាន​គិត​អំពី​ជីវិត​ជាជនស៊ីវិល។
លោក​បាន​និយាយ​ថា លោក​មានការសប្បាយ​ចិត្ត​យ៉ាងខ្លាំង ពីព្រោះ​ឥឡូវនេះ​លោក​អាច​មាន​ពេលយប់នៅផ្ទះ។ ផ្ទុយ​ទៅវិញ ​កាលពីមុន លោក​បាន​ចំណាយ​ពេល​វេលា​យប់នៅក្នុង​ព្រៃ។ អតីត​ទាហាន​លោក អាបឌុល ម៉ាហាហ្គី (Abdul Mahagi) ក៏មាន​ការសប្បាយចិត្ត​ដែរ​ជាមួយ​នឹង​ការងារ​ថ្មី​របស់​លោកដែរ។
លោក​បាន​និយាយ​ថា លោកទទួលរង​ការឈឺចាប់ នៅពេល​ដែល​លោក​ស្ថិតនៅក្នុង​ជួរ​កង​ទ័ព ប៉ុន្តែ ឥឡូវនេះ លោក​កំពុង​ចាប់ផ្តើម​មានអារម្មណ៍ធូរ​ស្បើយ​ច្រើនហើយ។ ចាប់តាំងពី​ធ្វើការ​ជាមួយ​សហករណ៍ សូផាឌី លោក​ត្រូវបាន​បណ្តុះ​បណ្តាលឱ្យក្លាយទៅជា​អ្នក​បញ្ជា​គ្រឿង​ចក្រ​ម្នាក់។ លោក​ទទួលបានកិច្ច​សន្យា​ការងារ​ ហើយ​កំពុង​រក​ប្រាក់​កម្រៃ និង​កំពុង​ចាប់ផ្តើម​សម្លឹងមើល​ថាតើ​ត្រូវ​រៀបចំឆាកជីវិត​របស់​លោក​យ៉ាងដូចម្តេច។
រស់ជាតិ​ចុងក្រោយ​នៃ​ការងារ​របស់​សហករណ៍ គឺការភ្លក់​កាហ្វេ​មួយ​កែវ​យ៉ាងលឿន។
មាន​តំបន់​ដាច់ស្រយាល​ជាច្រើន​ផ្សេង​ទៀត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ DRC ដែលក្រុម​ប្រដាប់​អាវុធ​ ជួប​បញ្ហាកាន់​ច្រើន​ ដែល​តាម​ទ្រឹស្តី​ ក៏អាច​ផលិត​កាហ្វេ​សម្រាប់​ទីផ្សារ​អន្តរជាតិ​ផងដែរ។
គន្លឹះនៅក្នុង​កម្រិត​គុណភាព​នៃ​ភាពឆ្ងាញ់​របស់​កាហ្វេ ហាក់ដូចជា​ការមានលទ្ធភាព​ក្នុងការទទួលបាន​ម៉ាស៊ីន ដែល​អាច​ដំណើរការ​ចម្រាញ់​គ្រាប់កាហ្វេ​បាន​យ៉ាងឆាប់រហ័ស។ ប៉ុន្តែ ប្រសិន​បើគ្មាន​ម៉ាស៊ីន​បែបនេះទេ​ គ្រាប់​កាហ្វេ​ដែល​ចម្រាញ់​ដោយដៃ មាន​ទីផ្សារ​មួយ​រួច​ទៅហើយដែរ​ ហើយ​នៅពេល​ដែល​គ្រាប់​កាហ្វេ​ស្ងួត វា​អាច​ត្រូវបាន​រក្សាទុក​សម្រាប់​រយៈពេល​យ៉ាងយូរ ខណៈពេល​ដែល​អ្នកផលិត​រង់ចាំ​ ​ការប្រមូល​ទិញ។
កន្លងមក ដំណើរការទាំងអស់នេះមានន័យ​ថា​ជា​ការងារ​និងប្រាក់សម្រាប់​តំបន់​ដាច់ស្រយាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៕
ប្រែសម្រួលដោយ ឌី ខាំបូលី